Ultimate magazine theme for WordPress.

- Advertisement -

ព្រះ​នារាយណ៍​ដៃ​៨​នាំ​មក​ពី​ប្រាសាទ​ភ្នំដា​ជា​បដិមា​ធំ​ជា​គេ​នៅ​សារមន្ទីរ

0 7

ព្រះ​នារាយណ៍​ដៃ​៨​នាំ​មក​ពី​ប្រាសាទ​ភ្នំដា

បដិមា​ដ៏​ធំ​ជាងគេ​មួយ​ដាក់​តាំងនៅ​ក្នុង​សារមន្ទីរ​ជាតិ​កម្ពុជា​សព្វថ្ងៃ​គឺ​រូប​ព្រះ​នារាយណ៍​មក​ពី​ប្រាសាទ​ភ្នំដា​នៅ​ស្រុក​អង្គរបុរី ខេត្ដតាកែវ ។ រូប​នេះ​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី​៦ ​ដើម​សតវត្ស​ទី​៧ ធ្វើ​អំពី​ថ្មភក់​មាន​កម្ពស់​២,៨៧​ម៉ែត្រ​ និង​មាន​ដៃ​៨ ។ តាម​ឯកសារ​របស់​សារមន្ទីរ​ជាតិ​ឲ្យ​ដឹង​ថា ព្រះ នារាយណ៍​ដៃ​៨​នេះ​មាន​ពាក់​មកុដ​រាង​បំពង់​ដែល​ជា​ទេព​ចក្រពត្ដិ​នៃ​លោក​ទាំងមូល ។​ បដិមា​ល្អ​វិចិត្រ​នេះ ទោះបីជា​មាន​ការ​បែកបាក់​ដោយ​អន្លើ​ក្ដី​ក៏​នៅ​តែ​មាន​តម្លៃ​ជា​បេតិកភណ្ឌ​របស់​ខ្មែរ​ដ៏​មាន​វ័យ​ចំណាស់​តាំងពី​សតវត្ស​ទី​៦​មក ។​

ព្រះ​នារាយណ៍​ដៃ​៨​ឈរ​ញញឹម​នេះ ​គេ​បាន​ធ្វើ​រង្វង់​រាង​ក្រចកសេះ​ដែល​ដាប់​ចេញពី​ថ្ម​ជាមួយ​គ្នា​ដើម្បី​ទប់​លំនឹង​រូប​ទាំងមូល ។ នៅ​ក្នុង​ដៃ​ព្រះ​នារាយណ៍​មាន​កេតនភណ្ឌ​ដូច​ជា អណ្ដាតភ្លើង ស្បែក​ម្រឹគ ​ថូ ដំបង​ និង​វត្ថុ​មួយ​ចំនួន​ទៀត ​តែ​យើង​មិន​អាច​មើល​ដឹង ព្រោះ​បាក់បែក​អស់​ទៅ​ហើយ ។ រូបភាព​ដៃ​៨​នេះ​ប្រហែលជា​វិចិត្រករ​សម័យ​នោះ​ចង់​ឆ្លុះ​បញ្ចាំង​អំពី​អានុភាព​នៃ​ព្រះ​នារាយណ៍​ដែល​សាយភាយ​ទៅ​ទិស​ទាំង​៨ ។ ព្រះ​នារាយណ៍​ដៃ​៨​ដ៏​ខ្ពស់​នេះ​ស្ថិត​ក្នុង​រចនាប័ទ្ម​ភ្នំ​ដា ដែល​ជា​រចនាប័ទ្ម​មួយ​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​សិល្បៈ​ខ្មែរ​ដែល​តែងតែ​បង្ហាញ​ពី​ទេព​ដែល​ឈរ​ត្រង់​ភ្លឹង​ មុខ​រាង​ទ្រវែង​ ច្រមុះ​រាង​កោង​ បបូរមាត់​លេច​ចេញ​ច្បាស់​ មាន​ស្នាមញញឹម​ជាប់​គ្នា ។ ទោះជា​យ៉ាងណា​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ព្រោះ​ចម្លាក់​នារាយណ៍​នោះ​ត្រូវ​បាន​បាក់ដៃ​បាត់​ជា​អន្លើៗ ។ ដងខ្លួន​ព្រះ​នារាយណ៍​មាន​សណ្ឋាន​ដូច​ជា​ធម្មជាតិ​ (ដូច​មាន​ជីវិត) រីឯ​សំពត់​របស់​ព្រះ​នារាយណ៍​វិញ​មាន​ក្បូរក្បាច់​រមួត​ជាប់​នឹង​ដងខ្លួន ​មើលទៅ​ហាក់​ដូចជា​គេ​ស្លៀក​ក្បិន ។​

- Advertisement -

រូប​ព្រះ​នារាយណ៍​ដ៏​ធំ​នេះ​ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មានការ​ចាប់អារម្មណ៍ និង​កោតសរសើរ​យ៉ាង​ខ្លាំង ព្រោះ​ស្ថិត​ក្នុង​រចនាប័ទ្ម​ភ្នំដា​ដែល​អាច​ចាត់​ទុក​ថា ជា​វត្ថុ​សិល្បៈ​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ស្រុក​ខ្មែរ ។ រចនាប័ទ្ម​ភ្នំដា​ត្រូវ​បាន​គេ​គិត​ពី​សតវត្ស​ទី​១ ​ដល់​សតវត្ស​ទី​៧ ។ រចនាប័ទ្ម​នេះ​គេ​សម្គាល់ និង​ប្រៀបធៀប​បាន​ដោយសារ​ក្បាច់​ផ្ដែរ​ សសរ​ស្ដម្ភ ហោជាង ​បដិមា​ សំលៀក​បំពាក់ ស្ថាបត្យកម្ម ​និង​ប្លង់​ប្រាសាទ ។​

សំលៀក​បំពាក់​នៃ​វត្ថុ​សិល្បៈ​ក្នុង​រចនាប័ទ្ម​នេះ គឺ​សំពត់​មាន​ផ្នត់​ជរ​ខាងក្រោម​ធ្លាក់​ដល់​ភ្លៅ​ កន្ទុយ​សំពត់​ញាត់​ទៅ​ក្រោយ​តាម​ចន្លោះ​ជើង​ទាំង​ពីរ ។ សក់​មាន​ផ្នត់​ជា​ក្រវិល​ខ្លីៗ​ មាន​កំប៉ោយ​បី ហើយ​អាច​មាន​មួក​មូល​ដូច​បំពង់ ។ ចំពោះ​បច្ចេកទេស គឺ​គេ​រក​លំនឹង​សម្រាប់​បដិមា​មាន​ដៃ​២ ដោយ​ធ្វើ​ចន្ទល់​នៅ​ដៃ​នីមួយៗ ឯ​រូប​មាន​ដៃ​ច្រើន​គេ​ធ្វើ​ចន្ទល់​ទប់​លំនឹង​ជា​រាង​ក្រចកសេះ ។ គេ​អាច​សម្គាល់​ប្រាសាទ​ក្នុង​រចនាប័ទ្ម​ភ្នំដា​គឺ​នៅ​សម័យ​នោះ​ខ្មែរ​បាន​ចោះ​ភ្នំ​ធ្វើ​ប្រាសាទ​ដូច​ឥណ្ឌា ជាក់ស្ដែង​គឺ​ប្រាសាទ​ភ្នំដា​ស្ថិត​ក្នុងស្រុក​អង្គរបុរី ខេត្ដតាកែវ​តែ​ម្ដង ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ១៤/០៣/២០០៧ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...