Ultimate magazine theme for WordPress.

- Advertisement -

ប្រាង្គប្រាសាទបុរាណខ្មែរនិងគ្រោះមហន្ដរាយនានា

0 6

ប្រាសាទឯកភ្នំ​ដែល​រង​ការ​ខូចខាត នៅ​ខេត្ដ​បាត់ដំបង

ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ សម្បត្ដិ​មរតក​វប្បធម៌​ពី​បុរាណ​ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុក​ឲ្យ​កូនចៅ​ជា​ច្រើន​ជំនាន់​មក​ហើយ ។ ជា​សក្ខីភាព​នៃ​ការ​រីក​ចម្រើន​រុងរឿង​នៅ​សម័យ​នោះ​ គេ​សង្កេត​ឃើញ​ប្រាសាទ​ថ្ម​យ៉ាងច្រើន​ដែល​មាន​ក្បាច់​ចម្លាក់​ដ៏​ល្អ​វិចិត្រ និង​មួយ​ចំនួន​ទៀត​បាន​ទទួល​រង​នូវ​ការ​បំផ្លិចបំផ្លាញ​គួរ​ឲ្យ​សោកស្ដាយ​ជាទី​បំផុត ។ ការ​ខូចខាត​ទ្រង់ទ្រាយ​នៃ​ប្រាង្គ​ប្រាសាទ បណ្ដាល​មក​ពី​ការ​បោះបង់​ចោល​ទីក្រុង​អស់​រយៈ​មួយ​យ៉ាង​យូរ​គ្មាន​អ្នក​ថែរក្សា​ការពារ សង្គ្រាម​សាសនា​ ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង ការ​គំរាម​គំ​ហែង​ពី​សំណាក់​ធម្មជាតិ​ដែល​ដុះ​ឫស​ចាក់​សង្កត់​ពីលើ​បណ្ដាល​ឲ្យ​ប្រាសាទ​ប្រេះស្រាំ ។​

ប៉ុន្ដែ​ការ​បំផ្លិចបំផ្លាញ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​ និង​ធ្ងន់ធ្ងរ​នោះ​គឺ​ក្នុង​កំឡុង​ទសវត្សរ៍​ទី​៨០ និង​៩០ មាន​ចលនា​បំផុស​ទិញ​រូបចម្លាក់​ក្បាល​អ្នកតា វត្ថុ​មាន​តម្លៃ​ ហើយ​ពួក​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​បាន​ទៅ​ដាប់​យក​ចម្លាក់​វត្ថុ​មាន​តម្លៃ​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​យ៉ាងច្រើន​ផុសផុល ធ្វើ​ឲ្យ​ប្រាង្គ​ប្រាសាទ​មួយ​ចំនួន​ធំ​ត្រូវ​រង​ការ​គាស់​បំផ្លាញ​យ៉ាង​រង្គាល​បំផុត ។​

ក្រោម​ឥទ្ធិពល​សាសនា​ធំៗ​ពីរ គឺ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា គេ​សង្កេត​ឃើញ​ព្រះមហាក្សត្រ នាហ្មឺន​សព្វ​មុខមន្ដ្រី ប្រជាពលរដ្ឋ​បាន​ឯកភាព​គ្នា​កសាង​ប្រាសាទ​ថ្ម​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពាសពេញ​ផ្ទៃ​ប្រទេស​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះពុទ្ធ​សាសនា​ទាំង​ពីរ​នេះ ។ ប្រាសាទ​មួយ​ចំនួន​ទៀត​កសាង​ឡើង​សម្រាប់​ព្រះរាជា​ទុកជា​កេរដំណែល​ផ្ទាល់​របស់​ព្រះ​អង្គ រាជវង្សានុវង្ស សាលា​សំណាក់ មន្ទីរពេទ្យ​ និង​ការ​កសាង​រាជធានី​ថ្មី​…​តាម​សម័យកាល​នីមួយៗ​ប៉ុណ្ណោះ ។

តាម​រយៈ​ឯកសារ​ប្រវត្តិសាស្ដ្រ​បាន​បញ្ជាក់ថា ប្រាសាទ​ដែល​គេ​រក​ឃើញ​មាន​ចំនួន​ជាង​១.០០០​ប្រាសាទ​នេះ យើង​មិន​ទាន់​គិតដល់​ប្រាសាទ​មួយ​ចំនួន​ដែល​មាន​សរសេរ​ពី​សាវតា និង​ព្រះរាជា​ខ្មែរ​ដែល​ស្ថិត​នៅ​ក្រៅប្រទេស​នោះ​ទេ ។ ចំណែកឯ​ប្រាសាទ​ដែល​នៅ​សេស​សល់​មួយ​ចំនួន​ត្រូវ​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ដែល​មាន​ការ​អះអាង​ប្រហាក់ប្រហែល​គ្នា​បណ្ដាល​មក​ពី​សង្គ្រាម​រវាង​ប្រទេស​ជិត​ខាង​ចូល​ឈ្លានពាន​ ហើយ​បំផ្លិចបំផ្លាញ​សមិទ្ធផល​ខ្មែរ​ចោល​ដោយ​កំហឹង និង​ការ​ច្រណែន​ឈ្នានីស ។

- Advertisement -

ចំណែកឯ​ជម្លោះសាសនា​រវាង​អ្នក​កាន់​សាសនា​ព្រហ្មញ្ញ និង​ព្រះពុទ្ធ​សាសនា ក៏​មាន​មូលហេតុ​ធំ​មួយ​ដែរ បើ​តាម​ការ​បញ្ជាក់​ថា នៅ​សម័យ​បុរាណ ព្រះរាជា​ដែល​ឡើង​គ្រង​រាជសម្បត្ដិ​ខ្លះ​កាន់​ព្រហ្មញ្ញ​សាសនា ហើយ​មន្ដ្រី​និង​រាស្ដ្រ​មួយ​ចំនួន​ក៏​បំផ្លិចបំផ្លាញ​សមិទ្ធផល​ព្រះពុទ្ធ​សាសនា​ចោល​នៅ​តាម​ប្រាសាទ​មួយ​ចំនួន ។ ព្រះរាជា​ខ្លះ​ឡើង​គ្រង​រាជសម្បត្ដិ​ងាក​មក​គោរព​ព្រះពុទ្ធ​សាសនា ខុស​ពី​បំណង​មន្ដ្រី​និង​រាស្ដ្រ​ក៏​ឡើង​ឲ្យ​មាន​ទំនាស់​ផ្លូវចិត្ដ ហើយ​ក៏​បំផ្លិចបំផ្លាញ​គ្រឿង​សក្ការៈបូជា ប្រាង្គ​ប្រាសាទ​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​ចោល​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​បាក់បែក​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ នៅ​កន្លែង​ខ្លះ​ប្រាសាទ​ត្រូវ​បំផ្លាញ​សល់​តែ​សំណង់​គ្រឹះ​ ខ្លះ​ទៀត​រកតែ​កន្លែង​ដើម​មិន​ឃើញ​ផង ។ ដោយសារ​តែ​ជម្លោះ​មិន​ចេះ​ចប់​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ទីក្រុង​ជា​ញឹកញាប់ ហើយ​បោះបង់​ទីក្រុង​ចាស់​ចោល​គ្មាន​អ្នក​ថែទាំ​ធ្វើ​ឲ្យ​រុក្ខជាតិ​ដុះ​ចាក់​ឫស​ពីលើ​បណ្ដាល​ឲ្យ​ប្រេះស្រាំ​ដួល​រលំ​ប្រាសាទ​ក៏​មាន​ដែរ ។​

ប្រាង្គ​ប្រាសាទ​ថ្មី​ដែល​បុព្វបុរស​ខ្មែរ​បាន​កសាង​ពាសពេញ​ផ្ទៃ​ប្រទេស​តាំងពី​សម័យ​បុរាណ ត្រូវ​ទទួល​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ច្រើន​រូបភាព​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ដោយ​ប្រាសាទ​មួយ​ភាគ​ធំ​ត្រូវ​បាត់បង់​សោភ័ណភាព រូបចម្លាក់​ដួល​រលំ​ ជញ្ជាំង​ខ្លះ​ត្រូវ​បំផ្លិច​បំផ្លាញ​ដល់​បាតដី ។ ប៉ុន្ដែ​ការ​បំផ្លាញ​កាន់តែ​សាហាវ និង​ស្ថិត​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ គឺ​ក្នុង​អំឡុង​ទស​វត្ស​ទី​៨០ និង​៩០​ ដែល​ក្រុម​ចោរ​ជាន់ខ្ពស់​ធ្វើ​ការ​បំផ្លិចបំផ្លាញ​ប្រាសាទ​ដោយ​មាន​បក្សពួក​ចាំ​ការពារ​ និង​ដឹក​វត្ថុ​បុរាណ​តាម​រថយន្ដ​ទៅ​កាន់​ប្រទេស​ថៃ​ក្រោម​ចលនា​ឃោសនា​ទិញ​ពី​សំណាក់​ពួក​ឈ្មួញ​ថៃ​ខ្មែរ​យ៉ាង​ចំហ គ្មាន​ការ​កោត​ញញើត ឬ​ខ្លាចរអា​ចំពោះ​សមត្ថកិច្ច​និង​អាជ្ញាធរ​បន្ដិច​ណា​សោះឡើយ ។​

ដោយសារ​តែ​មាន​ការ​ឈឺឆ្អាល​ពី​មន្ដ្រី​អភិរក្ស​ដែល​តែងតែ​គិតគូរ​ពី​បញ្ហា​សម្បត្ដិ​មរតក​វប្បធម៌​ទាំងនេះ អាជ្ញាធរ​សមត្ថកិច្ច មន្ដ្រី​អង្គ​ការ​សង្គម​ស៊ីវិល​បាន​រួម​សហការ​គ្នា​ធ្វើការ​ទប់ស្កាត់​ការ​ជួញដូរ​វត្ថុ​បុរាណ​ និង​ធ្វើការ​ផ្ដន្ទាទោស​ចំពោះ​ជនល្មើស​យ៉ាង​ធ្ងន់ ទើប​បញ្ហា​នេះ​ត្រូវ​ស្ងប់ស្ងាត់​ឡើង​វិញ ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ០៥/០៧/០៦ (ដកស្រង់​ពីកាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...