ល្បែងប្រជាប្រិយវាយបែលរបស់ជនជាតិកួយ
វាយកួយ ត្រូវបានគេចាត់ទុកថា ជាល្បែងកម្សាន្តកីឡាមួយប្រភេទដែលមានកំណើតឡើងអស់រយៈពេលដ៏យូរលង់ណាស់មកហើយនៅក្នុងទឹកដីនៃភូមិអន្លង់ព្រៃ ឃុំអន្លង់ភេ ស្រុកថាឡាបរិវាត់ ខេត្ដស្ទឹងត្រែង ។
លោក សម សាឯម ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដស្ទឹងត្រែង បានមានប្រសាសន៍ឲ្យដឹងថា ល្បែងកម្សាន្តវាយកួយ គេអាចហៅថា វាយខែល ក៏បាន ។ ល្បែងកម្សាន្តនេះមានកំណើតឡើងអស់រយៈកាលដ៏យូរលង់ណាស់មកហើយ ដែលកើតចេញពីប្រពៃណីកម្សាន្តរបស់ជនជាតិភាគតិច កួយ រស់នៅក្នុងទឹកដីនៃខេត្ដស្ទឹងត្រែង ។ ល្បែងកម្សាន្តនេះរហូតមកដល់សព្វថ្ងៃនៅតែទទួលការពេញនិយមលេងកំសាន្តពីសំណាក់ប្រជាជនដែលរស់នៅជុំវិញតំបន់ទីរមណីយដ្ឋានវប្បធម៌ប្រាសាទព្រះគោរបស់ខេត្ដស្ទឹងត្រែង ពិសេសគឺនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឬបុណ្យប្រាសាទព្រះគោដែលគេធ្វើឡើងជារៀងរាល់ឆ្នាំ ។
លោក សម សាឯម បានបន្តឲ្យដឹងថា ល្បែងកម្សាន្តវាយកួយត្រូវបានគេចាត់ទុកដូចជាកីឡាមួយប្រភេទផងដែរដែលគេនិយមលេងកម្សាន្តបំផុតនៅមុខប្រាសាទព្រះគោ ។ ឧបករណ៍សម្រាប់លេងល្បែងកម្សាន្តនេះក្នុងឯកសារទឹកដីវប្បធម៌ខេត្ដស្ទឹងត្រែងបានឲ្យដឹងថា មានខែលអំពីឫស្សីត្បាញដូចឈ្នាង អង្រុតត្រីមានស្លឹកខ្ជែងគ្របពីលើ ។ រំពាត់ដែលគេយកផ្ដៅសឹង ឬវល្លិអន្ទងសម្រាប់វាយគ្នាចុះឡើង ។ សំលៀកបំពាក់អ្នកកីឡាគឺគេស្លៀកពាក់តាមធម្មតាក្នុងបច្ចុប្បន្ន ក៏ប៉ុន្ដែពីដើមគេប្រើសម្លៀកបំពាក់បែបជនជាតិភាគតិចកួយ ។ ការលេងល្បែងកម្សាន្តវាយកួយ ក៏មានក្រុមភ្លេងដែលមានគ្នា ៤នាក់ (អ្នកវាយស្គរ២នាក់ អ្នកផ្លុំសាឡៃម្នាក់ និងអ្នកច្រៀងម្នាក់) លេងកំដរផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់បទចម្រៀងដែលគេនិយមលើកយកមកច្រៀងកំដរការលេងកីឡាវាយកួយ គឺគេប្រើភាសាជនជាតិកួយ ដែលរៀបរាប់ពីព្រៃភ្នំក្រំថ្មជ្រលងដងអូរ ដើម្បីដាស់សតិអ្នកវាយ និងអ្នកមើលឲ្យមានភាពរន្ធត់តក់ស្លុត ។
នៅមុនពេលលេងល្បែងកម្សាន្តវាយកួយ គេមានរៀបពិធីថ្វាយគ្រូដែលកីឡាករអាចរាំពត់ពេនបង្អួតដាក់គ្នាក្នុងរយៈពេលប្រហែល៥នាទីរួចទើបចូលវាយប្រកួតគ្នា ។ ក្រោយការរៀបចំពិធីថ្វាយគ្រូ កីឡាករត្រូវបរិភោគប្រទាលម្យ៉ាងឈ្មោះប្រទាលគង់ក្នុងរយៈពេល១០នាទី ទើបចូលវាយគ្នាដោយមានអាជ្ញាកណ្ដាលម្នាក់ជាអ្នកកំណត់ឈ្នះចាញ់ និងធ្វើការសម្របសម្រួល ។
គេអាចកំណត់អ្នកឈ្នះបានដោយពិនិត្យមើលអ្នកដែលវាយវាត់ទៅលើគូប្រកួតបានច្រើនដង ហើយចំត្រូវចំណុចល្អៗ ដូចជា វាយចំមុខជាដើម ។ ចំពោះរយៈពេលនៃការប្រកួតនីមួយៗ គឺមានរយៈពេល ៥ទៅ១០នាទី ឬក៏ដល់កីឡាករហត់តែម្ដង ៕
ប្រភពៈ សាលអាន ថ្ងៃទី ៣០/០៥/២០០៧ (ដកស្រង់ពីកាសែតកម្ពុជាថី្ម)
Source: ប្រវត្ដិសាស្រ្ដ