Ultimate magazine theme for WordPress.

- Advertisement -

ខ្មែរ​កម្ពុជា​ប្រជាធិបតេយ្យ​គាស់​ប្រាសាទ​ក្បាលក្របី​ទៅ​ធ្វើ​ទំនប់​និង​ទ្វារ​ទឹក

0 2

ខ្មែរក្រហម​យក​ថ្ម​ប្រាសាទ​ក្បាល​ក្របី​មក​ធ្វើ​ទំនប់

ក្បាលក្របី​ ជា​ឈ្មោះ​ប្រាសាទ​តូច​ច្រឡឹង​មួយ​សង់​ពី​ថ្មភក់​លាយ​ថ្មបាយក្រៀម​ ទំហំ​២៥​ម៉ែត្រ​ គុណ​នឹង​ ២៥​ម៉ែត្រ សង់​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ចុង​សតវត្សរ៍​ទី​១២ ស្ថិត​នៅ​ខាងកើត​ភូមិ​ក្បាល​ក្របី ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ​ខេត្ដ​បន្ទាយមានជ័យ ។

ប៉ុន្ដែ​ប្រាសាទ​នេះ​រង​ការ​ខូច​ខាង​ស្ទើរ​ទាំងស្រុង​ដោយសារ​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ពីរ​ដំណាក់ គឺ​នៅ​អំឡុង​ឆ្នាំ​១៩៧៦ ​ពួក​កម្មាភិបាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បញ្ជា​ឲ្យ​ទាសករ​កម្ពុជា​គាស់​ថ្ម​ប្រាសាទ​ដែល​ស្ថិត​នៅ​ទីទួល​កោះ​ព័ទ្ធ​ដោយ​គូ​ទឹក​ជុំវិញ​យក​ទៅ​សង់​ទំនប់​ និង​ទ្វារ​ទឹក​នៃ​ប្រព័ន្ធ​ស្រោចស្រព​អាង​ទឹក​ក្បាល​ក្របី ដែល​មាន​ទំហំ​ ១.៨០០​ម៉ែត្រ​គុណ​នឹង​ ៥០០​ម៉ែត្រ​ និង​នៅ​អំឡុង​ដើម​ទសវត្សរ៍​ទី​៩០​ ពួក​ជន​ទុច្ចរិត​ដែល​គាំទ្រ​ដោយ​ទាហាន​ចលនា​តស៊ូ​ និង​ពេល​ខ្លះ​គាំទ្រ​ដោយ​ទាហាន​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ បាន​លួច​គាស់​ដុំ​ថ្ម​ចម្លាក់​ណា​ដែល​មាន​តម្លៃ​យក​ទៅ​លក់​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ។​

- Advertisement -

តាំងពី​នោះ​មក​ ប្រាសាទ​បុរាណ​នេះ​ស្ទើរ​តែ​ពុំ​មាន​មន្ដ្រី​អាជ្ញាធរ​ឬ​មន្ដ្រី​ជំនាញ​វប្បធម៌​ និង​អ្នក​ស្រាវជ្រាវ​ណា​ទៅ​ដល់​ដើម្បី​ពិនិត្យ​សិក្សា​លើ​ប្រាសាទ​នេះ​ណាស់ ។ បើ​តាម​លោក​ សៀង កែវនាយក​សាលា​បឋម​សិក្សា​ក្បាល​ក្របី​ និង​លោក យាម ហ៊ាន អនុប្រធាន​ភូមិ​ក្បាលក្របី និយាយ​ថា ប្រាសាទ​ក្បាលក្របី​មាន​ឈ្មោះ​ដើម​ថា ប្រាសាទ​ក្បាលដំរី​៣ ព្រោះ​មាន​រូបចម្លាក់​រូប​ក្បាលដំរី​ពី​ថ្មភក់​មួយ​ផ្ទាំង​ធំ​នៅ​ប្រាសាទ​នេះ​កាលពី​សម័យ​អាណានិគមនិយម​បារាំង​ និង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១ (សង្គមរាស្ដ្រនិយម) គឺ​មុន​ឆ្នាំ​១៩៧០ ។ ​ប៉ុន្ដែ​ឥឡូវនេះ​ប្រាសាទ​នេះ​បាន​បាត់​រូប​ថ្ម​ចម្លាក់​ក្បាលដំរី​នោះ​ហើយ ៕

ប្រភពៈ  ​សាលអាន ថ្ងៃ​ទី ២៨/០៣/២០០៧ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...