Ultimate magazine theme for WordPress.

- Advertisement -

អត្ថប្រយោជន៍​សិលាចារឹក​ប្រាសាទ​ព្រះខ័ន

0 4

ក្នុង​ចក្រភព​មហានគរ​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ បាន​បន្សល់​ទុក​ស្នា​ព្រះ​ហស្ដ​ដែល​ជា​សមិទ្ធផល​សង្គម សាសនា វប្បធម៌​យ៉ាងច្រើន ។ ក្នុង​ចំណោម​សិលាចារឹក​ធំ​សំខាន់ៗ​ដែល​បាន​ចារ​ឡើង​ក្នុង​រាជ្យ​របស់​ទ្រង់ អ្នកឯកទេស​និយាយ​ថា បង្គោល​សិលាចារឹក​នៅ​ប្រាសាទ​ព្រះខ័ន​គឺជា​សិលាចារឹក​សំខាន់​ជាងគេ​បង្អស់ ។​

លោក​មីសែល ត្រាណេ បុរាណ​វិទូ​ខ្មែរ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​សិលាចារឹក​នៅ​ប្រាសាទ​ព្រះខ័ន​ដែល​មាន​សារ​ប្រយោជន៍​យ៉ាង​ខ្លាំង ។ លោក​បាន​ស្នើ​ឲ្យ​លោក​ អួង វន ប្រធាន​អភិរក្សដ្ឋាន​អង្គរ​ដឹក​ឯកសារ​នេះ​យក​ទៅ​ទុក​នៅ​អភិរក្សដ្ឋាន​សៀមរាប​អង្គរ​កាលពី​ឆ្នាំ​១៩៩៥​កន្លង​ទៅ​នេះ ។​

លោក​មីសែល ត្រាណេ និយាយ​ថា ខ្ញុំ​មាន​បំណង​ឲ្យ​កុលបុត្រ​កុលធីតា​ខ្មែរ​នា​សម័យ​ក្រោយៗ​អាច​ដឹង​ពី​ឯកសារ​ជាតិ​មួយ​ដ៏​ឥត​គណនា ដែល​បាន​ផ្ដល់​នូវ​តឹកតាង​ស្ដី​ពី​វឌ្ឍនភាព​ និង​វិសាលភាព​នៃ​សម័យ​មហានគរ ក្នុង​អំឡុង​សតវត្សរ៍​ទី​១២ ​ក្នុង​ខណៈ​ដែល​ពួក​បច្ចាមិត្ដ​ព្យាយាម​លួច ឬ​បំផ្លាញ​ចោល​តាម​រយៈ​រូបភាព​ផ្សេងៗ​នូវ​ព្រឹត្ដិការណ៍​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ប្រវត្ដិសាស្ដ្រ​ខេមរ​ជាតិ ។​

អត្ថប្រយោជន៍​របស់​បង្គោល​សិលាចារឹក​ដ៏​ធំ និង​ដ៏​មាន​សារសំខាន់​នេះ ដែល​ពី​ដើម​ស្ថិត​នៅ​ក្បែរ​ស្ដូប​ថ្ម​មួយ​នៅ​កណ្ដាល​ប្រាង្គ​នៃ​ប្រាសាទ​ព្រះខ័ន​គឺ​ការ​រៀបរាប់​ពី​ការ​សាងសង់​នូវ​ព្រះពុទ្ធ​បដិមា​ក្រោម​រូបភាព​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ​ប្រថាប់​ក្នុង​ឥរិយាបថ​សមាធិ​មាន​ព្រះ​នាម​ព្រះជយពុទ្ធ​មហានាថ​ ដើម្បី​យក​ទៅ​តាំង​ក្នុង​បណ្ដា​ខេត្ដ​នៃ​ចក្រភព​អង្គរ​ចំនួន​២៧ ។​

បើ​យោង​ទៅ​លើ​ឯកសារ​ថ្ម​ដដែល​នេះ លោក​បណ្ឌិត​បញ្ជាក់​ថា អ្នក​រៀបរៀង​បង្គោល​ថ្ម​ចារឹក​នេះ​គឺ​ព្រះ​អង្គ​ម្ចាស់ ព្រះ​វីរកុមារ ដែល​ត្រូវជា​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ក្នុង​ចំណោម​ព្រះរាជបុត្រ​២​ឬ​៣​អង្គ ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ​និង​ព្រះ​នាង​រាជេន្ទ្រទេវី ។​

- Advertisement -

លោក​បាន​បញ្ជាក់​ទៀត​ថា ផ្ទាំង​សិលាចារឹក​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​គ្លែហ្ស៍​ (Glaize) ​ពី​ឆ្នាំ​១៩៤២ នៅ​ប្រាសាទ​ព្រះខ័ន​ផ្ទាល់ សរសេរ​ជា​តួអក្សរ​ខ្មែរ តែ​ជា​ភាសាសំស្ក្រឹត ។​ នៅ​ក្នុង​សិលាចារឹក​នេះ​មាន​ការ​អធិប្បាយ​អំពី​ចំនួន​នៃ​ធម្មសាលា​ចំនួន​១២១ ​ដែល​ស្ថិត​នៅ​ជា​ហូរហែ​តាម​ដងផ្លូវ​នានា​សម្រាប់​ជា​ទីស្នាក់អាស្រ័យ​របស់​អ្នក​ធ្វើ​ដំណើរ ។​

​រីឯ​ក្នុង​សិលាចារឹក​នៃ​ប្រាសាទ​តាព្រហ្ម​វិញ​ ចំនួន​មន្ទីរពេទ្យ​មាន​ទៅ​ដល់​១០២ សម្រាប់​ទំនុក​បម្រុង​ប្រជានុរាស្ដ្រ​ក្នុង​ព្រះរាជ​នគរ ។​

ក្រៅពី​ទិន្នន័យ​សំខាន់​ខាងលើ​នេះ សារសំខាន់​មួយទៀត​របស់​សិលាចារឹក​ប្រាសាទ​ព្រះខ័ន​គឺ​ការ​ផ្ដល់​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្ដិការណ៍​ជា​ប្រវត្ដិសាស្ដ្រ​ស្ដីពី​ការ​គ្រប់គ្រង និង​សមិទ្ធផល​សង្គម​ និង​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច​នា​សម័យ​ដ៏​មហា​រុងរឿង​នៃ​ចក្រភព​អង្គរ ៕

ប្រភពៈ  ​សាលអាន ថ្ងៃ​ទី ២៣/០២/២០០៧​ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...