ពុទ្ធសាសនា និងវិទ្យាសាស្ត្រ
ដោយ សុង ស៊ីវ
២. ពុទ្ធសាសនានៅប្រទេសកម្ពុជា
ពុទ្ធសាសនាក្នុងនីតិកាលរបស់ព្រះសមណគោតមបរមគ្រូបានមកប្រតិស្ថាននៅប្រទេសកម្ពុជាជាង ២៣ សតវត្សរ៍ហើយគិតមកទល់ត្រឹម ព.ស២៥១៣ នេះ ។
ក្នុងរយៈពេលដ៏វែងយ៉ាងនេះ ពុទ្ធសាសនាមិនដែលសាបសូន្យចាកប្រទេសកម្ពុជាឡើយ គ្រាន់តែមានពេលខ្លះចម្រើនរុងរឿង ពេលខ្លះមិនសូវចម្រើនតាមសម័យទាំង ៥គឺ ៖ សម័យបុរេប្រវត្តិ សម័យនគរភ្នំ សម័យចេនឡា សម័យមហានគរ សម័យបច្ចុប្បន្ន ។
១. សម័យបុរេប្រវត្តិ (សម័យមុនប្រវត្តិសាស្ត្រខ្មែរ)
បណ្ដាប្រទេសដែលកាន់ពុទ្ធសាសនានៅជិតគ្នាសព្វថ្ងៃគឺប្រទេសខ្មែរ សៀម លាវ និងយួន ទាំង៤នេះ មានតែប្រទេសខ្មែរមួយទេដែលបានទទួលគោរពពុទ្ធសាសនាមុនគេបំផុត តាំងពីមុនសម័យនគរភ្នំ (ហ្វូណន) ជាច្រើនរយឆ្នាំ គឺតាំងពីព្រះអរហន្តព្រះនាមមោគ្គលីបុគ្គតិស្សត្ថេរបញ្ជូនសមណទូតមក ។ ព្រោះថានៅអាស៊ីអាគ្នេយ៍ដែលហៅថាផែនដីសុវណ្ណភូមិនេះ ជាភូមិភាគនៅចន្លោះចិន និងឥណ្ឌា ។ ក្នុងភូមិភាគជាចន្លោះទាំងមូលនេះ មានតែប្រជាជាតិ៣ទេដែលជាម្ចាស់ដើមរបស់សុវណ្ណភូមិគឺ ខ្មែរ មន ចាម និងជ្វាម៉ាឡាយូមួយទៀតស្ថិតនៅទីប្រជុំកោះ ។
ឯភូមា សៀម លាវ និងយួនជាដើមនោះ មិនទាន់កើតមានពូជជាតិក្នុងលោកនៅលើទឹកដីសុវណ្ណភូមិអាស៊ីភាគខាងគ្នេយ៍នៅឡើយ ។
ក្នុងគម្ពីរបឋមសាមន្តប្បាសាទិកា គម្ពីរមហាវង្សដែលផ្សាយចេញពីប្រភពកោះសិរីលង្កានោះ ប្រាប់ថា ក្នុងព.ស២៣៤ គឺក្នុងពុទ្ធសតវត្សរ៍ទី៣ (មុនគ.ស៣០៩ឆ្នាំ) ក្រោយពេលធ្វើតតិយសង្គាយនាក្រោមព្រះរាជូបត្ថម្ភនៃព្រះបាទធម្មាសោកនាមគធរដ្ឋហើយ ព្រះអរហន្តព្រះនាមមោគ្គលីបុត្តតិស្សត្ថេរបានបញ្ជូនព្រះសោណត្ថេរ និងព្រះឧត្ដរត្ថេរ មកកាន់សុវណ្ណភូមិ (អាស៊ីភាគអាគ្នេយ៍) យើងនេះ ។ ប៉ុន្តែក្នុងគម្ពីរនេះ មិនបានប្រាប់ឲ្យច្បាស់ថា ក្នុងសម័យដែលពុទ្ធសាសនាចូលមកប្ររទេសខ្មែរជាដំបូងបំផុតនោះក្នុងរជ្ជកាលណា រាជធានីខ្មែរតាំងនៅកន្លែងណាទេ ព្រោះជាសម័យបុរេប្រវត្តិ មុនប្រវត្តិសាស្ត្រខ្មែរយើង ។
បើតាមការស្រាវជ្រាវរបស់អ្នកប្រាជ្ញប្រវត្តិសាស្ត្រ អ្នកប្រាជ្ញសិលាចារឹកទាំងឡាយដែលព្រះភិក្ខុ ប៉ាង ខាត់ អ្នកប្រាជ្ញសិលាចារឹកខ្មែរបាននាំមកបកប្រែផ្សាយនៅប្រទេសកម្ពុជា មានសរសេរផ្សាយតាមសៀវភៅពុទ្ធសាសនា២៥០០ ជាដើមនោះថា «តាមសិលាចារឹកពុទ្ធសាសនាសំស្ក្រឹតនៅវ៉ូកាញ់ (ខេត្តញ៉ាត្រាង អតីតកម្ពុជា) ដែលមានចំណាស់បរមបុរាណជាងគេបង្អស់ នៅលើទឹកដីអាស៊ីភាគអាគ្នេយ៍នោះ អាចឲ្យដឹងបានថា ពុទ្ធសាសនាមកដល់ប្រទេសនគរភ្នំ (ចិនហៅហ្វូណន) មុនជាងគេបង្អស់ក្នុងអាស៊ីភាគអាគ្នេយ៍យើងនេះ ។ តាមប្រភពឯកសារកោះសិរីលង្កា និងសិលាចារឹកតែពីរប៉ុណ្ណោះ យើងអាចសម្រេចបានថា ពុទ្ធសាសនាបានចូលមកប្រទេសខ្មែរមុនសម័យនគរភ្នំ គឺមុនរជ្ជកាលព្រះបាទ ហ៊ុនទៀន ព្រះនាងលីវយី ជាង៣០០ឆ្នាំ (មុនសម័យប្រវត្តិសាស្ត្រខ្មែរជាង៣០០ឆ្នាំ)» ។
សូមបញ្ជាក់ថា ត្រង់គម្ពីរសមន្តប្បាសាទិការដែលថាព្រះសោណត្ថេរ និងព្រះឧត្ដរត្ថេរមកសុវណ្ណភូមិ,… ហើយត្រង់ពហិរនិទាននៃគម្ពីរដដែលនេះថា លោកនិមន្តទៅកាន់កោះនោះគឺកោះគោកធ្លករបស់ខ្មែរក្នុងសម័យនោះឯង ។
២. សម័យនគរភ្នំ
ពីពុទ្ធសតវត្សរ៍ទី៦ ដល់ទី១១ គឺគ្រិស្តសតវត្សរ៍ទី១ ដល់ទី៦ (ព.ស៥៤៣ ដល់ ១០៩៣ គ.ស១ ដល់ ៥៥០)
ក្នុងសម័យនគរភ្នំ (ហ្វូណន) នេះ ព្រះពុទ្ធសាសនាដែលជាប្រភពនៃមនុស្សធម៌ សីលធម៌ និងអារ្យធម៌នោះបានផ្សាយពាសពេញព្រះរាជាណាចក្រនគរភ្នំ យូរណាស់ហើយ ដរាបដល់មានសិលាចារឹក មានព្រះពុទ្ធរូប សម្រាប់ពុទ្ធសាសនិកគោរពបូជាស្ទើរគ្រប់ទិសទី ដូចនៅមណ្ឌលកំពង់ផែបុរាណមួយរបស់ខ្មែរយើងឈ្មោះ អុក អែវ (អូកែវ) នៅមាត់សមុទ្រនៃប្រទេសនគរភ្នំ ត្រង់ឈូងសមុទ្រសៀមសព្វថ្ងៃ ជាកំពង់សម្រាប់ទាក់ទងខាងពាណិជ្ជកម្មក្រៅប្រទេស រវាងអាស៊ីភាគអាគ្នេយ៍និងប្រទេសឆ្ងាយៗ គឺមានការទាក់ទងនឹងកំពង់ផែនៅមាត់ទន្លេគង្គា ប្រទេសឥណ្ឌា កំពង់ផែនៅប្រទេសអ៊ីរ៉ង់ និងកំពង់ផែនៅមាត់សមុទ្រមេឌីទែរ៉ាណេផង ។ នៅមណ្ឌលអុកអែវនេះ គេបានរកឃើញបុរាណវត្ថុមានអាយុតាំងពីគ្រិស្តសតវត្សទី១ម៉្លេះ ដូចជា ព្រះពុទ្ធរូប រូបអ្នកស្រុក រូបិយវត្ថុជាតិរ៉ូម៉ាំង ជាតិឥណ្ឌា និងតួអក្សរព្រហ្មី ។
ឯសិលាចារឹកនៅវ៉ូកាញ់នោះ គេអាចប្រដូចតួអក្សរទៅនឹងសិលាចារឹករុទ្រទាម៉័ន នៅគីរនារឬសាតករណិវសិស្ឋិបុត្រនៅកាន់ហេរីក្បែរទន្លេគោទាវរី និងទន្លេក្រឹស្នានៃប្រទេសឥណ្ឌាទក្ខិណទិសបាន ។
Source: ប្រវត្ដិសាស្រ្ដ