Ultimate magazine theme for WordPress.

- Advertisement -

ឧបករណ៍​ដី​ដុត​បង្ហាញ​ទំនាក់ទំនង​ខ្មែរ-ឥណ្ឌា​ពី​បុរេ​យុគ​ថ្មរំលីង

0 3

ឧបករណ៍​ដី​ដុត​ទាំងនេះ​គេ​លួច​កាយ​ពី​ក្នុង​ដី​ត្រូវ​រឹបអូស

ប្រជាពលរដ្ឋ​ខ្មែរ​មាន​ប្រពៃណី​ឧស្សាហ៍​ព្យាយាម​តំណ​ពី​ដូនតា​ និង​មាន​ឧបនិស្ស័យ​ស្រឡាញ់​វិស័យ​សិល្បៈ​ចម្លាក់​គ្រប់​ប្រភេទ ហើយ​ឆ្លាក់​បាន​ល្អ​ទៀត​ផង ។ ក្នុង​ចំណោម​កេរដំណែល​ទាំងនេះ គេ​បាន​ស្រាវជ្រាវ​រក​ឃើញ​ឧបករណ៍​ធ្វើ​អំពី​ដី​ដុត​នៅ​តាម​ផ្នូរ​សព​បុរាណ​ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ និង​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​នៅ​តាម​ភូមិសាស្ដ្រ​មួយ​ចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ ឧបករណ៍​ទាំងនេះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​នូវ​វប្បធម៌​ដ៏​ចំណាស់​របស់​ជាតិ​សាសន៍​ខ្មែរ​តាំងពី​សម័យ​បុរាណ ជា​ពិសេស​ការ​ធ្វើការ​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ដែល​គេ​ប្រទះ​ឃើញ​មាន​ស្លាកស្នាម​ភស្ដុតាង​បន្សល់​ទុក​រហូត​ដល់​សព្វ​ថ្ងៃនេះ ។​

ចាប់តាំងពី​សម័យ​បុរេប្រវត្ដិសាស្ដ្រ យុគ​រំលីង​មក​ដល់​សម័យ​មហានគរ និង​បន្ត​រហូត​ដល់​សម័យ​បច្ចុប្បន្ន អ្នក​ផលិត​ឧបករណ៍​ដី​ដុត​នៅ​តែ​ប្រើប្រាស់​បច្ចេកទេស​តាម​បែប​បុរាណ​ដដែល ។ អ្នក​បុរាណវិទ្យា​បាន​ប្រមូល​ឧបករណ៍​ក្អម ឆ្នាំង ចាន កុលាលភាជន៍​ធ្វើ​ពី​ដី​ដុត​នៅ​ស្ថានីយ​ជា​ច្រើន ដូច​ជា​ស្ថានីយ​ល្អាងស្ពាន​ ម្លូព្រៃ សំរោង​សែន ​ដែល​លទ្ធផល​ពី​ការ​ពិសោធន៍​បាន​បញ្ជាក់​ថា ខ្មែរ​យើង​ចេះ​ធ្វើ​សម្ភារៈ​ប្រើប្រាស់​ទាំងនេះ​តាំងពី​យុគ​ថ្ម​រំលីង​ម្ល៉េះ ។ ចន្លោះ​ឆ្នាំ​១៩៦៦ ​ដល់ ​១៩៦៨ មហាវិទ្យាល័យ​បុរាណវិទ្យា​ដឹកនាំ​ដោយ​លោក​សាស្ដ្រាចារ្យ Roland និង​អ្នកស្រី Cecil Moure នៅ​ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ​ខាងលើ​ដែល​លទ្ធផល​នៃ​ការ​ពិសោធន៍​ទៅ​លើ​សំណល់​វត្ថុ​ប្រើប្រាស់​ធ្វើ​ពី​ដី​ដុត​ ដូច​ជា ​បំណែក​កុលាលភាជន៍​មាន​អាយុកាល​រហូត​ដល់​៤.២៩០​ឆ្នាំ​មុន​គ្រិស្ដសករាជ ។​

នៅ​ឆ្នាំ​១៩៩៥ សាកលវិទ្យាល័យ​ហាវ៉ៃ មជ្ឈមណ្ឌល​អ៊ីសវែស និង​មហាវិទ្យាល័យ​បុរាណវិទ្យា​បាន​សហការ​គ្នា​ធ្វើ​កំណាយ​ជាក់ស្ដែង​នៅ​ស្ថានីយ​អង្គរបុរី ខេត្ដតាកែវ លទ្ធផល​នៃ​ការ​ពិសោធន៍​ទៅ​លើ​បំណែក​កុលាលភាជន៍​បញ្ជាក់​ថា មាន​អាយុកាល​តាំងពី​៤​សតវត្ស​មុន​គ្រិស្ដសករាជ​ម្ល៉េះ ។ នៅ​ឆ្នាំ​២០០០​អាជ្ញាធរ​ស្រុក​ព្រះនេត្រព្រះ​ ខេត្ដ​បន្ទាយមានជ័យ​ បាន​ធ្វើការ​ឈូស​ឆាយ​ផ្លូវលំ​មួយ​ខ្សែ​កាត់​ភូមិ​ស្នាយ ឃុំ​រហាល បាន​ប្រទះ​ឃើញ​ផ្នូរ​បុរាណ​យ៉ាងច្រើន​ដែល​កប់​នៅ​ទីនោះ​ដោយ​មាន​វត្ថុ​ជា​ច្រើន​ដាក់​នៅ​ក្បែរ​សព ដូច​ជា​មាសប្រាក់ ដាវ ខ្សែ​ក អង្កាំ និង​ក្អមឆ្នាំង ចាន ធ្វើ​ពី​ដី​ដុត​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ ចំណែក​នៅ​ស្រុក​អូរជ្រៅ ស្វាយចេក ថ្មពួក​ នៅ​តាម​ទីទួល​បុរាណ និង​ផ្នូរ​សព​ដែល​ពួក​ឈ្មួញ​បំផុស​ឲ្យ​អ្នកស្រុក​ទៅ​ជីក​ក៏​ឃើញ​មាន​ឧបករណ៍​ទាំងនេះ​ដែរ ។​

- Advertisement -

ចាប់ពី​ដើម​គ្រិស្ដសករាជ​ទី​១ ​ក្នុង​សម័យ​នគរ​ភ្នំ ព្រះបាទ​ហ៊ុនទៀន ​ដែល​ឡើង​គ្រងរាជ្យ​សម្បតិ្ដ​នោះ​បាន​នាំ​មក​នូវ​ភាសា​អក្សរ សាសនា​ទំនៀមទម្លាប់ ​ប្រពៃណី វប្បធម៌ សំណង់​ស្ថាបត្យកម្ម សិល្បៈ​…​មក​សាបព្រោះ​ក្នុង​ប្រទេស​កម្ពុជា ។ តាម​ឯកសារ​បញ្ជាក់​ថា សិល្បៈ​ចម្លាក់​ដី​ដុត​នេះ​ត្រូវ​បាន​គេ​នាំ​មក​ពី​ប្រទេស​ឥណ្ឌា​ភាគ​ខាងត្បូង (តំបន់​អារីកាឌូ) តាម​រយៈ​ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច ការ​ផ្លាស់​ប្ដូរ​វប្បធម៌ សាសនា​ដែល​គេ​ប្រទះ​ឃើញ​នៅ​កំពង់​ផែ​អុកកែវ​ (កម្ពុជា​ក្រោម) ខេត្ដ​ជុំផនកញ្ចនបូរី​ (ថៃ) អង្គរបុរី​ ខេត្ដ​តាកែវ ខេត្ដ​បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ចាម​… ។ សម្ភារៈ​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​នេះ​មាន​ពណ៌​ប្រផេះ ឬ​ត្នោត​ទុំ មាន​ក្បាច់លម្អ​រង្វង់​ជា​កង់ និង​ចម្លាក់​ជា​ផ្កា​ភ្ញី​ផង​ដែរ នៅ​ពេល​នោះ​ខ្មែរ​យើង​ក៏​ចាប់ផ្ដើម​កែ​ច្នៃ​ផលិតផល​ចាស់ និង​ថ្មី​បញ្ចូល​គ្នា​ដើម្បី​បម្រើ​ផលប្រយោជន៍​ក្នុង​ការងារ​សេដ្ឋកិច្ច របស់​ប្រើប្រាស់​ការងារ​សាសនា … ។​

កាលពី​សម័យ​នោះ​ គេ​និយម​ប្រើ​ឆ្នាំង ចាន ពាង ថូ កែវ​ផលិត​ពី​ដី​ដុត​ ហើយ​នៅ​ពេល​មនុស្ស​ស្លាប់​ទៅ​ តាម​ជំនឿ​សាសនា​សម័យ​បុរាណ​ គេ​តែងតែ​កប់​វត្ថុ​ទាំងនោះ​ក្បែរ​សព​ដើម្បី​ដាក់​ទឹក ឬ​ឧបករណ៍​ឲ្យ​សព​បាន​ប្រើប្រាស់ ។ ក្នុង​ពិធី​មង្គលការ គេ​និយម​ប្រើ​ឧបករណ៍​ធ្វើ​ពី​ដី​ដុត​សម្រាប់​ដាក់​ទឹក​សូត្រ​មន្ត ចំណែក​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​គេ​និយម​ប្រើប្រាស់​សម្ភារៈ​ទាំងនេះ​ដែរ ។ ដូច្នេះ​ហើយ​ទើប​គេ​ប្រទះ​ឃើញ​ដី​ដុត​នៅ​ក្បែរ​សព​តាម​ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ​ និង​តាម​ទីទួល​ផ្នូរ​សព​បុរាណ ។​ ដោយសារ​នៅ​ក្បែរ​ផ្នូរ​សព​មាន​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ធ្វើ​អំពី​មាស ប្រាក់ សំរឹទ្ធ អង្កាំ ដី​ដុត ទើប​នៅ​តាម​ទីទួល​បុរាណ​នានា​ត្រូវ​ពួក​ឈ្មួញ​បំផុស​ឲ្យ​អ្នកស្រុក​ជីក​កកាយ​ខ្ទេចខ្ទី​អស់ ចំណែក​ឧបករណ៍​ដី​ដុត​ដែល​គេ​គាស់​បាន​នៅ​ល្អ​ខ្លះ​ទុក​ប្រើប្រាស់​មួយ​ចំនួន​ទុក​នៅ​សារមន្ទីរ​ និង​មួយ​ចំនួន​ទៀត​លក់​ឲ្យ​ឈ្មួញ​ទៅ​ប្រទេស​ថៃ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។​

ឧបករណ៍​ដី​ដុត​ទាំងនេះ​វា​មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ឧស្សាហ៍​ព្យាយាម​របស់​មនុស្ស​ខ្មែរ​ផ្នែក​ចម្លាក់ ការ​លើក​ស្ទួយ​ជីវភាព​រស់នៅ​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ ។ ប៉ុន្ដែ​វា​បាន​បញ្ជាក់​ពី​ភាព​ដ៏​ចំណាន​របស់​ជាតិ​សាសន៍​ខ្មែរ​ផ្នែក​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម សាសនា របៀប​រស់នៅ​រវាង​ខ្មែរ​-​ឥណ្ឌា​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត​ ខ្មែរ​បាន​ធ្វើ​នីយកម្ម​នូវ​អ្វី​ដែល​ឥណ្ឌា​បាន​សាបព្រោះ​ឲ្យ​ក្លាយជា​លក្ខណៈ​ជាតិ​មាន​អត្ដសញ្ញាណ​ច្បាស់លាស់ រីក​ចម្រើន​រុងរឿង​នៅ​តំបន់​អាស៊ី​អាគេ្នយ៍​លើ​គ្រប់​វិស័យ​ជា​ពិសេស​នៅ​សម័យ​មហានគរ ៕

ប្រភពៈ  ​សាលអាន ថ្ងៃ​ទី​០២/០៣/២០០៧ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...