វឌ្ឍនភាពនៃវប្បធម៌សម័យអង្គរ ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្មជាមូលដ្ឋាន ។ ដូច្នេះព្រះមហាក្សត្រខ្មែរនាសម័យនោះបានស្ថាបនានូវសង្គមខ្មែរមួយប្រកបដោយវិបុលភាពនិងកិត្យានុភាពដោយមិនបាច់ពឹងពាក់នូវអ្វីៗដែលមកពីខាងក្រៅឡើយ ។
ប៉ុន្ដែដើម្បីសម្រេចនូវភាពរុងរឿងថ្កុំថ្កើងនេះបានដូចជាការសាងសង់នូវផ្លូវជាតិ និងប្រាង្គប្រាសាទដ៏ធំធេងនានាទូទាំងប្រទេសទាល់តែវិស័យគ្រប់គ្រងរដ្ឋបាល ជាពិសេសការត្រួតត្រាខាងពន្ធដាររបស់ខ្មែរនាសម័យបុរាណមានប្រសិទ្ធភាពខ្ពស់ ។ លើសពីនេះទៅទៀត វឌ្ឍនភាពនេះក៏ជាសញ្ញានៃភាពរុងរឿងថ្កើងថ្កានលូតលាស់ខាងសេដ្ឋកិច្ចផងដែរ ។
លោកមីសែល ត្រាណេ អនុប្រធាននៃគណៈកម្មការជាតិសម្រាប់យូណេស្កូបានឲ្យដឹងថា តាមរយៈខ្លឹមសារនៃសិលាចារឹកគេឃើញមានការអធិប្បាយអំពីព្រះរាជទ្រព្យ ពោលគឺសេដ្ឋកិច្ចក្នុងព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រដោយមានមន្ដ្រីមើលការខុសត្រូវក្នុងការចែកចាយសម្រាប់មូលហេតុសាសនា ក៏ដូចជាការយកពន្ធដារពីម្ចាស់ដីធ្លីផងដែរ ។
លោកត្រាណេបានបន្ដថា ក្នុងសម័យនោះហើយដែលមានការលេចធ្លោឡើងនៃប្រាង្គប្រាសាទធំៗប្រកបដោយក្បាច់ក្បូរដ៏ល្អប្រណីតជាងគេ ។ ឧទាហរណ៍ជាក់ស្ដែងគឺនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សទី១៣ នៃគ្រិស្ដសករាជ ដែលប្រទេសខ្មែរបានទទួលសន្ដិភាព ហើយដែលជាការបើកទំព័រប្រវត្ដិសាស្ដ្រនៃប្រទេសកម្ពុជា ព្រះបាទជ័យវរ្ម័នទី៧ បានកសាងនូវសមិទ្ធផលប្រវត្ដិសាស្ដ្រជាច្រើន ដែលក្នុងនោះរួមមានទាំងប្រាង្គប្រាសាទធំៗ មន្ទីរពេទ្យ ធម្មសាលា និងស្ពានថ្នល់ទូទាំងចក្រភពខ្មែរ ហើយមានមួយចំនួនខ្លះស្ថិតនៅក្នុងប្រទេសថៃ ឡាវ បច្ចុប្បន្ន ។
លោកមីសែល ត្រាណេបានបញ្ជាក់ថា សាមគ្គីភាពរបស់ប្រជារាស្ដ្រខ្មែរជុំវិញព្រះមហាក្សត្រ គួបផ្សំនឹងបច្ចេកវិជ្ជា និងភាពប្រសើរជាងមុនខាងវិស័យគមនាគមន៍ព្រមទាំងស្ថេរភាពនយោបាយ និងភាពរីកចម្រើនខាងសេដ្ឋកិច្ច បានធ្វើឲ្យលេចធ្លោឡើងនូវប្រាង្គប្រាសាទមន្ទីរពេទ្យ និងសាលាធម៌ជាច្រើនក្នុងសង្គមខ្មែរយើង ។
លោកត្រាណេបានពន្យល់ថា ខាងលើនេះគឺជាការរកឃើញរបស់យើងដែលសមស្របទៅនឹងស្ថានភាពពិតនាសម័យមហានគរ ។ អ្វីដែលអ្នកនិពន្ធមួយចំនួនបានបញ្ចេញនូវទស្សនៈខុសឆ្គងនេះ ជាចម្លើយចំពោះការយល់ថា ឱនភាពរបស់វប្បធម៌អង្គរបណ្ដាលមកពីការសាងសង់ប្រាសាទធំៗ ។ ផ្ទុយទៅវិញការលេចធ្លោនៃប្រាង្គប្រាសាទព្រមទាំងចម្លាក់ដ៏ល្អបវរត្រូវបានសាងសង់ឡើងនៅពេលដែលវប្បធម៌ខ្មែរបានលូតលាស់រុងរឿងកប់កំពូលទៅវិញនោះ ៕
ប្រភពៈ សាលអាន ថ្ងៃទី ០៧/០៦/០៦ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ