Ultimate magazine theme for WordPress.

- Advertisement -

ប្រភព​ឥណ្ឌូ-ស៊ីត​នៃ​មួក​កំណាត់​ព្រះ​វិស្ណុ​ខ្មែរ

0 9

យោង​តាម​អ្នកប្រវត្ដិសាស្ដ្រ​ខ្មែរ​បាន​លើកយក​ទំព័រ​ប្រវត្តិ​អតីត​ព្រះរាជ​វង្ស​ឆិន និង​លាង​ឲ្យ​ដឹង​ថា នា​ដើម​សតវត្សរ៍​ទី​៤​ នៃ​គ.ស​ អាណាចក្រ​នគរ​ភ្នំ​បាន​ទទួល​នូវ​ឥណ្ឌូនូបនីយកម្ម​លើក​ទី​២ ដោយសារ​វត្ដមាន​របស់​ព្រះមហាក្សត្រ​ឥណ្ឌា​ថ្មី​មួយ​ព្រះ​អង្គ ដែល​មាន​សែស្រឡាយ​ជាមួយ​ជនជាតិ​អ៊ីរ៉ាន មក​សោយរាជ្យ​នៅ​នគរ​ភ្នំ ។ ស្ដេច​អង្គ​នេះ​ដែល​មាន​ព្រះ​នាម​ថា ចានតាន​ (Chan tan) ក្នុង​រាជវង្ស​កូសាន (Kushan) បាន​ឡើង​សោយរាជ្យ​សម្បត្ដិ​នៅ​នគរ​ភ្នំ​នៅ​ដើមខែ​នៃ​ឆ្នាំ​៣៥៧ ​គ្រិស្ដសករាជ ។​

លក្ខណៈ​ពិសេស​របស់​វប្បធម៌​ខ្មែរ​នា​សម័យ​នោះ ត្រូវ​បាន​លោក​បណ្ឌិត​ មីសែល ត្រាណេ អ្នកជំនាញ​ខាង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​បាន​លើក​ឡើង​ថា ខ្មែរ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​វប្បធម៌​ឥណ្ឌូ-ស៊ីត​អ៊ីរ៉ាន ។ វត្ដមាន​របស់​វត្ថុ​សិល្បៈ​មួយ​ចំនួន​មាន​ជា​ភស្ដុ​តាង​ស្រាប់ ។​ តាម​ពិត​ទៅ​ទំនាក់ទំនង​រវាង​ខ្មែរ​និង​ឥណ្ឌូ-ស៊ីត ដែល​ធ្លាប់​មាន​នៅ​ក្នុង​រជ្ជកាល​ព្រះមហាក្សត្រ​ហ្វាន ឆេម៉ាន នា​សតវត្សរ៍​ទី​២ ​នៃ​ប្រទេស​នគរ​ភ្នំ​ ដែល​មាន​ទីក្រុង​អង្គរបុរី​ជា​រាជធានី ។ ​ឥឡូវនេះ​ទំនាក់ទំនង​ខាងលើ​គ្រាន់​តែ​ត្រូវ​បាន​បង្កើន​កម្រិត​ឲ្យ​ខ្លាំងក្លា​ឡើង​តែ​ប៉ុណ្ណោះ ។​

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា វត្ដមាន​របស់​ស្ដេច​ឥណ្ឌូ-ស៊ីត ឬ​កូសាន​នៅ​នគរ​ភ្នំ​ ធ្វើ​ឲ្យ​គេ​ស្មានថា បណ្ដាល​មក​ពី​ជ័យ​ជំនះ​របស់​ស្ដេច​សមុទ្រគុម្គៈ​ (Samudra gupta) លើ​រាជវង្ស​កូសាន​ ដែល​បាន​ត្រួតត្រា​លើ​ប្រទេស​ឥណ្ឌា ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​ជម្លៀស​ខ្លួន​មក​កាន់​ជ្រោយ​ម៉ាឡាយូ ប្រទេស​ជ្វា ជ្រោយ​បឹងហ្គាល និង​ជា​ពិសេស​នៅ​នគរ​ភ្នំ​ដែល​មាន​ឈ្មោះ​រួម​ថា «សុវណ្ណ​ភូមិ» ។​

- Advertisement -

លោក​បណ្ឌិត​បាន​លើក​ឡើង​ពី​លក្ខណៈ​សម្បត្តិ​ដ៏​វិសេសវិសាល​របស់​ព្រះបាទ​ចានតាន​ថា ព្រះ​អង្គ​បាន​បង្កើត​នូវ​បរិយាកាស​សំយោគ​ផ្នែក​វប្បធម៌​ថ្មី​មួយ​ដ៏​ចម្រុងចម្រើន ។ ការ​គ្រប់គ្រង​នគរ​ត្រូវធ្វើ​ទៅ​តាម​គំរូ​ប្រទេស​ឥណ្ឌា​ទាំងអស់ ដោយ​មានការ​ចូលរួម​ពី​ពួក​ព្រាហ្មណ៍​ដ៏​ចំណានៗ​មក​ពី​ប្រទេស​ឥណ្ឌា ។ ដើម្បី​ជា​ការ​តបស្នង​សងគុណ​នោះ​ ទ្រង់​បាន​ឲ្យ​រង្វាន់​ជា​មាសប្រាក់​បុណ្យស័ក្ដិ​យ៉ាងច្រើន​ជូន​ចំពោះ​ពួក​អភិជន​ទាំងនោះ​ទៀត​ផង ។​

យោង​តាម​ការ​ឲ្យ​ដឹង​ពី​បណ្ឌិត​បុរាណ​វិទូ​ខ្មែរ​ថា ក្នុង​ចំណោម​ប្រពៃណី​អ៊ីរ៉ាន ដែល​មាន​នៅ​ក្នុង​រាជ​របស់​ព្រះបាទ​ចានតាន​ គេ​ឃើញ​មានការ​និយម​ឈ្នួត​រុំ​ក្បាល​ដូច​ជា​កាតឹប​ឬ​មួក​រាង​ស៊ីឡាំង​ឌ្រិច ជា​ពិសេស​សម្រាប់​រូបចម្លាក់​មួយ​ចំនួន​ ហើយដោយ​ឡែក​ចម្លាក់​តំណាង​ព្រះ​វិស្ណុ​ឬ​ព្រះ​នារាយណ៍ ។ ដូច្នេះ​តាម​ការ​ប្រៀបធៀប​គ្រឿង​តុបតែង​ខាងលើ​នេះ និង​រូបចម្លាក់​កូសាន​នៅ​ទីក្រុង​ម៉ាថូរ៉ា ​នា​សតវត្សរ៍​ទី​២ ​នៃ​គ្រិស្ដសករាជ យើង​អាច​ដឹង​ពី​ប្រភព​ឥណ្ឌូ-ស៊ីត នៃ​កាតឹប​ព្រះ​វិស្ណុ​ខ្មែរ នា​សម័យ​បុរេ​អង្គរ ។ អ្វីមួយ​ដែល​អ្នក​បុរាណ​វិទូ​ពី​មុនៗ គ្រាន់តែ​មាន​ការ​សង្ស័យ​តែ​ប៉ុណ្ណោះ ។ ឥឡូវ​បាន​ក្លាយ​ទៅជា​ភាព​ជាក់ស្ដែង​ពិតៗ ។ នេះ​គឺជា​ការ​រក​ឃើញ​ថ្មី​មួយ​របស់​អ្នកប្រាជ្ញ​ខ្មែរ​នា​សង្គម​អតីតកាល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​បដិមា​សាស្ដ្រ​ខ្មែរ ។​

សរុបសេចក្ដី​មក​ អ្វីៗ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​វិវឌ្ឍន៍​នៃ​សិល្បៈ​ខ្មែរ រីក​ចម្រើន​ឥត​ឈប់​ឈរ​ពី​សម័យមួយ​ទៅ​សម័យ​មួយទៀត​ ជា​ពិសេស​ពី​សតវត្សរ៍​ទី​៤ ​ដល់​សតវត្សរ៍​ទី​៧ ។ អ្វី​ដែល​មាន​សារៈសំខាន់​ជាងគេ គឺ​លើក​ដំបូង​ក្នុង​ប្រវត្ដិ​សិល្បៈ​ខ្មែរ ដែល​គេ​ឃើញ​នូវ​ការ​និយម​មួក​ឬ​កាតឹប​ជា​កំណាត់​សម្រាប់​ព្រះ​វិស្ណុ ។ នេះ​ស​ឲ្យ​ឃើញ​ថា សិល្បករ​ខ្មែរ​នា​សម័យ​នគរ​ភ្នំ​ប្រកបដោយ​ទេព​កោសល្យ​ខាង​ការ​បង្កើត​ថ្មី​នូវ​អ្វីៗ​ដែល​មក​ពី​ខាងក្រៅ ហើយ​បន្ដិច​ម្ដង​ក៏​បាន​ក្លាយទៅជា​លក្ខណៈ​មូលដ្ឋាន​នៃ​បដិមាកម្ម​ខ្មែរ​សុទ្ធសាធ ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ១៥/០៦/២០០៧ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...