ពុទ្ធសាសនា និងវិទ្យាសាស្ត្រ
ដោយ សុង ស៊ីវ
៣. ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋខ្មែរ
ក្នុងជំពូកទី២ ត្រង់មាត្រា៨ នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាបានចែងថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ» ។
ហេតុអ្វីបានជាក្នុងរដ្ឋធម្មនុញ្ញខ្មែរយើងលើកតម្កើងពុទ្ធសាសនាទុកក្នុងច្បាប់រដ្ឋ ជាទីគោរពសក្ការៈដូច្នេះ ? តើព្រះពុទ្ធសាសនាមានគុណូបការៈយ៉ាងណាខ្លះចំពោះប្រទេសកម្ពុជា ?
បញ្ហានេះយើងអាចឆ្លើយបានគ្រប់គ្នា តាមការគិតឃើញរៀងៗខ្លួនឥតទើសទាល់ឡើយ ។ ប៉ុន្តែត្រង់ចំណុចគុណូបការៈយ៉ាងសំខាន់របស់ពុទ្ធសាសនាដែលមានពិតប្រាកដចំពោះប្រទេសកម្ពុជានោះប្រហែលឆ្លើយមិនត្រូវសព្វគ្រប់ទេ ព្រោះត្រង់ចំណុចខ្លះ បើមិនបានគិតឲ្យដិតដល់ ហាក់ដូចជាគ្មានវិស័យពុទ្ធសាសនាជួយទ្រទ្រង់ផងឡើយ ។
ឯចំណុចសំខាន់នៃគុណូបការៈព្រះពុទ្ធសាសនាចំពោះប្រទេសកម្ពុជានោះ បើបំព្រួញឲ្យខ្លីមាន ៣ គឺ ៖
- ព្រះពុទ្ធសាសនាជាមូលដ្ឋាន (Base) នៃការចាប់ផ្ដើមស្ថាប័នជាតិខ្មែរតាំងពីមុនគ្រិស្តសតវត្សរ៍ ៣០០ឆ្នាំ ដរាបបានកើតជាអារ្យជាតិវិសេសមួយក្នុងលោក ។
- ព្រះពុទ្ធសាសនាជាប្រភព (Source) នៃការរចនាភាសាខ្មែរឲ្យរីកដុះដាល កើតជាភាសាមួយក្នុងលោកប្រកបដោយអង្គបី ។
- ព្រះពុទ្ធសាសនាជាធានី(Capitale) ជាទីជម្រកធំ នៃអក្សរសាស្ត្រខ្មែរ ។ ដោយគុណបំណាច់នេះ ទើបអក្សរសាស្ត្រខ្មែរបានប្រកាសរំលឹកគុណពុទ្ធសាសនានៅខាងដើមក្បួនរបស់ខ្លួនថា «នមោ ពុទ្ធាយ សិទ្ធំ» វិសេសប្លែកជាងអក្សរសាស្ត្រនានាក្នុងលោក ។
ឯអង្គ ៣ របស់ភាសាខ្មែរនោះគឺ ៖
- សូរសាស្ត្រ (Phonétique) ក្បួនប្រើខ្យល់សំឡេងឲ្យលាន់ឡើង មានន័យច្បាស់លាស់ធំទូឡាយឥតទើសទាល់សូរសាស្ត្រភាសាខ្មែរមានឥទ្ធិពលជាងគេក្នុងលោក អាចថា ត្រាប់តាមភាសានានាក្នុងលោកបានដូចសុទ្ធៗ ។ ចំណែកខាងអក្សរសាស្ត្រខ្មែរវិញ ក៏អាចសរសេរតាមសូរស័ព្ទភាសានានាក្នុងលោកបានដូចពិតៗឥតទើសទាល់ដែរ ដូចជា ហ្វ្រង្ក ដឺហ្គោល អុក្សីហ្សែន ជាដើម ។
- រូបសាស្ត្រ (Morphologie) ក្បួនចែកទីទម្រង់ពាក្យ និងការបញ្ចេញពាក្យឲ្យមានរូបតៗគ្នាទៀតបាន ។ ភាសាខ្មែរជាភាសាមានរូបរស់រវើកមិនស្លាប់គាំងនៅមួយកន្លែងឡើយដូចពាក្យថា កល់ ចេញទៅជា កំណល់ ជា ខ្នល់ កាន់ កំណាន់ ខ្មាន់ កើត កំណើត ខ្នើត ។ល។
- និយន្តសាស្ត្រ(Sémantique) ក្បួនវាក្យស័ព្ទនិយាយពីន័យរបស់ពាក្យ និងការប្រែប្រួលន័យ ។ និយន្តសាស្ត្រខ្មែរមានច្រើនបែបគឺ ៖
ក. ពាក្យដូចគ្នាមានន័យផ្សេងគ្នា ដូចជា សាប (នាម) គ្រឿងនេសាទុបករណ៍ម្យ៉ាង ពួកទ្រូ លប លាយ សាប (គុណនាម) ដែលផ្ទុយពីប្រែ សាប (កិរិយា) សាបព្រោះបណ្ដុះដាំ ។ល។ ម្យ៉ាងទៀតពាក្យនិយាយឮដូចគ្នាតែមានន័យផ្សេងគ្នា តាមអក្សរ តាមដំណើរសេចក្ដី ដូចជា ផ្សារ ផ្សារចិត ចិត្ត គេ គេហ៍ កល កល់ ជប ជប់ ដុះ ដុស ។ល។
ខ. ពាក្យនិយាយឮផ្សេងគ្នាតែមានន័យដូចគ្នា សម្រាប់ប្រើតាមដំណើរសេចក្ដី ដូចជា វិនាស អន្ដរាយ ក្ស័យ អន្ដរធាន មោឃៈ សោះសូន្យ បាត់បង់ ទទេ ឃែត ។ ពាក្យទាំងអស់នេះមានន័យតែមួយ គឺ មិនមានឬគ្មាន ។
គ. ការប្រែប្រួលន័យដោយភ្ជាប់ពាក្យ ដូចជា បង់ (កិរិយា) ដាក់ ទម្លាក់ចុះ បត់ (កិរិយា) ត្រឡប់ តាមទំនង ត្រឡប់ជាផ្នត់ ។ យកពាក្យពីរនេះមកតភ្ជាប់ទៅជា បង់បត់ កើតជា (នាម) ប្រែន័យថា ទេព្រ័ក្សអារក្សអ្នកតាទៅវិញ ។
ឃ. ការប្រែន័យតាមសម័យ ដូចជា គោត្រ ន័យដើមថា ក្រោលគោ ប្រែជាខ្សែស្រឡាយ ។ល។
ភាសាណាដែលប្រកបដោយអង្គទាំង ៣នេះ ជាភាសាត្រឹមត្រូវមានវេយ្យាករណ៍ ហើយដែលថាអក្សរខ្មែរ មិនទាន់មានវេយ្យាករណ៍នោះ គឺមនុស្សខ្មែរទេ ដែលមិនទាន់ប្រមូលវេយ្យាករណ៍មកសរសេរ ឯភាសា និងអក្សរសាស្ត្រខ្មែរនោះ មានវេយ្យាករណ៍គ្រប់សព្វស្រេចតាំងពីសម័យមហានគរមកម៉្លេះ ប៉ុន្តែចោរបរទេសវាលួចក្បួនវេយ្យាករណ៍នោះបាត់ទៅក្នុងសម័យកើតសង្គ្រាម ។
ដោយហេតុពញរះពុទ្ធសាសនាមានគុណូបការៈសំខាន់យ៉ាងនេះចំពោះប្រទេសកម្ពុជាហើយ ទើបក្នុងរដ្ឋធម្មនុញ្ញខ្មែរ បានចារឹកទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។
ឯន័យរបស់គុណូបការៈនោះដូចជានាំមកពណ៌នាខ្លីៗតទៅនេះ ក្នុងសម័យដែលប្រទេសខ្មែរមានគ្រោះថ្នាក់ ចុះដុនដាប ខ្សោយឥទ្ធិពល ដោយហេតុប្រទេសជិតខាង បង្កើតសង្គ្រាមដណ្ដើមទឹកដីទ្រព្យសម្បត្តិគម្ពីរក្បួនច្បាប់ខ្មែរនោះ ព្រះសង្ឃក្នុងវត្តអារាមពុទ្ធសាសនាទាំងអស់ក្នុងប្រទេស បានថែរក្សាអង្គការរដ្ឋទុកមិនឲ្យបាត់បង់ឡើយ ដូចជា អង្គការអក្សរសាស្ត្រ អង្គការអប់រំជាតិ អង្គការសុខភិបាល អង្គការសង្គមកិច្ច និងការងារ អង្គការកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម អង្គការវិចិត្រសិល្បៈ និងតូរ្យតន្ត្រី អង្គការការពារប្រទេស អង្គការឃោសនាការ និងអង្គការយុត្តិធម៌ ជាដើម ។
ក. វត្ត និងអង្គការអក្សរសាស្ត្រ
ក្នុងសម័យប្រទេសមានគ្រោះថ្នាក់ ខ្សោយឥទ្ធិពល នៅតាមខេត្តភូមិស្រុកគ្មានសាលារៀនឡើយ មានតែវត្តអារាមព្រះសង្ឃនេះឯងជាសាលារៀននូវវិជ្ជាគ្រប់ជំពូក ជាវិទ្យាស្ថានរបស់ជាតិ ។
ប្រជាពលរដ្ឋខ្មែរទាំងអស់ បាននាំកូនចៅទៅផ្ញើនឹងព្រះសង្ឃចៅអធិការតាមមណ្ឌល សង្កាត់ភូមិ ស្រុករៀងៗខ្លួន មិនគ្រាន់តែផ្ញើឲ្យរៀនដល់ម៉ោងចេញមកផ្ទះទេ គឺឲ្យដេកនៅបាយទឹកក្នុងវត្តតែម្ដង ម៉្លោះហើយវត្តអារាមព្រះពុទ្ធសាសនាត្រូវទទួលភារៈរបស់ជាតិមួយភាគធំ ព្រះសង្ឃជាចៅអធិការត្រូវរៀបចំឲ្យសិស្សទាំងអស់មានកន្លែងដេកនៅ ចំណីអាហារបរិភោគ កន្លែងរៀន គ្រឿងសិក្ខូបករណ៍សម្រាប់រៀន និងគ្រឿងប្រើប្រាស់គ្រប់ជំពូក ដោយចិត្តសប្បុរសពិតៗ ឥតយកប្រាក់ថ្លៃឈ្នួលអ្វីឡើយ លាភដែលកើតឡើងក្នុងពុទ្ធសាសនិកចែចែករំលែកកសាងវត្តអារាមផង ចិញ្ចឹមក្មេងជាសិស្សដែលនៅសិក្សានោះផង ។ ក្នុងសម័យនោះ នៅវត្តព្រះសង្ឃគ្មានសាលា តុ កៅអី សម្រាប់រៀនដូចសព្វថ្ងៃឡើយ មានតែកុដិចៅអធិការ សាលាឆាន់ជាកន្លែងរៀន គ្រូនិងសិស្សអង្គុយគង់ផ្ទាល់លើកន្ទេល សិស្សម្នាក់ៗ មានក្ដារឈ្នួនមួយធ្វើពីដើមគ ឬដើមរកាលាបម្រ័ក្សណ៍ ឬខ្មុកពណ៌ខ្មៅ ឯដីស លោកគ្រូឲ្យយកដីពិសេសមកធ្វើតាមបច្ចេកទេសក្នុងសម័យនោះ ។
មុនដំបូង សរសេរអក្សរធ្វើលេខលើក្ដារ បន្ទាប់មករៀនមើលសាស្ត្រាស្លឹករឹត ដូចជាសាស្ត្រាច្បាប់ក្រមជាដើម និងរៀនគិតលេខចំណោទនឹងគ្រាប់ក្បាច់ ។ ការរៀនមើលសាស្ត្រាស្លឹករឹតដើម្បីឲ្យមានបដិភាណក្នុងការមើលថាផង ឲ្យចេះដឹងច្បាប់ទម្លាប់ ពង្សាវតារ មនុស្សធម៌ សីលធម៌ និងអារ្យធម៌របស់ជាតិផង ។
កាលបើរៀនបានចេះអក្សរហើយ ឲ្យរៀនធម៌បួសជាសមណេរ ភិក្ខុទៀតដើម្បីសិក្សាភាសាបាលីសំស្ក្រឹតឲ្យបានចេះដឹងជ្រៅជ្រះនូវទ្រឹស្ដីពុទ្ធសាសនា និងឲ្យរៀនភាសាអក្សរបរទេសខ្លះទៀតផង ។ បើមិនបានសិក្សាបែបនេះទេ បម្រុងលាចាកសិក្ខាបទត្រឡប់ទៅបម្រើគ្រួសារវិញឆាប់ៗ លោកបង្រៀនអំពីវិជ្ជាជីវៈផ្សេងៗលៃតាមនិស្ស័យរបស់ខ្លួនគឺនរណាប៉ិនប្រសប់ខាងការជាងដែក ជាងឈើ ជាងគំនូរ ជាងចម្លាក់ ឬតូរ្យតន្ត្រីជាដើម ក៏ឲ្យសិក្សាខាងនោះល្មប្រើការបាន ទើបឲ្យសឹកមកផ្ទះវិញ ។
ក្នុងពេលចូលទៅសិក្សាក្នុងវត្តនោះ លោកគ្រូមិនមែនបង្រៀនតែអក្សរសាស្ត្រ និងវិជ្ជាជីវៈនោះទេ លោកបានបង្រៀនអំពីសុជីវធម៌ ឲ្យចេះប្រើឥរិយាបថ ដើរ ឈរ អង្គុយ ដេក និយាយស្ដីឲ្យមានបែបបទ ចេះគួរសម ស្គាល់ខុសត្រូវ តាមប្រពៃណីអារ្យធម៌ជាតិទៀត ។
ចំពោះសិស្សណាដែលមាននិស្ស័យឈ្លាសវៃខាងអក្សរសាស្ត្រ លោកគ្រូឲ្យរៀនធ្វើអ្នកនិពន្ធ កវីនិពន្ធ តែងសេចក្ដី តែងកាព្យ ហើយចារលើស្លឹករឹត ឬសរសេរក្នុងក្រាំងទុកជាក្បួនច្បាប់សម្រាប់រៀនតៗមកទៀត ដើម្បីរក្សាអក្សរសាស្ត្រជាតិ ភាសាជាតិដែលជាលក្ខណៈសំខាន់បំផុតរបស់ជាតិ ទុកកុំឲ្យបាត់បង់ព្រោះថា បើអក្សរសាស្ត្ររលត់ ភាសាត្រូវរលំ ជាតិត្រូវរលាយបាត់បង់ចាកពីពិភពលោកមិនខាន ។
អាស្រ័យហេតុនេះ ទើបព្រះសង្ឃគ្រប់វត្តអារាមក្នុងពេលនោះខំរក្សារអក្សរសាស្ត្រជាតិទុក និងលើកតម្កើងកុំឲ្យចាញ់ប្រៀបប្រជាជាតិទាំងឡាយក្នុងពិភពលោក ដែលគេខំថែរក្សាលើកតម្កើងអក្សរសាស្ត្រ និងភាសាគេស្មើជីវិត ទោះបីគេទ័លក្រលំបាកតោកយ៉ាកយ៉ាងណា ឬអក្សររបស់គេនោះពិបាកសរសេរ ពិបាករៀនយ៉ាងណា ក៏គេមានសម្បជញ្ញៈ ដាស់តឿនទាញញាក់សរសៃវិញ្ញាណគេឲ្យមានស្វាមីភក្តិចំពោះអក្សរសាស្ត្រភាសាជាតិជានិច្ច ដូចពួកចិនអេតចាយរែកកញ្ជោទិញសម្បកដបជាដើម ដែលក្រមានតែខោលើជង្គង់ រសាត់អណ្ដែតសែតអញ្ចង់មកជ្រករស់នៅក្នុងស្រុកយើងនោះ គេមានសម្បជញ្ញៈចំពោះអក្សរសាស្ត្រគេស្មើជីវិត ដូចជានៅតាមសរសេរផ្ទះមាត់ទ្វារបង្អួច និងចង្ក្រានបាយក៏មានបិទផ្ទាំងអក្សរចិន ដែលសរសេរដោយផ្ចិតផ្ចង់ លើកតម្កើងឲ្យអក្សរជាតិគេមានតម្លៃដែរ ។
ដោយព្រះសង្ឃគ្រប់វត្តអារាមមានសម្បជញ្ញៈបែបនោះ ខំបីបាច់រក្សាលើកតម្កើងអង្គការអក្សរសាស្ត្រនេះឲ្យមានវឌ្ឍនភាពជានិច្ចនោះ ក្នុងប្រទេសក្រខ្សត់ខ្សោយក៏ដូចនៅក្នុងគ្រាចម្រើនរុងរឿងដែរ ។
លុះមកដល់សម័យចម្រើនរុងរឿង អង្គការអក្សរសាស្ត្រជាតិបានចេញពីវត្តអារាមទៅនៅក្នុងស្រុកភូមិ កើតជាក្រសួងសិក្សាធិការជាតិឡើងដោយមានវិជ្ជាអក្សរសាស្ត្រអន្តរជាតិ តាមសម័យនិយមផ្សំជាមួយផង ។
ឯក្បួនច្បាប់អក្សរសាស្ត្រខ្មែរខ្លះ ដូចជាច្បាប់ក្រម ច្បាប់ហៃមហាជន ច្បាប់ប្រុសស្រី រឿងកាកី ទុំទាវ និងហង្សយន្តជាដើម ដែលក្នុងសម័យមុនជ្រកនៅក្នុងវត្តអារាម មានតែកូនសិស្សលោករៀននោះ ឥឡូវបានទៅនៅក្នុងសាលាជាតិឯស្រុកភូមិអស់ហើយ ។
ផ្នែកអង្គការអក្សរសាស្ត្រនេះ ទោះបីបានចេញដំណើរមកពីវត្តអារាមទៅទទួលវឌ្ឍនធម៌ពីរដ្ឋផ្ទាល់ហើយ ក៏ព្រះសង្ឃគ្រប់វត្តទាំងអស់នៅតែតាមជួយទ្រទ្រង់ បង្កើតវឌ្ឍនធម៌ខាងអក្សរសាស្ត្រពេញទំហឹង ដូចជា ជួយបង្កើតពាក្យវប្បធម៌អក្ខារវិរុទ្ធ និងជួយសង់សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ និងជួយទំនុកបម្រុងពួកសិស្សឲ្យសំណាក់ដេកនៅបាយទឹកក្នុងវត្តអារាមជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ គ្រប់វត្តអារាមដែលនៅជិតសាលារៀនក្នុងព្រះរាជអាណាចក្រទាំងមូល ។
Source: ប្រវត្ដិសាស្រ្ដ