Ultimate magazine theme for WordPress.

- Advertisement -

និមិត្ដរូប​របស់​ព្រះចន្ទ​នា​សម័យ​បុរេ​អង្គរ

0 1

រូបចម្លាក់​ឱមេស្វារៈ​នៅ​សារមន្ទីរ​ជាតិ​ស.វ​ទី​៦​នៃ​គ.ស​និង​កាក់​សម័យ​នគរភ្នំ

នៅ​ក្នុង​សារមន្ទីរ​ជាតិ​ទីក្រុង​ភ្នំពេញ​ គេ​ឃើញ​មាន​ចម្លាក់​បុរេ​អង្គរ​មួយ​ដែល​បាន​មក​ពី​អង្គរបុរី​ធ្វើ​អំពី​សំរឹទ្ធ ។ ​រូបចម្លាក់​បុរាណ​នេះ​តំណាង​ឲ្យ​គូ​ ឱមា​ និង​មហេស្វរៈ​ អ្វីមួយ​ដែល​អ្នកចន្ទ​នា​សម័យ​បុរេ​អង្គរ​បុរាណវិជ្ជា​ឲ្យ​ឈ្មោះ​ថា «ឱមេស្វារៈ» ។​

តាម​ចម្លាក់​ព្រះ​នាង​ឱមា​ដែល​ជា​ទេពី​របស់​ព្រះ​សិវៈ​ អង្គុយ​លើ​ភ្លៅ​របស់​ទ្រង់​ដែល​ជា​ព្រះ​ស្វាមី​ដ៏​មាន​មហិទ្ធិឫទ្ធិ ។ ​គូ​ស្វាមីភរិយា​ទេវតា​នៃ​ព្រហ្មញ្ញសាសនា​នេះ ជិះ​លើ​គោមួយ​ដែល​មាន​ភ្នែក​៣ ​ស្ថិត​ក្នុង​ឥរិយាបថ​លុត​ជង្គង់ ។ រីឯ​នៅ​លើ​ថ្ងាស់​របស់​ព្រះ​មហេស្វរៈ ឬ​សិវៈ​វិញ ​គេ​សង្កេត​ឃើញ​មាន​និមិត្ដសញ្ញា​មួយ​តំណាង​ឲ្យ​ព្រះ​ចន្ទ ។​

តើ​ព្រះចន្ទ​ពាក់កណ្ដាល​វង់​ដែល​ស្ថិត​នៅ​លើ​ផ្នួង​សក់​តំណាង​ឲ្យ​អ្វី​ទៅ ? យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​បណ្ឌិត​ មីសែល​ ត្រាណេ​ បាន​បកស្រាយ​ថា ដូច​នៅ​ប្រទេស​ឥណ្ឌា ប្រទេស​ខ្មែរ​ក្ដី គឺ​បាន​ទទួល​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា ។ ចំពោះ​ជនជាតិ​ខ្មែរ​ ព្រះចន្ទ​មាន​អត្ថន័យ​ដូច​គ្នា ​ដូច្នេះ​គន្លឹះ​ទាក់ទង​នឹង​បញ្ហា​នេះ គឺ​គម្ពីរ​សាសនា​ដែល​ជា​បទបញ្ញត្ដិ​ក្នុង​ការ​សាង​ព្រះ​រូប​នៃ​ព្រះ​អាទិទេព​ផង​ទាំងឡាយ ។​

ផ្អែក​លើ​គម្ពីរ​បុរាណ​ លោក​បាន​លើក​ឡើង​ថា «វត្ដមាន​របស់​ព្រះចន្ទ​នៅ​លើ​ផ្នួង​សក់ ក៏​បាន​បង្ហាញ​នូវ​អំណាច​បារមី​របស់​ព្រះ​សិវៈ ។ ​អ្វីមួយ​ដែល​មាន​មិន​ខុស​ពី​លក្ខណៈ​អាវុធ​ត្រីសូរ​ដែល​ចង្អុល​បង្ហាញ​ពី​អាការៈ​ប្រកបដោយ​មហិទ្ធិឫទ្ធិ​ដែរ ។ ដូច្នេះ​វង់​ព្រះចន្ទ​ពាក់កណ្ដាល​ជា​គន្លឹះ​បញ្ជាក់​បង្ហាញ​នូវ​អំណាច​ដ៏​ពិសិដ្ឋ​របស់​ព្រះ​អាទិទេព​របស់​ខ្មែរ» ។​

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា របៀប​តុបតែង​នូវ​សញ្ញា​និមិត្ដ​បុរេ​អង្គរ​ទាំងនោះ នឹង​មិន​មាន​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ​នៅ​សម័យ​ក្រោយៗ​មក ។ ស្ថានភាព​នេះ​ក៏​ស្ថិត​នៅ​ដដែល​រហូត​ដល់​សព្វថ្ងៃ ដោយហេតុ​ថា​ចំពោះ​សិល្បករ​បច្ចុប្បន្ន ព្រះ​ចន្ទ​ និង​ព្រះអាទិត្យ​ គឺ​តំណាង​នូវ​អំណាច​របស់​ព្រះ​អាទិទេព​ និង​ដាច់​ដោយឡែក​ពី​អំណាច​របស់​ព្រះរាជា ។ យើង​កុំ​ភ្លេច​ថា ព្រះ​សិវៈ​ជា​ទេវតា​បំផ្លាញ​ ហើយ​ក៏​បង្កើត​លោក​វិញ​ផង​ដែរ ។​

- Advertisement -

សញ្ញា​និមិត្ដ​ព្រះ​ចន្ទ​ និង​ព្រះអាទិត្យ​ខាងលើ​នេះ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​និមិត្ដសញ្ញា​នៃ​សន្ដិវង្ស​នៃ​ព្រះមហាក្សត្រ​ដែល​បាន​សោយរាជ្យ​ក្នុង​ព្រះរាជ​វង្សានុវង្ស​ខ្មែរ​ដំបូង ​គឺ​បាន​កើត​ចេញពី​ព្រះ​អាទិទេព​ដែល​តំណាង​ដោយ​និមិត្ដសញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ​នេះ ។ ដូច្នេះ​បញ្ហា​ដែល​ចោទ​ហើយ​ត្រូវ​ដោះស្រាយ គឺថា​តើ​និមិត្ដ​នេះ​ហូរ​ចូល​មក​ប្រទេស​ខ្មែរ​តាម​វិធី​ណា ?

យោង​តាម​សំណួរ​ខាងលើ​លោក​បណ្ឌិត​មីសែល ត្រាណេ​ បាន​បញ្ជាក់​ថា ការ​បង្កើត​បណ្ដាញ​ផ្លូវការ​នៃ​ប្រព័ន្ធ​គំនិត​រាជាធិបតេយ្យ​ខ្មែរ​ខាងលើ​នេះ​ អាច​គូសបញ្ជាក់ ឬ​ផ្ដួចផ្ដើម​ជាក់ស្ដែង​ចេញពី​កាក់​ដែល​ជា​រូបិយប័ណ្ណ​នេះ​នា​សម័យ​មុន​ដែរ ដែល​មាន​ប្រថាប់​រូប​ព្រះចន្ទ​ និង​ព្រះអាទិត្យ ព្រមទាំង​ជួនកាល​មាន​តារា​ឬ​ផ្កាយ​ផង​ដែរ ។​

វត្ដមាន​របស់​កាក់​ប្រាក់ មាស ឬ​សំណ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​អំឡុង​សតវត្សរ៍​ទី​៣​ និង​សតវត្សរ៍​ទី​៤​ គឺជា​ដំណាក់​កាល​ដែល​ខ្មែរ​អនុវត្ដ​ហេដ្ឋារចនាសម្ព័ន្ធ​នយោបាយ​សេដ្ឋកិច្ច​បែប​ឥណ្ឌា ។ អ្វីមួយ​ដែល​យុទ្ធនាការ​នៃ​ការ​អភិវឌ្ឍន៍​ជាតិ​មាន​លក្ខណៈ​ឯកភាព​ជាតិ​ដូចដែល​ឯកសារ​ចិន​ពិពណ៌នា ។ វប្បធម៌​បែប​ឥណ្ឌា​ជា​ពិសេស «តត្ដោលេៈ» ជាដើម របប​រាជានិយម​បាន​មក​ដល់​នគរ​ភ្នំ​តាម​រយៈ​ផ្លូវទឹក ​ឬ​សមុទ្រ តាម​កំពង់​ផែ​អូរកែវ​ (សព្វថ្ងៃ​នៅ​វៀតណាម) ។​

លោក​មីសែល​បាន​បន្ត​ទៀត​ថា កន្លែង​ផ្លាស់​ប្ដូរ​របប​នយោបាយ​ពី​មេ​និយម​ដល់​រាជា​និយម​ គឺជា​កន្លែង​មាន​ប្រជាជន​រស់នៅ​យ៉ាងច្រើន​កុះករ ហើយ​ជា​កន្លែង​សេដ្ឋកិច្ច ពោល​គឺ​មិន​អាច​ស្ថិត​នៅ​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​ និង​ដែនដី​សណ្ដ​នៅ​ម្ដុំ​កម្ពុជា​ក្រោម និង​នៅ​ខេត្ដតាកែវ​បច្ចុប្បន្ន​ ដែល​ជាទី​កន្លែង​ពួក​ឈ្មួញ​បរទេស​បាន​មក​ដល់ ដើម្បី​រកស៊ី​ជួញប្រែ​ជាមួយ​អ្នកស្រុក​អាយ ។ មាន​តែ​ទីប្រជុំជន​ទាំងនោះ​ទេ​ដែល​ភាគច្រើន​ជា​កំពង់ផែ​ដែល​មាន​លទ្ធភាព​ប្រមូលផ្ដុំ​នូវ​គ្រឿង​ឧបភោគបរិភោគ​សម្រាប់​នាំ​ចេញ​នាំ​ចូល​ ដើម្បី​យក​ទៅ​ចែកចាយ​នៅ​គ្រប់​ច្រកល្ហក​ទាំងអស់ ។​

លោក​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ពង្សាវតា​ចិន​ក្នុង​រាជវង្ស​ឈី​ភាគ​ខាងត្បូង​នៅ​សតវត្សរ៍​ទី​៥ ​នៃ​គ្រិស្ដសករាជ​បាន​ឲ្យ​ដឹង​ថា ព្រះ​អាទិទេព​ក្នុង​រាជ​របស់​ព្រះបាទជ័យវរ្ម័ន កេណេ្ឌន្ ។ ព្រះ​មហាស្វរៈ​នេះ​ហើយ​ព្រះ​អាទិទេព​រមែង​តែងតែ​សណ្ឋិត​លើ​ភ្នំ​ម៉ូតាន​ គឺ​ជា​ភ្នំ​ស័ក្ដិសិទ្ធិ​បំផុត​ដែល​ស្ថិត​នៅ​ព្រះរាជធានី ។ ម្យ៉ាង​វិញទៀត ​ជនជាតិ​ខ្មែរ​នា​សម័យ​បុរេ​អង្គរ​តំណាង​លក្ខណៈ​ដ៏​ពិសិដ្ឋ​របស់​ព្រះ​ហេស្វរៈ​ក្រោម​រូបភាព​នៃ​ព្រះ​សិវលិង្គ​ដែល​មាន​នាម​ថា «សិវគិរីសៈ» ឬ​ក៏​ជា​រូប​មនុស្ស ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ២៧/២០០៦/០៧ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...