Ultimate magazine theme for WordPress.

- Advertisement -

សត្វ​ដំរី​មាន​ប្រយោជន៍​ក្នុង​សង្គម​ខ្មែរ

0 0

រូប​ទី​លានជល់ដំរី

ដំរី​ ជា​សត្វចតុប្បាទ​មួយ​ប្រភេទ​ដែល​មាន​កម្លាំង​ខ្លាំងក្លា​លើស​សត្វ​ដទៃ​ ហើយ​ត្រូវ​មនុស្ស​ប្រើប្រាស់​បញ្ជា​ដើម្បី​ទាក់ទាញ​យក​ផលប្រយោជន៍​យ៉ាងច្រើន​ពី​វា​ ដូចជា ​មធ្យោបាយ​អូស​ទាញ​ក្នុង​ជីវភាព​រស់នៅ យានជំនិះ​ផ្នែក​សឹកសង្គ្រាម​ និង​ជា​សត្វ​នាំ​មក​នូវ​ជ័យ​មង្គល​ដល់​មនុស្ស​ទៀត​ផង ។ លើស​ពី​នេះ​ទៀត សត្វ​ដំរី​ត្រូវ​បាន​សិល្បករ​យើង​រចនា​លម្អ​នៅ​តាម​ផ្ដែរ ទ្វារ ជញ្ជាំង​ប្រាសាទ​ និង​នៅ​តាម​ទី​សាធារណៈ​ដើម្បី​លម្អ​សោភ័ណ​ភាព ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ធនធាន​សត្វព្រៃ ទំនៀមទម្លាប់​ប្រពៃណី ​និង​សាសនា​របស់​ជាតិ​សាសន៍​ខ្មែរ​តាំងពី​សម័យ​បុរាណ​ខ្មែរ​រហូត​មក ។​

តាម​រយៈ​រឿង​ព្រៀង​និទាន​ និង​ឯកសារ​ប្រវត្ដិសាស្ដ្រ​នានា​បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​កាលពី​សម័យ​មុន​សម្បូរ​ទៅ​ដោយ​ព្រៃឈើ​ក្រាស់ឃ្មឹក ហើយ​មាន​សត្វ​ព្រៃ​រស់នៅ​ច្រើន ជា​ពិសេស​សត្វ​ដំរី​ត្រូវ​បាន​អ្នកស្រុក​ចាប់​យក​មក​ធ្វើ​ជា​កម្លាំង​អូស​ទាញ​ដ៏​មាន​ប្រសិទ្ធភាព ។ ចំណែក​ព្រះរាជា​នៅ​សម័យ​បុរាណ​ចូល​ចិត្ដ​ទាក់ដំរី ជល់​ដំរី និង​យក​ដំរី​ធើ្វ​ជា​មធ្យោបាយ​ក្នុង​សឹកសង្គ្រាម និង​ជា​កម្លាំង​អូស​ទាញ​ដ៏​ខ្លាំងក្លា ហើយ​អាច​ធ្វើ​ដំណើរ​បាន​ផ្លូវ​ឆ្ងាយ ។ ​លើស​ពី​នេះ​ទៀត ​អ្នកស្រុក​ដែល​មាន​កូនចៅ​ឈឺ​ថ្កាត់​ម្ដងៗ គេ​បាន​នាំ​គ្នា​ទៅ​មុជ​ក្រោម​ដំរី​ដើម្បី​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ ឧបទ្រពចង្រៃ និង​នាំ​មក​នូវ​សិរី​សួស្ដី​ក្នុង​ក្រុម​គ្រួសារ​ទៀត​ផង ។​

ដោយសារ​តែ​សត្វ​ដំរី​មាន​ប្រយោជន៍​ច្រើន​ក្នុង​សង្គម​ខ្មែរ​នោះ ទើប​សិល្បករ​យើង​ឆ្លាក់​សត្វ​ដំរី​នេះ​នៅ​តាម​ប្រាសាទ​ និង​ឆ្លាក់​ជា​ក្បាច់ចម្លាក់​យ៉ាង​រស់​រវើក​គួរ​ជាទី​ចាប់អារម្មណ៍​នៅ​តាម​ផ្ដែរ ទ្វារ ជញ្ជាំង ព្រមទាំង​នៅ​តាម​ទី​សាធារណៈ​នានា ។ ចំណែក​ដំរី​នេះ​ គេ​សង្កេត​ឃើញ​មាននៅ​ប្រាសាទ​បាគង មេបុណ្យ​ខាងកើត ភិមានអាកាស ​ដែល​សត្វ​ដំរី​នេះ​តំណាង​ឲ្យ​អ្នក​ថែទាំ​ការពារ​ប្រាសាទ​ និង​ធ្វើ​ឲ្យ​មនុស្សលោក​មាន​សុខភាព​ល្អ​ទៀត​ផង ។ ​ប៉ុន្ដែ​រូបសំណាក​ទាំងនេះ​មួយ​ចំនួន​បាន​សឹក​រេចរឹល និង​ខ្លះ​ទៀត​ត្រូវ​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​ស្ទើរ​ខ្ទេចខ្ទី​អស់​ដោយសារ​សង្គ្រាម​ និង​ជន​ទុច្ចរិត​លួច​ដាប់​យក​ទៅ​លក់​ឲ្យ​ពួក​ឈ្មួញ ។ បើ​តាម​ឯកសារ​ស្រាវជ្រាវ​របស់ លោក អ៊ា ដារិទ្ធ បាន​បញ្ជាក់​ថា ប្រាសាទ​បាគង ដំរី​នៅ​តួ​ប៉ម​ខាងជើង​ឆៀង​ខាងត្បូង​នៃ​ផ្ដែរ​ទ្វារ​បញ្ឆោត គេ​មិន​បាន​លម្អ​នៅ​ចំណុច​កណ្ដាល​ផ្ដែរ​ទ្វារ​ទេ ប៉ុន្ដែ​គេ​ឃើញ​មាន​ការ​យក​ដំរី​មក​លម្អ​នៅ​តាម​កម្រង​មែកឈើ​មាន​រាង​ដូច​ដង​ធ្លូ​ទៅ​វិញ ។​

ចម្លាក់​ដំរី​នេះ​ជួនកាល​គេ​ឃើញ​ជើង​របស់​វា​លេច​ចេញពី​កម្រង​មែកឈើ ហើយ​ជួនកាល​គ្មាន​ជើង និង​ពេល​ខ្លះ​ឃើញ​តែ​ផ្នែក​ក្បាល​ប៉ុណ្ណោះ ដោយ​មាន​ទេវា​ជិះ​ពីលើ​ផង ។ ក្រៅពី​ចម្លាក់​ទោល​ដែល​ឈរ​នៅ​មុខ​ប្រាសាទ​នោះ​ គេ​សង្កេត​ឃើញ​មាន​ចម្លាក់​ដំរី​ជា​ច្រើន​នៅ​លានជល់ដំរី ប្រាសាទ​បាយ័ន​ និង​ប្រាសាទ​អង្គរវត្ដ ​នៅ​ខេត្ដសៀមរាប ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​បង្ហាញ​ពី​សត្វ​ដំរី​ជា​យានជំនិះ​របស់​មេទ័ព ព្រះរាជា និង​អាទិទេព ។ ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា ដំរី​គឺជា​យានជំនិះ​របស់​ព្រះឥន្ទ្រ និង​ជា​អាទិទេព​ប្រចាំ​នៅ​ទិស​ខាងកើត ចំណែក​ក្នុង​លទ្ធិ​ព្រះពុទ្ធ​សាសនា ដំរី​ត្រូវ​បាន​គេ​ចាត់ទុកជា​សត្វ​នាំ​មក​នូវ​សិរិ​មង្គល​ដល់​ស្រុក​ទេស​ទៀត​ផង ។​

- Advertisement -

ក្នុង​រឿង​ព្រះ​វេស្សន្តរជាតក បន្ទាប់​ពី​ព្រះ​វេស្សន្តរ​ទ្រង់​ប្រសូត​ មាន​ដំរី​បច្ច័យ​នាគេន្ទ្រ​ហោះ​មក​ធ្វើ​ជា​យានជំនិះ​ផ្ទាល់​ព្រះ​អង្គ ហើយ​ដំរី​នេះ​នាំ​មក​នូវ​ភាព​ថ្កុំថ្កើង​របស់​ប្រទេស​ជាតិ និង​ប្រជាជន​គ្រប់​ទិសទី ។ តាម​រយៈ​ផ្ទាំងគំនូរ​នៅ​តាម​វត្ដ​អារាម​នានា គេ​ឃើញ​វិចិត្រករ​គូរ​ដំរី​ជា​ច្រើន​ដែល​ជា​យានជំនិះ​របស់​ព្រះ​ពោធិសត្វ​ និង​តាម​ថែរក្សា​ព្រះពុទ្ធ ។ បើ​តាម​ចម្លាក់​ដំរី​នៅ​ព្រះ​លានជល់ដំរី​ខាងកើត​នៃ​កំពែង​ព្រះ​បរមរាជវាំង ដែល​កសាង​ឡើង​ដោយ​ព្រះបាទជ័យវរ្ម័ន​ទី​៧​ នា​សម័យ​មហានគរ បាន​ឆ្លុះ​បញ្ចាំង​ពី​សត្វ​ដំរី​ចេះ​ប្រើប្រាស់​ប្រមោយ​ដើម្បី​ប្រមាញ់ និង​ប្រយុទ្ធ​ជាមួយ​សត្វ​ខ្លា ។ ​ចម្លាក់​នេះ​ក៏​បាន​បង្ហាញ​សត្វ​ដំរី​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​ប្រមោយ និង​ហ្ម​ដែល​ស្ទាត់ជំនាញ​ប្រើប្រាស់​ដំរី​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​សម្រាប់​ធ្វើសឹក​សង្គ្រាម​ទៀត​ផង ។

ព្រះមហាក្សត្រ​ខ្មែរ​នៅ​សម័យ​លង្វែក ព្រះបាទ​ចន្ទរាជា គ.ស​១៥១៦-១៥៦៦ ​ព្រះ​អង្គ​មាន​សេចក្ដី​អង្គអាច​ក្លាហាន ប្រាជ្ញា​ឈ្លាសវៃ និង​មាន​ទេព​កោសល្យ​ក្នុង​ការ​ទាក់ដំរី​មក​ធ្វើ​ជា​មធ្យោបាយ​ច្បាំង​ជាមួយ​ខ្មាំងសត្រូវ ​ហើយ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ។ ​ជា​ពិសេស​ព្រះ​អង្គ​បាន​ប្រើប្រាស់​ទ័ព​ដំរី​ក្នុង​ការ​វាយ​បណ្ដេញ​ទ័ព​សៀម​ឲ្យ​បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​ខេត្ដ​មហានគរ ដើម្បី​រំលឹក​ពី​ជ័យ​ជំនះ​នេះ ព្រះ​អង្គ​បាន​ប្ដូរ​ឈ្មោះ​ខេត្ដ​មហានគរ​មក​ជា​ខេត្ដសៀមរាប​វិញ ។ សព្វ​ថ្ងៃនេះ​ នៅ​តាម​ភូមិ​ស្រុក​មួយ​ចំនួន ​គេ​បាន​ឆ្លាក់​រូប​ដំរី​នៅ​តាម​ទី​សាធារណៈ ដើម្បី​រំលឹក​ដល់​អនុស្សាវរីយ៍​ពី​អតីតកាល ដូចជា ​នៅ​ទីរួមខេត្ដ​កំពង់ធំ​ គេ​មាន​កសាង​រូប​ដំរី​ជាន់​ខ្លា​ដ៏​ធំ​មួយ​ក្នុង​បំណង​បញ្ជាក់​ពី​ការ​សម្បូរ​សត្វព្រៃ​នៅ​សម័យ​មុន ។ ចំណែក​នៅ​តាម​ទីវត្ដ​អារាម ទី​សាធារណៈ​មួយ​ចំនួន​ទៀត ​គេ​បាន​ឆ្លាក់​រូប​ដំរី​នៅ​ឈរ​អម​មាត់​ជណ្ដើរ ខ្លោងទ្វារ​ និង​តាម​ជញ្ជាំង ​ដើម្បី​លម្អ​ឲ្យ​មាន​សោភ័ណ​ភាព ។​

ដំរី​នៅ​តាម​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​បុរាណ និង​ទី​សាធារណៈ​មួយ​ចំនួន​នោះ សិល្បករ​យើង​ចង់​បញ្ចេញ​ពី​សារប្រយោជន៍​នៃ​សត្វ​ដំរី​ចំពោះ​សង្គម​ខ្មែរ​ជា​មធ្យោបាយ​អូស​ទាញ​សម្រាប់​ធ្វើសង្គ្រាម ហើយ​ដំរី​ក្លាយជា​ល្បែង​កម្សាន្ត​សប្បាយ​ទៀត​ផង ។ លើស​ពី​នេះ​ទៅ​ទៀត រូប​ដំរី​ដែល​គេ​លម្អ​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​របស់​ជាតិ​សាសន៍​ខ្មែរ​ដែល​ជា​សត្វ​ដ៏​មាន​កម្លាំង​ខ្លាំងក្លា និង​នាំ​មក​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​ដល់​សង្គម​គ្រួសារ និង​សង្គម​ជាតិ​ទៀត​ផង ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ២៣/០៧/២០០៧ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...