ប្រទេសកម្ពុជាមានអាកាសធាតុក្ដៅហើយសើម និងសម្បូរទៅដោយទន្លេ សមុទ្រ ព្រែកស្ទឹង បឹងបួ… នៅគ្រប់ខេត្ដក្រុង ដែលលក្ខណៈនេះមានអំណោយផលដល់ការងារកសិកម្ម ។ នៅសម័យមហានគរដ៏រុងរឿង ព្រះមហាក្សត្របានអនុវត្ដនយោបាយទឹកដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូលទៀតផង សូម្បីតែនៅបរិវេណសំណង់ប្រាសាទ ក៏មានគូទឹក ស្រះ ឬកស្សិណដែរ ។
ក្នុងនោះគេសង្កេតឃើញស្ពានអូរជីក ដែលមានប្រវែងប្រមាណ ៣០០ម៉ែត្រ និងកម្ពស់ប្រមាណ១០ម៉ែត្រ ជីកតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន ក្លាយជាទ្វារទឹកសម្រាប់តភ្ជាប់បណ្ដាញប្រព័ន្ធធារាសាស្ដ្រពីបឹង ទន្លេ ព្រែក អូរ ល្បើក បារាយណ៍ ដើម្បីជាប្រយោជន៍ដល់ការងារកសិកម្ម និងតភ្ជាប់ទៅប្រព័ន្ធគមនាគមន៍ ព្រមទាំងជាសំណង់ប្រវត្ដិសាស្ដ្រដ៏ធំអស្ចារ្យសម្រាប់ទាក់ទាញភ្ញៀវទេសចរទៀតផង ។
ស្ពានអូរជីក ឬព្រែកជីកស្ថិតនៅឃុំជើងទាន ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ កសាងពីថ្មបាយក្រៀម នាសម័យមហានគរដ៏រុងរឿង មានបណ្ដោយប្រមាណ៣០០ម៉ែត្រ កម្ពស់ជិត១០ម៉ែត្រ ហើយទទឹងមានទំហំប៉ុននឹងផ្លូវសព្វថ្ងៃ បើយើងធ្វើដំណើរមិនចាប់អារម្មណ៍ ប្រាកដជាមិនដឹងថាស្ពាននោះស្ថិតនៅត្រង់ណានោះទេ ។ ប៉ុន្ដែតាមឯកសារខ្លះបញ្ជាក់ថា ស្ពានអូរជីកនោះកសាងក្នុងសម័យមហានគរគឺមុនរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ហើយតំបន់នោះមានទឹកភ្លៀងជន់ជោរខ្លាំងនារដូវវស្សា ធ្វើឲ្យលិចផ្លូវពិបាក ក្នុងការធ្វើដំណើរឆ្លងកាត់លិចភូមិឋាន ដំណាំកសិកម្មជាញឹកញាប់ ទើបកសាងស្ពាននេះឡើងដើម្បីជាប្រយោជន៍កុំឲ្យស្ទះទឹកផង និងជាមធ្យោបាយតភ្ជាប់នៃប្រព័ន្ធគមនាគមន៍ទៅកាន់តំបន់នានាផង ។
បើយើងពិនិត្យតាមលក្ខខណ្ឌធម្មជាតិ តាមបណ្ដោយព្រែកអូរជីក មានទឹកហូរធ្លាក់មកពីតំបន់ផ្សេងៗ ដូចជាតំបន់ភ្នំគូលែន ភូមិសាស្ដ្រខេត្ដសៀមរាប-ឧត្ដរមានជ័យ ហើយមកចាក់បំពេញព្រែកអូរជីក រួចហូរឆ្ពោះទៅបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ដែលធ្វើឲ្យព្រែកនេះមានទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើសម្រាប់ការងារកសិកម្មស្រែចម្ការដល់ប្រជាពលរដ្ឋ និងជួយឲ្យមានជីវភាពខ្ពស់ទៀតផង ។
ទាក់ទិននឹងព្រែកអូរជីកនេះ តាមអត្ថបទស្រាវជ្រាវរបស់លោក រុន សម្បត្ដិ បានបញ្ជាក់ថា ព្រែកជីកនេះកសាងឡើងនៅមុនរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រោះនៅក្នុងរាជ្យរបស់ព្រះអង្គ ទ្រង់បានកសាងផ្លូវមួយខ្សែកាត់តាមខ្លោងទ្វារខាងត្បូងក្រុងអង្គរធំ ទៅទិសខាងកើតឆៀងខាងត្បូង សំដៅទៅខេត្ដកំពង់ធំ មានបណ្ដោយប្រវែង១៥០គីឡូម៉ែត្រ ដោយកាត់ទំនប់ព្រែកជីកនេះជាពីរកំណាត់ នៅត្រង់ចំណុចថ្នល់ចែកនៃឃុំដំដែក ស្រុកសូត្រនិគមសព្វថ្ងៃ ។
ជាក់ស្ដែងយើងឃើញមានបន្សល់ទុកនូវស្ពានបុរាណចំនួន១០ នៅតាមបណ្ដោយកំណាត់ផ្លូវចាប់ពី កំពង់ក្ដី (ព្រំប្រទល់ខេត្ដកំពង់ធំ) មកខេត្ដសៀមរាប ។ ប៉ុន្ដែកាលពីទសវត្ស១៩៧០ មានស្ពានដល់ទៅ២២ឯណោះ ការបាត់បង់នេះក៏ដោយសារតែការកសាង និងជួសជុលផ្លូវ ។ កាលដែលព្រះបាទជ័យ វរ្ម័នទី៧ ទ្រង់សម្រេចព្រះទ័យបញ្ជាឲ្យគេកសាងផ្លូវដោយពុះកាត់ទទឹងព្រែកជីកនេះ ប្រហែលជាពេលនោះ ព្រែកជីកបានកកស្ទះ ឬក៏ឈប់ដំណើរការមិនអាចប្រើប្រាស់ទៀតកើត និងយល់ថា វាលែងមានសារប្រយោជន៍ក្នុងការប្រើប្រាស់ ទើបព្រះអង្គសម្រេចព្រះទ័យកសាងផ្លូវនេះឡើង ។
សព្វថ្ងៃនេះ នៅមានទស្សនៈជាច្រើនដែលទាក់ទងទៅនឹងសារសំខាន់របស់ព្រែកជីកនេះ ដោយបានចោទសួរថា តើវាមានតួនាទីសំខាន់អ្វីខ្លះបានជាប្រជាជននៅសម័យបុរាណ នាំគ្នាជីកព្រែកមានទំហំដល់ថ្នាក់នេះ ? ហើយគេប្រើប្រាស់វាសម្រាប់ធ្វើអ្វី ? អ្នកសិក្សាខ្លះបានបញ្ចេញគំនិតថា ព្រែកជីកនេះមានតួនាទី មិនត្រឹមតែបង្ហូរទឹកនៅរដូវវស្សាប៉ុណ្ណោះទេ គឺគេកសាងសម្រាប់ដឹកជញ្ជូនថ្មពីអូរថ្មដាប់ (នៅបាតអូរនេះយើងឃើញមានបន្សល់ទុកនូវស្លាកស្នាមដែលអាចឲ្យយើងយល់បានថា កន្លែងនេះគឺជាការដ្ឋានសម្រាប់យកថ្មមួយក្នុងចំណោមការដ្ឋានយកថ្មជាច្រើនកន្លែងទៀតនៅភ្នំគូលែន មានឈ្មោះថាអូរថ្មដាប់) ចុះមកក្រោមតាមបណ្ដោយព្រែកជីកនេះបន្ដរហូតដល់បឹងទន្លេសាប ហើយបន្ដមកកាន់តំបន់អង្គរតាមដងស្ទឹងសៀមរាប ដើម្បីយកថ្មទាំងអស់នោះមកកសាងប្រាសាទ ។
ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹកបែបនេះ វាមានភាពងាយស្រួលជាងការដឹកជញ្ជូនតាមមធ្យោបាយផ្សេងៗទៀតណាមួយ វាធូរកម្លាំងច្រើនទៀតផង ។ ការដឹកជញ្ជូននេះ ប្រហែលជាធ្វើឡើងតាមរយៈក្បូន ឬតាមទូក នេះអាស្រ័យដោយពោះនៃព្រែកជីកនេះមានទំហំធំសមល្មម នឹងធ្វើជាផ្លូវសម្រាប់ដឹកជញ្ជូនបានផង ។
ទោះជាយ៉ាងណាក៏ដោយ ក៏សម្មតិកម្មនេះ គឺជាគំនិតមួយក្នុងការពិចារណារកហេតុផល ។ ប៉ុន្ដែចំណុចដែលជាការកំណត់ជាក់ច្បាស់នេះ គឺវាមានតួនាទីមួយក្នុងការបង្ហូរទឹកនៅរដូវវស្សា ពីតំបន់លើភ្នំគូលែនទៅបឹងទន្លេសាប ព្រោះបើយើងពិនិត្យមើលអំពីទីតាំងភូមិសាស្ដ្រនៃតំបន់ភ្នំគូលែនឃើញថា វាមានកម្ពស់យ៉ាងខ្ពស់ ហើយសម្បូរទៅដោយព្រៃឈើក្រាស់ៗ ដែលនេះជារបាំងទឹកភ្លៀងនិងជាប្រភពទាក់ទាញទឹកភ្លៀង ។
ចំណែកចាស់ទុំដែលចេះចាំពីប្រវត្ដិអូរជីកនេះបញ្ជាក់ថា ព្រែកនិងស្ពាននេះមិនត្រឹមតែជាទ្វារសម្រាប់បញ្ចេញបញ្ចូលទឹកក្នុងការងារកសិកម្មប៉ុណ្ណោះទេ តែក្នុងព្រែកនេះមានថ្មល្អប្រណីតៗសម្រាប់យកទៅកសាងសំណង់ប្រាសាទនានានៅតំបន់អង្គរ ក៏ដូចជាទូទាំងខេត្ដក្រុង កាលពីសម័យមុនមនុស្សនាំគ្នាទៅជីកថ្មនៅទីនោះដឹកជញ្ជូនទៅកាន់ភូមិសាស្ដ្រផ្សេងៗ ហើយវាជាប្រព័ន្ធផ្លូវទឹកដ៏សំខាន់ទៀតផង ។ លើសពីនេះទៀត នៅសម័យអាណានិគមបារាំងក៏ដូចជាសម័យក្រោយៗដែរ ពួកអ្នកមានអំណាចមួយចំនួនបានសហការជាមួយឈ្មួញបានកាប់ឈើបណ្ដែតនៅភូមិសាស្ដ្រក្បែរៗនោះតាមព្រែកជីកឆ្ពោះទៅតំបន់បឹងទន្លេសាប រួចបង្ហួសទៅប្រទេសជិតខាងដើម្បីលក់បម្រើផលប្រយោជន៍បុគ្គល ឬបក្សពួករបស់ខ្លួន បណ្ដាលឲ្យព្រៃឈើមួយភាគធំរងការបំផ្លិចបំផ្លាញយ៉ាងរង្គាល ។
នៅសម័យមហានគរដ៏រុងរឿង គេសង្កេតឃើញមានសេសសល់ស្ពានបុរាណធំពីរ គឺស្ពានកំពង់ក្ដី ជាប់ព្រំប្រទល់ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ស្ពានអូរជីក ខេត្ដឧត្ដរមានជ័យ ដែលកំពុងតែទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងស្ពានតូចៗជាច្រើនទៀតនៅពាសពេញផ្ទៃប្រទេស ។ ចំណែកផ្លូវបុរាណមួយចំនួនគេសង្កេតឃើញប្រសព្វគ្នានៅបរិវេណប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ គឺផ្លូវមួយខ្សែឆ្ពោះទៅតំបន់ក្បាលទន្សោងជួរភ្នំដងរែក ឆ្លងកាត់ទៅប្រទេសថៃ មួយខ្សែទៀតឆ្ពោះមកទិសខាងកើតឆ្លងកាត់ភូមិសាស្ដ្រស្រុកភ្នំស្រុកកាត់តាមខ្នងទំនប់អាងត្រពាំងថ្មឆ្ពោះទៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ និងស្ពានអូរជីកឆ្ពោះទៅស្ពានកំពង់ក្ដី ខេត្ដកំពង់ធំ ។ ក្រៅពីស្ពាន និងផ្លូវថ្នល់ គេសង្កេតឃើញមានបារាយណ៍ ព្រែក ស្រះទឹក អណ្ដូង ប្រព័ន្ធធារាសាស្ដ្រជាច្រើនទៀត សម្រាប់បម្រើប្រយោជន៍ការងារកសិកម្ម ស្របតាមលក្ខខណ្ឌធម្មជាតិ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនរុងរឿងដល់កំពូលនាសម័យមហានគរ ៕
ប្រភពៈ សាលអាន ថ្ងៃទី ០២/០៦/០៦ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ