វត្ដផាយហ្លួងនៅសុខោទ័យ និងវត្ដចាន់នៅស្រីសជ្ជនៈល័យ
យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកឯកទេសខាងប្រវត្ដិសាស្ដ្រខ្មែរបានឲ្យដឹងថា កាលពីសតវត្សរ៍ទី១៣-១៤ នៃគ្រិស្ដសករាជ នៅក្នុងដែនដីរបស់ខ្មែរពីអតីតកាលនៅសុខោទ័យ ដែលសព្វថ្ងៃនៅក្នុងទឹកដីថៃ មានបន្សល់ទុកនូវកេរដំណែលខ្មែរមួយចំនួនគួរឲ្យចាប់អារម្មណ៍ជាទីបំផុត ដែលបច្ចុប្បន្នត្រូវបានជួសជុលឡើងវិញដោយអង្គការយូណេស្កូ (UNESCO) និងរដ្ឋាភិបាលថៃ ។ កេរដំណែលបុរាណខ្មែរទាំងនោះ ត្រូវបានអ្នកស្រាវជ្រាវថៃឲ្យឈ្មោះថា «សិល្បៈខម» ឬ ខ្មែរ(ក្រោម) ។
បណ្ឌិតមីសែល ត្រាណេ បុរាណវិទូខ្មែរដ៏ល្បីល្បាញបានឲ្យដឹងថា តាមពិតនៅក្នុងបរិវេណអតីតព្រះរាជធានីបុរាណខ្មែរដ៏រុងរឿងនេះ មានទីក្រុងមួយទៀតដែលជាទីក្រុងភ្លោះ និងមានវ័យចំណាស់ជាងគេបន្ដិច គឺទីក្រុងស្រីសជ្ជនៈល័យ ស្ថិតនៅប្រមាណជាង៤០គីឡូម៉ែត្រ ទៅទិសខាងជើងនៃសុខោទ័យ ។ នៅទីនោះដូចជាសុខោទ័យដែរ វត្ដមានវត្ថុសិល្បៈបុរាណខ្មែរ សបញ្ជាក់ប្រាប់អ្នកទេសចរណ៍ទាំងឡាយឲ្យដឹងថា តំបន់នេះធ្លាប់ជាផ្នែកមួយនៃមហានគរ មុនការបង្កើតរដ្ឋថៃនាសតវត្សទី១៣ នៃគ្រិស្ដសករាជដោយមេទ័ពថៃឈ្មោះ ហ្វាមឿង ( Fa Muang) ដែលបន្ទាប់មកបានក្លាយទៅជាព្រះមហាក្សត្រថៃកំពូល និងមុនដំបូងគេបង្អស់ ។
តាមការបង្ហាញរបស់អ្នកឯកទេសខាងស្រាវជ្រាវប្រវត្ដិសាស្ដ្រខ្មែរ ទីក្រុងភ្លោះទាំងពីរនេះត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមរវាងខ្មែរនិងសៀម ហើយនិងរវាងសៀមនិងភូមា គួបផ្សំនឹងការជីកគាស់ខុសច្បាប់ដើម្បីយកវត្ថុបុរាណដ៏មានតម្លៃទៅលក់ដូរ ។
បច្ចុប្បន្ននេះ ក្រុងត្រូវបានសង្គ្រោះដោយជោគជ័យដោយរាជរដ្ឋាភិបាលថៃ ក្រោមការឧបត្ថម្ភថវិកាពីសំណាក់អង្គការយូណេស្កូ និងបានក្លាយទៅជាមរតកពិភពលោកគួរឲ្យស្ញប់ស្ញែងយ៉ាងក្រៃលែងដូចប្រាសាទអង្គរវត្ដ ។
លោកបណ្ឌិតមីសែល ត្រាណេ បានឲ្យដឹងទៀតថា តាមការពិនិត្យសង្កេត វិស័យស្ថាបត្យកម្មខ្មែរបុរាណដែលបានសាងសង់ឡើងដោយស្នាព្រះហស្ដព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ នៃគ្រិស្ដសករាជ ដោយធ្វើការប្រៀបធៀបជាមួយប្រាង្គប្រាសាទដទៃទៀតនៅសម័យវប្បធម៌បាយ័ន យើងឃើញមានជាអាទិ៍ ប្រាង្គវត្ដចៅចាន់នៅស្រីសជ្ជនៈល័យ ប្រាង្គតាផ្ដែង (ផះតែង) និងវត្ដព្រះផាយហ្លួង នៅក្នុងបរិវេណនៃទីក្រុងសុខោទ័យ ។ ប្រាង្គប្រាសាទទាំង៣ខាងលើនេះកសាងឡើងពីថ្មបាយក្រៀម ។ គឺប្រការនេះហើយដែលជាភស្ដុតាងក្នុងការកំណត់កាលបរិច្ឆេទ និងរចនាបថ ព្រមទាំងខ្លឹមសាររបស់ស្ថាបត្យកម្មបុរាណខ្មែរទាំងនោះ ។
បើពិចារណាពីទម្រង់ប្រាសាទ និងលក្ខណៈសិល្បៈដោយផ្អែកលើសិលាចារឹក រួមទាំងបរិមាសាស្ដ្រផង យើងសង្កេតឃើញថា ស្ថាបត្យកម្មទាំងនោះពិតជាសិល្បៈខ្មែរនាសម័យបាយ័នមែន ពោលគឺមុនរជ្ជកាលរបស់ព្រះចៅហ្វាមឿង ឬស្រីឥន្ទ្របតិន្ទ្រាទិត្យ ឬស្រីឥន្ទ្រទិត្យ ដែលជាបរមងារក្រោយពីពិធីរាជអភិសេករួច ។
លោកបណ្ឌិត មីសែ ត្រាណេ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទចៅចាន់នៅទីក្រុងស្រីសជ្ជនៈល័យស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ទៅទិសខាងជើងនៃទីក្រុងសុខោទ័យ ។ វត្ដនេះជាធម្មសាលាដែលជាស្នាព្រះហស្ដរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានក្លាយទៅជាវត្ដព្រះពុទ្ធសាសនានិកាយថេរវាទ ។ ធម្មសាលានេះស្ថិតនៅប្រមាណជា ៥០គីឡូម៉ែត្រ ពីប្រាសាទវត្ដផាយហ្លួង ឬផាយព្រះហ្លួង ។
ប្រាសាទវត្ដផាយព្រះហ្លួងដែលស្ថិតនៅប៉ែកខាងជើងសុខោទ័យ ត្រូវបានសាងសង់ឡើងនាសតវត្សរ៍ទី១២ ។ ប្រាង្គប្រាសាទនេះក៏ដូចជាស្ថាបត្យកម្មនាសម័យបាយ័នផ្សេងៗទៀត គឺមានទម្រង់ឬប្លង់មេដូចគ្នា ។
លោកបណ្ឌិតបានបញ្ជាក់ពីភាពរុងរឿងរបស់ខ្មែរនាសម័យនោះថា ការរីកចម្រើននៃវិស័យស្ថាបត្យកម្មប្រាសាទដែលបានសាងសង់ឡើងលើដែនដីនៃខេត្ដសុខោទ័យ ស្រីសជ្ជនៈល័យ ពុំមែនជាការចៃដន្យទេ តែគឺជាលទ្ធផលនៃភាពលូតលាស់ផ្នែកសេដ្ឋកិច្ចនិងអភិបាលកិច្ចល្អ ពោលគឺវឌ្ឍនភាពក្នុងសង្គមមួយដែលប្រកបដោយការគ្រប់គ្រងល្អ និងមានសីលធម៌ខ្ពង់ខ្ពស់ថ្លៃថ្នូរ ។
លោកបានបន្តទៀតថា រីឯប្រាង្គតាផ្ដែង (ផះតែង) វិញ គឺត្រូវបានស្ថាបនាដោយព្រះបាទជ័យវរ្ម័នទី៧ និងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីស្ទឹងយោមនៅភាគខាងជើងនៃតំបន់កណ្ដាលដែលវាលធំមួយ ដែលក្រោយមកក៏បានក្លាយទៅជាទឹកដីរបស់ទីក្រុងសុខោទ័យ ។
តាមរយៈវត្ដមានប្រាង្គប្រាសាទបុរាណខ្មែរ យើងអាចកត់សម្គាល់ឃើញថា មុនសតវត្សរ៍ទី១៣ នៃគ្រិស្ដសករាជ ជាពិសេសមុនពេលព្រះបាទជ័យវរ្ម័នទី៧ សោយទីវង្គត ព្រះរាជាណាចក្រកម្ពុជានៅរក្សាបានវឌ្ឍនភាព និងកិត្យានុភាពរបស់ខ្លួននៅឡើយ ដែលនេះជាហេតុផលនៃការសាងសង់ប្រាង្គប្រាសាទទាំងនោះបាន ។
សូមរំលឹកថា ព្រះចៅហ្វាមឿងបានប្រកាសឯករាជ្យភាពរបស់ខេត្ដខ្មែរបុរាណ គឺខេត្ដសុខោទ័យ ស្រីសជ្ជនៈល័យ នៅឆ្នាំ១២៣៨ នៃគ្រិស្ដសករាជ ។ រីឯព្រះមហាវីរក្សត្រខ្មែរគឺព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គសោយទីវង្គតនៅឆ្នាំ១២០១ គឺមុននេះបន្ដិច ពោលគឺពុំមែនក្នុងរជ្ជកាលរបស់ព្រះចៅហ្វាមឿង ឬព្រះបាទស្រីឥន្ទ្រទិត្យនោះទេ ៕
ប្រភពៈ សាលអាន ថ្ងៃទី ២៧/០៤/២០០៧ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ