ព្រះអង្គដងកើតស្ថិតនៅចំពីមុខព្រះបរមរាជវាំង និងព្រះគម្លង់ដែលមានពីរ មួយស្ថិតនៅប្របនឹងមាត់ទន្លេសាប និងមួយទៀតនៅចំពីមុខមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ។ សព្វថ្ងៃនេះកំពុងក្លាយជាទីសក្ការៈបូជាដ៏ស័ក្ដិសិទ្ធិមួយរបស់ប្រជាជនកម្ពុជាក៏ដូចជាជនជាតិអាស៊ី និងអឺរ៉ុបផងដែរ ។ ជារៀងរាល់ថ្ងៃជាពិសេសនៅថ្ងៃសីល តាំងពីព្រលឹមស្រាងៗរហូតទល់ព្រលប់មានមនុស្សយ៉ាងណែនណាន់តាន់តាប់ទាំងរាស្ដ្រទាំងនាម៉ឺន ទាំងមន្ដ្រី ទាំងព្រះរាជវង្សានុវង្សបានមកប្រជ្រៀតគ្នានៅចំពីមុខព្រះអង្គដងកើ និងព្រះគម្លង់ ដើម្បីចូលទៅបែរបន់ផ្សេងៗតាមបំណងរៀងៗខ្លួនរបស់ពួកគេ ។
ការដែលមានមនុស្សយ៉ាងច្រើនកុះករទៅបែរបន់នៅព្រះអង្គដងកើ និងព្រះគម្លង់ ដោយពួកគេមានជំនឿទៅតាមប្រវត្ដិអព្ភូតហេតុដ៏អស្ចារ្យរបស់ព្រះអង្គទាំងពីរ ។ តួយ៉ាងដូចជានៅក្នុងឆ្នាំ១៨៧២ នៅពេលដែលព្រះបាទនរោត្ដមយាងទៅធ្វើទស្សនកិច្ចនៅទីក្រុងហុងកុង និងប្រទេសហ្វ៊ីលីពីនតាមនាវាក៏ស្រាប់តែជួបឧបសគ្គខ្យល់ព្យុះសង្ឃរាដ៏ធំមួយនៅចំកណ្ដាលមហាសាគរ ។ គ្រានោះព្រះអង្គបានលើកព្រះហត្ដប្រណម្យបួងសួងសុំឲ្យព្រះអង្គដងកើជួយ ។ ស្រាប់តែរលកធំៗនៃព្យុះដែលកំពុងបោកបក់យ៉ាងខ្លាំងនោះក៏ចុះខ្សោយបន្ដិចម្ដងៗរហូតដល់ស្ងប់ស្ងាត់ទាំងស្រុងទៅវិញ ។
ចំណែកព្រះគម្លង់កាលពីឆ្នាំ១៨៤៧(?) នៅពេលដែលជប៉ុនទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើវត្ដឧណ្ណាលោម ប្រជាជនខ្មែរនិងចិនវៀតណាមដែលរស់នៅទីនោះបាននាំគ្នាគេចខ្លួនទៅពួនក្នុងចេតិយនិងខ្លះទៀតទៅពួនខាងក្រោយព្រះគម្លង់ ។ អ្នកដែលពួននៅក្នុងចេតិយទាំងប៉ុន្មានបានស្លាប់ទាំងអស់ ចំណែកអ្នកពួននៅពីក្រោយព្រះគម្លង់ នៅរស់រានមានជីវិតទាំងអស់ ដែលសព្វថ្ងៃនេះកូនចៅរបស់ពួកគេភាគច្រើនខ្លះរស់នៅប្រទេសបារាំងខ្លះនៅប្រទេសផ្សេងៗហើយពួកគេតែងតែនាំគ្នាមកធ្វើបុណ្យនៅទីនេះ ដើម្បីជាការដឹងគុណដល់ព្រះគម្លង់ដែលបានជួយជីវិតឪពុកម្ដាយរបស់ពួកគេឲ្យនៅមានជីវិតពុំដែលខានឡើយ ។
ក្រៅពីនេះព្រះអង្គដងកើនិងព្រះគម្លង់នៅស័ក្ដិសិទ្ធិក្នុងការជួយអ្នកជំងឺដែលឈឺធ្ងន់ហើយពេទ្យមើលមិនជាឲ្យបានសះស្បើយ តួយ៉ាងដូចជា កាលគ្រាមួយនោះសម្ដេចព្រះរាមបុប្ផាទេវីបានប្រឈួន ។ តែក្រោយពីបានបន់ស្រន់នៅព្រះគម្លង់នោះ ស្រាប់តែព្រះអង្គបានធូរស្បើយយ៉ាងស័ក្ដិសិទ្ធិឡើងវិញតាមក្ដីប្រាថ្នា និងអ្នកដែលបាត់បងប្អូនយូរឆ្នាំឲ្យបានជួបគ្នាតាមបំណង ពិសេសគឺអ្នកជំនួញ បើបានមកបន់ស្រន់នៅទីនោះប្រាកដជារកស៊ីកាក់កបជាមិនខានឡើយ ។
ព្រះអង្គដងកើនិងព្រះគម្លង់ពុំមានឯកសារជាលាយល័ក្ខណ៍អក្សរបញ្ជាក់ឲ្យបានច្បាស់លាស់ថា មានប្រវត្ដិកាលដូចម្ដេចនោះទេ ។ បើតាមនិទានតៗគ្នាបានបញ្ជាក់ឲ្យដឹងថា កាលដើមឡើយនៅត្រង់ព្រះអង្គដងកើនេះ គឺសុទ្ធតែព្រៃនិងដើមឈើធំៗ ។ នៅរៀងរាល់ថ្ងៃពេញបូណ៌មី ឬថ្ងៃសីល គេតែងតែប្រទះឃើញទង់មួយអណ្ដែតមកពីបឹងទន្លេសាបមកផុសនៅត្រង់ចំណុចប្រសព្វទន្លេបួនមុខ ។ ទង់នោះមានសណ្ឋានជាទង់ក្អែបម្ដង ទង់ក្រពើម្ដងដែលមានដងនៅខាងចុងបែកជាទង់បី ។ ហើយទង់នោះមិនផុសឲ្យប្រជាពលរដ្ឋឃើញយូរទេ ដោយគ្រាន់តែផុសមួយភ្លែតៗហើយលិចបាត់ទៅវិញ ។
ហេតុការណ៍ដ៏ចម្លែកនេះត្រូវបានចាស់ៗជំនាន់នោះរៀបចំពិធីបួងសួងដើម្បីសុំឲ្យទង់នេះសណ្ឋិតនៅទីនោះជានិច្ចកាល ហើយនាំគ្នាធ្វើទង់និមិត្ដរូបមួយជំនួសទង់ដែលផុសនិងឧបកិច្ចឲ្យទង់នោះមកសណ្ឋិតក្នុងទង់ថ្មី ។តាំងពីនោះមកទង់នោះក៏លែងផុសហើយទង់ថ្មីនេះគឺព្រះអង្គដងកើដែលជាទង់ថ្មីធ្វើឡើងជានិមិត្ដរូបទង់ផុស ដោយកសាងពីដែកប្រហែលនៅក្នុងឆ្នាំ១៨១៣ ។
នៅពេលដែលប្រទេសខ្មែរធ្លាក់ចូលទៅក្នុងសង្គ្រាមអូសបន្លាយអស់ជាងពីរទសវត្សរ៍ ព្រះអង្គដងកើរូបសំណាកព្រះកេស្វរៈ និងរូបយាយទេព ត្រូវបានបាត់បង់អស់មិនដឹងនៅក្នុងពេលណានៅសល់តែដងទង់ (បង្គោលដែក) ប៉ុណ្ណោះ ។ តែពេលដែលព្រះបាទនរោត្ដម សីហនុ យាងចូលស្រុកវិញ ព្រះអង្គដងកើនិងរូបសំណាកទាំងឡាយដែលបានបាត់បង់នោះត្រូវបានគេកសាងឡើងវិញដូចរូបសំណាកដើមទាំងស្រុង និងបានសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩១ ។ ដោយព្រះវិហារខាងត្បូងគេធ្វើរូបសំណាកលោកេស្វរៈនិងរូបយាយទេព ។ រីឯព្រះធ្វើអំពីស្ពាន់ពីរអង្គ និងព្រះប្រក់នាគ សប្បុរសជនជាអ្នកទិញមកដាក់ ។ ចំណែកព្រះវិហារខាងជើង គេធ្វើរូបសំណាកអ្នកតាក្រហមក មួយចំនួនដែរ តែពុំមានអ្នកបែរបន់ដូចវិហារខាងត្បូងឡើយ ។
ការនិទានតៗគ្នានោះបានឲ្យដឹងថា ព្រះគម្លង់មានឈ្មោះពិតពីមុនថា «ស័ង្កចក្រ» បានកសាងឡើងក្រោយពេលរើរាជធានីពីឧដុង្គមកតាំងនៅចតុមុខបានមួយឆ្នាំ ដោយធ្វើឡើងនៅចំមុខវត្ដឧណ្ណាលោម សម្រាប់មើលថែរក្សាសេចក្ដីសុខក្នុងទីក្រុងភ្នំពេញទាំងមូល ។
ដោយស័ង្កចក្រស្រដៀងគ្នានឹងរូបស្ដេចព្រះគម្លង់ គេក៏ហៅថា «ព្រះគម្លង់ៗ» រហូតមក ។ ជាអកុសលនៅឆ្នាំ១៩៨០ ទង់ស្ដេចព្រះគម្លង់ និងរូបសំណាកត្រូវបានគេឈូសបំផ្លាញចោល ។ ដែលក្រោយមកជនជាតិចាមម្នាក់បានបង់សំណាញ់ជាប់ព្រះកេសស្ដេចព្រះគម្លង់ នៅក្នុងបឹងទន្លេសាបចំពីមុខព្រះគម្លង់សព្វថ្ងៃ ។ ព្រះកេសនោះត្រូវបានអាជីវករម្នាក់នៅភ្នំពេញឈ្មោះ ង៉ោ អ៊ិចយូ ទិញយកពីចាមនោះរួចសុំឲ្យកសាងព្រះគម្លង់សាជាថ្មីម្ដងទៀត ដោយមួយធ្វើអំពីស៊ីម៉ង់ត៍នៅលើទីតាំងចាស់មុខមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងមួយទៀតនៅប្របបឹងទន្លេសាបនាឆ្នាំ១៩៩៥ ។
គួរឲ្យរំលឹកផងដែរថា កាលពីមុនសង្គ្រាមឆ្នាំ១៩៧០ មានករណីមនុស្សឡើងដងកើដែលធ្វើឲ្យផ្អើលមនុស្សម្នាទូទាំងរាជធានីភ្នំពេញ ដោយគេចាត់ទុកថានោះជាអព្ភូតហេតុដ៏ចម្លែកមួយ ។ តែនៅក្នុងទសវត្សរ៍ឆ្នាំ៨០មានករណីមនុស្សឡើងដងកើទៀត ប៉ុន្ដែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបំភ្លឺថា មនុស្សនោះជាមនុស្សឆ្កួតទេ ៕
ប្រភពៈ សាលអាន ថ្ងៃទី ០៣/០៧/០៦ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ