ក្បាលសេះធ្វើអំពីសំរឹទ្ធិនៅអង្គរបុរីសម័យនគរភ្នំ
យោងតាមការសិក្សាស្រាវជ្រាវខាងប្រវត្ដិសាស្ដ្រខ្មែររបស់បណ្ឌិត មីសែល ត្រាណេ បានឲ្យដឹងថា ដោយសារតែភាពរុងរឿងថ្កើងថ្កានរបស់ជនជាតិខ្មែរនេះហើយទើបធ្វើឲ្យរាជវង្សានុវង្សមុរុណ្ឌ នៃប្រទេសឥណ្ឌាបានផ្ញើថ្វាយទៅព្រះបាទហ្វាន់ចាន់ នូវសេះជាអាជានេយ្យចំនួន៤ សម្រាប់ជាព្រះទីនាំង ។ សេះទាំងនោះមានតម្លៃកាត់ថ្លៃពុំបាន ហើយត្រូវបាននាំថ្វាយស្ដេចខ្មែរដោយជនជាតិឥណ្ឌាម្នាក់ឈ្មោះ ឆេង សុង ។ ព័ត៌មានខាងលើនេះលោកបណ្ឌិតបានអះអាងតាមឯកសារចិន ។ លោកបានបញ្ជាក់អំពីរបៀបដឹកជញ្ជូនសេះថា កាលសម័យនោះការដឹកជញ្ជូនសេះទាំងនោះ ត្រូវធ្វើឡើងដោយសំពៅឆ្លងកាត់សមុទ្រជ្រោយមលយូ (គេហៅថាម៉ាឡាយូសព្វថ្ងៃ) ។
តាមកំណត់ហេតុចិន លោកបណ្ឌិតបានបន្តទៀតថា ស្ដេចខ្មែរនាសម័យនគរភ្នំ ពីសតវត្សរ៍ទី១ដល់សតវត្សរ៍ទី៦ គឺស្ដេចចក្រវាលដែលមានឫទ្ធានុភាពខ្លាំក្លាអស្ចារ្យ ហើយមានភាពល្បីល្បាញខ្ទរខ្ទារ ។ ក្នុងវិស័យនយោបាយ ក៏ដូចជាសេដ្ឋកិច្ច ប្រទេសខ្មែរពីដំបូងនោះបានចងស្ពានមេត្រីយ៉ាងជិតស្និទ្ធជាមួយចិន និងឥណ្ឌាដែលជាដៃគូយ៉ាងសំខាន់ ។
ក្នុងអំឡុងឆ្នាំ២២៥ និងឆ្នាំ២៥០នៃគ្រិស្ដសករាជ ក្នុងរជ្ជកាលរបស់ព្រះបាទហ្វាន់ចាន់ ទ្រង់បានគ្រប់គ្រងលើព្រះនគរដើមបំផុតគឺនគរភ្នំ ឬគេហៅថា ហ្វូណន ដែលជាពាក្យក្លាយមកពីចិនថា វនំ ក្រោយមកជាប់ជាហ្វូណន ។ ព្រះរាជាខ្មែរអង្គនេះដែលបានបញ្ជូនប្រតិភូខ្មែរទៅកាន់ប្រទេសចិនមុនគេបង្អស់ និងមានទំនាក់ទំនងនឹងសន្ដិវង្សមុរុណ្ឌ ឬកុស្ហាន (Kushan) ដែលជាជនជាតិអ៊ីរ៉ាន់ បានត្រួតត្រាប្រទេសឥណ្ឌា ។
លោកបានឲ្យដឹងទៀតថា វត្ដមានរបស់សេះជាអាជានេយ្យ ឬឥណ្ឌូ-ស៊ីតនេះ ប្រហែលជាត្រូវបានទទួលប្រតិកម្មសប្បាយរីករាយពីសំណាក់មហាជនខ្មែរដោយស្របទៅនឹងការ សូនរូបសេះ និងការបោះកាក់បែបឧបកិច្ចនិយមមានរូបសេះដែលយើងបានជួបប្រទះនៅក្នុងរាជធានីអង្គរបុរី និងអ៊ូថងនៅក្នុងប្រទេសថៃសព្វថ្ងៃ ។ ក្នុងចំណោមចម្លាក់រូបសេះបុរាណ មានក្បាលសេះខ្លះមានចងខ្សែសម្រាប់ដឹកឬបរថែមទៀតផង ។ នេះជាសញ្ញាបញ្ជាក់ឲ្យយើងដឹងថា ជនជាតិខ្មែរយើងចេះប្រើសេះជាយានជំនិះតាមបែបឥណ្ឌាក្នុងសម័យនគរវនំវប្បធម៌ឥណ្ឌា ។ លុះមកដល់សម័យអង្គរ ការនិយមសេះក៏បាននាំមកនូវការបង្កើតនូវទ័ពសេះយ៉ាងពិតប្រាកដ ៕
ប្រភពៈ សាលអាន ថ្ងៃទី ០៨/០៨/២០០៧ (ដកស្រង់ពីកាសែតរសី្មកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ