ព្រះពុទ្ធទ្រង់ឈរនៅទីក្រុងកំពែងពេជ្រប្រទេសថៃសព្វថ្ងៃ
យោងតាមការពុះពារស្រាវជ្រាវរបស់បណ្ឌិត មីសែល ត្រាណេ បុរាណវិទូខ្មែរ បានឲ្យដឹងថា នៅសម័យបុព្វកាលពេលដែលប្រទេសខ្មែរយើងកំពុងមានឫទ្ធានុភាព ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ មានជនជាតិសៀម (ថៃ) ជ្វា និងយួន (យូនៈ) តាមរយៈមេកងនៃក្រុមកំណែនពួកគេ រមែងតែងតែដឹកនាំជញ្ជូនទឹកព្រមទាំងរបស់របរផ្សេងៗទៀត ដូចជា ត្រីកន្ធរមកថ្វាយព្រះមហាក្សត្រខ្មែរ ។
ប៉ុន្ដែចំណេរក្រោយមក ការថ្វាយសួយសារអាករជាទឹក ឬរបស់ដែលជានិមិត្ដសញ្ញានៃប្រទេសចំណុះក៏ត្រូវខកខានទៅវិញ ។
ចំពោះទឹកសួយសារអាករខាងលើនេះ មានចម្ងល់ជាច្រើនបានចោទសួរថា តើវាមានសារសំខាន់យ៉ាងដូចម្ដេច ? ហើយតើគេយកមកសម្រាប់ធ្វើអ្វីខ្លះទៅ ? ទាក់ទងទៅនឹងព្រឹត្តិការណ៍ក្នុងប្រវត្ដិសាស្ត្រខ្មែរនាសម័យព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ លោកបណ្ឌិតមីសែលត្រាណេ បានធ្វើការបកស្រាយនូវសច្ចភាពនៃបញ្ហានេះតាមខ្លឹមសារនៃសិលាចារឹកប្រាសាទតាព្រហ្មថា «ពួកព្រាហ្មណ៍ដែលផ្ដើមឡើងដោយស្រីសូរ្យភត្ដៈ ស្ដេចជ្វា ស្ដេចយួន ស្ដេចចាម ទាំងបីអង្គត្រូវថ្វាយជារៀងរាល់ថ្ងៃដោយមានសេចក្ដីគោរពបំផុតនូវទឹកសម្រាប់ធ្វើពិធី (ស្រង់ព្រះ)(គាថា CLXVI)» ។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា នៅសម័យវប្បធម៌បាយ័ន ប្រធាននៃពួកព្រាហ្មណ៍គឺស្រីសុរិយោភ័ក្ដ្រ និងពួកព្រាហ្មណ៍ឯទៀតៗក្នុងព្រះបរមរាជវាំងប្រើប្រាស់ទឹកនោះដើម្បីស្រង់ព្រះ «ស្បិតទឹក» ហើយទឹកមន្តនេះត្រូវបានផ្ដល់ដោយស្ដេចនៃប្រទេសជិតខាង ។ ទន្ទឹមនឹងនេះដែរយើងឃើញថា ការថែរក្សានូវប្រាង្គប្រាសាទខ្មែរក្នុងព្រះរាជធានីត្រូវបានធើ្វឡើងដោយអ្នកបម្រើខ្មែរ និងបរទេសផងដែរ ដែលមានចំនួនច្រើនឥតគណនា ។
នៅក្នុងសិលាចារឹកខាងលើបានសរសេរថា «ក្នុងមូលនិធិទាំងនោះសូមឲ្យមនុស្សបម្រើប្រុសស្រីទាំងឡាយរួមមាន អ្នកចម្ប៉ា អ្នកយួន ជាមួយអ្នកបុកាម (បកានឬភូមា) និងអ្នករូញ (មន) ចំនួន៣០៦.៣៧២នាក់ និងភូមិចំនួន១៣.៥០០ ថែរក្សានូវអ្វីៗដែលធ្វើអំពីថ្ម ឬឈើ ដើម្បីជាតង្វាយចំពោះព្រះអាទិទេពកុំឲ្យនរណាមួយមកយាយីប៉ះពាល់បានឲ្យសោះ(CLXXVII)» ។
លោកបណ្ឌិតកត់សម្គាល់ឃើញថា ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ប្រទេសសៀមនៅជាស្រុកចំណុះរបស់ចក្រភពមហានគរនៅឡើយ ជាពិសេសខេត្ដសុខោទ័យស្រីជញ្ជល័យ និងកំពែងពេជ្រ ។ ខេត្ដខ្មែរទាំងប៉ុន្មាននេះ នៅពុំទាន់ប្រកាសឯករាជ្យភាពទេ ហេតុនេះហើយបានជាពួកគេត្រូវបង់ ឬថ្វាយអាករទៅព្រះមហាក្សត្រខ្មែរជារៀងរាល់ឆ្នាំ ។ លោកបានបន្តទៀតថា ស្ដេចជ្វាគឺព្រះបាទកាមេសូរៈ ដែលសោយរាជ្យនៅឆ្នាំ១១៨៥ នៃគ្រិស្ដសករាជ ឬព្រះបាទសរង្គ សោយរាជ្យនៅឆ្នាំ១១៩៥ នៅកេទិរិ ។ រីឯស្ដេចយួនគឺព្រះចៅអធិរាជអណ្ណាម លី កៅតូង ដែលត្រូវជាព្រះរាជបុត្ររបស់ព្រះបាទ លី អាន់តូង ដែលយាងសោយរាជ្យនៅឆ្នាំ១១៧៥ ដល់ឆ្នាំ១២១០ នៃគ្រិស្ដសករាជ ។
លោកបណ្ឌិតបានរំលឹកអំពីប្រវតិស្ដេចចាមថា ចំពោះស្ដេចចាមពីរព្រះអង្គវិញ ដែលសោយរាជសម្បត្ដិនៅនគរស្រីវិជ័យ ឬប៉ីនជីញនោះ គឺព្រះបាទសូរ្យវរ្ម័នទេវៈ ស្ដេចនៅបានទរុង្គដែលត្រូវជាប្អូនថ្លៃរបស់ព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ និងព្រះអង្គម្ចាស់ព្រះនាមថា វីឡានន្ទ ដែលត្រូវបានគាំទ្រទំនុកបម្រុងដោយព្រះមហាក្សត្រខ្មែរ ។
ទាក់ទងទៅនឹងប្រវត្ដិសាស្ដ្រខ្មែរបានបង្ហាញឲ្យយើងឃើញថា កិត្យានុភាពនិងអធិបតេយ្យភាពនៃអតីតព្រះរាជាណាចក្រកម្ពុជាត្រូវប្រទេសជិតខាងខ្លបខ្លាច និងគោរពកោតសរសើរយ៉ាងខ្លាំង ក្នុងខណៈពេលដែលខ្មែរយើងស្ថិតក្នុងសម័យកាលមួយដ៏មហារុងរឿងថ្កើងថ្កានអស្ចារ្យ គឺសម័យមហានគរ ។
ជាចុងក្រោយ លោកបណ្ឌិតមីសែល ត្រាណេបញ្ជាក់ថា «បន្ទាប់ពីសម័យអង្គរនេះទៅ ការថ្វាយសួយសារអាករជាទឹកក្ដី ជាផ្កាមាសផ្កាប្រាក់ក្ដី ឬក៏ជារបស់ផ្សេងៗឯទៀតក្ដី កុ៏ត្រូវបានបញ្ឈប់ ជាពិសេសក្រោយពីខេត្ដសុខោទ័យត្រូវបានផ្ដាច់ចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាអកុសលក្នុងសម័យកាលឱនភាពនោះ ព្រះរាជាណាចក្រកម្ពុជាត្រូវថ្វាយជាផ្កាប្រាក់ ផ្កាមាស ចំពោះព្រះរាជាថៃវិញ» ៕
ប្រភពៈ សាលអាន ថ្ងៃទី ២២/០៦/២០០៧ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ