រូបចម្លាក់ស្ដ្រីខ្មែរដើមនៅសារមន្ទីរជាតិក្រុងភ្នំពេញ
យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់បុរាណវិទ្យាខ្មែរអំពីខាងវិស័យសិល្បៈ និងទិន្នន័យខាងជាតិពន្ធបានឲ្យដឹងថា ជនជាតិខ្មែរនាសម័យអង្គរមានទំនាក់ទំនងខាងវិស័យវប្បធម៌យ៉ាងជិតស្និទ្ធជាមួយនឹងកុលសម្ព័ន្ធខ្មែរលើ ដែលរួមពូជសាសន៍ជាមួយគ្នា ។ រីឯជនជាតិខ្មែរលើយើងវិញដែលបានរស់នៅជាគ្រួសារប្រមូលគ្នាជាក្រុមនៅក្នុងតំបន់សៀមរាបអង្គរ ក៏ដូចជាទូទាំងប្រទេសកម្ពុជាដូច្នេះដែរ ។ ពួកគេ (ខ្មែរលើ) បានរស់នៅក្បែរសង្គមខ្មែរដោយរក្សានូវសម្ព័ន្ធភាពដ៏ជិតស្និទ្ធគ្រប់វិស័យ ។
លោកបណ្ឌិតឯកទេសខាងប្រវត្ដិសាស្ដ្រខ្មែរ មីសែល ត្រាណេ បានឲ្យដឹងថា ការរស់នៅជាសហគមន៍ក្នុងសង្គមជាតិបុព្វការីជនខ្មែរយើងបានផលិតសម្ភារៈប្រើប្រាស់ របស់របរផ្សេងៗ ព្រមទាំងវត្ថុដ៏ពិសិដ្ឋពាក់ព័ន្ធមួយចំនួនទៅនឹងជំនឿសាសនាក្នុងជីវិតប្រចាំថ្ងៃយ៉ាងច្រើន ដូចជា កុលាលភាជន៍ គ្រឿងតុបតែង ចម្លាក់ថ្មតំណាងឲ្យរូបសំណាកព្រះអាទិទេព ឬទេវកថានានាជាដើម ដែលជានិមិត្ដរូបនៃភក្ដីភាពរបស់ខ្លួនចំពោះលទ្ធិព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនា ។
វត្ថុវប្បធម៌បុរាណខ្មែរទាំងនោះ ទោះធំក្ដីតូចក្ដី លោកបានបញ្ជាក់ថា វាសុទ្ធសឹងតែជាកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះវាជាតឹកតាងនៃទេពកោសល្យដ៏ប៉ិនប្រសប់ ព្រមទាំងជាភស្ដុតាងនៃទំនៀមទម្លាប់របស់ជនជាតិខ្មែរយើងពីអតីតកាល ហើយតម្រូវឲ្យកូនខ្មែរជំនាន់ក្រោយៗមានការថែរក្សា ពីព្រោះវាជាសម្បត្ដិវប្បធម៌របស់ជាតិដែលបានស្រាវជ្រាវអំពីអរិយធម៌ខ្មែរនាអតីតកាល ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានវត្ថុសិល្បៈខ្មែរជាច្រើនត្រូវបានគេយកមករក្សាទុកនៅសារមន្ទីរជាតិក្រុងភ្នំពេញ ដែលធ្វើឲ្យលោកបណ្ឌិតចាប់អារម្មណ៍ថា ផ្ទាំងចម្លាក់ថ្មមួយផ្ទាំងដែលតំណាងឲ្យមនុស្សស្រីម្នាក់ស្ថិតក្នុងឥរិយាបថអង្គុយ ហើយមានលក្ខណៈពិសេសទៅទៀត គឺទម្រង់ទឹកមុខញញឹម ប្រអប់មាត់ធំ ហើយវែង រីឯត្រចៀកលម្អទៅដោយត្រសាល់ត្រចៀកធំមួយគូ ។
ចម្លាក់បុរាណខ្មែរខាងលើនេះស្ថិតក្នុងរចនាបថបាពួន នាសតវត្សរ៍ទី១១ នៃគ្រិស្ដសករាជ ប្រហែលជាមានប្រភពចេញពីខេត្ដសៀមរាបអង្គរដ៏បវរនៃយើង ។ បើគេយករូបចម្លាក់ទៅសិក្សាពីទម្រង់ទូទៅ ដោយមានការប្រៀបធៀបទៅនឹងរូបស្ដ្រីព្នង ឬជនជាតិដើមភាគតិច ឬគេហៅម្យ៉ាងទៀតថា ខ្មែរលើ រស់នៅតាមខ្ពស់រាបនៃទ្វីបឥណ្ឌូចិននៃយើងនោះ គេអាចនិយាយបានថា មានលក្ខណៈស្រដៀងគ្នាច្រើន ជាពិសេសចាប់ពីក្បាលរហូតដល់ចុងជើង ទោះបីស្ថិតនៅក្នុងបរិបទជំនឿសាសនាខុសគ្នាក៏ដោយ ។
លោកបណ្ឌិតបានលើកឡើងទៀតថា ក្រៅពីសំណាកត្រសាល់ត្រចៀក គេស្លៀកសំពត់ ។ ចម្លាក់ស្ដ្រីខ្មែរក៏មានលក្ខណៈពិសេសមួយទៀតនោះ គឺល្វែងទ្រូងលើដូចស្ដ្រីខ្មែរលើ យ៉ាងពិតប្រាកដ ។
លោកបានធ្វើការរំលឹកឡើងវិញថា ជាទូទៅការនិយមពាក់ត្រសាល់ត្រចៀកត្រូវបានប្រើប្រាស់ដោយមនុស្សខ្មែរទាំងពីរភេទពីជំនាន់មុនរហូតមកដល់សតវត្សរ៍ទី១៩ នៃគ្រិស្ដសករាជ ។ លុះមកដល់អាណានិគមនិយមបារាំង ទើបធ្វើឲ្យប្រពៃណីនេះត្រូវរលត់បាត់បន្ដិចម្ដងៗ ហើយនៅទីបំផុតក៏ត្រូវបានបោះបង់ចោលទាំងស្រុង លើកលែងតែនៅតំបន់ព្រៃភ្នំដែលមានបងប្អូនខ្មែរលើនៅតែរក្សាបានខ្លះៗ ព្រោះស្ថិតនៅក្រៅពីឥទិ្ធពលនៃសម័យទំនើបយើងនេះ ។
ស្ដ្រីកុលសម្ព័ន្ធព្នងនៅដើមស.វទី២០
ការកត់សម្គាល់មួយទៀតរបស់លោកបណ្ឌិតបានឲ្យដឹងថា រូបនេះក៏អាចផ្ដល់នូវចម្លើយដល់ប្រវត្ដិរបស់ស្ដ្រីនេះដែលតំណាងឲ្យនាងការៃក្កាលម្មៃយារ ភាគច្រើនតំណាងឲ្យសភាវៈអាក្រក់ ក៏ប៉ុន្ដែជាសាវ័ករបស់ព្រះអាទិទេពអង្គរដែរ ។
លោកបណ្ឌិត មីសែល ត្រាណេ បានលើកឡើងពីលទ្ធផលមួយទៀតនៃការសិក្សាស្រាវជ្រាវមកបង្ហាញថា ជាងខ្មែរនាសតវត្សរ៍ទី១១ នៃគ្រិស្ដសករាជដែលបានឆ្លាក់រូបនេះឡើង ពិតជាឆ្លាក់តាមបញ្ញតិ្ដនៃគម្ពីរឥណ្ឌាដែលខ្លួនបានស្គាល់យ៉ាងច្បាស់លាស់ ហើយមាននៅនឹងដៃផងដែរ ឥឡូវនេះត្រូវបានរលាយរលត់ទៅក្នុងនគរផេះផង់នៃភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃជិត៨សតវត្សរ៍មកហើយ ៕
ប្រភពៈ សាលអាន ថ្ងៃទី ០៣/០៨/២០០៧ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ