Ultimate magazine theme for WordPress.

- Advertisement -

ទីលាន​ប្រជល់​ដំរី​សក្ខីភាព​នៃ​កម្លាំង​ទ័ព​ខ្មែរ

0 9

កំពែង​ទីលាន​ប្រជល់​ដំរី

អ្នកទេសចរ​គ្រាន់តែ​ចេញដំណើរ​ពី​ប្រាសាទ​បាយ័ន​សំដៅ​ទៅ​ទិស​ខាងជើង​តែ​មួយ​ភ្លែត ក៏​អាច​ទៅ​ដល់ទី​លាន​ប្រជល់​ដំរី​ដោយ​ស្រួល​ ដែល​ទីនោះ​ជា​វាលស្មៅ​មាន​ប្រាសាទ​១២​នៅ​ខាងកើត​ មាន​វេទិកា​បុរាណ​សាង​ពី​ថ្ម​រៀប​ជា​ថ្នាក់ៗ​សម្រាប់​មនុស្ស​អង្គុយ​ទស្សនាការ​ប្រជល់​ដំរី​ និង​មាន​រូបចម្លាក់​ដំរី​ទុកជា​ភស្ដុ​តាង​ស្រាប់ ។

នៅ​ក្នុង​បរិវេណ​ទីតាំង​នេះ មាន​ក្រោល​ដំរី​មួយ​ដែល​មាន​រៀបចំ​កំពែង​ថ្មបាយក្រៀម​ជា​រង្វង់​មូល​កម្ពស់​៣​ម៉ែត្រ​មាន​ផ្លូវ​ចូល​២​កន្លែង ដែល​ជា​កន្លែង​សម្រាប់​ផ្សាំង​ដំរី​ដែល​ទើបនឹង​ទាក់​បាន ។​

ខ្មែរ​បុរាណ​បាន​ហៅ​ក្រោល​ដំរី​ថា «ព្នៀត» នេះ​សម្រាប់​ក្រោល​ធម្មតា ដែល​ធ្វើ​ពី​ឈើ​ដូច​ក្រោលគោ​ តែបើ​ធ្វើ​ពី​ថ្ម​យ៉ាង​រឹង​មាំ​តាំងនៅ​កណ្ដាល​រាជធានី​បែប​នេះ​គេ​ហៅ​ថា «ខ្លោង​ព្នៀត» ​មាន​ន័យ​ថា​ជា​ក្រោល​សម្រាប់​ដាក់​ដំរី​ស្ដេច ឬ​ដំរី​មេទ័ព ។ ជា​ទូទៅ​កងទ័ព​ប្រកបដោយ​អង្គ​៤ ឬ​ហៅ​ថា «ចតុរង្គ» នោះ​ជា​រួម​មាន​កងទ័ព​ដំរី កងទ័ព​សេះ កងទ័ព​សំពៅ និង​កងទ័ព​ថ្មើរជើង ។​

ជា​រៀង​រាល់​ឆ្នាំ​ ស្ដេច​តែងតែ​ចេញ​ព្រះរាជ​បញ្ជា​ឲ្យ​រាជសេនាមាត្យ​ចេញ​ទាក់ដំរី​ព្រៃ​យក​មក​ផ្សាំង​សម្រាប់​ប្រើ​ក្នុង​ចម្បាំង​ ដោយ​បង្ហាត់​វា​ឲ្យ​ចេះ​លុតក្រាប ជាន់ ព្រេច​ បំបុក ជាដើម និង​តែងតែ​ជ្រើសរើស​យក​តែ​ដំរី​ណា​ដែល​ខ្លាំង​ជាងគេ (តាម​ការ​ប្រជល់) សម្រាប់​ធើ្វ​កងកម្លាំង​ជួរ​មុខ​ក្នុង​ឱកាស​ចូល​សមរភូមិ ។ ដំរី​ខ្លាំងៗ​សុទ្ធតែ​មានឈ្មោះ​ពិសេស ដែល​ស្ដេច​ប្រទាន​ឲ្យ​ដូច​ជា ឧត្ដម​កុញ្ជរ ពិជ័យ​កុញ្ជរ ជាដើម ។​

- Advertisement -

ចំណែក​មេ​ពល មេ​ពាន់ មេ​រយ ដែល​កាន់​កងទ័ព​ដំរី សុទ្ធតែ​មាន​គោរមងារ​ពិសេស​ដូច​ជា ហ្លួង​ពិជ័យ​កុញ្ជរ ឧកញ៉ា​ពិជ័យ​គជេន្ទ្រ​ ជាដើម ។ ជា​រៀង​រាល់​ឆ្នាំ​ ស្ដេច​តែងតែ​ប្រកាស​ឲ្យ​បើក​ពិធី​ប្រជល់​ដំរី ទស្សនា​កម្សាន្ត​ដែល​មាន​ការ​ចូលរួម​ពី​ដំរី​មក​ពី​ខេត្ដ​ស្រុក​នានា ក៏​ដូច​ជា​ដំរី​ព្រះរាជ​ទ្រព្យ​ ហើយ​ដំរី​ណា​ខ្លាំង​ជាងគេ ត្រូវ​បាន​ទទួល​រង្វាន់​ (របប​ដំរី មាន​ចេក អំពៅ​ជាដើម) និង​ទទួល​បាន​បុណ្យស័ក្តិ​ដាក់​បញ្ចូល​ក្នុង​បញ្ជីរាយនាម​ដំរី​ព្រះរាជ​ទ្រព្យ ។ ជួនកាល​ស្ដេច​ឲ្យ​ប្រើ​ព្រះរាជ​ស័ព្ទ និង​ពាក្យ​ផ្ទុំ យាង​ជាដើម ។​

តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​ចារ​ទុក​ថា ខ្មែរ​និង​លាវ ធ្លាប់​ប្រជល់​ដំរី​ដាក់​នគរ​ម្ដង​ក្នុង​រជ្ជកាល​ព្រះបាទ​បរមរាជា​ទី​៤ (១៥៦៦-១៥៧៦) ។ កាលនោះ​ដំរី​ខ្មែរ​មាន​កម្ពស់​៣,៥០​ម៉ែត្រ ឯ​ដំរី​លាវ​កម្ពស់​៤​ម៉ែត្រ ប៉ុន្ដែ​ដំរី​លាវ​ចាញ់​ដំរី​ខ្មែរ ដែល​តម្រូវ​ឲ្យ​លាវ​នាំ​សួយសារអាករ​មក​ថ្វាយ​ស្ដេច​ខ្មែរ ។ ប៉ុន្ដែ​ស្ដេច​លាវ​មិន​សុខចិត្ដ ក៏​លើកទ័ព​មក​ច្បាំង​ ហើយ​ចាញ់​ខ្មែរ​ទៀត និង​ត្រូវ​បាន​ខ្មែរ​ចាប់​បាន​ឈ្លើយ​លាវ​មួយ​ចំនួន​ធំ មាន​ទាក់ទង​នឹង​ប្រវត្ដិសាស្ដ្រ​ «លាវ​បាក់​ទូក» ព្រោះ​ស្ដេច​ខ្មែរ​បាន​ឃាត់​ឈ្លើយ​ទាំងនោះ​ឲ្យ​នៅ​ថែរក្សា​វត្ដ​ភ្នំ​ដូនពេញ ឲ្យ​តាំង​លំនៅ​ក្នុងភូមិ​ក្បែរ​នោះ ​(ត្រង់​វិទ្យាល័យ​បាក់​ទូក​សព្វថ្ងៃ) ។​

ចំពោះ​ទីលាន​ប្រជល់​ដំរី​នៅ​ក្រុង​អង្គរធំ​ ពិតជា​សក្ខីភាព​នៃ​ថាមពល​ដ៏​សម្បើម​របស់​កម្លាំង​ចក្រភព​ខ្មែរ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដោយ​បាន​ពង្រីក​ទឹកដី​ទៅ​ទិស​ខាងជើង រហូត​ដល់​នគរ​ណានឆាវ ទៅ​លិច​ដល់​ទន្លេ​សាលូអង់ (ភូមា) ទៅ​ត្បូង​ដល់​នគរ​ស្រីធម្មរាជ​ (ម៉ាឡេស៊ី) ទៅ​កើត​ធ្លាយ​ដល់​សមុទ្រ​ចិន ។ ទោះបី​បច្ចុប្បន្ន​អ្វីៗ​បាន​ប្រែប្រួល​អស់​ ក៏​ទី​លានជល់ដំរី​នៅ​តែ​មិន​រលុបរលាយ​ទៅ​ណា​ទេ និង​នៅ​តែ​រក្សា​ទុក​កេរដំណែល​ប្រវត្ដិសាស្ដ្រ​ដែល​កូន​ខ្មែរ​មិន​អាច​បំភ្លេច​បាន​ឡើយ ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ២៥/០៥/២០០៧​ (ដកស្រង់​ពី​ទស្សនាវដ្ដី​អង្គរធំ)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...