ពិធីក្រុងពាលីនៅវត្ដទួលអង្គក្រពើ ដើម្បីចុះទូកសម្រាប់ប្រណាំង
ព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ជាថ្ងៃបុណ្យដ៏រីករាយមួយ និងពេញនិយមបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ។ នៅភ្នំពេញ ពិធីបុណ្យនេះមានអ្នកមកចូលរួមរាប់លាននាក់ជារៀងរាល់ឆ្នាំ ។ តើប្រវត្ដិនៃពិធីបុណ្យអុំទូកមានការកត់ត្រាមកបែបណា ? ខាងក្រោមនេះគឺជាប្រភពនៃពិធីបុណ្យប្រណាំងទូក ដែលផ្អែកតាមប្រវត្ដិបានឲ្យដឹងថា ប្រវត្ដិនៃបុណ្យអុំទូកមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្ដិវិទូបរទេស ក៏ដូចជាតាមសិលាចារឹកនៃប្រាសាទអង្គរ ។ សូមបញ្ជាក់ថាបុណ្យអុំទូកនេះ មានការបកស្រាយប្លែកៗពីគ្នាជាច្រើន ហើយវិធីធ្វើក៏មានប្លែកៗពីគ្នាខ្លះដែរ ។
ក. តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ចែងថា នៅសម័យអង្គរ នាគ្រិស្ដសករាជសតវត្សទី១២ ក្រុងកម្ពុជាមានសេចក្ដីសុខក្សេមក្សាន្ត រុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្ដេចចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបពួកចាមដោយកងទ័ពទូក ជាចំបាំងរំដោះក្រុងកម្ពុជាឲ្យរួចផុតស្រលះចេញពីខ្មាំងសត្រូវ (គ.ស១១៧៧-១១៨១) រឿងចំបាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះឃើញមានកងទ័ពទូកយ៉ាងច្រើនមហិមាដែលមានព្រះឆាយាល័ក្ខណ៍នៃព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីព្រះទីនាំងនាវាចំបាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ ។
ទិដ្ឋភាពនៃការប្រណាំងទូកកាលពីឆ្នាំកន្លងទៅ
ខ. ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់លេខ១៩.០០៤ និពន្ធដោយលោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្ដឃ្លាំងកម្ពុជាក្រោមមានចែងថា សម័យលង្វែក (ព.ស ២០៧១ គ.ស ១៥២៨) ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធភូបាល ជាស្ដេចត្រាញ់ នៅកម្ពុជាក្រោមស្រុកបាសាក់ ។ ស្ដេចត្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចតទៅនេះ ៖
ទាហានជើងទឹកចែកចេញជា៣ក្រុម
-
ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ ។
ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរ ដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ ។-
ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវមានក្ដោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្ដួចវែងមានដំបូលតែមួយ កាត់ខាងមុខឥតជញ្ជាំង ។ល ។ ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព ។
របៀបបង្ហាត់ច្បាំងតាមទំនៀមស្ដេចត្រាញ់កម្ពុជាក្រោម ស្រេចលើមន្ដ្រីបួនទិស «ចតុស្ដម្ភ» ដែលនៅក្នុងឱវាទស្និទ្ធភូបាល ស្ដេចត្រាញ់គ្រប់ជំពូកដែលបញ្ញត្ដិច្បាប់សម្រាប់ស្រុក ។ល ។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្ដិក រដូវអកអំបុកនោះ មន្ដ្រីទាំងបួនទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក សមយុទ្ធ ១ថ្ងៃ ១យប់រាល់ឆ្នាំ ។ ចំណែកទាហានជើងទឹកឲ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោរ ក្នុងខេត្ដឃ្លាំង ដ្បិតទីនោះជាទីប្រជុំទឹកគ្រប់ខេត្ដទៅមកបានស្រួល ។ តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានវិធីហ្វឹកហ្វឺនពិធីសមយុទ្ធកងទ័ពនេះជាប្រពៃណីជាប់រៀងរាល់ឆ្នាំ ហើយអាចសន្និដ្ឋានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមក គឺចាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង ។
គ. ឯកសារខ្លះនិយាយថា ពិធីបុណ្យអុំទូក គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយនៅប្រទេសកម្ពុជា ។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែលនឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុបដែលមានឈ្មោះថា សាំង ហ្សង់ ដែលបច្ចុប្បន្នប្រារឰធ្វើនៅអឺរ៉ុបខាងជើង ។ប្រពៃណីខ្លះមានប្រវត្ដិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្ដិនៃព្រះពុទ្ធជាម្ចាស់ ។ ប៉ុន្ដែការបកស្រាយមួយដែលអាចយកជាការគ្រប់គ្រាន់គឺក្នុងបំណង «ដឹងគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញដែលយើងនាំគ្នាធ្វើឲ្យកករល្អក់» ។ ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់នៃព្រហ្មញ្ញសាសនា ហើយស្របទៅនឹងស្ថានភាពភូមិសាស្ដ្រជាក់ស្ដែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករយើង ។
ពិធីបុណ្យអុំទូកប្រព្រឹត្ដទៅនាថ្ងៃពេញបូណ៌មី ខែកត្ដិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុន្មានខែមកហើយ បានធ្វើឲ្យបឹងបួទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថា ពេលនេះស្រូវក្នុងស្រែកំពុងតែទុំហើយ ។ នៅពេលដែលទឹកទន្លេមេគង្គលិចជន់ (សីហា-វិច្ឆិកា) ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានហូរចាក់ស្រោចស្រពបឹងបួ តាមរយៈទន្លេសាបដែលហូរពីត្បូងទៅជើង ។ ដល់រដូវទឹកស្រក ដែលចាប់ផ្ដើមនៅខែវិច្ឆិកា ទឹកបឹងបួហូរត្រឡប់តាមទន្លេសាបដដែលពីជើងមកត្បូងវិញ ។
ទឹកជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួ មានប្រភពមកពីតំបន់ទីបេដ៏សែនឆ្ងាយ បានផ្ដល់នូវជីវភាពស្រែចម្ការនៅប្រទេសកម្ពុជា ។ ដីល្បាប់ដែលបានដោយសារទឹកជំនន់នៃទន្លេបឹងបួទាំងឡាយ បានធ្វើឲ្យដីមានជីវជាតិបង្កបាននូវធនធានសម្បូរបែបនៅក្នុងប្រទេសកម្ពុជា ។ ដំណាំទាំងឡាយដែលកសិករខ្មែរធ្វើតាមចង្វាក់នៃទឹកសម្រកបានផ្ដល់នូវផលយ៉ាងច្រើន រាំងស្កាត់គ្រោះទុរ្ភិក្ស និងផ្ដល់សុភមង្គល ។ ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណខ្មែរយើងក៏កំណត់យកថ្ងៃពេញបូណ៌មីខែកត្ដិករៀងរាល់ឆ្នាំ រៀបចំពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ដើម្បីសំដែងមនោសញ្ចេតនា ដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាប ដែលបានផ្ដល់ជីវជាតិយ៉ាងសំខាន់បម្រើវិស័យកសិកម្ម ។ ពិធីបុណ្យនេះ គេតែងប្រារឰធ្វើអស់ថេរវេលា៣ថ្ងៃ គឺថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ ១រោច ខែកត្ដិក ធ្វើនៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង ៕
ប្រភពៈ សាលអាន ថ្ងៃទី១៦/១១/២០០៧ (ដកស្រង់ពីកាសែតកោះសន្ដិភាព)
Source: ប្រវត្ដិសាស្រ្ដ