Ultimate magazine theme for WordPress.

- Advertisement -

ប្រាសាទ​មឿងតាំ​នៅ​ស្រុក​ថៃ​សព្វថ្ងៃ​គឺជា​កេរតំណែល​របស់​ដូនតា​ខ្មែរ

0 8

មុំ​នៃ​គូ​ទឹក​របស់​ប្រាសាទ​មឿង​តាំ​ដែល​មាន​នាគ​ក្បាល​៥​ ជា​លក្ខណៈ​ពិសេស​នៃ​ប្រាសាទ​នេះ

សម្បត្ដិ​វប្បធម៌​កេរតំណែល​ដែល​បុព្វបុរស​ខ្មែរ​បាន​កសាង​ពី​សម័យ​អង្គរ​មិនមែន​មាននៅ​តែ​ក្នុង​ទឹកដី​ខ្មែរ​យើង​សព្វថ្ងៃ​ទេ​ តាម​ពិត​សម្បត្ដិ​ទាំងនោះ​ មាន​នៅ​យ៉ាងច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​សព្វថ្ងៃ ដូច​ជា​ប្រាសាទ​ភ្នំរុង​ ប្រាសាទ​ណូនកូ ប្រាសាទ​មឿងខែក ប្រាសាទ​ណងហង្ស ប្រាសាទ​កំផែងយ៉ៃ ប្រាសាទ​ស្រីខរៈភូមិ ប្រាសាទ​យាយង៉ៅ ប្រាសាទ​ហ៊ិនភិម៉ាយ ប្រាសាទ​ភ្នំវ៉ាន់​ ជាដើម ។ ដោយឡែក​ចំពោះ​ប្រាសាទ​មឿងតាំ ក៏​ជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​បាន​កសាង​នៅ​សម័យ​អង្គរ​ដែរ ។ ប្រាសាទ​នោះ​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ទី​២ ។​

តាម​សេចក្ដី​ឲ្យ​ដឹង​ពី​លោក​រេត សាមុត ពិធីករ​នៃ​វិទ្យុ​មួយ​នៅ​ខេត្តសៀមរាប ប្រាសាទ​មឿងតាំ​ស្ថិត​នៅ​តំបន់​ទំនាប​ក្បែរ​ភ្នំ​រុង​ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ប្រាសាទ​ភ្នំរុង​ដែរ ។ ជា​ស្នាដៃ​របស់​ស្ថាបត្យករ​លំដាប់​ខ្ពស់​ពី​ព្រះ​បរមរាជរាំង​ មាន​សម្រស់​មិន​ចាញ់​ប្រាសាទ​ភ្នំរុង​ទេ ។​

តាម​ការ​តំណាល​បាន​ឲ្យ​ដឹង​ថា កាលពីដើម​មាន​ព្រះមហាក្សត្រ​ដ៏​ធំធេង​មួយ​អង្គ​ព្រះ​នាម​ហិណ្ឌូស្ថាន បាន​បញ្ជូន​កងកម្លាំង​ និង​ជាង​ជំនាញៗ​ដើម្បី​ឲ្យ​មក​កសាង​ប្រាសាទ​ភ្នំរុង លុះ​កសាង​រួច​ចប់​សព្វគ្រប់​ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​សាង​កន្លែង​មួយ​ទៀត​នៅ​ឯ​ទី​រាប​ចង្កេះ​ភ្នំ​សម្រាប់​រាជបរិវា​របស់​ព្រះ​អង្គ​គឺ មឿងតាំ​នេះ​តែ​ម្ដង ។ ឈ្មោះ​នេះ​គឺ​អនុលោម​ទៅ​តាម​ការ​ហៅ​ថា​ «ក្រុង​ឬ​រាជធានី​ខាងក្រោម» ប្រហែលជា​ហៅ​ទៅ​តាម​ការ​ប្រៀបធៀប​រវាង​ «រាជធានី​ខាងលើ» ​ជាមួយ​ភ្នំ​រុង ។ ពាក្យ​ថៃ​ «មឿង» មាន​ន័យ​ថា​ រាជធានី ​«តាំ»​ ប្រែ​ថា​ទាប​ទំនាប​ឬ​វាលទំនាប ។​

- Advertisement -

ប្រាសាទ​មឿងតាំ ត្រូវ​បាន​កសាង​ក្នុង​សម័យ​ស្របគ្នា​ជាមួយ​ប្រាសាទ​ភ្នំរុង សម្រាប់​ធ្វើ​ជាទី​គោរព​សក្ការៈ​នៅ​ក្នុង​ព្រហ្មញ្ញ​សាសនា​ឧទ្ទិស​ដល់​ព្រះ​សិវៈ ។​ ប្រាសាទ​នេះ​កសាង​ពី​ឥដ្ឋ​មាន​កំពូល​៥​ នៅ​លើ​គ្រឹះ​តែ​មួយ ហើយ​ហ៊ុម​ព័ទ្ធ​ដោយ​កំពែង​២​ជាន់ ។ ក្បែរ​ប្រាសាទ​នេះ​ មាន​អាង​ទឹក​យ៉ាង​ធំ​ដែល​មានទឹក​ខួប​ប្រាំង​វស្សា​ ហើយ​ប្រជាពលរដ្ឋ​ថៃ​អាច​ប្រើប្រាស់​បាន​មក​ទល់​សព្វថ្ងៃ ។​

ប្រាសាទ​មឿងតាំ​ត្រូវ​បាន​កសាង​នៅ​អំឡុង​សតវត្ស​ទី​១០​ និង​ទី​១១​ នៃ​គ្រិស្ដសករាជ ។ សព្វថ្ងៃ​ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​គោកមឿង ស្រុក​ប្រាក់ខូនឆៃ ខេត្ដ​បុរីរ័ម ប្រទេស​ថៃ ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ០៧/០៥/២០០៧ (ដកស្រង់​ពី​កាសែត​កម្ពុជាថ្មី)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...