ទេវរូបព្រះពុទ្ធសមាធិនៅក្នុងសារមន្ទីរវត្ដពោធិវាលខេត្ដបាត់ដំបង
អ្នកកាន់លទ្ធិព្រះពុទ្ធសាសនាជាច្រើនបានយល់ខុសៗគ្នាថា ការគោរពចំពោះព្រះពុទ្ធអង្គដែលបានត្រាស់ដឹង នឹងជួយសង្គ្រោះពួកគេឆ្លងផុតពីទុក្ខទោសផងទាំងពួង ។ ប៉ុន្ដែអ្នកខ្លះទៀតយល់ថា ព្រះពោធិសត្វក្នុងលទ្ធិសាសនាមហាយានដែលពុំទាន់បានត្រាស់ដឹងនោះ ព្រះអង្គអាចចម្លងមនុស្ស សត្វ ទាំងអស់ឲ្យរួចផុតពីកម្មពៀរ បានសេចក្ដីសុខសប្បាយនៅបច្ចុប្បន្នជាតិ និងអនាគតជាតិ ។
តាមរយៈការអះអាងខាងលើនេះ គេសង្កេតឃើញមានចម្លាក់ព្រះពោធិសត្វនៅតាមជញ្ជាំងប្រាសាទថ្មមួយចំនួន មានសេសសល់រហូតដល់សព្វថ្ងៃនេះ ដែលឆ្លុះបញ្ចាំងពីជំនឿសាសនារបស់បុព្វបុរសនៅសម័យបុរាណ ។
នៅសម័យមុន តាមឯកសារប្រវត្ដិសាស្ដ្រ និងសិលាចារឹកបានបញ្ជាក់ថា ប្រទេសកម្ពុជាទទួលឥទ្ធិពលលទ្ធិព្រហ្មញ្ញសាសនា ហើយព្រះរាជាភាគច្រើនដែលឡើងគ្រងរាជ្យសម្បត្ដិ គោរពព្រហ្មញ្ញសាសនា បានកសាងប្រាសាទជាច្រើន សម្រាប់តម្កល់លិង្គឥសូរ និងយោនីព្រះនាងឧមា និងមានចម្លាក់ជាច្រើនទៀត ។ ទន្ទឹមនឹងនេះក៏មានការអះអាងថា ព្រះពុទ្ធសាសនាក៏ហូរចូលមកប្រទេសកម្ពុជាដំណាលព្រហ្មញ្ញសាសនាដែរ ហើយព្រះរាជាខ្លះក៏គោរពព្រះពុទ្ធសាសនាដែរ ដោយព្រះអង្គបានតម្រូវឲ្យនាម៉ឺនសព្វមុខមន្ដ្រីកសាងវត្ដអារាម ព្រះវិហារសម្រាប់ព្រះសង្ឃគង់នៅ និងជាទីសក្ការបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយទៀតផង ។
ព្រះពុទ្ធសាសនាគេបែងចែកជាពីរធំៗ គឺទី១. លទ្ធិថេរវាទ ឬ ហីនយាន ដែលជាលទ្ធិមួយមានបញ្ញត្ដិតឹងរឹងគោរពចំពោះព្រះសាម្មាសម្ពុទ្ធបរមគ្រូនៃយើងដែលបានត្រាស់ដឹង ហើយជួយចម្លងសត្វលោកឲ្យចៀសផុតពីទុក្ខទោសទាំងពួងដោយខ្លះបានទៅកើតនៅឋានសួគ៌ និព្វាន ប៉ុន្ដែបើជនណាមួយប្រព្រឹត្ដផ្ទុយពីពុទ្ធឱវាទនេះ នឹងទទួលទុក្ខទោស ជួបកម្មពៀរ នៅពេលស្លាប់ទៅ នឹងកើតទីថោកទាបបំផុតពុំខានឡើយ ។ ទី២. លទ្ធិមហាយាន ដែលគោរពចំពោះព្រះពោធិសត្វជាធំ គេយល់ថា ព្រះពោធិសត្វព្រះអង្គពុំទាន់បានត្រាស់ដឹងនៅឡើយ អាចជួយយើងទាំងអស់គ្នាឲ្យរួចផុតពីទុក្ខភ័យ កម្មពៀរក្នុងបច្ចុប្បន្ន និងអនាគតជាតិ ។ ក្នុងលទ្ធិនេះមានព្រះពោធិសត្វអវលោកេស្វរៈ ព្រះពោធិសត្វសីវបញ្ចះនន្ន ព្រះសិអារ្យមេត្រី និងប្រាជ្ញាបារមិតា ។
បើតាមឯកសារបញ្ជាក់ លទ្ធិព្រះពុទ្ធសាសនាបានហូរចូលមកប្រទេសកម្ពុជាតាំងពីសតវត្សទី២-៣មុនគ្រិស្ដសករាជក្នុងរជ្ជកាលព្រះបាទអសោក ដែលសោយរាជ្យនៅប្រទេសឥណ្ឌា ហើយសាសនានេះនៅសម័យបុរាណ គេមិនរាប់រកប៉ុន្មានទេ ។ លុះមកដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាសម័យមហានគរដ៏រុងរឿង ព្រះអង្គបានផ្លាស់ប្ដូរពីការគោរពព្រហ្មញ្ញសាសនាមកព្រះពុទ្ធសាសនាមហាយានវិញ ដោយគេសង្កេតឃើញនៅតាមប្រាសាទថ្មជាច្រើន មានចម្លាក់រូបព្រះពោធិសត្វ និងតម្កល់ទុកសម្រាប់គោរពបូជានៅទូទាំងប្រទេស ។
ប្រាសាទដែលកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នេះ មានរចនាព្រហ្មមុខបួននៅតាមគោបុរៈ និងកំពូលប្រាសាទដែលតំណាងឲ្យមេត្ដា ករុណា ឧបេក្ខា និងមុទិតា របស់ព្រះពោធិសត្វចំពោះពុទ្ធបរិស័ទទូទៅ ជាពិសេសប្រាសាទបាយ័នដែលមានកំពូល៥៤ ហើយមានរូបព្រហ្មបែរមុខគ្រប់ទិស ។ ចំពោះអ្នកដែលគោរពព្រះបាទជ័យវរ្ម័នទី៧យល់ថា ចម្លាក់ព្រហ្មមុខបួននៅតាមប្រាសាទនោះ ពុំមែនជាព្រះពោធិសត្វទេ គឺជារូបព្រះបាទជ័យវរ្ម័នទី៧ ទៅវិញ ។
ការគោរពសាសនាមហាយាននៅសម័យនោះ ធ្វើឲ្យនាម៉ឺនសពមុខមន្ដ្រី ប្រជារាស្ដ្រខ្មែរគ្រប់ទិសទីមានការឯកភាពគ្នាជាធ្លុងមួយ ប្រទេសជាតិមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូលលើសសម័យណាៗទាំងអស់ ហើយកេរដំណែលវប្បធម៌សិល្បៈសាសនាមួយចំនួនបានបន្សល់ទុករហូតដល់សព្វថ្ងៃ ។ ប៉ុន្ដែក្រោយមក លទ្ធិនេះក៏ត្រូវបានគេផ្លាស់ប្ដូរលែងគោរពបូជា មកកាន់ព្រះពុទ្ធសាសនាហីនយានវិញ ចាប់តាំងពីការដួលរលំរលាយទីក្រុងអង្គររហូតមកដល់បច្ចុប្បន្ន ហើយមានការរីកចម្រើនខ្លាំងក្លា ព្រមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ។
លទ្ធិសាសនាមហាយានដែលគោរពចំពោះព្រះពោធិសត្វជាធំនោះមានជំនឿថា ព្រះពោធិសត្វអាចចម្លងមនុស្សលោកឲ្យបានសម្រេចបំណងដូចព្រះអង្គដែរ ពីព្រោះព្រះអង្គពុំទាន់ចូលនិព្វាន ហើយពោរពេញទៅដោយគុណធម៌ ព្រហ្មវិហារធម៌សព្វបែបយ៉ាង សន្ដោសប្រណីចំពោះមនុស្សសត្វទូទៅ ។ ប្រទេសដែលកាន់ព្រះពុទ្ធសាសនាមហាយានមានប្រទេសវៀតណាម ចិន ជប៉ុន…ដែលព្រះសង្ឃ និងពុទ្ធបរិស័ទគេងាយស្រួលក្នុងការគោរពប្រណិប័តន៍ជាងព្រះពុទ្ធសាសនាថេរវាទ ឬហីនយាន ៕
ប្រភពៈ សាលអាន ថ្ងៃទី ២៥/០៦/២០០៧ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ