Ultimate magazine theme for WordPress.

- Advertisement -

ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​គោរព​បូជា​ព្រះ​ជា​គោល​គឺ​លោកេស្វរៈ​ព្រះ​ពោធិសត្វ និង​ព្រះ​សិអារ្យ

0 2

លោកេស្វរៈ​ដៃ​៨ (រូប​ទី​១) លោកេស្វារៈ​ពោធិសត្វ​សន្ដោស​ (រូប​ទី​២) ​រចនាប័ទ្ម​បាយ័ន

និង​ព្រះ​អរិយ​មេត្រេយ្យ​ឬ​ព្រះ​សិអារ្យ​ (រូប​ទី​៣)

ក្រោយ​ពី​ធ្វើការ​រំដោះជាតិ​រួច​ផុត​ពី​ការ​ឈ្លានពាន​របស់​ពួក​ចាម​មក​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ បាន​ឡើង​គ្រង​រាជសម្បត្ដិ​ពី​គ.ស​១១៨១-១២២០ ​សម័យ​មហានគរ​ប្រកបដោយ​ប្រាជ្ញា​ឈ្លាសវៃ​ និង​ភាព​អង់អាច​ក្លាហាន ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ដល់​កំពូល ។ នៅ​សម័យ​នោះ ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​ការ​បង្រួបបង្រួម​ជាតិ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ឡើង​វិញ​ ជា​ពិសេស​ផ្លាស់​ប្ដូរ​ពី​ការ​គោរព​លទ្ធិ​ព្រហ្មញ្ញសាសនា​មក​កាន់​ព្រះពុទ្ធ​សាសនា​មហាយាន​ ដោយ​គោរព​ប្រកាន់​យក​ព្រះ​៣​អង្គ​ជា​គោល​សម្រាប់​ដឹកនាំ ។​

តាម​រយៈ​សិលាចារឹក​អះអាង​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ តែង​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​ជំងឺ​របស់​ប្រជារាស្ដ្រ​គ្រប់​ទិស​ទី ជាង​ព្រះ​រោគ​របស់​ព្រះ​អង្គ​ទៅ​ទៀត ពីព្រោះ​ការ​ឈឺចាប់​របស់​ប្រជារាស្ដ្រ​វា​បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ​ឈឺចាប់​ខ្លាំង​ណាស់ ។ តាម​ទស្សនៈ​សាសនា​ថា ជំងឺ​គឺជា​ការ​ផ្ដល់​យុត្ដិធម៌​ដែល​ជា​ទង្វើ​ពី​អតីតជាតិ​របស់​បុគ្គល​បាន​ប្រព្រឹត្ដ​អំពើ​ខុសឆ្គង ហើយ​ការ​ព្យាបាល​នេះ​វា​មាន​ប្រសិទ្ធភាព​ជាង​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំសង្កូវ ។ ក្នុង​ព្រះ​ទ័យ​ព្រះរាជា ឥទ្ធិពល​នៃ​ការ​ជួយ​សង្គ្រោះ​របស់​ព្រះ​ពោធិសត្វ​ចំពោះ​បរិស័ទ​ដែល​ជឿ​ និង​គោរព​ព្រះ​អង្គ​ពិតជា​គួប​ផ្សំ​នឹង​គ្រូពេទ្យ​ចំណាន​ប្រើប្រាស់​ឱសថ​ស័ក្ដិសិទ្ធិ​ដើម្បី​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ប្រកប​ទៅ​ដោយ​ក្បាច់ចម្លាក់​រស់​រវើក ។​

ដោយសារ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ព្រះ​នាង​ឥន្ទ្រទេវី​ជា​អគ្គមហេសី ព្រះរាជ​គ្រូ​ និង​ការ​ឈ្លាសវៃ​របស់​ព្រះ​អង្គ​ដែល​មើល​ឃើញ​ការ​អស់ជំនឿ​របស់​ប្រជាពលរដ្ឋ​ចំពោះ​លទ្ធិ​ទេវរាជ ខណៈ​ពេល​ពួក​ចាម​វាយលុក​ក្រុង​អង្គរ​ពី​អតីត​កាលនោះ ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​សម្រេចចិត្ដ​ផ្លាស់​ប្ដូរ​ពី​ព្រហ្មញ្ញសាសនា​មក​ព្រះពុទ្ធ​សាសនា​មហាយាន ដើម្បី​ធ្វើការ​បង្រួបបង្រួម​កសាង​ជាតិ​ឲ្យ​មានការ​ឯកភាព​គ្នា​ឡើង​វិញ ។​

មនោគមវិជ្ជា​របស់​ព្រះ​អង្គ​បាន​សាបព្រោះ​ក្នុង​ប្រទេស​កាលពី​សម័យ​នោះ​បាន​ទទួល​ផ្លែផ្កា​យ៉ាង​ត្រ​ចេះ​ត្រចង់ ហើយ​ព្រះ​អង្គ​កសាង​ប្រាសាទ​សម្រាប់​តម្កល់​ព្រះ​ពុទ្ធរូប​ពាសពេញ​ប្រទេស នៅ​តាម​គោបុរៈ​​ និង​ប្រាង្គ​ប្រាសាទ​ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះ​អង្គ​មាន​រចនា​ព្រហ្ម​មុខ​បួន​ញញឹម​ប្រិមប្រិយ ​កែវភ្នែក​សំលឹង​ចុះ​ក្រោម​ដែល​អ្នកខ្លះ​ថា​ជា​ព្រះ​ពោធិសត្វ​លោកេស្វរៈ ​ខ្លះ​ថា​តំណាង​ឲ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។​

នៅ​ប្រាសាទ​បាយ័ន​កំពូល​នីមួយៗ​មាន​រូបព្រហ្ម​មុខ​៤​ញញឹម​គ្រប់​ទិស ហើយ​ត្រូវ​បាន​អ្នកប្រាជ្ញ​បរទេស​ខ្លះ​ប្រដូច​ប្រាសាទ​នេះ​ទៅ​នឹង​វិមាន​ទិព្វ​ក្នុង​រឿងព្រេង​និទាន​គួរ​ឲ្យ​កោតសរសើរ​ខ្លាំង​ណាស់ ។​

- Advertisement -

ព្រះ​៣​អង្គ​គឺ​ព្រះ​អវលោកេស្វរៈ ព្រះ​សីវបញ្ចុះនន្ន និង​ព្រះ​សិអារ្យមេត្រី​ ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ គោរព​យ៉ាង​ខ្លាំង យើង​យក​ទ្រឹស្ដី​នៃ​ព្រះ​ទាំង​៣​អង្គ​សម្រាប់​ដឹកនាំ​ព្រះ​អង្គ​ផ្ទាល់ និង​ដឹកនាំ​ប្រជារាស្ដ្រ ។

ព្រះ​អវលោកកេស្វរៈ ​ជា​អាទិទេព​ក្នុង​លទ្ធិ​សាសនា​មហាយាន​ដែល​មាន​ប្រភព​មក​ពី​ទីបេ ហើយ​ត្រូវ​បាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ គោរព​យ៉ាង​ខ្លាំង មាន​ព្រះ​ភ័ក្ដ្រ​៤​បែរមុខ​ទៅ​គ្រប់​ទិស​ធំ​តំណាង​ឲ្យ​ព្រហ្ម​វិហារធម៌​ទាំង​៤ មេត្ដា ករុណា ឧបេក្ខា និង​មុទិតា ។ ព្រះ​ពោធិសត្វ​អង្គ​នេះ​ខ្លះ​ថា ជា​ព្រហ្ម​មុខ​៤ ខ្លះ​ទៀត​ថា​តំណាង​ឲ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​គេ​ចារឹក​នៅ​តាម​ជញ្ជាំង​ប្រាសាទ​នានា ក្នុង​រជ្ជកាល​ព្រះ​អង្គ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

ព្រះ​សិវបញ្ចុះនន្ន គឺជា​ព្រះ​សិវ​មាន​ព្រះ​កេស​៥ មាន​ឫទ្ធិ​អំណាច​លើស​ទេវតា​ទាំងពួង ហើយ​នៅ​សម័យ​មហានគរ គេ​បាន​ចាត់​ទុក​ព្រះ​អង្គ​ស្មើនឹង​ព្រះ​វិស្ណុ ព្រះ​នារាយណ៍ ដែល​មាន​សេស​សល់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​បន្ទាយឆ្មារ ​ខេត្ដ​បន្ទាយមានជ័យ ។​

ចំណែក​ព្រះ​សិអារ្យមេត្រី ជា​ព្រះ​ពោធិសត្វ​មួយ​អង្គ​ដែល​ពុំ​ទាន់​បាន​ត្រាស់​ដឹង​នៅឡើយ ហើយ​គេ​សង្ឃឹមថា នឹង​បាន​ត្រាស​ដឹង​បន្ទាប់​ពី​ព្រះ​សមណគោត្ដម ។ ព្រះ​អង្គ​មាន​ព្រះ​ភក្ដ្រ​មួយ ព្រះ​ហស្ដ​៤​ដែល​នៅ​លើ​ព្រ​ហស្ដ​នីមួយៗ​មាន​កាន់​គម្ពីរ ​ខ្សែ​ផ្គាំ ដប​ទឹក និង​ថាស​ចម្លាក់ ។​ ព្រះ​ពោធិសត្វ​អង្គ​នេះ គេ​សង្កេត​ឃើញ​មាន​នៅ​ប្រាសាទ​បាយ័ន មាន​ទឹកមុខ​ស្រស់ស្រាយ តែ​ព្រះ​នេត្រ​បិទ ។

ព្រះ​ពោធិសត្វ​ទាំង​៣​អង្គ​នេះ ត្រូវ​បាន​គេ​អះអាង​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ​គោរព​ខ្លាំង​ណាស់ ហើយ​នាម៉ឺន​សព្វ​មុខមន្ដ្រី ប្រជារាស្ដ្រ​គ្រប់​ទិស​ទី​ក៏​គោរព​សាសនា​មហាយាន​ដែរ ដោយ​បោះបង់​លទ្ធិ​ព្រហ្មញ្ញសាសនា​ដែល​ធ្លាប់​គោរព​តាំងពី​សម័យ​បុរាណកាល ។​

ការ​គោរព​ព្រះ​ទាំង​៣​អង្គ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ បាន​ជះ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ដល់​នាម៉ឺន​សព្វ​មុខមន្ដ្រី ដោយ​ប្រជារាស្ដ្រ​គ្រប់​មជ្ឈដ្ឋាន​មាន​ការ​ឯកភាព​គ្នា​ជឿជាក់​លើ​ព្រះមហាក្សត្រ ហើយ​បាន​កសាង​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ដល់​កម្រិត​កំពូល ។ ដោយសារ​តែ​ព្រះ​អង្គ​មានគុណ​បំណាច់​ចំពោះ​ជាតិ​មិន​អាច​កាត់ថ្លៃ​បាន ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​គ្រប់​វ័យ​គោរព​ស្រឡាញ់​យ៉ាង​ខ្លាំង​ ហើយ​ចាត់ទុកជា​មហា​វីរបុរស​របស់​ជាតិ​ដែល​មិន​អាច​ជន​ណា​ម្នាក់​មក​ប្រមាថ​បាន​ឡើយ ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ១៩/០៣/២០០៧​ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...