កូនក្រមុំដាំចេកតំណាងថានាងពេញក្រមុំហើយ
ដើមឡើយខ្មែរបុរាណយើងគ្រប់រូបតែងតែនាំគ្នាធ្វើពិធីចូលម្លប់-ចេញម្លប់ដល់កូនស្រីរបស់ខ្លួន ប៉ុន្ដែទំនៀមទម្លាប់បែបនេះត្រូវបានបាត់អស់ពីប្រវត្តិសាស្ដ្រយើងស្ទើរទាំងស្រុងទៅហើយ ដោយសារតែសម័យទំនើបនាពេលបច្ចុប្បន្នចូលមកដល់ ធ្វើឲ្យមនុស្សគ្រប់រូបដែលជាជនជាតិខ្មែរនោះ ភ្លេចទាំងស្រុងនូវអ្វីដែលមានពីមុនមក ។
ទាក់ទិននឹងប្រវត្ដិចូលម្លប់នោះ ពលរដ្ឋគ្រប់រូបតែងតែនាំគ្នាអនុវត្ដ ឥឡូវនេះមានតែមួយភូមិប៉ុណ្ណោះទេដែលនៅកាន់ទំនៀមទម្លាប់បែបនេះរហូតមកគឺភូមិដូនឡី ក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្ដសៀមរាប ។
ចំពោះប្រវត្តិចូលម្លប់នោះត្រូវបានលោក រេត សាមុតអ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្របានឲ្យដឹងថា ពិធីចូលម្លប់នេះគឺអនុវត្ដបានត្រឹមតែក្មេងស្រីដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំប៉ុណ្ណោះ ក្រោយពីក្មេងស្រីនោះដឹងខ្លួនថាខ្លួនពេញក្រមុំតាមរយៈការមករដូវដែលគេចាត់ទុកថា ក្មេងស្រីទាំងនោះគឺពិតជាពេញក្រមុំពិតប្រាកដ ។
លោកបានបន្តទៀតថា មានលោកអាចារ្យម្នាក់ចូលចិត្ដរៀបចំពិធីចូលម្លប់ និងចេញម្លប់របស់កូនក្រមុំដែលជាសាមីខ្លួន ព្រោះគេយល់ថា ការដែលឲ្យមានពិធីចូលម្លប់នោះគឺគេចង់ឲ្យសាមីខ្លួនយល់ដឹងនូវការសិក្សាលើផ្នែកសាសនា អប់រំគុណធម៌ សីលធម៌ដែលមានរូបតាអាចារ្យជាអ្នកបង្ហាត់បង្រៀន ។ ហើយក្នុងពិធីចូលម្លប់នេះដែរគឺគេចង់ឲ្យសាមីខ្លួនដែលត្រូវចូលម្លប់នោះមានពណ៌សម្បុររូបសម្បត្ដិល្អស្អាតផូរផង់ ដោយមានការលាបរមៀតឬឆ្ពុងថ្នាំបុរាណដើម្បីឲ្យស្បែកភ្លឺថ្លាទៀតផង ។
គេបានបន្តទៀតថា ពិធីចូលម្លប់នោះមានរយៈពេលពី ៥ខែ រហូតដល់ ៩ខែឯណោះ ទៅតាមថវិការបស់ឪពុកម្ដាយច្រើនឬតិចនោះ ដោយឡែកពេលប្រារឰពិធីចូលនោះគឺមានរយៈពេលតែមួយព្រឹកប៉ុណ្ណោះ ។ លោក រេត សាមុត បានបន្តទៀតថា គ្រឿងសក្ការបូជាដែលត្រូវរៀបចំក្នុងពិធីចូលម្លប់នោះ រួមមានបាយសីប៉ាក់ឆាម១គូ ទៀនតាំង១គូ ស្លាធម៌១គូ គ្រែធម៌១ ព្រះបថ១ ផ្លែឈើឆ្វេងស្ដាំ ខ្នើយ១ សំពត់៥ហត្ថ ជើងពានសា្ល៥ ធូប៥ ម្លូ៥ បារី៥ អង្ករជ័យ១ចានចង្កឹះ ។
ចំពោះសាមីខ្លួនត្រូវស្លៀកសំលៀកបំពាក់ពណ៌សចំនួន៩ព្រឹក ក្រោយមក លោកអាចារ្យបានប្រកាសជូនយាយតាអ្នកភូមិរួមទាំងហៅម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបិសាច ដោយបាននិយាយថា ថ្ងៃនេះជាថ្ងៃមង្គលដ៏មហាប្រសើរសម្រាប់រៀបចំចូលម្លប់ដល់កូនស្រីដែលចាប់ពេញវ័យ ក្រោយពេលមានការបន់ស្រន់រួច លោកអាចារ្យក៏បានយកគ្រែធម៌ដែលមានកម្ពស់ស្មើនឹងសាមីខ្លួនជាគ្រឿងសក្ការៈនាំចូលនៅក្នុងបន្ទប់ រួចហៅសាមីខ្លួនឲ្យអង្គុយចំពីមុខគ្រែធម៌នោះ ហើយត្រូវសូតធម៌ថ្វាយបង្គំព្រះរតនត្រៃ រួចឲ្យសីល១០ទៅសាមីខ្លួន ក្រោយមកលោកតាអាចារ្យក៏បានប្រាប់ពីរបៀបតំណមដល់សាមីខ្លួនដែលត្រូវចូលម្លប់នោះ ។
លោក សាមុត បានបន្តទៀតថា កូនក្រមុំដែលចូលម្លប់នោះ គឺតម្រូវឲ្យហូបម្ហូបបួសរហូតដល់ចេញពីម្លប់ ឯបន្ទប់កូនក្រមុំនោះគឺបិទបាំងឲ្យជិតទាំងស្រុង គឺគេទុកតែទ្វារដែលសម្រាប់ចេញចូលប៉ុណ្ណោះ ក្រៅពីនោះឪពុកម្ដាយត្រូវរៀបចំទុកដាក់នូវគ្រឿងសម្ភារៈមួយចំនួន ដូចជា ចានស្លាបព្រា ឆ្នាំង ចង្ក្រាន ល្ង សណ្ដែក បន្លែ អង្ករ ទុកក្នុងបន្ទប់ឲ្យសាមីខ្លួនដាំហូបខ្លួនឯង ដោយកំណត់ទុកឲ្យសាមីខ្លួនហូបក្នុង១ថ្ងៃ២ដងប៉ុណ្ណោះ ហើយហាមមិនឲ្យនិយាយស្ដីជាមួយអ្នកដទៃចាប់ពីថ្ងៃចូលម្លប់រហូតដល់ចេញ ។
គេបានបន្តទៀតថា ពេលចេញពីចូលម្លប់វិញ គឺគេធ្វើខុសពីការចូលម្លប់ ក្នុងនោះកូនក្រមុំស្លៀកពាក់ដូចក្នុងពិធីមង្គលការ ហើយហៅភ្ញៀវមកជប់លៀងយកចំណងដៃ ក្រោយមកលោកអាចារ្យក៏ធ្វើពិធីនិមន្តព្រះសង្ឃសូត្រមន្ត និងធ្វើពិធីដកអង្កររាប់នាពេលល្ងាចដល់កូនក្រមុំ ហើយរៀបចំពិធីដុះធ្មេញ និងដាំដើមចេកជាកិច្ចបង្ហើយបុណ្យក្នុងការចេញម្លប់របស់កូនក្រមុំ ៕
ប្រភពៈ សាលអាន ថ្ងៃទី ០៤/០៤/២០០៧ (ដកស្រង់ពីកាសែតកម្ពុជាថ្មី)
Source: ប្រវត្ដិសាស្រ្ដ