លិង្គមួយពាន់នៅលើភ្នំគូលែន
ប្រភពទឹកដែលកំពុងហូរជាប្រចាំនៅលើភ្នំគូលែនសព្វថ្ងៃនេះ គឺជាទឹកស្ទឹងមួយដ៏ស័ក្ដិសិទ្ធិបំផុតសម្រាប់ឲ្យមនុស្សគ្រប់រូបដែលរស់នៅកាលពីសម័យព្រះមហាក្សត្រព្រះញាតិវង្សរួមជាមួយមន្ដ្រីអ្នកមុខអ្នកការគ្រប់រូបចុះទៅងូតទឹកនោះ គឺដើម្បីជម្រះបាបកម្មផ្សេងៗដែលមាននៅក្នុងខ្លួន ប៉ុន្ដែសម័យសព្វថ្ងៃនេះគឺមនុស្សគ្រប់រូបបាននាំគ្នាទៅងូតទឹក ដោយចាត់ទុកថា ជាទឹកធម្មតាទៅវិញ ។
សូមបញ្ជាក់ថា មូលហេតុដែលគេមានជំនឿទៅលើទឹកដែលហូរចេញពីខ្នងភ្នំគូលែនមានបារមីស័ក្ដិសិទ្ធិនោះគឺដោយសារមានចម្លាក់លិង្គដែលគេបានឆ្លាក់ចេញនៅក្រោមបាតស្ទឹង ហើយគេគ្រប់ៗគ្នាបានដាក់ឈ្មោះថា ស្ទឹងលិង្គមួយពាន់រហូតមក ។ មិនត្រឹមតែប៉ុណ្ណោះ ស្ទឹងក្នុងសម័យបុរាណនោះគេបានកំណត់ថាជាស្ទឹងគង្គាសម្រាប់តែព្រះវិស្វរៈ ព្រះមាតាបិតា ឬព្រះអយ្យកោអយ្យការបស់ព្រះមហាក្សត្រ ចុះទៅស្រង់ទឹកជម្រះបាបប៉ុណ្ណោះ ។
ទាក់ទងនឹងស្ទឹងលិង្គមួយពាន់នេះ ត្រូវបានលោក រេត សាមុត ដែលជាអ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្រ បានប្រាប់ឲ្យដឹងថា ទឹកស្ទឹងដែលហូរចេញពីខ្នងភ្នំគូលែននោះបានហូរធ្លាក់ទៅក្នុងបឹងទន្លេសាបដែល មានចម្ងាយ ៨០គីឡូម៉ែត្រ ឯណោះកាលពីសម័យបុរាណមក ។ លោកបានបន្តទៀតថា ក្នុងសម័យនោះពលរដ្ឋខ្មែរគ្រប់រូបតែងតែនាំគ្នា ដងទឹកស្ទឹងនេះយកទៅទទួលទាន និងយកទៅប្រើប្រាស់ជាប្រចាំសម្រាប់ជីវិតរបស់គេ ។ គេមានជំនឿថា ក្រោយពីពួកគេបានផឹកទឹកនោះរួចមក គឺមានភាពត្រជាក់ ពេលផឹកហើយនឹងមានអាយុយឺនយូរព្រោះមានរូបចម្លាក់លិង្គរបស់ព្រះអង្គចារនៅទីនោះស្រាប់ ។
ស្ទឹងគង្គាដែលហូរចេញពីភ្នំគូលែន
លោក រេត សាមុត បានបញ្ជាក់ទៀតថា តំបន់ដែលមានទឹកហូរនោះត្រូវបានបែងចែកជា ៣កំពង់គឺ កំពង់ទឹកព្រះឥសូរ កំពង់ទឹកសម្រាប់ព្រះវិស្ណុ និងកំពង់ទឹករបស់ព្រះព្រហ្ម ចំពោះត្រង់ចំណុចល្បះទឹកធ្លាក់ដែលមានស្ពានយោលដែលមានកូនតូបតូចៗនោះគេហៅថា កំពង់ព្រះវិស្ណុ សម្រាប់ព្រះមហាក្សត្រធ្វើរោងពិធីរបស់ព្រះសេវៈរាត្រី និងសម្រាប់ព្រះមហាក្សត្រព្រះរាជវង្សគ្រប់រូបចុះទៅជម្រះបាប ។
លោកបានបន្តទៀតថា ចំពោះល្បះទឹកនៅខាងក្រោមគេបង្អស់នោះគឺមានកម្ពស់ ៣០ម៉ែត្រ ដែលគេហៅថា កំពង់ព្រះព្រហ្ម ឬកំពង់ព្រះម៉ែគង្គាដែលមនុស្សគ្រប់រូបមានសិទ្ធិចុះងូតទឹកជម្រះបាបក្នុងសម័យបុរាណនោះ ប៉ុន្ដែសព្វថ្ងៃនេះគឺអាជ្ញាធរបានកែលម្អ និងថែរក្សាឲ្យដូចដើម វិញក្នុងគោលបំណងទុកសម្រាប់គោរពសក្ការៈនិងសម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍ផង ។
លោក សាមុត បានបន្តទៀតថា ភ្នំគូលែននេះដើមឡើយជារាជធានីបុរាណរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានឈ្មោះពិតប្រាកដថា មហេន្ទ្របវ៌តមរហន្ទ្ររបស់ព្រះសេវៈបវ៌តភ្នំមានន័យថា ជាភ្នំដែលគ្រប់គ្រងដោយព្រះសេវៈ ហើយភ្នំគូលែននេះគឺជានិមិត្ដរូបភ្នំមេរុរាជ ដែលមានកំពូលទាំងអស់ចំនួន ១០៩កំពូល ហើយកំពូលដែលមានកម្ពស់ខ្ពស់ជាងគេនោះគឺមានឈ្មោះថា កំពូលកៃឡាសដែលបានស្ថាបនាដោយព្រះសិវៈ និងព្រះនាងឧមាភាវតី ។ ភ្នំគូលែននេះជានិមិត្ដរូបរបស់ភ្នំហិមាល័យ ដែលមានដងទន្លេដ៏ស័ក្ដិសិទ្ធិមួយផ្ទុះចេញពីទីនោះដែលគេហៅថា ទន្លេគង្គានោះរហូតមក ។
គេក៏បានបញ្ជាក់ក្នុងប្រវត្ដិសាស្ដ្រទៀតថា មូលហេតុដែលគេហៅថាភ្នំគូលែននេះ គឺដើមឡើយនៅលើភ្នំនោះសម្បូរទៅដោយដើមគូលែនហូបផ្លែច្រើនណាស់ ទើបគេហៅថា ភ្នំគូលែនរហូតមក ហើយភ្នំគូលែននេះគឺជារាជធានីមួយបានកសាងឡើងក្នុងគ.សទី៨០២ មកម្ល៉េះ ស្របពេលដែលព្រះបាទជ័យវរ្ម័នទី២ ឡើងគ្រងរាជ្យក្នុងសតវត្សទី៩ ហើយគ្រងរាជ្យនោះត្រូវបានកំណត់ថា ជាព្រឹត្ដិការណ៍មួយក្នុងស្មារតីអង់អាចបំផុតរបស់ព្រះគង្គាក្នុងអំឡុង៣សតវត្សនោះរហូតមានសិលាចារឹកជាច្រើនដែលគេនិយាយថា ការឡើងសោយរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២នោះ គឺមានកំណើនឡើងខ្ពស់ និងប្រទេសរីកចម្រើនតរៀងមក ៕
ប្រភពៈ សាលអាន ថ្ងៃទី ៣០/០៣/២០០៧ (កាសែតកម្ពុជាថ្មី)
Source: ប្រវត្ដិសាស្រ្ដ