ពុទ្ធសាសនិកខ្មែរយ៉ាងច្រើនលើសលុបមានជំនឿមុតមាំចំពោះព្រះពុទ្ធសាសនា ហើយបានចំណាយទ្រព្យសម្បត្ដិ កម្លាំងកាយចិត្ដ ដើម្បីលើកស្ទួយវិស័យពុទ្ធចក្រឲ្យកាន់តែរីកចម្រើនរុងរឿងរហូតដល់សព្វថ្ងៃ ។ ទន្ទឹមនឹងនេះពុទ្ធបរិស័ទក៏បានចូលបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីរចនាផ្ទាំងគំនូរដែលទាក់ទិននឹងពុទ្ធប្រវត្ដិ ឆ្លុះបញ្ចាំងពីអំពើល្អ អំពើអាក្រក់តែងផ្ដល់ឲ្យអ្នកប្រព្រឹត្ដវិញក្នុងពេលបច្ចុប្បន្នជាតិ និងអនាគតជាតិ ។
ចាប់តាំងពីការបោះបង់ទីក្រុងអង្គរដោយព្រះបាទពញាយ៉ាតរួចមក ទាំងព្រះមហាក្សត្រនាម៉ឺនសព្វមុខមន្ដ្រី និងប្រជារាស្ដ្រគ្រប់ទិសទីបានងាកមកគោរពប្រកាន់ព្រះពុទ្ធសាសនា ហើយបានចំណាយទ្រព្យសម្បត្ដិយ៉ាងច្រើនសន្លឹកសន្ធាប់ដើម្បីកសាងវត្ដអារាមសម្រាប់ព្រះសង្ឃគង់នៅ និងជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទទៅធ្វើបុណ្យទានម្ដងៗ ។ ជាពិសេសនៅសម័យមុន វត្ដអារាមមានតួនាទីជាឃ្លាំងផ្ទុកនូវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណី ជាថ្នាលបណ្ដុះនូវពុទ្ធិដល់កូនចៅអ្នកស្រុកគ្រប់ទិសទីឲ្យទៅសិក្សារៀនសូត្រ ហើយរហូតមកដល់សព្វថ្ងៃ ព្រះពុទ្ធសាសនានៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស សីលធម៌ បញ្ញា ដោះស្រាយទំនាស់ដោយសន្ដិវិធី ។
ជាទូទៅវត្ដអារាមនៅទូទាំងប្រទេសបន្ទាប់ពីកសាងរួចរាល់ហើយ គេបានរចនាផ្ទាំងរូបភាពយ៉ាងល្អប្រណីតនៅតាមសាលាឆាន់ កុដិ និងព្រះវិហារ ផ្នែកជញ្ជាំង ពិដាន ដែលផ្ទាំងគំនូរទាំងនោះទាក់ទងទៅនឹងរឿងព្រះវេស្សន្តរ ការត្រាស់ដឹងរបស់ព្រះពុទ្ធ ការចូលនិព្វាន ជំនឿបុណ្យបាប ឋានលើ ឋាននរក រឿងរាមកេរ្ដិ៍ខ្មែរ… ។ ផ្ទាំងគំនូរដ៏ល្អវិសេសវិសាលនេះត្រូវបានវិចិត្រករពណ៌នាពីជំនឿសាសនាព្រះពុទ្ធក្នុងអារម្មណ៍របស់មនុស្សខ្មែរដែលគេគោរពប្រណិប័តន៍តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន ហើយសាសនាត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់វ័យយកធ្វើជាមធ្យោបាយសម្រាប់ដោះស្រាយពេលជួបទុក្ខលំបាកម្ដងៗ ដោយផ្អែកលើទស្សនៈកម្មផលជាធំ ។
តាមឯកសារជាច្រើនបានអះអាងថា នៅសម័យបុរាណបុព្វបុរសខ្មែរពេលសាងសង់ប្រាសាទ សាលាដំណាក់ វត្ដអារាមរួច គេច្រើនឆ្លាក់រឿងរ៉ាវផ្សេងៗជាប់នឹងជញ្ជាំង គឺពុំនិយមគូរគំនូរនោះទេ ប៉ុន្ដែគេស្រាវជ្រាវឃើញផ្ទាំងគំនូរនៅប្រាសាទព្រះគោ ខេត្ដសៀមរាប ដែលកសាងនៅសម័យមហានគរក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ (គ.ស៨៧៧-៨៨៩) និងប្រាសាទនាងខ្មៅ ខេត្ដតាកែវ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស៩២១-៩៤១) នាសតវត្សទី១០ សម័យមហានគរដែរ ។
លុះដល់សម័យក្រោយមកទៀត វិចិត្រករខ្មែរបានងាកមកគូរគំនូរដែលទាក់ទងនឹងរឿងពុទ្ធប្រវត្ដិ ជំនឿបុរាណ បាបបុណ្យច្រើនលើសលុប នៅតាមវត្ដអារាម ហើយផ្ទាំងគំនូរទាំងនេះត្រូវបានប្រជាពលរដ្ឋចូលបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។ ពុទ្ធបរិស័ទមានជំនឿថា ការរួមចំណែកគូរគំនូរនេះនឹងជួយឲ្យពួកគាត់ទទួលបានផល្លានិសង្សច្រើន រួចផុតពីកម្មពៀរទុក្ខទោសផងទាំងពួង ហើយជាតិក្រោយបានទៅកើតទីខ្ពង់ខ្ពស់មានយសស័ក្ដិ ទ្រព្យសម្បត្ដិហូរហៀរទៀតផង ។ លើសពីនេះទៅទៀត វិចិត្រករបានគូររូបព្រះបត់ជាផ្ទាំងតូចធំសម្រាប់មនុស្សគោរពបូជា និងទុកឲ្យពុទ្ធបរិស័ទតាមគ្រួសារនីមួយៗខ្ចីយកទៅធ្វើបុណ្យទានម្ដងៗ ។
ផ្ទាំងគំនូរដែលគេរចនាលម្អនៅតាមទីវត្ដអារាមនានានោះមានអត្ថន័យជ្រាលជ្រៅបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ឆ្លុះបញ្ចាំងទស្សនៈកម្មផល ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ជាពិសេសផ្នែកពុទ្ធប្រវត្ដិ ។ ជាមួយគ្នានោះដែរក៏បានឆ្លុះបញ្ចាំងអំពីទំនៀមទម្លាប់ប្រពៃណី សាសនា ជីវភាពរស់នៅ ផ្នត់គំនិតរបស់មនុស្សខ្មែរតាំងពីបុរាណរហូតដល់សព្វថ្ងៃ ក៏ដូចជាការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផ្នែកពុទ្ធចក្រ និងអាណាចក្រផងដែរ ៕
ប្រភពៈ សាលអាន ថ្ងៃទី ២៨/០៥/២០០៧ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ