អតីតរាជធានីចាស់សម័យឧដុង្គត្រូវបានអ្នកស្រុកឲ្យឈ្មោះហៅរហូតដល់៣គឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស ហើយនៅលើកំពូលភ្នំមានចេតិយរបស់អតីតព្រះមហាក្សត្រជាច្រើន ។ ទោះជាសំណង់ជាកេរដំណែលប្រវត្ដិសាស្ដ្រមួយចំនួន បានរងនូវការបំផ្លិចបំផ្លាញអស់មួយភាគធំទៅហើយក្ដី ប៉ុន្ដែដោយសារទីនេះមានសំណង់ប្លែកៗ ទេសភាពល្អត្រកាល ខ្យល់អាកាសបរិសុទ្ធ បានទាក់ទាញភ្ញៀវទេសចរ និងក្រុមអ្នកសិក្សាស្រាវជ្រាវប្រវត្ដិសាស្ដ្រទៅទីនោះយ៉ាងច្រើនកុះករ ។
ភ្នំឧដុង្គ ស្ថិតនៅភូមិសាស្ដ្រឃុំផ្សារដែក និង ឃុំភ្នំបាត ស្រុកពញាឮ ខេត្ដកណ្ដាល ភ្នំនេះមើលពីចម្ងាយដូចជាសត្វនាគសំដែងឫទ្ធិ ដែលលាតសន្ធឹងលើផ្ទៃដីពី ៧០០-១៥០០ម៉ែត្រ ពីផ្នែកខាងលិចទៅខាងកើត មានផ្លូវលំសម្រាប់ចេញចូល ហើយនៅផ្នែកខាងជើងជាប់ភូមិភ្នំ ដែលនៅលើភ្នំមានកំពូល៥ គឺកំពូលចេតិយ កំពូលភ្នំត្រៃត្រិង្ស កំពូលភ្នំចេតិយកំពូល៥ ព្រះអង្គចូលនិព្វាន និងកំពូលភ្នំអដ្ឋរស្ស ។ នៅជណ្ដើរខាងជើងមានព្រះសក្យមុនីចេតិយដ៏ធំមួយមានកម្ពស់រហូតដល់៤០ម៉ែត្រ ហើយនៅក្បែរនោះមានចេតិយសាមពាន់ដែលកសាងតាំងពីរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ គ.ស១៦២៣ ដើម្បីបញ្ចុះព្រះបរមអដ្ឋិធាតុព្រះបាទស្រីសុរិយោពណ៌ ហើយនៅផ្នែកខាងត្បូងជាប់គ្នានោះ គឺជាចេតិយបញ្ចុះព្រះបរមអដ្ឋិព្រះបាទអង្គឌួង និងចេតិយព្រះបាទស៊ីសុវត្ថិ មុនីវង្ស ។ កាលពីឆ្នាំ២០០២ អតីតព្រះមហាក្សត្រសម្ដេចនរោត្ដម សីហនុ និង សម្ដេចព្រះរាជអគ្គមហេសីបានដង្ហែព្រះសរីរិកធាតុទៅតម្កល់នៅទីនោះថែមទៀត ។
ទាក់ទិនទៅនឹងរឿងព្រះវិហារភ្នំអដ្ឋរស្សនេះ តាមប្រជុំរឿងព្រេងខ្មែរភាគទី៥ បានបញ្ជាក់ថា នៅចុងសម័យមហានគរ ស្ដេចក្រុងចិនបានបញ្ជាឲ្យបេសកជនជាច្រើនដើរស៊ើបសួររកប្រទេសណាដែលមានអារ្យធម៌រុងរឿងយកមកផ្សព្វផ្សាយក្នុងប្រទេសហើយចងជាមិត្ដ ប៉ុន្ដែបើប្រទេសណាអន់ថយនឹងជួយទំនុកបំរុង ។ នៅពេលនោះបេសកជនចិនក៏ពិនិត្យឃើញស្រុកខ្មែរមានភាពរុងរឿង តែអ្នកស្រុកមិនសូវស៊ីវិល័យនោះទេ ។
ក្នុងពេលជាមួយគ្នានោះ គេក៏បានរកឃើញភូមិសាស្ដ្រល្អតាមក្បួនចិនសែថា «ទីនោះអាចនឹងឲ្យផលល្អផ្សេងៗដល់ប្រទេស» នៅលើកំពូលភ្នំព្រះរាជទ្រព្យស្រុកពញាឮ ខេត្ដកណ្ដាល ដែលមានរាងដូចសត្វមករ គឺខ្លួនមករនៅត្រង់ព្រះចេតិយត្រៃត្រិង្ស ក្បាលនិងពុកមាត់មករនៅត្រង់ព្រះចេតិយទន្ទឹម កន្ទុយត្រង់ព្រះពុទ្ធចូលនិព្វាន ។ តាមក្បួនចិនសែ បើប្រទេសណាមានសត្វមករផុសឡើង ប្រទេសនោះនឹងមានឫទ្ធិអំណាចថ្កុំថ្កើងរុងរឿង ពុំមានប្រទេសណាអាចតស៊ូបានទេ ។
ពេលត្រឡប់ទៅប្រទេសវិញ បេសកជនចិនបានយករឿងនេះទៅទូលថ្វាយព្រះរាជាឲ្យទ្រង់ជ្រាប ហើយរិះរកវិធីផ្សេងៗដើម្បីបង្ក្រាបប្រទេសខ្មែរ និងមិនឲ្យសត្វមករងើបឡើងបាន ។ នៅទីបំផុត ស្ដេចចិនបានឲ្យមន្ដ្រីចិនទៅសុំស្ដេចខ្មែរដើម្បីកសាងព្រះវិហារបែរមុខទៅទិសខាងជើងតាមរចនាបថខ្មែរ ដើម្បីសន្ធាប់រូងនោះកុំឲ្យសត្វមករចេញរួច ដោយមានតម្កល់ព្រះពុទ្ធអង្គធំកម្ពស់១៨ហត្ថ ។ ក្រោយមក ស្ដេចចិនក៏ឲ្យមន្ដ្រីរបស់ខ្លួនយកប្រស្នាឲ្យស្ដេចខ្មែរដោះស្រាយ ដោយដាក់លក្ខខណ្ឌថា បើដោះប្រស្នានេះពុំរួចនោះ ប្រទេសខ្មែរត្រូវជាចំណុះប្រទេសចិន ហើយនាំសួយសារអាករថ្វាយរៀងរាល់ឆ្នាំ ។
ប្រស្នាទាំង៣ខនេះ ស្ដេចនាម៉ឺន មន្ដ្រីខ្មែរពុំមាននរណាអាចដោះស្រាយបានឡើយ ហើយក៏បានដើរប៉ាវគងរកអ្នកមានបញ្ញាដើម្បីដោះស្រាយ ខណៈនោះ មានអ្នកគង្វាលគោម្នាក់ធានាថាអាចដោះប្រស្នាបាន ក៏នាំទៅថ្វាយស្ដេច ។ លុះដល់កំណត់៧ថ្ងៃ មន្ដ្រីចិនក៏បានមកជួបជុំគ្នា ដើម្បីស្ដាប់ចម្លើយ ហើយអ្នកគង្វាលនោះក៏ឆ្លើយដោះរួច ចំណែកចិនក៏ទទួលស្គាល់សុំចងមេត្រីភាពជាមួយខ្មែរចាប់តាំងពីពេលនោះមក ។ រីឯបុរសគង្វាលគោត្រូវព្រះរាជាខ្មែរទ្រង់ប្រោសប្រទានទ្រព្យសម្បត្ដិជាច្រើន ហើយតាំងគោរមងារថា «ធនញ្ជ័យបណ្ឌិត» ដែលប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីស្រឡាញ់យ៉ាងខ្លាំង ។ សព្វថ្ងៃនេះអ្នកស្រុកនៅមានជំនឿចំពោះទីនេះ ហើយនាំគ្នាទៅធ្វើការបួងសួងសុំសេចក្ដីសុខសប្បាយរកស៊ីមានបានជាហូរហែច្រើនសមប្រកបទៀតផង ។
ក្រុងឧដុង្គនេះកសាងក្នុងរជ្ជកាលព្រះបាទសម្ដេចជ័យជេដ្ឋាទី២ គ.ស១៦២០ ខណៈពេលដែលព្រះអង្គយាងមកប្រពាតព្រៃនៅតំបន់អូរក្រុងណយ ខេត្ដសំរោងទង ហើយទតឃើញទិដ្ឋភាពនៅទីនោះមានទេសភាពភូមិសាស្ដ្រល្អ ។ បន្ទាប់ពីសព្វព្រះទ័យ ព្រះអង្គក៏ឲ្យពួកហោរាគន់គូរ និងឲ្យនាម៉ឺនសព្វមន្ដ្រីជួយឲ្យយោបល់ថា មានអំណោយផលល្អហើយព្រះអង្គបានសម្រេចលើករាជធានីពីល្វាឯមមកក្រុងឧដុង្គនេះចាប់ពីគ.ស១៦២០-១៨៦៦ ៕
ប្រភពៈ សាលអាន ថ្ងៃទី ១៩/០២/២០០៧ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ