ស្រុករវៀងគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង៧នៃខេត្ដព្រះវិហារ ។ ស្រុកនេះមាន១២ឃុំដែលឈ្មោះឃុំទាំងអស់រួមទាំងឈ្មោះស្រុកផង គឺផ្ដើមដោយអក្សរ «រ» ទាំងអស់ ។ លោកអ៊ំ ព្រំ ឃុន សព្វថ្ងៃអាយុ៨០ឆ្នាំហើយគឺជាអ្នកដាក់ឈ្មោះឃុំទាំង១២នេះនៅក្នុងចុងឆ្នាំ១៩៧៩ ។
ជួបជាមួយអ្នកយកព័ត៌មានលោកអ៊ំ ព្រំ ឃុន ជាមន្ត្រីចូលនិវត្ដន៍បាននិយាយថា សព្វថ្ងៃលោកអ៊ំមានអាយុ៨០ឆ្នាំហើយកំពុងរស់នៅក្នុងភូមិត្នោតម្លូ ឃុំរលៀប ស្រុករវៀង លោកអ៊ំជាប្រធានគណៈកម្មការវត្ដរវៀង ។ លោកអ៊ំបាននិយាយថាកាលពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០ លោកអ៊ំជាស្មៀនឃុំបាក់ក្ដោង ស្រុករវៀង ។ ចាប់ពីឆ្នាំ១៩៩៧១ រហូតដល់ឆ្នាំ១៩៧៩ គឺជាទាសករនៃរបបខ្មែរក្រហមដូចប្រជាពលរដ្ឋខ្មែរទូទៅទូទាំងប្រទេសដែរ ។ ក្រោយរំដោះឆ្នាំ១៩៧៩ លោកអ៊ំបានចូលធ្វើការនៅក្នុងខេត្ដព្រះវិហារ ជាបុគ្គលិកនៃមន្ទីររណសិរ្សខេត្ដព្រះវិហារ រហូតដល់ឆ្នាំ១៩៨៧ បានចូលនិវត្ដន៍ ។ ចាប់ពីឆ្នាំ១៩៨៨ រហូតមកដល់សព្វថ្ងៃគឺជាគណៈកម្មការវត្ដរវៀង ។
ទាក់ទិនដល់ការដាក់ឈ្មោះឃុំទាំង១២ ដែលបានក្លាយទៅជាឈ្មោះប្រវត្ដិសាស្ដ្រដែលពុំទាន់មានស្រុកណាដូចស្រុករវៀងនេះឡើយនោះ លោកអ៊ំបាននិយាយថា ក្រោយឆ្នាំ១៩៧៩ ទីរួមខេត្ដព្រះវិហារត្រូវបានគេតាំងនៅក្នុងស្រុករវៀងនេះតែម្ដង ។ លុះដល់ឆ្នាំ១៩៨២ ទើបគេយកទីតាំងទីរួមខេត្ដទៅដាក់នៅត្បែងមានជ័យ រហូតដល់សព្វថ្ងៃនេះវិញ ។ លោកអ៊ំព្រំ ឃុន បានឲ្យដឹងថា ដោយសារតែរចនាសម្ព័ន្ធឈ្មោះភូមិឃុំសល់ពីរបបប៉ុល ពត វាពិបាកពេកនៅក្នុងអំឡុងឆ្នាំ១៩៧៩ មន្ដ្រីរាជការក្នុងជួរស្រុករវៀងក៏ដូចជាក្នុងជួរខេត្ដបានឯកភាពគ្នាឲ្យរកឈ្មោះថ្មីសម្រាប់ដាក់ឈ្មោះឃុំទាំង១២របស់ស្រុករវៀង ផ្ដើមដោយអក្សរ «រ» ។
លោកតាព្រំ ឃុនបាននិយាយថា លោកតាទទួលភារកិច្ចដាក់ឈ្មោះនេះព្រោះស្រុកវាផ្ដើមដោយអក្សរ «រ» រវៀងស្រាប់ហើយ ។ គាត់ បានប្រើពេលគិតដោយដាក់ឈ្មោះទាំងអស់នោះហើយប្រើមកដល់សព្វថ្ងៃ ។ ឃុំទាំង១២របស់ស្រុករវៀងដែលលោកអ៊ំដាក់ឈ្មោះ គឺឃុំរបៀប ឃុំរុងរឿង ឃុំរហ័ស ឃុំរស្មី ឃុំរីករាយ ឃុំរួសរាន់ ឃុំរតនៈ ឃុំរៀបរយ ឃុំរមណីយ៍ ឃុំរមទម ឃុំរំដោះ និងឃុំរក្សា ។
ឈ្មោះឃុំទាំង១២នេះត្រូវបានសម្រេចដោយថ្នាក់ដឹកនាំស្រុកខេត្ដ ហើយទទួលយកប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ ។ លោកអភិបាលរងស្រុករវៀងគឺលោកគាត គឹមតុ បាននិយាយថា ថ្វីត្បិតចំនួនភូមិ (ចំនួន៥៧ទូទាំងស្រុក) តិចក៏ពិតមែន ក៏ប៉ុន្ដែផ្ទៃដីពីភូមិមួយទៅភូមិមួយស្ថិតនៅឆ្ងាយៗពីគ្នា ។
ប៉ុន្ដែប្រភពព័ត៌មានមួយទៀតបញ្ជាក់ថា ក្នុងសម័យសង្គ្រាមរវាងរដ្ឋាភិបាលភ្នំពេញជាមួយទាហានខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨ គេបានបង្កើតទីតាំងឃុំឲ្យបានច្រើន ដើម្បីបង្កើនកម្លាំងសេនាជនឃុំទប់ទល់់នឹងការវាយប្រហារដណ្ដើមកាន់កាប់ភូមិពីពួកទាហានខ្មែរក្រហម ៕
ប្រភពៈ សាលអាន ថ្ងៃទី ២៨/០៦/០៦ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ