តាមសិលាចារឹកប្រាសាទពិមាយ និងប្រាសាទព្រះខ័ន ដែលមានខ្លឹមសារដូចគ្នា មានការរៀបរាប់ថា «ដើម្បីដោះស្រាយទុក្ខវេទនារបស់ប្រជារាស្ដ្រ ព្រះបាទជ័យវរ្ម័នទី៧ បានកសាងនូវចម្លាក់ព្រះគោនន្ទិន ប្រយោជន៍នឹងនាំនូវទុក្ខភ័យទាំងនោះយកទៅបោះបង់ចោលនៅក្រៅចក្រវាល…» ។ ម្យ៉ាងវិញទៀត ព្រះមហាក្សត្រខ្មែរអង្គនេះបានចាត់ទុកថា សេចក្ដីទុក្ខវេទនារបស់ប្រជានុរាស្ដ្រគឺជាសេចក្ដីទុក្ខវេទនារបស់យុគនៃដំណាក់កាលរបស់ព្រះអង្គ ធ្វើឲ្យព្រះអង្គមានការឈឺចាប់ជាងប្រជារាស្ដ្រទៅទៀត ដែលបានទទួលនូវទុក្ខលំបាកទាំងនោះ ។
លោក មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្ដិសាស្ដ្រ បានឲ្យដឹងថា តាមរយៈសិលាចារឹកមួយចំនួនបានឲ្យដឹងថា ព្រះរាជាខ្មែរមានភារកិច្ចត្រូវរំដោះទុក្ខរបស់ប្រជានុរាស្ដ្រពីយុគនេះ តាមរយៈការសាងសង់នូវព្រះវេសជ្ជគរុ និងអរោគសាលា សម្រាប់ព្យាបាលរោគខាងផ្លូវចិត្ដ និងផ្លូវកាយរបស់មនុស្សទាំងពួងក្នុងព្រះរាជនគរ ។
លោកបណ្ឌិតមីសែល ត្រាណេ បានបន្តថា ឆ្លងកាត់តាមទិន្នន័យនេះយើងអាចសន្និដ្ឋានបានយ៉ាងត្រឹមត្រូវថា តួនាទីរបស់ព្រះរាជាខ្មែរបុរាណ គឺការនាំប្រជារាស្ដ្រខ្មែរទៅកាន់ត្រើយនៃសុភមង្គល តាមរយៈសមិទ្ធផលសង្គមនានា ។ មនសិការខាងលើនេះហើយដែលធ្វើឲ្យប្រជាជាតិខ្មែរចាត់ទុកព្រះអង្គជាអង្គព្រះមហាក្សត្រខ្មែរ ជាម្ចាស់ជីវិតតម្កល់លើត្បូង គួរជាទីគោរពសក្ការៈ ។ រីឯការប្រៀបធៀបបុគ្គលជាធូលីជើងរបស់ព្រះមហាក្សត្រក៏ស្ថិតក្នុងចក្ខុវិស័យនេះដែរ ។ ក៏ប៉ុន្ដែដើម្បីក្លាយទៅជាព្រះមហាក្សត្រដ៏ល្អ ទ្រង់ត្រូវប្រកាន់ខ្ជាប់នូវវិន័យក្រឹត្យក្រមយ៉ាងត្រឹមត្រូវ ពោលគឺការដឹកនាំស្រុកទេសរបស់ព្រះអង្គត្រូវប្រកបដោយទសពិធរាជធម៌ ។ បើពុំដូច្នេះទេ ប្រទេសជាតិនឹងកើតនូវវិនាសកម្មគ្រប់បែបយ៉ាង ដូចជាភាពវឹកវរអត់បាយក្រហាយទឹកជាដើម ។
អ្នកឯកទេសរូបនេះបានបន្ថែមថា ខាងលើនេះគឺជាទស្សនៈរបស់ប្រជាជនចំពោះព្រះមហាក្សត្រខ្មែរបុរាណដែលអាចឆ្លុះបញ្ចាំងបានតាមរយៈវិស័យអក្សរសាស្ដ្រខ្មែរ ។ ដោយសារគុណសម្បត្ដិដ៏វិសេសវិសាលទាំងនេះហើយ បានជាប្រជានុរាស្ដ្រគ្រប់ជាន់ថ្នាក់ស្រឡាញ់ព្រះមហាក្សត្រខ្មែរនាសម័យបុរាណ ។ ម្យ៉ាងវិញទៀត ព្រះអង្គក៏ជាអ្នកតំណាងខាងទំនុកបម្រុងនូវទូទាំងប្រទេសផងដែរ ។ ពីព្រោះសាសនារបស់ព្រះមហាក្សត្រក៏ជាសាសនារបស់ប្រជានុរាស្ដ្រគ្រប់មជ្ឈដ្ឋានផងដែរ ។ គុណសម្បត្ដិដ៏វិសេសវិសាលមួយទៀតរបស់ព្រះមហាក្សត្រអង្គនេះ ដែលយើងចាប់អារម្មណ៍ គឺការបណ្ដុះបណ្ដាលនូវនយោបាយមិនប្រឆាំងគ្នា អត់ឱនគ្នាទៅវិញទៅមក លះបង់ការបៀតបៀនគ្នាខាងសាសនា ដែលឆ្លុះបញ្ចាំងតាមរយៈសិល្បៈ និងទំនៀមទម្លាប់ប្រពៃណីក្នុងរជ្ជកាលរបស់ព្រះអង្គ ។
លោកមីសែល ត្រាណេបានឲ្យដឹងថា តាមបដិមាសាស្ដ្រនៅប្រាសាទបាយ័ន និងបន្ទាយឆ្មារ បង្ហាញឲ្យយើងឃើញនូវភាពសំយោគនៃជំនឿសាសនាដែលព្រះអង្គបានប្រតិបត្ដិ ប្រារឰប្រយោជន៍ និងបង្រួបបង្រួមជាតិ ។ ភាពស្ងប់ស្ងាត់ និងមមាញឹកស៊ីជម្រៅនៃចម្លាក់ព្រះពុទ្ធអង្គប្រក់នាគក្នុងរជ្ជកាលរបស់ទ្រង់ដែលគេបានជួបប្រទះនៅប្រាង្គកណ្ដាលនៃប្រាសាទបាយ័ននៅឆ្នាំ១៩៣៣ បានបង្ហាញនូវបំណងពិសិដ្ឋឧត្ដមគតិថ្លៃថ្លារបស់ទស្សនវិជ្ជាខាងលើនេះ ដែលបុព្វបុរសខ្មែរបានអនុវត្ដក្នុងអតីតកាលដ៏មហារុងរឿងថ្កើងថ្កាន ។
លោកបានបញ្ជាក់ឲ្យដឹងថា ដើម្បីបញ្ចៀសនូវរាល់វិវាទផ្នែកនយោបាយ ព្រះមហាក្សត្រខ្មែរដែលប្រកបដោយឧត្ដមគតិដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដមមានគោលជំហរនយោបាយច្បាស់លាស់ ដោយព្រះអង្គបានចាប់បញ្ចូលលទ្ធិព្រះពុទ្ធសាសនាក្នុងព្រហ្មញ្ញសាសនា ។ ដូច្នេះហើយ ក្នុងសម័យមហានគរប្រជាអនុរាស្ដ្រទូទាំងប្រទេសព្រមៗគ្នាគោរពសាសនាទាំងពីរខាងលើនេះ ដោយឡែកព្រះពុទ្ធសាសនានិកាវជ្រយាន ។ ប្រហែលជាដោយហេតុផលខាងលើនេះទើបព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នត្រាស់បង្គាប់បញ្ជាឲ្យសិល្បករខ្មែរឆ្លាក់រូបព្រះពោធិសត្វអវលោកេស្វរៈ ដែលមានមុខ៤ ។ ទន្ទឹមនឹងនេះក៏តំណាងឲ្យព្រះព្រហ្មផងដែរ តាមរយៈមនោមយិទ្ធិរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលកាន់លទ្ធិព្រះពុទ្ធសាសនានិកាយមហាយានធ្វើជាសាសនារដ្ឋ ហើយដែលជាត្រីវិស័យសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិប្រហែលជាព្រះអង្គសព្វព្រះទ័យប្រាថ្នាសម្ដែងនូវព្រហ្មវិហារធម៌ទាំង៤របស់ព្រះសម្មាសម្ពុទ្ធ គឺមេត្ដា ករុណា មុទិតា និងឧបេក្ខា ដែលជាបន្ទាត់នយោបាយមូលដ្ឋានរបស់ព្រះមហាក្សត្រខ្មែរដែលត្រូវប្រកាន់ខ្ជាប់នៅក្នុងនគរ ដើម្បីសន្ដិសុខ សេចក្ដីចម្រើនរបស់ប្រជានុរាស្ដ្រ សព្វនាម៉ឺនមុខមន្ដ្រី ដែលជាកូនចៅ ឬជាមហាគ្រួសារតែមួយ ។
បញ្ជាក់ពីលើនេះទៀត លោកបានឲ្យដឹងថា កាលបើយើងពិនិត្យ ឬគយគន់ព្រះភក្ដ្រទាំងនោះនៃព្រះពោធិសត្វអវលោកេស្វរៈ ដែលតំណាងឲ្យព្រះព្រហ្មផងដែរនោះ ពុទ្ធសាសនិកជនគ្រប់សញ្ជាតិគ្រប់ជាន់ថ្នាក់មានអារម្មណ៍ថា ខ្លួនផុតពីត្រើយទុក្ខទៅហើយ ។ ម្យ៉ាងវិញទៀត ចម្លាក់ព្រះពោធិសត្វរបស់យើង ក៏ជាប្រផ្នូលនៃការប្រទាននូវពរជ័យ និងសិរីមង្គលឲ្យមនុស្សជាតិគ្រប់រូបនាសម័យនោះ ។
សូមកុំភ្លេចថា ទីក្រុងអង្គរធំដែលមានប្រាសាទបាយ័នជាផ្ចិតនៃនគរ គឺជាមណ្ឌលបូជនីយទេសចរណ៍ដ៏សំខាន់បំផុតក្នុងភូមិភាគអាស៊ីអាគេ្នយ៍នេះ ។ ក្នុងន័យនេះហើយដែលសាសនិកជនបានបន្សល់ទុកនូវស្លាកស្នាមនៃទស្សនកិច្ចរបស់គេជាសិលាចារឹកសរសេរជាភាសាអារ៉ាប់ ភូមា និងជប៉ុនជាដើម ៕
ប្រភពៈ សាលអាន ថ្ងៃទី ១១/០៦/០៧ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ