ប្រាសាទហ៊ិនភិម៉ាយកំពូលបី (ពីឆេ្វងទៅស្ដាំ) ១. ប្រាសាទកំពូលក្រហម ២. ប្រាង្គប្រធាន ៣. ប្រាង្គព្រហ្មទ័ត
តាមប្រវត្ដិសាស្ដ្រនាសម័យអង្គរ ខ្មែរយើងមិនត្រឹមតែមានវិសាលភាពទឹកដីដ៏ធំធេងនោះទេ ថែមទាំងមានកិត្ដិសព្ទល្បីរន្ទឺខ្ចរខ្ចាយសុសសាយ និងរុងរឿងអស្ចារ្យ ។ កត្ដាទាំងអស់នេះ បណ្ដាលមកពីព្រះមហាក្សត្រ អ្នកដឹកនាំ អ្នកមុខអ្នកការ មានគុណធម៌ សីលធម៌ខ្ពស់ក្នុងការដឹកនាំប្រជារាស្ដ្រ ។ ម្យ៉ាងវិញទៀត កត្ដាធម្មជាតិបានផ្ដល់នូវអំណោយផលល្អប្រសើរ រួមទាំងអាកាសធាតុ និងប្រជាពលរដ្ឋក៏ចេះមានអធ្យាស្រ័យយោគយល់ ចេះសាមគី្គគ្នាយ៉ាងស្អិតរមួតរឹតតែត្រូវបានជំរុញឲ្យវិស័យគ្រប់យ៉ាងមានការឈានទៅដល់ការរីកចម្រើនបំផុត ។
ដោយឡែកចំពោះវិស័យសាសនាក៏បានជួយជំរុញអប់រំឲ្យខ្មែរទាំងអស់មានជំនឿយ៉ាងមុតមាំរហូតឈានទៅរកការកសាងវត្ដអារាមទេវស្ថានច្រើនរាប់ពាន់កន្លែងក្នុងទឹកដីរបស់ខ្លួន ។ លោក រេត សាមុត បានលើកឡើងថា ប្រាសាទហ៊ិនភិម៉ាយជាប្រាសាទដ៏ធំបំផុតមួយក្នុងចំណោមប្រាសាទនានានៅក្នុងទឹកដីដែលដូនតារបស់យើងបានស្ថាបនាឡើងក្នុងអំឡុងទសវត្សរ៍ទី១១ នៃគ្រិស្តសករាជ ដែលកាលណោះខ្មែរយើងនៅមានទឹកដីគង់វង្សនៅឡើយ ។
ប្រាសាទនេះមានឈ្មោះល្បីល្បាញក្នុងចំណោមប្រាសាទទាំងអស់នៅប្រទេសថៃដែលខ្មែរបានសាងមក ។ ប្រាសាទហ៊ិនភិម៉ាយនេះនៅមានសម្រស់ត្រកុំត្រកាលហើយជាប្រាសាទដែលមានការទាក់ទាញភ្ញៀវបំផុត ហើយប្រាសាទនេះជាមជ្ឈមណ្ឌលកណ្ដាលនៃបណ្ដាផ្លូវគមនាគមន៍រវាងតំបន់ផ្សេងៗមកប្រសព្វគ្នា ។
ប្រាសាទហ៊ិនភិម៉ាយត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទសូរិយាវរ្ម័នទី១ អំឡុងសតវត្សទី១១ នៃគ្រិស្ដសករាជ ដើម្បីប្រកបធ្វើពិធីកម្មនៃសាសនាហិណ្ឌូ ។ នៅបរិវេណក្បែរនោះ មានស្រះទឹកដែលដូនតាបានជីកសម្រាប់ផ្ទុកទឹកប្រើប្រាស់ ដូចជា ស្រះស្រី (ថៃហៅស៊ី) និងស្រះព្រលឹង (ថៃហៅខ្វាន់) និងស្រះមួយទៀតគឺស្រះឆង់ម៉ែវជាដើម ។
លោក រេត សាមុត ជាមគ្គុទេសក៍ទេសចរណ៍ដែលបម្រើឲ្យផ្នែកភាសាថៃ ហើយលោកជាពិធីករនៃវិទ្យុមួយនៅសៀមរាប ។ កម្មវិធីរបស់លោកត្រូវបានប្រជាពលរដ្ឋឲ្យតម្លៃយ៉ាងខ្ពស់ ហើយមានប្រជាប្រិយបំផុតនៅខេត្ដសៀមរាប ។ លោកបានបន្តរៀបរាប់ទៀតថា ប្រាសាទហ៊ិនភិម៉ាយគឺកសាងនៅក្នុងទីក្រុងភិម៉ាយដែលជាក្រុងមួយដ៏ធំសម្រាប់តភ្ជាប់ជាមួយនឹងទីក្រុងអង្គរធំ ដោយយើងសង្កេតឃើញផ្លូវបុរាណ ស្ពានបុរាណ និងសាលាសំណាក់ជាច្រើនជាភស្ដុតាង ។
ប្រាសាទនេះមានលក្ខណៈមួយប្លែកពីប្រាសាទផ្សេងៗនៅក្នុងទឹកដីថៃដោយកសាងបែរមុខទៅទិសខាងត្បូងដោយមានអ្នកខ្លះយល់ថា ដើម្បីឲ្យចំផ្លូវដែលចាកចេញពីរាជធានីអង្គរធំ ហើយផ្លូវនេះមកផុតត្រឹមទីក្រុងភិម៉ាយនេះ ។ តែរឿងដែលគួរឲ្យចាប់អារម្មណ៍ទាំងនេះគឺរឿងរបស់ទិស ។ ក្នុងជំនឿនៃអ្នកកាន់ព្រះពុទ្ធសាសនាមហាយានគេយល់ថា ទិសខាងត្បូងជាទិសមួយដែលខ្មែរបុរាណគោរពដោយកំណត់ការដេកតម្រូវដាក់ក្បាលទៅខាងត្បូង (ត្បូង = ក្បាល) ។
ចំណែកទិសខាងជើងគឺជាទិសមួយសម្រាប់ដេកសណ្ដូកទៅរក ដូច្នេះទិសខាងជើងគឺជើងដែលដេកសណ្ដូកទៅរកនោះឯង ។ បើប្រកាន់បានដូចនេះនឹងធ្វើឲ្យសេចក្ដីសុខចម្រើនកើតឡើងជារៀងដរាប បើប្រសូតបុត្រ បុត្រនោះនឹងក្លាយជាអ្នកធំ មានទ្រព្យសម្បត្ដិហូរហៀរឥតខ្វះ… ។ល ។
លោក រេត សាមុត បានបន្តទៀតថា បើយើងចង់ទៅទស្សនាប្រាសាទភិម៉ាយនៅស្រុកថៃនោះ គេមិនហាមឃាត់អ្វីទេដោយយើងគ្រាន់តែចំណាយប្រាក់៤០បាតប៉ុណ្ណោះ ។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងស្រុកភិម៉ាយ ខេត្ដនគររាជសីមា ហើយពេលទស្សនាល្អបំផុតនៅម៉ោង៨ព្រឹក ៕
ប្រភពៈ សាលអាន ថ្ងៃទី ០២/០៥/២០០៧ (ដកស្រង់ពីកាសែតកម្ពុជាថ្មី)
Source: ប្រវត្ដិសាស្រ្ដ