Ultimate magazine theme for WordPress.

- Advertisement -

បញ្ហា​ទាក់ទិន​នឹង​ការ​បែកបាក់​នៃ​ចក្រភព​អង្គរ

0 4

សតវត្សរ៍​ទី​១៣​ និង​សតវត្សរ៍​ទី​១៤​ នៃ​គ្រិស្ដសករាជ គឺជា​សម័យកាល​មួយ​ដែល​គេ​សន្និដ្ឋាន​ថា​ ជា​សម័យកាល​នៃ​ភាព​ចុះ​អន់​ថយ​របស់​អាណាចក្រ​ខ្មែរ​នៅ​យសោធរបុរៈ​ឬ​អង្គរ ។ ដូច្នេះ​គប្បី​រំលឹក​ឡើង​វិញ​នូវ​ព្រឹត្ដិការណ៍​សំខាន់​មួយ​ចំនួន​ដែល​បាន​បណ្ដាល​ឲ្យ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ចុះ​ទន់ខ្សោយ ។​

លោក ​មីសែល ត្រាណេ អ្នកឯកទេស​ខាង​វប្បធម៌​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ តាម​កំណត់ហេតុ​ចិន​ នា​ពាក់​កណ្ដាល​និង​ចុង​សតវត្សរ៍​ទី​១៣​នៃ​គ្រិស្ដសករាជ យើង​អាច​ដឹង​យ៉ាង​ច្បាស់​នូវ​ព្រឹត្ដិការណ៍​មួយ​ចំនួន​ដែល​បាន​បង្ខំ​ឲ្យ​ជនជាតិ​ថៃ ឬ​សៀម ធើ្វ​ដំណើរ​មក​កាន់​ប្រទេស​ភូមា​និង​ខ្មែរ​នា​សម័យ​បុរាណ ។ លោក​បាន​បន្ត​ថា ចាប់តាំងពី​សតវត្សរ៍​ទី​៨​ មក​ដល់​សតវត្ស​ទី​១៣​ នៃ​គ្រិស្ដសករាជ​ នគរ​ណាន់ចាវ​របស់​ជនជាតិ​ថៃ ដែល​ស្ថិត​នៅ​ស្រុក​យូណាន់​ក្នុង​ប្រទេស​ចិន​ភាគ​ខាងត្បូង ត្រូវ​ពួក​ទ័ព​ម៉ុងហ្គោល​វាយលុក​ឥត​ឈប់​ឈរ ។ ហើយ​ការ​វាយលុក​ទន្ទ្រាន​យក​ទឹកដី​យ៉ាង​ធំធេង​ជាងគេ គឺ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១២៥៣ នៃ​គ្រិស្ដសករាជ ដោយ​លោក​ឧត្ដមសេនីយ៍​ម៉ុងហ្គោល​ឈ្មោះ​ សង់ហ្គីសខាន់ ជា​មូលហេតុ​នៃ​ការ​ធ្វើ​ដំណើរ​ចុះ​មក​ទិស​ខាងត្បូង​របស់​ជនជាតិ​ថៃ ។​

លោក​ត្រាណេ​បាន​បន្ត​ថា ការ​ធ្វើ​ដំណើរ​ចុះ​មក​ទិស​ខាងត្បូង​របស់​ជនជាតិ​ថៃ​មានមុខ​ព្រួញ​បី មួយ​នៅ​ប្រទេស​ភូមា មួយ​នៅ​ប្រទេស​ថៃ និង​មួយទៀត​នៅ​ប្រទេស​ឡាវ ។ ទឹកដី​ដែល​ស្ថិត​ក្នុង​ភូមិភាគ​នៃ​ប្រទេស​ថៃ​ ក្នុង​ភូមិភាគ​នៃ​ប្រទេស​ឡាវ​បច្ចុប្បន្ន​ គឺ​សុទ្ធសឹងតែ​ជា​ភាគ​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​សម័យ​មហានគរ ។ ដោយ​ប្រការ​នេះ​ហើយ បានជា​សព្វ​ថ្ងៃនេះ​គេ​ឃើញ​វត្ដមាន​របស់​ប្រាង្គ​ប្រាសាទ​ និង​សិលាចារឹក​ខ្មែរ​សរសេរ​ជា​ភាសាសំស្ក្រឹត បាលី​ និង​ខ្មែរ​ជា​ច្រើន​ក្នុង​តំបន់​ទាំងនោះ​ ដែល​បញ្ជាក់​នូវ​វិសាលភាព និង​វិបុលភាព​របស់​ទឹកដី​ដ៏​មហា​ធំធេង​របស់​ចក្រភព​អង្គរ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ក្រោយ​ពី​បាន​ចូល​មក​បម្រើកងទ័ព​ខ្មែរ​ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​នគរ​ចម្ប៉ា ជនជាតិ​ថៃ​ក៏​ចាប់ផ្ដើម​វាយ​ដណ្ដើម​យក​ទឹកដី​ខ្មែរ​តែ​ម្ដង ។​

- Advertisement -

លោក​មីសែល ត្រាណេ បាន​បន្ថែម​ថា បើ​យោង​ទៅ​តាម​ពង្សាវតារ​យើង​ដឹង​ថា ឆ្លៀតឱកាស​ដែល​អំណាច​កណ្ដាល​នៅ​អង្គរ​ចុះ​ខ្សោយ​ដោយ​វិបត្ដិ​នយោបាយ​ផ្ទៃក្នុង ស្ដេច​ថៃ ព្រះបាទ​រាមកំហែង បាន​ធ្វើសង្គ្រាម​ផ្ដាច់​ខេត្ដ​សុខោទ័យ​សជ្ជនាល័យ​មុនគេ ពី​ចក្រភព​ខ្មែរ​ ដោយ​បង្កើត​ព្រះរាជាណាចក្រ​ថៃ​មុន​ដំបូង​បង្អស់ គឺ​ព្រះរាជាណាចក្រ​សុខោទ័យ ​ដោយ​មាន​របប​គ្រប់គ្រង​តាម​បែប​ខ្មែរ គឺ​របប​រាជានិយម ។ ចលនា​ពង្រីក​ទឹកដី​នេះ​គឺ​ត្រូវ​បាន​ពង្រីក​ដោយ​ជោគជ័យ​ជា​ស្ថាពរ ។ ដោយហេតុ​ថា​ស្ដេច​សៀម​អង្គ​នេះ​បាន​ដណ្ដើម​បាន​ពី​ខ្មែរ​ផង​ដែរ​នូវ​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ពោល​គឺ​ដែនដី​ម្ដុំ​ឈូង​សមុទ្រ​ថៃ នៅ​ជ្រោយ​ម៉ាឡាកា​សព្វ​ថ្ងៃនេះ​ ដែល​ជា​ប្រភព​សេដ្ឋកិច្ច​យ៉ាង​សំខាន់​បំផុត​នា​សម័យ​បុរេ​អង្គរ និង​សម័យ​អង្គរ ។ គេ​អាច​និយាយ​បាន​ថា​ ជា​ការ​ដណ្ដើម​សេដ្ឋកិច្ច​តាម​ផ្លូវ​សមុទ្រ​របស់​ចក្រភព​អង្គរ​តែ​ម្ដង ។​

អ្នកឯកទេស​រូប​នេះ​បាន​បន្ត​ថា​ ទន្ទឹម​នឹង​សង្គ្រាម​រវាង​ថៃ​និង​ខ្មែរ​ដែល​មាន​លក្ខណៈ​មិន​ឈប់​ឈរ ស្ថានភាព​ខាង​សេដ្ឋកិច្ច​ និង​ភូមិសាស្ដ្រ​ខាងត្បូង ​ដែល​ជា​ប្រភព​ចំណូល​របស់​ចក្រភព​ខ្មែរ ​ក៏​ចេះ​តែ​ទន់ខ្សោយ​ទៅៗ​ ជា​ពិសេស​ក្រោយ​ពី​ការ​បាត់បង់​ដែនដី​សណ្ដ​កម្ពុជា​ក្រោម​ដែល​ជាប់​នឹង​តំបន់​ឆ្នេរ​សមុទ្រ​ចាប់តាំងពី​ដើម​សតវត្សរ៍​ទី​១៧ ​នៃ​គ្រិស្ដ​ក​រាជ ។​ គឺ​សភាពការណ៍​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​រ៉ាំរ៉ៃ​មួយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ រហូត​ដល់​អាណាព្យាបាលរ​បារាំង​នា​ឆ្នាំ​១៨៦៣ ។​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក្ដី​ ក៏​ប្រទេស​ខ្មែរ​នៅ​តែ​រឹង​មាំ​រហូត​ដល់​សតវត្ស​ទី​១៦ ​នែ​គ្រិស្ដសករាជ ដែល​ព្រះរាជា​ខ្មែរ​គឺ​ព្រះបាទ​ជេដ្ឋា​ទី​១ (១៥៧៤- ១៥៩៥ ​នៃ​គ្រិស្ដ​សករាជ) បាន​វាយ​ដណ្ដើម​យក​ពី​ថៃ​មក​វិញ​នូវ​ខេត្ដ​មួយ​ចំនួន ដូចជា​ ខេត្ដ​អ៊ូប៊ុន បុរីរម្យ សុរិន្ទ ស៊ីសាកេត និង​នគររាជ​សីមា នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ​ដែរ ។ ក្រៅពី​នេះ​ព្រះ​អង្គ​ក៏​បាន​កសាង​វត្ដ​អារាម​ជា​ច្រើន​ ដោយ​ដាក់​ព្រះពុទ្ធ​អង្គ​នៅ​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​អង្គរវត្ដ​ទាំង​៤​ព្រះ​អង្គ និង​ឆ្លាក់​បញ្ចប់​នូវ​រោងទង​ខាងជើង​ផ្នែក​ខាងកើត​ដែល​មាន​ជញ្ជាំង​ប្រវែង​ ៦៥,៩៥​ម៉ែត្រ ។​

លោក​មីសែល បាន​បញ្ជាក់​ថា ហេតុនេះ​ហើយ​បានជា​ព្រះបាទ​នរោត្ដម​ទី​១ (១៨៣៤-១៩០៤​ នៃ​គ្រិស្ដសករាជ) ទ្រង់​បាន​ឈ្វេង​យល់​ដ៏​ត្រឹមត្រូវ​ថា ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ដាក់​ព្រះរាជា​ណាចក្រ​កម្ពុជា​ឲ្យ​នៅ​ក្រោម​អាណាព្យាបាល​របស់​បារាំង​វិញ ។ គឺ​ព្រះបាទ​សម្ដេចសីហនុវរ្ម័ន ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទ្រង់​បាន​ដណ្ដើម​យក​ឯករាជ្យ​ពី​បារាំង​នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៥៣ នៃ​គ្រិស្តសករាជ ។ ម្យ៉ាងវិញទៀត មហា​វីរក្សត្រ​ខ្មែរ​អង្គ​នេះ​ក៏​បាន​ទទួល​កេតនភណ្ឌ ឯករាជ្យ​ពេញ​បរិបូរណ៍​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ធីបតី ​ក្រោយ​ពី​ព្រះ​អង្គ​បាន​ដឹកនាំ​ធ្វើ​ប្រតិបត្ដិការ​សឹក​សាមគ្គី​យ៉ាង​ធំ​មួយ​នៅ​ខែមេសា​ ឆ្នាំ​១៩៥៤​ ដើម្បី​ដេញ​ទ័ព​យៀកមិញ ​ដែល​បាន​កាន់កាប់​ត្រួតត្រា​ស្រុក​ខ្មែរ​ជំនួស​បារាំង​វិញ ចេញពី​ដែនដី​ខ្មែរ​ដោយ​ជោគជ័យ​ជា​ស្ថាពរ ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី ១៧/០៨/២០០៧ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...