Ultimate magazine theme for WordPress.

- Advertisement -

ស្បែក​ធំ​អាយុ​ជិត​១០០​ឆ្នាំ​នៅ​សារមន្ទីរ​ជាតិ​ស្នាដៃឯក​បេតិកភណ្ឌ​អរូបី

0 5

ស្បែក​ធំ​ដែល​មាន​វ័យ​ចំណាស់​មួយ​តាំងនៅ​សារមន្ទីរ​ជាតិ

ចម្លាក់​អំពី​ស្បែក​សត្វ​ដែល​មាន​អាយុកាល​ជិត​១០០​ឆ្នាំ​មួយ​ផ្ទាំង​ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​យក​ទៅ​ដាក់​តាំងនៅ​ក្នុង​សារមន្ទីរ​ជាតិ​ ក្រោយ​ពី​ល្ខោន​ស្រមោល​ស្បែក​ធំ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ស្នាដៃឯក​នៃ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា ឆ្នាំ​២០០៥ ។​

តាម​ឯកសារ​ដែល​បិទ​នៅ​ខាងក្រោម​ផ្ទាំង​ចម្លាក់​ស្បែក​ធំ​នៅ​សារមន្ទីរ​ជាតិ​ឲ្យ​ដឹង​ថា ល្ខោន​ស្រមោល​ស្បែក​ធំ​ជា​ទម្រង់​ល្ខោន​បុរាណ​ដ៏​ចំណាស់​មួយ​ដែល​សំដែង​បាន​តែ​រឿង​រាមកេរ្ដិ៍​មួយ​គត់ ។ សិល្បៈ​ល្ខោន​ស្រោម​ស្បែក​ធំ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សិល្បៈ​សក្ការៈ​ និង​ជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រពៃណី ជំនឿ និង​អត្ដសញ្ញាណ​របស់​ប្រជាជន​ខ្មែរ​ផង​ដែរ ។​ ជា​ការ​ពិត​ណាស់​ដោយសារ​តែ​ស្បែក​ធំ​ជា​សិល្បៈ​សក្ការៈ ដូច្នេះ​ហើយ​ទើប​គេ​យក​សិល្បៈ​នេះ​ជា​សិល្បៈ​សម្រាប់​ការ​គោរព​បូជា​ទៅ​តាម​ប្រពៃណី​បុរាណ ។​

ល្ខោន​ស្រមោល​ស្បែក​ធំ​នេះ​ពី​សម័យ​មុន​គេ​តែងតែ​យក​ទៅ​សំដែង​តែ​នៅ​ក្នុង​ពិធីបុណ្យ​សាសនា​ឬ​សម្រាប់​ចាស់ទុំ​ដែល​មាន​ឥទ្ធិពល​ឬ​ឋានៈ​ឧត្ដុង្គឧត្ដម​នៅ​ក្នុង​សហគមន៍​ឬ​ក៏​សម្រាប់​ពិធីបុណ្យ​ព្រះ​សព​ព្រះ​ចៅអធិការ​ប៉ុណ្ណោះ ។​ ទោះជា​យ៉ាងណា​ កន្លង​មក​កសិករ​ខ្មែរ​យើង​តែងតែ​រៀបចំ​សំដែង​សិល្បៈ​ស្បែក​ធំ​នេះ​ពេល​មាន​គ្រោះ​រាំង​ស្ងួត​ដើម្បី​សុំ​ឲ្យ​ព្រះ​អាទិទេព​ផ្ដល់​ទឹកភ្លៀង​ផង​ដែរ ។​ ជា​ទូទៅ​ការ​សំដែង​ល្ខោនស្បែក​ធំ​តែងតែ​ធ្វើ​ឡើង​នៅ​តាម​វាលស្រែ​ឬ​នៅ​តាម​វត្ដ​អារាម​ដោយ​គេ​ដំឡើង​សំពត់​ស ហើយ​នៅ​ពីក្រោយ​ផ្ទាំង​សំពត់ស​នោះ​មាន​ធ្វើ​កន្លែង​សម្រាប់​ដាក់​ត្រឡោក ឬ​សម្បក​ដូងទុំ​ដុត​បំភ្លឺ​ដើម្បី​រំលេច​ស្រមោល​រូប​ស្បែក​ពេល​សំដែង ។ ដោយឡែក​សម័យ​បច្ចុប្បន្ន នេះ​គេ​ប្រើ​ផ្ទាំង​សំពត់ស​តែ​គេ​ប្រើ​ភ្លើង​អគ្គិសនី​បំភ្លឺ​វិញ​ព្រោះ​ជា​សម័យ​ទំនើប ។​

ចំពោះ​ប្រភេទ​ស្បែក​មាន​ចំនួន​ ៣​ប្រភេទ​ខុស​គ្នា គឺ​ស្បែក​ធំ ស្បែក​ពណ៌ និង ​ស្បែក​តូច ឬ​អាយ៉ង ។ ស្បែក​ធំ​គេ​ធ្វើ​អំពី​ស្បែក​គោ​ដែល​មាន​ទំហំ​ធំ​ជាងគេ​នៅ​ក្នុង​សិល្បៈ​ល្ខោនស្បែក ហើយ​ស្បែក​ធំ​ជា​រូប​នៅ​នឹង​ថ្កល់​ដែល​ដៃជើង​ និង​មាត់​មិន​អាច​ធ្វើ​ចលនា​បាន​ឡើយ ។​

- Advertisement -

ស្បែក​គេ​យក​ចំរៀក​ឫស្សី​មក​ភ្ជាប់​ទៅ​នឹង​តួ​រូប​ស្បែក​សម្រាប់​កាន់​សំដែង ។ ចំពោះ​ស្បែក​ពណ៌​គេ​សំដែង​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ។ ​ស្បែក​ពណ៌​គេ​ធ្វើ​អំពី​ស្បែក​គោ​ហើយ​ជា​រូប​នៅ​នឹង​ថ្កល់​ដូច​គ្នា​នឹង​ស្បែក​ធំ​ដែរ ប៉ុន្ដែ​រូប​ស្បែក​ពណ៌​មាន​លាបថ្នាំ​ពណ៌​ផ្សេងៗ​គ្នា​ឲ្យ​មាន​ភាព​ដូច​ធម្មជាតិ​ពិតៗ ។​

ចំណែក​ស្បែក​តូច ឬ​អា​យ៉ង​ គឺជា​ទម្រង់​សិល្បៈ​ដែល​អាច​ធ្វើ​ចលនា​មាត់​ដៃជើង​បាន​ ហើយ​ទម្រង់​សិល្បៈ​នេះ​មាន​ប្រជាប្រិយភាព​ណាស់ ​ហើយ​អាច​សំដែង​បានជា​ច្រើន​រឿង ទៅ​តាម​អ្នកនិពន្ធ​និង​ដឹកនាំ​សំដែង ។ ក្រៅពី​រឿង​រាមកេរ្ដិ៍​ គេ​អាច​សំដែង​រឿង​បែប​បុរាណ​ក៏​បាន​សម័យ​ក៏​បាន និង​បែប​រឿង​កំប្លែង ។ ជា​ពិសេស​នោះ​រឿង​ដែល​ទាក់ទង​នឹង​បច្ចុប្បន្នភាព​គេ​យក​ល្ខោនស្បែក​តូច ឬ​អាយ៉ង​មក​សំដែង​បាន ។ ការ​សំដែង​សិល្បៈ​ស្បែក​តូច​ប្រើ​ពន្លឺភ្លើង​សម្រាប់​រំលេច​ស្រមោល​រូប​ស្បែក​ដូច​ស្បែក​ធំ​ដែរ ។​

បើ​តាម​ឯកសារ​មួយ​ចំនួន​បញ្ជាក់​ថា ស្បែក​ពី​សម័យ​ដើម​ឆ្លាក់​ទៅ​តាម​រូបភាព​បើ​រូប​តា​ឥសី ឬ​រូប​ព្រះ​រាម​ឬ​រូប​អ្នកមាន​ឋានៈ​ធំៗ​ គេ​យក​ស្បែក​ខ្លាធំ​ឬ​ខ្លាឃ្មុំ​ដែល​ងាប់​តៃ​សាក ប៉ុន្ដែ​បច្ចុប្បន្ន​គេ​ប្រើ​តែ​ស្បែក​គោ​ប៉ុណ្ណោះ ។​

ល្ខោនស្បែក​ធំ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ប្រកាស​បញ្ចូល​ជា​ស្នាដៃឯក​នៃ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា​ ឆ្នាំ​២០០៥ ៕

ប្រភពៈ  ​សាលអាន ថ្ងៃ​ទី ២៨/០២/២០០៧ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...