ប្រាសាទភ្នំវ៉ាន់ខេត្ដនគររាជសីមា
ការបាត់បង់ទឹកដីរបស់កម្ពុជាបានក្លាយទៅជាសោកនាដកម្មមួយសម្រាប់ប្រជាជាតិខ្មែរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នដែលមានតឹកតាងយ៉ាងច្រើននៅប្រទេសថៃ ពិសេសប្រាសាទបុរាណខ្មែរដែលនៅតែឈរយ៉ាងសង្ហានៅលើផែនដីសុវណ្ណភូមិដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពអង្គរ ។
យើងបានដឹងហើយថា ឈ្មោះប្រាសាទភ្នំវ៉ាន់ គឺជាពាក្យថៃ តាំងឲ្យប្រាសាទខ្មែរមួយដែលស្ថិតនៅភូមិម្កាក់ ឃុំពោធិ៍ ស្រុកបឿង ខេត្ដនគររាជសីមា ។ ប្រាសាទនេះមានចម្ងាយប្រមាណជា១៥គីឡូម៉ែត្រ នៅទិសខាងជើងឆៀងខាងកើតនៃទីប្រជុំជននៃខេត្ដនគររាជសីមាបច្ចុប្បន្ន ។
លោកមីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្ដិសាស្ដ្របានឲ្យដឹងថា ឈ្មោះភ្នំវ៉ាន់នេះប្រហែលជាកើតចេញមកពីពាក្យខ្មែរឈ្មោះភ្នំពពាល ឬ ពពេល ដែលជាឈ្មោះដើមឈើមួយប្រភេទ ។ តែក្រោយមកដោយនិរុទ្ធសាស្ដ្រពាក្យពពាល ក៏បានក្លាយទៅជា វវ៉ាន់ ឬក៏ វ៉ាន់ ។
លោកមីសែល ត្រាណេ បានបន្តឲ្យដឹងថា ប្រាង្គកណ្ដាលនៃប្រាសាទនេះត្រូវបានកសាងឡើងរវាងឆ្នាំ១០១០-១០៨០ នៃគ្រិស្ដសករាជ ក្នុងរចនាបថបាពួន ។ ដោយឡែកអាគារមួយចំនួនទៀតត្រូវបានសាងសង់មុនកាលបរិច្ឆេទនេះ និងក្រោយនេះបន្ដិចបើយើងសម្អាងលើក្បាច់ក្បូរមួយចំនួននោះ ។ ក្នុងករណីនេះហើយដែលសិលាចារឹកមួយចំនួនដែលមកពីប្រាសាទដ៏សំខាន់នេះមានកាលបរិច្ឆេទខុសៗគ្នា ។
អ្នកប្រវត្ដិសាស្ដ្ររូបនេះបានបញ្ជាក់ឲ្យដឹងថា ផ្ទាំងសិលាចារឹកដែលយើងយកមកផ្សាយនេះ ត្រូវបានក្រុមសិល្បករថៃបានរកឃើញរវាងឆ្នាំ១៩៧១-១៩៧២ ខណៈពេលដែលពួកគេជួសជុលប្រាសាទនេះ ។ តាមខ្លឹមសារនៃសិលាចារឹកភ្នំវ៉ាន់បានឲ្យដឹងថា នៅឆ្នាំ៨៩១ នៃគ្រិស្ដសករាជ ព្រះបាទយសោវរ្ម័ន តាមរយៈអាជ្ញារបស់ទ្រង់បានត្រាស់បង្គាប់រៀបចំសាលា និងបន្ទប់សម្រាប់សវនាការ ។ ស្ដាប់ព្រះរាជបញ្ជារួច មន្ដ្រីរូបនោះក៏បានបើកអង្គប្រជុំជាមួយក្រុមមនុស្សអធម្មដែលមិនគោរពប្រតិបត្ដិព្រះរាជអាជ្ញា ។ ចំពោះជនណាដែលមិនគោរពបទបញ្ជាជននោះនឹងត្រូវធ្លាក់នរកខុសពីជនណាដែលគោរពប្រតិបត្ដិពួកគេនឹងឡើងឋានសួគ៌ាតាមក្រឹត្យក្រមនៃសិង្ហបុរៈ ។
លោកមីសែល ត្រាណេ បានបន្តថា សារសំខាន់នៃសិលាចារឹកនេះគឺការបង្ហាញនូវជំនឿលើបុណ្យបាប ឋានសួគ៌ និងឋាននរករបស់ជនជាតិខ្មែរនាសតវត្សទី១០ នៃគ្រិស្ដសករាជ ដែលមានចំណាស់ជាងមួយពាន់ឆ្នាំមកហើយពោលគឺតម្លៃសីលធម៌ខ្ពង់ខ្ពស់របស់ខ្មែរ ។
ម្យ៉ាងវិញទៀតយើងក៏ដឹងទៀតថា នៅក្នុងបរិវេណនៃប្រាសាទនៅមុខរូបសំណាកតំណាងឲ្យព្រះសិវៈមានទីធ្លាមួយសម្រាប់បូជាព្រះភ្លើង ។ សូមជម្រាបថា ការបូជានេះគឺធ្វើឡើងដោយយកវត្ថុរាវដូចជាខ្លាញ់ ប្រេង បង់ឲ្យអណ្ដាតភ្លើងរំលាយ ។
នៅក្នុងពិធីការវិញ ការបូជាព្រះភ្លើងនេះ គេធ្វើនៅមុខព្រះនេត្រព្រះអាទិទេព ដោយមានតង្វាយជាភ្លើង និងមានការទូងស្គរថែមទៀតផង ។ សូមបញ្ជាក់ថា ការថ្វាយភ្លើងនៅមុខព្រះអាទិទេព ឬចំពោះអារក្សអ្នកតាជាប្រពៃណីខ្មែរមិនទាន់សាបសូន្យនៅឡើយនោះទេ ៕
ប្រភពៈ សាលអាន ថ្ងៃទី ០៧/០២/២០០៧ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ