រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ គ្មានព្រះហស្ដនៅសារមន្ទីរជាតិសព្វថ្ងៃ
ផ្ទាំងសិលាចារឹកដ៏ធំមួយនៃប្រាសាទព្រះខ័ន ស្ថិតនៅក្នុងខេត្ដសៀមរាបអង្គរ អតីតទីក្រុងខ្មែរមហាអស្ចារ្យរុងរឿង ត្រូវបានរកឃើញដោយលោក គ្លែស្សី ហើយបោះពុម្ពដោយលោក ហ្សក សឺដេស ជនជាតិបារាំង កាលពីឆ្នាំ១៩៤១ ។
ការផ្សព្វផ្សាយនូវទិន្នន័យដ៏សំខាន់បំផុតពាក់ព័ន្ធទៅនឹងព្រះរាជជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រនៅសម័យមហានគរ ។ មតិមហាជនខ្មែរមួយចំនួនមិនទាន់បានជ្រាបអំពីព័ត៌មានចម្បងទាំងនេះឲ្យបានច្បាស់លាស់នៅឡើយទេ ។ ប៉ុន្ដែអ្នកឯកទេសខាងប្រវត្ដិសាស្ដ្រកម្ពុជាបានលើកយកមកបកប្រែក្រៅផ្លូវការជូនជនរួមជាតិខ្មែរ ទុកជាការចេះដឹងទូទៅខាងប្រវត្ដិសាស្ដ្រមួយកម្រិតទៀត ។
គួររំលឹកផងដែរថា សិលាចារឹកនេះ (គ-៩០៨) មានចារជាអក្សរទាំងអស់ចំនួន ១១១គាថា ។ បណ្ឌិតបុរាណវិទូខ្មែរលោក មីសែល ត្រាណេ បានលើកឡើងថា ១៨គាថាដើមនៃសិលាចារឹកនេះមានលក្ខណៈដូចគ្នាបេះបិទទៅនឹងខ្លឹមសារនៃសិលាចារឹកប្រាសាទតាព្រហ្ម ។ លោកបណ្ឌិតបានធ្វើការបកប្រែនូវគាថាមួយចំនួន ជាពិសេសគាថាជីវប្រវត្ដិរបស់ព្រះបាទជ័យវរ្ម័នទី៧ដូចតទៅនេះ ៖
ជាព្រះរាជាមួយព្រះអង្គដែលត្រូវបានព្រះរាជាទាំងពួងនៃដែនដី ដែលនៅដៃមានកាន់យ៉ាងណែន មនុស្សគោរពសក្ការៈ ។ ព្រះអង្គជាគតិបណ្ឌិតដ៏ឆ្នើមក្នុងចំណោមគតិបណ្ឌិតផងទាំងឡាយ ជាព្រះរាជបុត្រារបស់ព្រះរាជាព្រះបាទស្រុតវរ្ម័ន និងព្រះបាទស្រីស្រេស្ថវរ្ម័ន ជាមនុស្សល្អប្រពៃតាមរយៈព្រះសម្មិទ្ធិដ៏រុងរឿងថ្កើងថ្កាន ជាប្រភពនៃវង្សក្សត្រដ៏បរិសុទ្ធ (គាថា៦) ។
ព្រះអង្គជាព្រះអាទិត្យនៅលើមេឃា ដែលជាវង្សត្រកូលកម្ពុជាដែលបានប្រសូតឡើងនៅលើភ្នំខាងកើតនៃជយាទិត្យបុរៈ ។ ព្រះអង្គបានដាស់បេះដូង ផ្កាឈូកនៃសព្វសត្វលោក ជាឃ្លាំងនៃភាពត្រចះត្រចង់ ជាអធិរាជនៃស្រេស្ថបុរៈ (គាថា៧) ។
ប្រសូតឡើងក្នុងមហានគរនៃគ្រួសារខាងព្រះមាតាដែលព្រះចន្ទចែងចាំងនូវកាំរស្មីព្រះកិត្ដនាមល្អប្រពៃឥតខ្ចោះភ្លឺថ្លាដូចព្រះនាងលក្ម្សី ព្រះនាងបាននាំមុខកំពូលស្ដ្រីទាំងឡាយ (គឺព្រះរាជិនី) កម្ពុជរាជលក្ម្សី (គាថា៨) ។
ស្វាមីនៃដែនដីឯភវបុរៈ ព្រះបាទភវរ្ម័នទេវៈ ប្រកបដោយសម្រស់ដ៏ភ្លឺថ្លា ដែលនាំមកនូវមន្តស្នេហ៍ចំពោះព្រះរាជនគររបស់ទ្រង់ ។ ពោរពេញទៅដោយទេពកោសល្យជាប្រភពកំណើតនៃរាជវង្សានុវង្សដូចអ្នកដែលបានប្រកបដោយកាំរស្មីអមតៈព្រះអង្គបានសម្រាលនូវភាពឈឺចុកចាប់របស់ប្រជានុរាស្ដ្ររបស់ទ្រង់ (គាថា៩) ។
អ្នកដែលមានអាកប្បកិរិយាល្អ ភាពល្បីល្បាញវីរភាពដែលគេមិនអាចស្ដីបន្ទោសអ្វីៗទាំងអស់បានឡើយ ហើយទ្រង់បានប្រសូតក្នុងត្រកូលរបស់អ្នកនោះ ព្រមទាំងបានបង្កើតនូវកិច្ចការសម្រាប់មនុស្សគ្រប់មជ្ឈដ្ឋាន ព្រះបាទស្រីហស៌វរ្ម័ន ជាអ្នកបំផ្លាញសេចក្ដីរីករាយរបស់សត្រូវក្នុងចម្បាំង ហើយមានព្រះរាជសកម្មភាពដ៏ថ្លៃថ្លាដែលបានផ្សព្វផ្សាយចេញពីវាចារគ្រប់ទិសទី (គាថា១០) ។
តាមរយៈព្រះមហាក្សត្រ និងព្រះរាជមហេសីនេះ ព្រះនាងស្រីជ័យរាជចូឌាមនី បានមានកំណើតឡើង… ប្រៀបទៅនឹងធាត្រីដែលបង្កើតឡើងដោយភាពរឹងប៉ឹងដូចកមលា ដោយសោភ័ណភាពដូចអរុណឆតី ដោយកប្បកិរិយាដែលមិនអាចស្ដីបន្ទោសបានឡើយ ដូចបៃត្រីដែលបានចាប់កំណើតដោយសប្បុរសធម៌ (គាថា១១-១២) ។
បានសោយរាជសម្បត្ដិនៅឯស្រីមន្តយសោធរបុរៈ ព្រះមហាក្សត្រជ័យវរ្ម័នទេវៈ ក្រោយពីផ្ចាញ់លោកនៃពួកសត្រូវព្រះអង្គបានបោះបង្គោលរហូតដល់សមុទ្រ បង្គោលនៃជ័យជំនះគ្រប់ទិសទីព្រះអង្គ និងបុព្វការីជនប្រថាប់នៅឯមហិធរបុរៈ (គាថាទី១៣) ។
ព្រះរាជបុត្រីរបស់ព្រះបាទស្រីហស៌វរ្ម័ន បានឲ្យកំណើតទៅមហាបុរសមួយរូបគឺ ព្រះបាទជ័យវរ្ម័នទី៧ ប្រកបដោយថាមពលចែងចាំងដូចភ្លើងក្រហមឆ្អៅ ប្រៀបដូចទៅនឹងព្រះនាងអទិតិ ដែលបានធ្វើឲ្យព្រាហ៌្មសីក្លាយទៅជាស្ដេចនៃពពួកទេវតាដែលដោយសារការប្រណិប័តន៍ដ៏ល្អប្រពៃដើម្បីការពារដែនដីបានសម្លាប់ពួកមេទ័ពបច្ចាមិត្ដ (គាថា១៨) ។
រួមសេចក្ដីមក គ្មានអ្វីសង្ស័យឡើយ ព្រះបាទជ័យវរ្ម័នទី៧ ពិតជាវង្សមហាក្សត្រាខ្មែរយ៉ាងពិតប្រាកដដែលបានតពូជពង្សពីព្រះមហាវីរក្សត្រនាសម័យនគរភ្នំ និងចេនឡាដ៏មានមហិទ្ធិឫទិ្ធគួរឲ្យស្ញប់ស្ញែង ហើយព្រះអង្គក៏ជាមហាបុរសរដ្ឋដែលបានការពាដែនដីខ្មែរយើង ដោយមានការលះបង់ខ្ពស់រកអ្វីប្រៀបពុំបានឡើយ ៕
ប្រភពៈ សាលអាន ថ្ងៃទី ០៤/០៦/២០០៧ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ