ពពួកទេពអប្សរឬទេពអប្សរបវរកញ្ញាដែលខ្មែរយើងនិយមហៅថា «អប្សរា» នេះបើតាមការសរសេរបង្ហាញរបស់លោក ពេជ្រ ទុំក្រវិល នៅក្នុងសៀវភៅ «របាំខ្មែរ» បានបញ្ជាក់ថា ជាអ្នករបាំនៃឋានសួគ៌ និងមាតារបស់ប្រជាពលរដ្ឋខ្មែរថែមទៀតផង ។
តាមសៀវភៅរបាំខ្មែរក៏បានបង្ហាញឲ្យឃើញទៀតថា ពួកទេពអប្សរនេះគឺបានមកពីការកូរសមុទ្រទឹកដោះដើម្បីស្វែងរកទឹកអម្រឹតរវាងពួកសុរៈ (ពួកទេវតា) និងពួកអសុរៈ (ពួកយក្ស) ដែលយកនាគវ៉ាសុគី ធ្វើជាព្រ័ត្រ ពោលគឺពួកយក្សទាញផ្នែកខាងក្បាលនាគ ឯពួកទេវតាទាញនៅផ្នែកខាងកន្ទុយនាគ ។ ពួកទេពអប្សរទាំងនេះមានតួនាទីសំខាន់ណាស់ក្នុងការថែរក្សាលោកនេះឲ្យមានបរិយាកាសសប្បាយរីករាយសុខដុមរមនាសុភមង្គល ។
រូបអប្សរាត្រូវបានបុព្វសិល្បករខ្មែរដាប់ឆ្លាក់បន្សល់ទុកនៅលើជញ្ជាំងប្រាសាទនានាមានដូចជា ប្រាសាទអង្គរវត្ដ ប្រាសាទបាយ័ន និងប្រាសាទដទៃជាច្រើនទៀតក្នុងចំនួនរាប់ស្ទើរមិនអស់ មានតាំងពីនៅលើទ្វារ ឬជញ្ជាំងខាងក្រោមរហូតដល់ផ្នែកកំពូលនៃប្រាសាទថែមទៀតផង ។
យោងតាមការបញ្ជាក់របស់លោក ពេជ្រ ទុំក្រវិល នៅក្នុងសៀវភៅរបាំខ្មែរដដែលបានឲ្យដឹងបន្តថា ចំពោះប្រជាពលរដ្ឋខ្មែរវិញ អប្សរាមិនមែនគ្រាន់តែជាអ្នករបាំនៃឋានសួគ៌ប៉ុណ្ណោះទេ ពោលគឺ អប្សរាគឺជាមាតារបស់ខ្លួនថែមទៀតផងពីព្រោះថា ក្នុងប្រវត្ដិសាស្ដ្ររបស់ប្រទេសកម្ពុជាគឺឈ្មោះ «កម្ពុជា» សព្វថ្ងៃនេះបានមកពីការចងសម្ព័ន្ធរវាងឥសីកម្ពុស្វយម្ហូវ និងអប្សរមេរា ដែលពាក្យនេះផ្សំគ្នាក្លាយជា «កម្ពុមេរា» ហើយក្លាយជា «កម្ពុមេរ» ក្លាយបន្តជា «កមេ្មរ» រហូតក្លាយជា «កេ្មរ» និងបន្តក្លាយរហូតដល់ពាក្យ «ខ្មែរ» ដែលយើងហៅសព្វថ្ងៃនេះតែម្ដង ។
ចំណែករបាំអប្សរា ដែលជាទស្សនិយភាពបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះវិញគឺកើតចេញពីការចម្លងតាមរូបចម្លាក់អង្គរដែលជាផ្នែកមួយនៃសក្ខីភាពធ្វើឲ្យរូបចម្លាក់អប្សរាទាំងឡាយនៅលើជញ្ជាំងសីលាដ៏រឹងមាំនៃប្រាសាទបុរាណខ្មែររស់រវើកឡើង ក្រោមព្រះរាជតំរិះនិងការយកអស់ព្រះកាយពលគ្មានគិតការនឿយហត់របស់ព្រះមហាក្សត្រីយានីកុសុមៈនារីរ័ត្ន ក្នុងការជំរុញឲ្យវិស័យរបាំក្បាច់បុរាណខ្មែររស់ឡើងវិញ ដែលជាព្រះរាជបំណងរបស់ទ្រង់ធ្វើឲ្យអតីតកាលមានប្រយោជន៍ដល់បច្ចុប្បន្ន និងតទៅអនាគត ៕
ប្រភពៈ សាលអាន ថ្ងៃទី ០៩/០៤/២០០៧ (ដកស្រង់ពីកាសែតកម្ពុជាថ្មី)
Source: ប្រវត្ដិសាស្រ្ដ