របបរាជាខ្មែរដែលមានមរតកវប្បធម៌ឥណ្ឌាមានចំណាស់ជាង ២០០០ឆ្នាំ មកហើយ ហើយប្រជាជនខ្មែរចាប់ពីកកើតរដ្ឋ ឬប្រទេសរបស់ខ្លួនមក ពុំបានស្គាល់របបនយោបាយសមស្របណាមួយឲ្យបានយូរលង់ក្រៅពីរាជាធិបតេយ្យនេះ ដែលជាប្រភពនៃសុភមង្គល និងវឌ្ឍនភាពជាតិឡើយ ។ ដូចនេះព្រះសន្តតិវង្សខ្មែរមានអាយុស្មើនឹងប្រវត្ដិសាស្ដ្រនៃកម្ពុជា ។
ម្យ៉ាងវិញទៀត ព្រះរាជាខ្មែរតំណាងឲ្យបូរណភាព អធិបតេយ្យភាព និងនិរន្តរភាពនៃប្រទេសកម្ពុជាពោលគឺអត្ដសញ្ញាណជាតិខ្មែរទាំងមូល ហើយចាប់តាំងពីកកើតរដ្ឋមកមានព្រះរាជាខ្មែរសោយរាជ្យសម្បត្ដិទាំងអស់ប្រមាណជា ២៧ព្រះអង្គ ពោលគឺចាប់ពីឆ្នាំ៨០២ ដល់ឆ្នាំ១៣៥៣ នៃគ្រិស្ដសករាជ ។
លោកមីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្ដិសាស្ដ្រខ្មែរបានមានប្រសាសន៍ឲ្យដឹងថា តាមការស្រាវជ្រាវថ្មីៗអំពីប្រវត្ដិសាស្ដ្រនៃព្រះរាជាណាចក្រកម្ពុជានាសម័យមហានគរយើងដឹងថា យ៉ាងហោចណាស់មានព្រះរាជាខ្មែរសោយរាជ្យសម្បត្ដិទាំងអស់ ២៧ព្រះអង្គដែរ ហើយក្នុងបញ្ជីរាយនាមព្រះមហាក្សត្រទាំងនោះ មានព្រះបាទជ័យវរ្ម័នទី២ ព្រះបាទជ័យវរ្ម័នទី៣ ព្រះបាទឥន្ទ្រវរ្ម័នទី១ ព្រះបាទយសោវរ្ម័នទី១ ព្រះបាទហិសវរ្ម័នទី១ ព្រះបាទឥសានវរ្ម័នទី២ ព្រះបាទជ័យវរ្ម័នទី៤ ព្រះបាទស្រិវិជយសិង្ហវរ្ម័ន ព្រះបាទហិសវរ្ម័នទី២ ព្រះបាទរាជេន្ទ្រវរ្ម័ន ព្រះបាទជ័យវរ្ម័នទី៥ ព្រះបាទឧទយាទិត្យវរ្ម័នទី១ ព្រះបាទជយវីរវរ្ម័ន ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទឧទយាទិត្យវរ្ម័នទី២ ព្រះបាទហសិវរ្ម័នទី៣ ព្រះបាទជ័យវរ្ម័នទី៦ ព្រះបាទធរនិន្ទ្រវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ ព្រះបាទយសោវរ្ម័នទី២ ព្រះបាទត្រីភូវនាទិត្យវរ្ម័ន ព្រះបាទជ័យវរ្ម័នទី៧ ព្រះបាទឥន្ទ្រវរ្ម័នទី២ ព្រះបាទជ័យវរ្ម័នទី៨ ព្រះបាទស្រិន្ទ្រវរ្ម័ន ព្រះបាទស្រិន្ទ្រជ័យវរ្ម័ន និងព្រះបាទជ័យវរ្ម័នទី៩ ។
លោកមីសែល ត្រាណេ បានបន្តថា តាមការស្រាវជ្រាវ បញ្ជីស្ដេចដែលបានឡើងសោយរាជ្យក្នុងសម័យអង្គរខាងលើ យើងសង្កេតឃើញថា ការតាំងព្រះនាមព្រះរាជាខ្មែរមួយចំនួននៅមានសភាពច្របូកច្របល់ ហើយរហូតមកដល់សព្វថ្ងៃនេះ នៅពុំទាន់បានដោះស្រាយឲ្យដាច់ស្រេចនៅឡើយទេ ។ ឧទាហរណ៍ជាក់ស្ដែង គឺសម្រាប់ព្រះបាទជ័យវរ្ម័ន និងព្រះបាទសុរិយាវរ្ម័ន គឺជាស្ដេចតែមួយអង្គតែប៉ុណ្ណោះ ។ យ៉ាងណាមិញសម្រាប់ព្រះបាទស្រីជយសិង្ហវរ្ម័នវិញ ដែលមានរាជធានីនៅខេត្ដជ័យភូមិសព្វថ្ងៃ ស្ថិតនៅក្នុងបង្គោលសីមានៃព្រះរាជាណាចក្រថៃ ព្រះនាមរបស់ព្រះអង្គត្រូវបានគេផាត់ចោលចេញពីបញ្ជីស្ដេចខ្មែរដែរ ព្រោះគេយល់ថា ទ្រង់ជាស្ដេចនៃនគរចម្ប៉ាទៅវិញ ។
ប្រភពៈ សាលអាន ថ្ងៃទី ៣០ /០៤/២០០៧ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ