រូបព្រះបាទជ័យវរ្ម័នទី៧បាក់បែកតម្កល់នៅសារមន្ទីរខេត្ដសុខោទ័យថៃ
ការបំផ្លាញព្រះរូបព្រះបាទជ័យវរ្ម័នទី៧ មិនមែនដោយសារប្រជាពលរដ្ឋមានការខឹងសម្បានឹងក្សត្រអង្គនេះដឹកនាំមានភាពឃោរឃៅដូចការពោលអះអាងរបស់លោក កេង វ៉ាន់សាក់ តាមរយៈការធ្វើសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីនោះទេ ។ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបបានជ្រាបច្បាស់កុំឲ្យមានការភ័ន្តច្រឡំ អ្នកឯកទេសខាងវប្បធម៌ប្រវត្ដិសាស្ដ្រមួយរូបបានចេញមកបកស្រាយដោយអះអាងថា ការបែកបាក់ព្រះរូបរបស់ព្រះបាទជ័យវរ្ម័នទី៧នេះ គឺត្រូវបំផ្លាញដោយសារសង្គ្រាមដណ្ដើមទឹកដី ។
លោកមីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្ដិសាស្ដ្រ បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងសារមន្ទីរជាតិនៃខេត្ដសុខោទ័យនៅប្រទេសថៃបច្ចុប្បន្ន ដែលជាអតីតរាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានថៃដណ្ដើមយកនោះ គេឃើញមានចម្លាក់មួយយ៉ាងធំប្រហាក់ប្រហែលនឹងចម្លាក់តំណាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧នៅសារមន្ទីរជាតិទីក្រុងភ្នំពេញសព្វថ្ងៃនេះដែរ ។
តាមការអះអាងរបស់អ្នកមគ្គុទ្ទេសក៍ថៃមួយរូបថា រូបចម្លាក់នេះគឺតំណាងឲ្យព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ។ ប៉ុន្ដែលោកមីសែល ត្រាណេបានមានប្រតិកម្មថា ទស្សនាទាននេះមិនត្រឹមត្រូវឡើយ កាលបើយើងប្រៀបធៀបចម្លាក់នេះទៅនឹងចម្លាក់តំណាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧មួយចំនួនដែលមានសភាពបាក់បែកដូចគ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ឬនៅក្នុងប្រទេសឡាវ ។ តាមពិតរូបចម្លាក់នៅខេត្ដសុខោទ័យ គឺជាចម្លាក់តំណាងឲ្យព្រះបាទជ័យវរ្ម័នទី៧ដ៏ពិតៗ ស្ថិតក្នុងឥរិយាបថសមាធិដូចព្រះពុទ្ធបដិមា ។
តើភាពបាក់បែក ឬទ្រុឌទ្រោមយ៉ាងដំណំនៃព្រះរូបរបស់ព្រះបាទជ័យវរ្ម័ននេះបណ្ដាលមកពីមូលហេតុអ្វីទៅបើមិនមែនដោយសារសង្គ្រាមដ៏ឃោរឃៅ និងភាពអមិត្ដរវាងជាតិសៀម និងខ្មែរ ដែលនាំមកនូវការបំផ្លិចបំផ្លាញនោះ ?
លោកមីសែល ត្រាណេ បានបកស្រាយថា ព្រះរូបរបស់ព្រះបាទជ័យវរ្ម័នទី៧ គ្មានព្រះកេស ហើយគ្មានដៃទាំងពីរដែលត្រូវបាក់បាត់ រីឯដងខ្លួនវិញត្រូវដាច់ជាច្រើនកំណាត់ ក៏ប៉ុន្ដែជាភ័ព្វសំណាងត្រូវគេផ្គុំតឲ្យជាប់មកវិញបានគួរឲ្យអាណោចអាធ័មណាស់ ។ បើពិចារណាឲ្យស៊ីជម្រៅទៅ ការបាក់បែកនៃព្រះរូបព្រះបាទជ័យវរ្ម័នទី៧ក្រោមរូបភាពព្រះសម្មាសម្ពុទ្ធអង្គពុំមែនជាការចៃដន្យឡើយ ដោយហេតុជនជាតិខ្មែរសម័យបុរាណ ក៏ដូចជាបច្ចុប្បន្នដែលជាពុទ្ធសាសនិក ពុំដែលឆ្លាក់រូបកំបុតដៃជើង ឬបាក់ព្រះកេសនោះទេ ព្រោះថា ចម្លាក់ដែលគេឆ្លាក់ ឬរូបដែលគេសូនឡើង គឺសម្រាប់គោរពសក្ការៈ ។ ដូចនេះភាពទ្រុឌទ្រោមខ្ទេចខ្ទាំនៃចម្លាក់ពិតជាបណ្ដាលមកពីកត្ដាមនុស្ស ឬសង្គ្រាមស៊ីសាច់ហុតឈាមនាអតីតកាលយ៉ាងពិតប្រាកដ ។
អ្នកឯកទេសរូបនោះបានបន្តថា ការបូជាព្រះរូបតំណាងឲ្យព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានធ្វើឡើងនៅអាណាខេត្ដនានានៃព្រះរាជាណាចក្រកម្ពុជាបុរាណ ក្នុងខណៈពេលដែលស្ដេចអង្គនេះនៅមានព្រះជន្មនៅឡើយម្ល៉េះ ក៏ប៉ុន្ដែអ្នកចំណូលថ្មីបានកម្ទេចចោលនៅក្នុងពេលដែលធ្វើសឹកសង្គ្រាមជាមួយខ្មែរនៅក្នុងព្រះរាជធានីសុខោទ័យផ្ទាល់ ។ ម្យ៉ាងវិញទៀត គេក៏អាចអះអាងបានដែរថា ក្រោយពីព្រឹត្ដិការណ៍នៅឆ្នាំ១២៣៨ ដែលមេទ័ពថៃឈ្មោះ ហ្វាមឿង បានធ្វើរដ្ឋប្រហារដេញអភិបាលខ្មែររួច គេក៏បំផ្លាញចម្លាក់តំណាងព្រះបាទជ័យវរ្ម័នទី៧ ដែលជាអតីតម្ចាស់នៃកម្ពុជរដ្ឋ ដោយឡែកម្ចាស់ទឹកដីនៃខេត្ដសុខោទ័យសជ្ជល័យទាំងមូលនេះទៅ ។
សូមរំលឹកថា ក្នុងទីក្រុងធំៗនាសម័យវប្បធម៌បាយ័នមានតម្កល់នូវចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី៧ នៅប្រាសាទពិមាយ ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម ប្រាសាទក្រោលរមាស និងនៅទីក្រុងសុខោទ័យជាដើម ព្រោះស្ដេចអង្គនេះមិនគ្រាន់តែជានិមិត្ដរូបនៃសេចក្ដីចម្រើនប៉ុណ្ណោះទេ ថែមទាំងតំណាងឲ្យសញ្ញានិមិត្ដរូបនៃអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរទៀតផង ពីព្រោះព្រះអង្គជាមហាវីរបុរសដែលបានរំដោះប្រទេសពីនគរចម្ប៉ាព្រមទាំងបានកសាងប្រទេសជាតិឡើងវិញដោយជោគជ័យជាស្ថាពរ ដោយបានធ្វើការលះបង់យ៉ាងច្រើនមហិមា ។ កុំភ្លេចថា ព្រះរាជបុត្ររបស់ព្រះអង្គព្រមទាំងសេនាដ៏ខ្លាំងពូកែមួយចំនួនត្រូវបានពលីជីវិតក្នុងការតទល់នឹងកងទ័ពចាម ដូចដែលបានចារឹកទុកនៅលើផ្ទាំងសិលាចារឹកក្នុងទំព័រប្រវត្ដិសាស្ដ្រខេមរជាតិ ។
លោកមីសែល ត្រាណេ បានបញ្ជាក់ឲ្យដឹងថា ឆ្លងកាត់ការវិភាគ យើងអាចសម្គាល់ថា ចម្លាក់តំណាងព្រះរូបរបស់ព្រះវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ ពិតជាត្រូវគេបំផ្លាញក្រោយពេលដែលព្រះអង្គចូលទិវង្គត ពោលគឺនៅពេលដែលជនជាតិថៃធ្វើរដ្ឋប្រហារដណ្ដើមខេត្ដសុខោទ័យបានពីអាជ្ញាធរខ្មែរនៅឆ្នាំ១២៣៨ នៃគ្រិស្ដសករាជ ។ រួមសេចក្ដីមក យើងអាចនិយាយបានថា ការបាត់បង់ខេត្ដនេះមិនមែនធ្វើឡើងដោយភាពរលូនឡើយ គឺដោយកម្លាំង ដោយអាវុធដែលបង្កប់នូវល្បិចពិសពុលគ្រប់បែបយ៉ាង ។ ដូច្នេះការពោលអះអាងថាប្រជាពលរដ្ឋខ្មែរបានវាយកម្ទេចព្រះរូបព្រះបាទជ័យវរ្ម័នទី៧ ជាការខុសស្រឡះ ហើយវាប្រាសចាកនឹងសច្ចភាព ឬការពិតទាំងស្រុង ហើយវាក៏ជាការពោលបញ្ច្រសប្រវត្តិសាស្ដ្រខ្មែរគួរឲ្យស្អប់ខ្ពើម ៕
ប្រភពៈ សាលអាន ថ្ងៃទី២១/០២/២០០៧ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ