Ultimate magazine theme for WordPress.

- Advertisement -

ទំនាក់ទំនង​វប្បធម៌​រវាង​ខ្មែរ​និង​ចិន​នា​សម័យ​នគរភ្នំ​

0 2

រូប​ពុទ្ធបដិមា​បុរេ​អង្គរ សំរឹទ្ធិ ស.វ​ទី​៥-៦

ប្រវត្ដិ​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​លក្ខណៈ​វ័យ​ចំណាស់​ស្មើនឹង​ប្រវត្ដិសាស្ត្រ​ខ្មែរ ។ តាម​ពិត​ទៅ​ ព្រះពុទ្ធ​សាសនា​ដែល​បាន​ចាក់​ឫស​កែវ​យ៉ាង​ជ្រៅ​នៅ​ក្នុង​ទឹកដី​ខ្មែរ​យើង​តាំងពី​ដើម​សតវត្សរ៍​ទី​១​ នៃ​គ្រិស្ដសករាជ​ មិន​ដែល​សាបសូន្យ​ម្ដងណា ឡើយ​ដោយ​គ្រាន់តែ​ស្ថិត​ក្នុង​ចន្លោះ​កាល​ខ្លះ​ មិនសូវ​លេច​ចេញ​ជា​ផ្លូវការ​តែ​ប៉ុណ្ណោះ ។ ចំពោះ​ទំនាក់ទំនង​ខាង​វប្បធម៌​រវាង​ខ្មែរ​និង​ចិន​ គឺ​វា​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាំងពី​យូរយា​ណាស់​មក​ហើយ​បាន​ន័យ​ថា តាំងពី​ការ​កើត​រដ្ឋ​របស់​ខ្មែរ​នា​សម័យ​នគរភ្នំ​មក​ម្ល៉េះ ។​

យោង​តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ​របស់​លោក​បណ្ឌិត​ មីសែល ត្រាណេ ជំនាញ​ខាង​ប្រវត្ដិសាស្ដ្រ​កម្ពុជា ​បាន​ដកស្រង់​កំណត់​ចិន​នៃ​រាជ វង្ស​លាង​ (ឆ្នាំ​១៥០២-១៥៥៦​នៃ​គ្រិស្ដសករាជ) ថា ព្រះមហាក្សត្រ​នា​សម័យ​នគរភ្នំ​ព្រះ​អង្គ​បាន​ចាប់​បញ្ជូន​រាជទូត​ខ្មែរ​ម្នាក់​ឲ្យ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ថ្វាយ​ជំនូន ​រួម​មាន ​ព្រះពុទ្ធ​អង្គ​ធ្វើ​អំពី​ផ្កាថ្ម ។ ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​នេះ​បាន​ចាប់ផ្ដើម​ឡើង​នៅ​ក្នុង​ឆ្នាំ​៥០៣ នៃ​គ្រិស្ដសករាជ ។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ មាន​ព្រះ​ភិក្ខុសង្ឃ​ខ្មែរ​ពីរ​ព្រះ​អង្គ​ទៀត​នៃ​ចក្រភព​នគរភ្នំ​ បាន​និមន្ត​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ប្រែ​គម្ពីរ​ព្រះត្រៃបិដក​ចិន គឺ​ព្រះ​ភិក្ខុ​ព្រះ​នាម​សិង្ហបាល ​និង​បន្ដ្រសេនា ។​

លោក​បណ្ឌិត​បាន​ដកស្រង់​កំណត់ហេតុ​នៃ​ព្រះរាជ​វង្ស​លាង​ដដែល​មក​បញ្ជាក់​ទៀត​ថា ព្រះបាទ​រុទ្រវរ្ម័ន​ និង​ព្រះរាជបុត្រ​របស់​ទ្រង់​គឺ​ព្រះបាទ​ជ័យវរ្ម័ន​នៃ​ចក្រភព​ភ្នំ​សុទ្ធសឹងតែ​កាន់​ព្រះពុទ្ធ​សាសនា ។ ក្នុង​ព្រះរាជ​បំណង​ពង្រឹង​ចំណង​មេត្រីភាព​រវាង​ជនជាតិ​ខ្មែរ​និង​ចិន ដែល​កាន់​លទ្ធិ​ព្រះពុទ្ធ​សាសនា​ដូច​គ្នា ព្រះ​ចៅ​អធិរាជ​ខ្មែរ​រុទ្រវរ្ម័ន​បាន​បញ្ជូន​ព្រះ​រាជទូត​ខ្មែរ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ឆ្នាំ​៥១៩ ដោយ​មាន​តង្វាយ​ទៅ​ព្រះ​ចៅ​ក្រុង​ចិន​នូវ​រូបចម្លាក់​ព្រះ​ពុទ្ធរូប​ធ្វើ​អំពី​ឈើខ្លឹម​ចន្ទន៍​ក្រឹស្នា ។​

- Advertisement -

លោក​បាន​បន្ត​ទៀត​ថា ២០​ឆ្នាំ​ក្រោយមក ពោល​គឺ​នៅ​ឆ្នាំ​៥៣៩​ នៃ​គ្រិស្ត​សករាជ ក្នុង​រាជ​ព្រះមហាក្សត្រ​ដដែល​បាន​ផ្ញើ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ចិន​នូវ​ព្រះ​ពុទ្ធរូប​បុរាណ​មួយ​អង្គ​ទៀត ដែល​មានកម្ពស់​១២​ហ្វីត​ (១​ហ្វីត​ស្មើ​៣០,៤៩​សង់ទីម៉ែត្រ) ហើយ​ព្រះ​ចៅ​អធិរាជ​ចិន​ក៏​បាន​ត្រាស់​បញ្ជា​ឲ្យ​ព្រះសង្ឃ​ចិន​មួយ​ព្រះ​អង្គ​និមន្ត​មក​កាន់​រាជធានី​នគរភ្នំ​ដើម្បី​ស៊ើប​សួរ​អំពី​ប្រវត្តិ​នៃ​ព្រះ​ពុទ្ធរូប​ខាងលើ​នេះ ។​

ព័ត៌មាន​ជា​ប្រវត្ដិសាស្ដ្រ​ដែល​បាន​កត់ត្រា​នៅ​ក្នុង​កំណត់ហេតុ​ព្រះរាជ​វង្ស​លាង​បាន​ផ្ដល់​នូវ​ទិន្នន័យ​សំខាន់ៗ​មួយ​ចំនួន​ទៀត ។ លោក​បណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រៅពី​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​តង្វាយ​នៃ​ព្រះ​ពុទ្ធរូប​នោះ​ នៅ​មាន​ឯកសារ​ចិន​និយាយ​ផ្ដោត​ទៅ​លើ​សកម្មភាព​ផ្សព្វផ្សាយ​នៃ​លទ្ធិ​ព្រះពុទ្ធ​សាសនា​ប្រកបដោយ​ចីរភាព​តាម​រយៈ​ការ​ចម្លង​អត្ថបទ​គម្ពីរ​ផ្សេងៗ ។​ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ ក្នុង​រវាង​ឆ្នាំ​៥៣៥​ និង​៥៤៥​ នៃ​គ្រិស្ដសករាជ ព្រះមហាក្សត្រ​ចិន​បាន​បញ្ជូន​រាជទូត​របស់​ព្រះ​អង្គ​មក​កាន់​ទឹកដី​ខ្មែរ​យើង ដើម្បី​ចម្លង​ព្រះ​គម្ពីរ​ព្រះពុទ្ធ​សាសនា ។​

ព្រះ​ចៅ​អធិរាជ​ខ្មែរ​ជំនាន់​នោះ​បាន​បញ្ជូន​ព្រះ​ភិក្ខុ​ឥណ្ឌា​មួយ​ព្រះ​អង្គ ដែល​ប្រកបដោយ​ចំណេះ​ចេះ​ដឹង​យ៉ាង​ខ្ពង់ខ្ពស់ គឺ​ព្រះ​ភិក្ខុ​បរមត្ថា មក​ពី​ទីក្រុង​អុជយិនី​ទៅ​កាន់​ប្រទេស​ចិន ។ ក្នុង​ព្រះរាជ​បេសកកម្ម​នេះ​ ព្រះសង្ឃ​ឥណ្ឌា​បាន​នាំ​ទៅ​ជាមួយ​ព្រះ​អង្គ​នូវ​អត្ថបទ​ចំនួន​២៤០​បាច់ ​ផង​ដែរ ។​

លោក​បណ្ឌិត​ត្រាណេ​បាន​ឲ្យ​ដឹង​ទៀត​ថា គម្ពីរ​ទាំងនោះ​សុទ្ធសឹងតែ​ជា​គម្ពីរ​មហាយាន​ខ្មែរ​ ដែល​អាជ្ញាធរ​ចិន​បាន​លើក​តម្លៃ​យ៉ាង​ខ្ពស់​ថ្វី​ត្បិត​តែ​មាន​ប្រភព​ពី​ឥណ្ឌា​ក៏​ដោយ ។ សារ​ប្រយោជន៍​មួយ​ទៀត​ខាង​ប្រវត្ដិសាស្ដ្រ គឺ​បដិមាកម្ម​ខ្មែរ​នា​សម័យ​នោះ​ ក៏​បាន​ចម្លង​ឥទ្ធិពល​នៃ​វប្បធម៌​ចិន​ដែរ ជា​ពិសេស​ខាង​ការ​សាងសង់​ចម្លាក់​ពុទ្ធបដិមា ។ ជា​ឧទាហរណ៍ គេ​អាច​លើក​យក​ចម្លាក់​សំរឹទ្ធិ​ខ្មែរ​មួយ​ចំនួន​ដែល​គេ​បាន​រក​ឃើញ​នៅ​ម្ដុំ​ដែនដី​សណ្ដ​កម្ពុជា​ក្រោម​ បច្ចុប្បន្ន​ស្ថិត​ក្នុង​ប្រទេស​វៀតណាម​ខាងត្បូង​ ដែល​មាន​ព្រះ​ភក្ដ្រ​បែប​ចិន ។​ ឥទ្ធិពល​ចិន​លើ​ពុទ្ធបដិមាកម្ម​ខ្មែរ បាន​ត្រូវ​មើលឃើញ​ថា ជា​ការ​ធម្មតា​ ព្រោះ​កុំ​ភ្លេច​ថា សិល្បៈ​ខ្មែរ​នា​ដើម​គ្រិស្ដសករាជ​ មាន​ចរិក​អន្តរជាតិ​ ហើយ​ត្រូវ​បាន​បង្កើត​ឡើង​តាម​គំរូ​បែប​ឥណ្ឌា ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី​០៣/១២/២០០៧ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ

Comments
Loading...