សាលាស្រុកថាឡាបរិវ៉ាត់ និងប្រាសាទព្រះគោ នៅថាឡាបរិវ៉ាត់ សាងឡើងរវាងចុងស.វទី៦ ឬដើមស.វទី៧
ថាឡាបរិវ៉ាត់ គឺជាស្រុកមួយនៅខាងលិចដងទន្លេមេគង្គ បច្ចុប្បន្នលែងឯកកោទៀតហើយបន្ទាប់ពីមានការតភ្ជាប់ស្ពានមេគង្គ និងផ្លូវជាតិលេខ៩ ទៅកាន់ខេត្តព្រះវិហារនោះមក ។
ស្រុកថាឡាបរិវ៉ាត់គឺជាអតីតក្រុងដ៏សំខាន់មួយនៅដើមសម័យចេនឡាក្នុងរវាងចុងស.វទី៦ និងដើមស.វទី៧ ពោលគឺរជ្ជកាលព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្ទ្រវរ្ម័ន ។ តំបន់នេះនៅសេសសល់ដោយភស្តុតាងផ្នែកបុរាណវិទ្យាជាច្រើន ដូចជា ប្រាសាទបុរាណធ្វើអំពីឥដ្ឋ ប្រាសាទស្រី ឬប្រាសាទព្រះគោជាដើម ។
ឈ្មោះថា ថាឡាបរិវ៉ាត់ មនុស្សភាគច្រើននៅខេត្តស្ទឹងត្រែងស្គាល់ តែអាចនឹងមិនយល់អំពីអត្ថន័យនៃឈ្មោះស្រុកនេះទេ ។
«ថាឡាបរិវ៉ាត់» ផ្សំឡើងដោយពាក្យចំនួនពីរគឺ ពាក្យ «ថាឡា» និង «បរិវ៉ាត់» ។ ពាក្យ «ថាឡា» គឺមានប្រភពមកពីពាក្យដើមជាភាសាសំស្ក្រឹតថា «ស្ថល (स्थल)» ឬ «ស្ថលា (स्थाल)» ដែលមានន័យថា «ទួលឬភ្នំ» ត្រូវនឹងភាសាអង់គ្លេសថា «hill» ។
ចំណែកពាក្យមួយទៀតគឺ «បរិវ៉ាត់» ក៏ជាពាក្យមានប្រភពមកពីភាសាសំស្ក្រឹតដូចគ្នាពោលគឺពាក្យថា «បវ៌ត (पर्वत)» ហើយខ្មែរនៅសំណេរខ្មែរខ្លះសរសេរថា «បព៌ត» មានន័យថា «ភ្នំ» ។ ឈ្មោះស្រុក «ថាឡាបរិវ៉ាត់» ទំនងមកពីពាក្យបុរាណខ្ចីពីភាសាសំស្ក្រឹតថា «ស្ថលាបវ៌ត» ដែលយើងប្រែបានថា «ទួលភ្នំ» ឬប្រែខ្លីថា «ភ្នំ» ក៏បានដែរ ។ ពាក្យទាំងពីរមានន័យប្រហាក់ប្រហែលគ្នា ។ បែបនេះហើយបានជាគេហៅថា ស្រុកថាឡាបរិវ៉ាត់មកដល់សព្វថ្ងៃនេះ ៕
ដកស្រង់ពីកាសែតរស្មីកម្ពុជា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
កំណត់របស់ឈូកខ្មែរៈ ខ្ញុំតែងតែយល់ជានិច្ចមកថា ឈ្មោះស្រុកមួយនេះប្រហែលជាពាក្យលាវទេ ព្រោះមានបងប្អូនជនជាតិលាវរស់នៅទីនោះច្រើន ហើយសំនៀងដូចគ្នានឹងភាសាសៀមនិងលាវណាស់ ។
Source: ប្រវត្ដិសាស្រ្ដ