Ultimate magazine theme for WordPress.

- Advertisement -

តម្ពក់​គ្រែស្នែង​ក្នុង​សម័យ​អង្គរ

0 5

រូប​នាគ​ញី​ឈ្មោល​មួយគូ​គឺជា​តម្ពក់​គ្រែស្នែង​ធ្វើ​អំពី​សំរឹទ្ធិ

ភ័ស្ដុតាង​ជាក់ស្ដែង​មួយ​ស្ដីពី​ការ​ប្រើ​គ្រែស្នែង​នៅ​សម័យ​អង្គរ សម្រាប់​សែង​មនុស្ស​មាន​បុណ្យ​ស័ក្ដិ​ខ្ពង់ខ្ពស់​អភិជន​ឬ​ក្សត្រ​ផែនដី​ត្រូវ​បាន​រក​ឃើញ​ថ្មីៗ​នេះ​នៅ​ក្បែរ​អន្លង់​កាយ​ត្បូង​មួយ​ស្ថិត​នៅ​ភូមិ​ជ្រោយស្លែង​ ឃុំ​គិរីចុងកោះ ​ស្រុក​គិរីវង់ ខេត្ដតាកែវ​ កាលពី​ចុងឆ្នាំ​២០០៦ ។ ភ័ស្ដុតាង​នោះ​គឺ​រូប​នាគ​មួយ​គូ​ដែល​ជា​តម្ពក់​ធ្វើ​អំពី​សំរឹទ្ធ​ដែល​មាន​ក្បាច់រចនា​យ៉ាង​ល្អ​ប្រណីត​ជា​នាគរាជ​ញី​ឈ្មោល ។​

រូប​នាគ​មួយគូរ​នេះ​បើ​តាម​ការ​កំណត់​កាលបរិច្ឆេទ​​របស់​អ្នកឯកទេស​ខាង​ស្រាវជ្រាវ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា បាន​កសាង​ឡើង​នៅ​ក្នុង​សតវត្សរ៍​ទី​១១-១២ ​នៃ​គ្រិស្ដសករាជ ពោល​គឺ​មុន​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។​

លោក​បណ្ឌិត មីសែល ត្រាណេ ជា​អ្នក​ស្រាវជ្រាវ​ឯកទេស​ខាង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ដ៏​ល្បីល្បាញ​ បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​គ្រែស្នែង​ស្ថិត​នៅ​ត្រង់​កន្លែង​សំខាន់​ដែល​មាន​ពួក​អភិជន​មាន​ឋានៈ​ខ្ពង់ខ្ពស់​រស់នៅ ។ ដូច្នេះ​ហើយ​បានជា​មាន​វត្ដមាន​របស់​តម្ពក់​ដែល​តំណាង​ឲ្យ​គ្រែស្នែង​នៅ​ទីនោះ ។​

លោក​បណ្ឌិត​បន្ត​ថា ក្រៅពី​នេះ ការ​ប្រើប្រាស់​គ្រែស្នែង​ធ្វើ​អំពី​ឈើ​ដែល​មាន​តម្ពក់​ធ្វើ​អំពី​លោហធាតុ​ជ្រលក់​ពណ៌​មាស ឬ​ប្រាក់​បាន​បង្ហាញ​ឲ្យ​ដឹង​នូវ​ទំនាក់ទំនង​វប្បធម៌​រវាង​ខេត្ដ​នេះ និង​ខេត្ដសៀមរាប​អង្គរ ដែល​ស្ថិត​ឆ្ងាយ​ពី​គ្នា​រាប់រយ​គីឡូម៉ែត្រ​ក្នុង​ចក្រភព​អង្គរ​ដ៏​រុងរឿង​នៃ​យើង ។​

- Advertisement -

នៅ​ត្រង់​ចំណុច​នេះ ប្រវត្ដិសាស្ដ្រ​ខ្មែរ​យើង គេ​សង្កេត​ឃើញ​ថា គ្រែស្នែង​ត្រូវ​គេ​ប្រើប្រាស់​ក្នុង​សង្គម​ខ្មែរ​ដោយ​ព្រះមហាក្សត្រ សព្វ​នាម៉ឺន​មន្ដ្រី​ព្រមទាំង​ពួក​ព្រាហ្មណ៍​ ឬ​ក៏​ព្រះសង្ឃ​ដែល​មាន​ឋានៈ​បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់ ។ ការ​ធ្វើ​ដំណើរ​បែប​នេះ ប្រសិនបើ​ស្ដេច​វិញ​ បាន​អម​ដោយ​ការ​លេង​ភ្លេង​ដែល​មាន​ភាព​លន្លង់លន្លោច​អណ្ដែតអណ្ដូង​ថែម​ទៀត​ផង ។ ដូចដែល​លោក​ទូត​ចិន ជីវ តាក្វាន់ បាន​កត់ត្រា​នៅ​ឆ្នាំ​១២៩៧ ​ស្រាប់ ។​

លោក​បណ្ឌិត​មីសែល ត្រាណេ​ បាន​បន្ត​ទៀត​ថា យើង​ក៏​កត់សម្គាល់​ផង​ដែរ​ថា ការ​ធើ្វ​ដំណើរ​ដោយ​មាន​គេ​សែង​ដូច្នេះ​ត្រូវ​បាន​ឆ្លាក់​ទុក​នៅ​លើ​ជញ្ជាំង​នៃ​ប្រាសាទ​អង្គរវត្ដ ។ ការ​រក​ឃើញ​វត្ថុ​បុរាណ​ខាងលើ​នេះ​ ជា​ភ័ស្ដុតាង​មួយ​បង្ហាញ​បញ្ជាក់​ឲ្យ​ឃើញ​ថា នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី​១១-១២ នៃ​គ្រិស្ដសករាជ ស្ថិត​ក្នុង​តំបន់​ស្រុក​គិរីវង់​ ខេត្ដតាកែវ (ភ្នំ​បាយង់កោ) គេ​ធ្លាប់​ស្គាល់​ពី​ភាព​ត្រចះត្រចង់​ ហើយ​មានការ​ទាក់ទង​ខាង​ប្រពៃណី​វប្បធម៌​ជាមួយ​ទីក្រុង​អង្គរ ឬ​យោធរបុរៈ (និយាយ​រួម​វា​ជា​សាក្សី​មួយ) ។ ​លោក​បាន​បន្ត​ទៀត​ថា យើង​អាច​ស្គាល់​ភាព​រុងរឿង​របស់​សង្គម​ខ្មែរ​តាម​រយៈ​វត្ថុ​សិល្បៈ​ខាងលើ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​គ្រែស្នែង ។​

ម្យ៉ាងវិញទៀត​ការ​ប្រើ​គ្រែស្នែង​ក៏​ជា​ភ័ស្ដុតាង​មួយ​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​ការ​បែងចែក​សង្គម​ជា​ក្រុមៗ​ ឬ​ដែល​មាន​ឋានៈ​ខុស​ប្លែក​ពី​គ្នា​ ដូចជា​ ស្ថាប័ន​ស្ដេច ព្រាហ្មណ៍​បុរោហិត​អ្នកដឹកនាំ និង​រាស្ដ្រ​សាមញ្ញ​ជាដើម ។ ចំពោះ​ស្ថាប័ន​ខ្ពង់ខ្ពស់ ​គេ​រមែង​តែងតែ​ប្រើ​គ្រែស្នែង​យ៉ាង​ពិតប្រាកដ​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​លោក​ស្វែង​យល់​អំពី​អត្ថប្រយោជន៍​របស់​គ្រែស្នែង​ទាំងនោះ​ថា យើង​អាច​លើក​យក​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​បុរាណ​មក​ប្រៀបផ្ទឹម​ដូច​ដែល​បាន​ពិពណ៌នា​យ៉ាង​ច្បាស់លាស់​ក្នុង​ផ្ទាំងសិលា​ចារឹក​មួយ​ចំនួន ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ១៦/០២/២០០៧​ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...