Ultimate magazine theme for WordPress.

- Advertisement -

ប្រតិកម្ម​សិវៈ​និយម​ប្រឆាំង​នៅ​អង្គរធំ​បាយ័ន

0 0

ចម្លាក់​សិវៈលិង្គ​នៅ​ប្រាសាទ​ជ្រុង​នៅ​ទីក្រុង​អង្គរធំ​ រូប​ព្រះពុទ្ធ​អង្គ​នៅ​ចំ​កណ្ដាល​ហោជាង

យោង​តាម​ការ​ស្រាវជ្រាវ​របស់​អ្នកប្រវត្ដិសាស្ដ្រ​ខ្មែរ​ គឺ​ក្រោយ​ពី​ការ​ប្រារឰ​ពិធី​រាជ​អភិសេក​ឡើង​សោយរាជ្យ​ភ្លាម ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ (១២៤៣-១២៩៥​នៃ​គ្រិស្ដសករាជ) បាន​ប្រកាស​យក​លទ្ធិ​ព្រហ្មញ្ញសាសនា​និកាយ​សិវៈ​ធ្វើ​ជា​សាសនា​របស់​រដ្ឋ ។ នៅ​ក្នុង​ទិដ្ឋភាព​សម័យ​នោះ​ មាន​ប្រតិកម្ម​ប្រឆាំង​នឹង​លទ្ធិ​ព្រះពុទ្ធ​សាសនា​ដែល​ធ្លាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​គោរព​បូជា​ដោយ​ពុទ្ធ​បូជនីយដ្ឋាន​ទាំងឡាយ ក្នុង​ចក្រភព​អង្គរ​ដ៏​បវរ​នៃ​យើង​ ដូចជា​ វត្ដ​អារាម​ផ្ទុក​ទៅ​ដោយ​ចម្លាក់​ពុទ្ធបដិមា​ត្រូវ​គេ​បំផ្លាញ ឬកម្ទេច​ចោល​ស្ទើរតែ​ទាំងអស់ ។ ដូច្នេះ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោយ​ពី​រជ្ជកាល​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័ន​ទី​២ ​ដែល​បាន​សោយរាជ្យ​បន្ត​ពី​ព្រះបាទជ័យវរ្ម័ន​ទី​៧មក​បាន​ស្ថិត​ក្នុង​សង្គ្រាម​សាសនា​ដែល​ជា​មូលហេតុ​ចម្បង​នាំ​មក​នូវ​ឱនភាព​នៃ​វប្បធម៌​អារ្យធម៌​អង្គរ ។​

លោក​បណ្ឌិត មីសែល ត្រាណេ បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដំណាលគ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន​ដែល​ធ្លាប់តែ​កាន់ និង​គោរព​ព្រះពុទ្ធ​សាសនា​រួច​ទៅ​ហើយ​នោះ ​បាន​នាំ​គ្នា​គាំទ្រ​ជនជាតិ​ថៃ​ដែល​ជា​មនុស្ស​ចំណូល​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទប់ទល់​នឹង​អំណាច​កណ្ដាល​របស់​សោធបុរៈ​ ឬ​ទីក្រុង​អង្គរធំ ។ ដោយហេតុ​នេះ​ការ​តស៊ូ​របស់​ជនជាតិ​ថៃ​ដើម្បី​ឯករាជ្យ​ភាព ​គួប​ផ្សំ​នឹង​ការ​ចាប់​កេណ្ឌ​រាស្ដ្រ​ខ្មែរ​ក្នុង​ខេត្ដ​សុខោទ័យ ក៏​ដូច​ក្នុង​ខេត្ដ​ដទៃ​ទៀត​បាន​ធ្លាក់​ចូល​ក្នុង​កណ្ដាប់ដៃ​របស់​ព្រះបាទ​ឥន្ទ្រទាទិត្យ​ ឬ​ហ្វាមឿង​ នៅ​ឆ្នាំ​១២៣៨​ ដោយ​ធ្វើ​ឲ្យ​កងទ័ព​ថៃ​ទទួល​ជ័យ​ជំនះ​លើ​មេបញ្ជាការ​ធំ​របស់​ខ្មែរ​ទាំងឡាយ ។​

លោក​បណ្ឌិត បាន​បន្ត​ទៀត​ថា ចក្រភព​អង្គរ​ក៏​បាន​ចុះ​ខ្សោយ បណ្ដាល​ឲ្យ​បាត់បង់​ខេត្ដ​របស់​ខ្លួន​ម្ដង​មួយៗ ។ ដូច្នេះ​ការ​ដែល​កងទ័ព​ខ្មែរ​ច្បាំង​ចាញ់​ពួក​សៀម ហើយ​ត្រូវ​បាក់បែក​បរាជ័យ​បណ្ដាល​មក​ពី​មូលហេតុ​ធំៗ​ពីរ គឺ​ការ​បែកបាក់​ផ្ទៃក្នុង​ដោយសារ​រឿង​វិវាទ​សាសនា​ និង​មហិច្ឆតា​បរទេស​ឈ្លានពាន ដែល​បាន​ប្រើ​យុទ្ធសាស្ដ្រ​ខ្មៅ​ងងឹត​គ្រប់​បែប​យ៉ាង​ដើម្បី​ទាញ​យកជ័យ​ជំនះ​លើ​ខ្មែរ ដោយ​ចាប់បង្ខំ​ឲ្យ​ធ្វើ​ឈ្លើយសឹក ឬ​ក៏​ជា​ទាសករ​នៅ​ពេល​ណា​ដែល​ទទួល​បរាជ័យ ។ រឿង​នេះ​មិនយូរ​មិនឆាប់​អាណាខេត្ដ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ចាញ់​សង្គ្រាម​ថៃ​ក៏​បាន​ក្លាយទៅជា​ស្រុក​ចំណុះ​របស់​ពួក​ថៃ​ទៅ ។ តាម​ពិត​អ្នក​ទទួលខុសត្រូវ​ជំនាន់​នោះ​ ពុំ​ទាន់​មាន​លទ្ធភាព​អ្វី​ឡើយ​ ដោយសារ​តែ​ពួក​គេ​ស្ថិត​នៅ​ឆ្ងាយ​ពី​ព្រះរាជ​ធានី​អង្គរធំ​ពេក ពោល​គឺ​ពុំ​បាន​ទទួល​ការ​អន្តរាគមន៍​ទាន់​ពេលវេលា ​និង​មាន​ប្រសិទ្ធភាព​ពី​កងទ័ព​ខ្មែរ ។​

ស្លាកស្នាម​នៃ​ប្រវត្ដិសាស្ដ្រ​អំពី​ប្រតិកម្ម​ប្រឆាំង​នឹង​ព្រះពុទ្ធ​សាសនា​នា​សម័យ​នោះ​ត្រូវ​បាន​លោក​បណ្ឌិត​លើក​ឡើង​ថា​ គេ​បាន​ជួប​ប្រទះ​នៅ​គ្រប់​មូលនិធិ​សាសនា​បែប​ពុទ្ធ​និយម ដូច​ជា​នៅ​ប្រាសាទ​បន្ទាយឆ្មារ ប្រាសាទ​ព្រះខ័ន​ (សៀមរាប) ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ​ (ខេត្ដព្រះវិហារ) ប្រាសាទ​តាព្រហ្ម​ (សៀមរាប) ប្រាសាទ​ជ្រុង​នៅ​ទីក្រុង​អង្គរធំ និង​ប្រាសាទ​បន្ទាយក្ដី ។ លោក​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​បូជនីយដ្ឋាន​ទាំងនោះ ​រាល់​រូបចម្លាក់​តំណាង​ឲ្យ​ព្រះពុទ្ធ​អង្គ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ទាំងឡាយ​ ត្រូវ​គេ​ដាប់​ចោល លើកលែងតែ​រូប​ព្រះ​ពោធិសត្វ​អវលោកេស្វរៈ​ចេញ​ ជា​និមិត្ដរូប​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​លទ្ធិ​ព្រហ្មញ្ញសាសនា ។​

- Advertisement -

ចម្លាក់​ពុទ្ធបដិមា​ទាំងឡាយ​ដូចជា​ព្រះ​ប្រក់​នាគ ព្រមទាំង​រូបសំណាក​តំណាង​ព្រះពុទ្ធ​អង្គ​ផ្ទាល់​ជាដើម ក៏​មិនជា​គេច​ផុត​ពី​សោកនាដកម្ម​នេះ​បាន​ដែរ គឺ​គួរ​ឲ្យ​អាណិតអាសូរ​ណាស់ ។ ចំណែកឯ​ស្នា​ព្រះ​ហស្ដ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ​នៅ​ក្នុង​ទឹកដី​ថៃ​បច្ចុប្បន្ន​ភាគច្រើន​មិន​ត្រូវ​បាន​គេ​បំផ្លាញ​ចោល​នោះ​ទេ ។ ឧទាហរណ៍​ជាក់ស្ដែង​ សន្លឹក​សីមា​មហាធាតុ​នៅ​ខេត្ដ​រាជបុរី​ ប្រទេស​ថៃ​បច្ចុប្បន្ន ដែល​ដើម​ឡើយ​ជា​មន្ទីរពេទ្យ​ ឬ​អរោគសាលា ពុំ​ត្រូវ​បាន​គេ​ដាប់​បំផ្លាញ​ចោល​ឡើយ ។ ទាំង​អស់នេះ​ជា​សញ្ញា​នៃ​ការ​ប្រេះឆា​ក្នុង​សង្គម​ជាតិខ្មែរ​នា​អតីត​កាល ដែល​ម្ខាង​ប្រកាន់​លទ្ធិ​ព្រះពុទ្ធ​សាសនា រីឯ​ម្ខាង​ទៀត​ប្រកាន់​លទ្ធិ​ព្រហ្មញ្ញសាសនា ។​

គួរ​បញ្ជាក់​ថា នៅ​លើ​កំពែង​ប្រាសាទ​ទាំងឡាយ​នៃ​តំបន់​អង្គរ​ដែល​ធ្វើ​អំពី​ថ្មបាយក្រៀម មាន​លម្អ​ទៅ​ដោយ​សន្លឹក​សីមា​គ្រប់​រូប​ព្រះពុទ្ធ​អង្គ​ក្នុង​ឥរិយាបថ​សមាធិ​ត្រូវ​គេ​ដាប់​បំផ្លាញ​ចោល​ស្ទើរ​គ្មាន​សល់​មួយ​ឡើយ ។ ជួនកាល​គេ​ឆ្លាក់​ជំនួស​វិញ​ទៅ​ដោយ​រូប​ព្រះ​សិវៈ​ ឬ​សិវលិង្គ ។​

លោក​បណ្ឌិត មីសែល ត្រាណេ​ បាន​រំលឹក​ពី​សម័យ​អតីតកាល​របស់​ខ្មែរ​ថា ចាប់ពី​សម័យ​មហានគរ​មក ប្រទេស​កម្ពុជា​លែង​ទៅ​ជា​ចក្រភព​ ឬ​មហា​ប្រទេស​ទៀត​ហើយ​ក្នុង​ភូមិភាគ​អាស៊ី​អាគេ្នយ៍​យើង​នេះ ហើយ​កិត្យានុភាព​ចេះ​តែ​ទន់ខ្សោយ​អន់​ថយ​ទៅៗ​បណ្ដាល​ពី​មក​ពី​ការ​បំផ្លិចបំផ្លាញ​ឧត្ដមគតិ​ជាតិ​របស់​ប្រាសាទ​ជ័យវរ្ម័ន​ទី​៧ គួប​ផ្សំ​នឹង​ការ​វាតទី​និយម​របស់​ពួក​បរទេស​ឈ្លានពាន ។​

ថ្វី​ត្បិត​តែ​ព្រះរាជ​ពង្សាវតារ​ខ្មែរ​មិន​បាន​បញ្ជាក់​អំពី​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ខាងលើ​នេះ​ក៏​ពិតមែន ប៉ុន្ដែ​យើង​អាច​ដឹង​បាន​ដោយ​យោង​តាម​ការ​សិក្សា​ខ្លឹមសារ​នៃ​សិលាចារឹក គួប​ផ្សំ​នឹង​វិស័យ​បដិមា​សាស្ដ្រ​និង​កំណត់ហេតុ​ចិន ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ៣០ /០៧/២០០៧ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...