Ultimate magazine theme for WordPress.

- Advertisement -

ប្រវត្ដិរបាំកាប់ក្របីរំលឹកដល់ដូនតា

0 13

តាម​រយៈ​របកគំហើញ​ដែល​អ្នក​បុរាណវិទ្យា​បាន​ស្រាវជ្រាវ​បន្ដ​បន្ទាប់​នៅ​តាម​ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ​នានា យើង​អាច​សន្និដ្ឋាន​បាន​ថា សត្វ​ក្របី​មិន​ត្រឹមតែ​មាន​ប្រយោជន៍​ចំពោះ​ប្រជា​កសិករ​ក្នុង​របរ​កសិកម្ម​និង​ជា​កម្លាំង​អូស​ទាញ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ជា​សត្វ​មួយ​ប្រភេទ​ដែល​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ដូចជា​វិស័យ​សាសនា​មហាយាន​ដែល​បុព្វបុរស​យើង​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​ទុក​ជាទី​សក្ការបូជា ។​

ពួក​មេទ័ព​នៅ​សម័យ​មុន​ពេល​ចេញ​ទៅ​ធ្វើ​ចម្បាំង​បាន​បូជា​ក្របី​ថ្វាយ​ជូន​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​បុព្វបុរស​ខ្មែរ​ដើម្បី​សុំ​សេចក្ដីសុខ និង​ជ័យ​ជំនះ ។ ចំណែក​អ្នកស្រុក​ខ្មែរលើ នៅ​ពេល​ជួប​ស្រុកភូមិ​ឧបទ្រព​ចង្រៃ គេ​តែងតែ​បូជា​ក្របី​ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ ដោយ​មាន​សម្ដែង​ជា​របាំ​ថ្វាយ​ទៀត​ផង ហើយ​ប្រពៃណី​នេះ​បាន​បន្សល់​ទុក​រហូត​ដល់​សព្វថ្ងៃ​ក្លាយ​ជា​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៀត​ផង ។

ប្រជា​កសិករ​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​បាន​ចាត់​ទុក​សត្វ​ក្របី​ជា​កម្លាំង​អូស​ទាញ​ដ៏​សំខាន់​បំផុត​ក្នុង​របរ​របស់​ខ្លួន ដូច​ជា ភ្ជួរ​រាស់ អូស​រទេះ និង​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​វា​ជា​សត្វ​ដែល​មាន​កម្លាំង​ខ្លាំងក្លា ធន់​នឹង​ការងារ​ណាស់ ដោយ​មាន​កម្លាំង​ជាង​សត្វ​គោ តែ​វា​ចាញ់​កម្ដៅ​ថ្ងៃ​បន្ដិច ។ ការ​បូជា​ក្របី​តាម​ការ​សង្កេត​ឃើញ​ថា​មាន​ដើម​កំណើត​តាំងពី​សម័យ​បុរេប្រវត្ដិ​រហូត​ដល់​សតវត្ស​ទី​១៩ ដែល​គេ​បាន​ស្រាវជ្រាវ​ឃើញ​នៅ​តាម​ស្ថានីយ​ប្រវត្ដិសាស្ដ្រ​មួយ​ចំនួន ដូច​ជា​ចម្លាក់​តាម​ជញ្ជាំង​ប្រាសាទ​បាយ័ន ក្នុង​បុព្វ​ហេតុ​សាសនា​មហាយាន ។​

- Advertisement -

នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ មេទ័ព​សម័យ​មុន​ពេល​ចេញ​ទៅ​ធ្វើសង្គ្រាម​ក៏​បូជា​ក្របី​ដើម្បី​យក​សាច់ ឈាម ឧទ្ទិស​ថ្វាយ​អាទិ​ទេព រួច​ចែក​ឲ្យ​មិត្ដ​រួម​អាវុធ​សម្រាប់​ទទួលទាន ក៏​ដូច​ជា​ប្រមូល​កម្លាំង​ចេញ​ទៅ​ប្រយុទ្ធ ទទួល​បាន​សេចក្ដីសុខ​ចម្រើន និង​ជ័យ​ជំនះ​ពី​ពួក​ខ្មាំង​សត្រូវ​គ្រប់​ប្រភេទ ។

ប្រពៃណី​បូជា​ក្របី​នេះ​មាន​ប្រភព​ចេញ​មក​ពី​បងប្អូន​ខ្មែរលើ​ជនជាតិ​ស្ទៀង​និង​ព្នង​ដែល​ប្រកាន់​ប្រពៃណី​នេះ តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ហើយ​ពួក​គេ​ថែម​ទាំង​បង្កើត​ជា​របាំ​សម្រាប់​ធ្វើការ​បួងសួង​ថ្វាយ​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​សុំ​សុខសួស្ដី សិរី​មង្គល ទឹកភ្លៀង និង​បណ្ដេញ​ឧបទ្រពចង្រៃ​ផ្សេងៗ​ក្នុងភូមិ​ស្រុក​ទៀត​ផង ។ អ្នក​ស្រុក​មួយ​ភាគ​ធំ​គេ​បោះបង់​លែង​និយម​ប្រពៃណី​នេះ​ហើយ ដោយ​សារ​តែ​វា​ហួស​សម័យ​ដូច​ជា​មិន​សូវ​ស័ក្ដិសិទ្ធិ ហើយ​ម្យ៉ាងទៀត​សត្វ​ក្របី​វា​ថ្លៃ ពិបាក​ក្នុង​ការ​ទិញ អ្នកស្រុក​មិន​សូវ​មាន​លុយកាក់​ផង ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ២៨/០៤/០៦ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...