ស្ថិតនៅខាងជើងនៃព្រះរាជធានីអង្គរ សុខោទ័យ ដែលត្រូវបញ្ចូលទៅក្នុងស្រុកវិស្ណុលោក និងអតីតខេត្ដមួយនៃចក្រភពអង្គរដែលត្រូវបានជនជាតិថៃដណ្ដើមយកបាន ហើយត្រូវផ្ដាច់ចេញពីការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលខ្មែរ ហើយការលេចធ្លោឡើងនៃព្រះរាជាណាចក្រថៃមុនដំបូងបង្អស់ បានធ្វើឲ្យវាសនានៃព្រះរាជាណាចក្រកម្ពុជាមានការប្រែប្រួលផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា ។
លោក មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្ដិសាស្ដ្រខ្មែរ បានឲ្យដឹងថា ដោយការបង្កើតរដ្ឋថៃនេះហើយដែលទំហំចក្រភពអង្គរត្រូវបានបង្រួមបន្ដិចម្ដងៗ ម្យ៉ាងវិញទៀតជនជាតិខ្មែរត្រូវបានប្រឈមមុខនឹងគ្រោះថ្នាក់អសន្ដិសុខបណ្ដាលមកពីការវាយឆ្មក់មិនឈប់ឈរនៃរដ្ឋនេះ ។ លើសពីនេះទៅទៀត ជនជាតិខ្មែរដែលធ្លាប់តែរស់នៅក្នុងអតីតដែនដីខ្មែរ បានទទួលឥទ្ធិពលវប្បធម៌ថៃ ហើយដើម្បីធានានូវលក្ខណៈសង្គមនិងអធិបតេយ្យភាពរបស់ជាតិ អ្នកដឹកនាំថៃបានយកលទ្ធិព្រះពុទ្ធសាសនានិកាយហីនយានឬថេរវាទ មកធ្វើជាសាសនារបស់រដ្ឋ ។ ដូច្នេះជនជាតិខ្មែរដែលរស់នៅក្នុងអាណាខេត្ដនានា ត្រូវបានជ្រួតជ្រាបដោយមនោគមន៍វិជ្ជាថ្មី ហើយអាណាខេត្ដទាំងនោះបានទទួលនូវលទ្ធិថេរវាទភាសាបាលី ហើយលាតសន្ធឹងដល់ព្រះរាជធានីអង្គរធំ ។
លោកមីសែល ត្រាណេបានបន្តថា អ្វីដែលពោលខាងលើនេះ មិនមែនមានន័យថា ខ្មែរទើបតែចេះប្រើភាសាបាលីតាមរយៈជនជាតិថៃនោះទេ គឺស្ថានភាពនេះហើយដែលអាចឆ្លុះបញ្ចាំងឲ្យឃើញនូវការជ្រួតជ្រាបនៃព្រះពុទ្ធសាសនាថេរវាទទៅលើស្ថាបត្យកម្មផ្សេងៗ ហើយការលូតលាស់ថ្កើងថ្កានរបស់អំណាច ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌រវាងនគរខ្មែរនិងសុខោទ័យដែលបានក្លាយទៅជាមហាអំណាចមួយក្នុងតំបន់ឥណ្ឌូចិនដីគោក សមស្របតាមការអភិវឌ្ឍន៍របស់សង្គម ។ វាជាការធម្មតាទេដែលក្នុងប្រវត្ដិនៃមនុស្សជាតិ គេឃើញកម្រិតវប្បធម៌មួយទ្រុឌទ្រោមដុនដាប ក្នុងពេលដែលវប្បធម៌មួយទៀតរីកដុះដាលឡើងយ៉ាងខ្លាំងក្លា និងឆាប់រហ័សបំផុត ។
អ្នកឯកទេសរូបនោះបានបន្ថែមថា ក្នុងបរិបទនេះហើយដែលលទ្ធិព្រហ្មញ្ញសាសនា ត្រូវបានស្រុតចុះយ៉ាងលឿនបំផុត ហើយរចនាសម្ព័ន្ធសង្គមខ្មែរដែលប្រកបដោយបញ្ញតិដ៏រឹងប៉ឹងត្រូវបានផ្លាស់ប្ដូរ ។ លើសពីនេះទៅទៀត ទស្សនវិជ្ជាស្ដីពីសង្គមនិងលោករបស់ជនជាតិខ្មែរ ក៏បានប្រែប្រួលផងដែរ ហើយបន្ដិចម្ដងៗត្រូវបានជំនួសដោយមូលដ្ឋាននៃជំនឿថ្មី ដែលដាក់តម្លៃលើវិស័យសីលធម៌ សច្ចធម៌ និងព្រហ្មវិហារធម៌ ខុសពីលទ្ធិព្រាហ្មណ៍ដែលតម្រូវឲ្យមានការពលិកម្មគ្រប់បែបយ៉ាង សម្រាប់ទ្រទ្រង់និរន្តរភាពមហិទ្ធិឫទ្ធិរបស់ព្រះមហាក្សត្រ ។
ទាំងនេះបណ្ដាលឲ្យប្រព័ន្ធធារាសាស្ដ្រទាំងមូលនៃទីក្រុងអង្គរត្រូវរេចរឹល បាត់បង់នូវកិត្យានុភាព ថាមពលបន្ដិចម្ដងៗ ។ ម្យ៉ាងវិញទៀត គេក៏កត់សម្គាល់ផងដែរថា ដោយសារទស្សនៈនៃមនោគមន៍វិជ្ជានៃលទ្ធិថេរវាទមិនបានមានទម្ងន់ទៅលើសម្ភារៈនិយម ការសាងសង់នូវប្រាង្គប្រាសាទ និងផែនការសាងសង់ធំៗដើម្បីប្រយោជន៍សាធារណៈ ដូចជា ជីកបារាយណ៍ សាងសង់ស្ពាន ថ្នល់ ក៏ត្រូវបញ្ឈប់ដែរ ។
លោកមីសែល ត្រាណេបានឲ្យដឹងថា កត្ដាសំខាន់មួយទៀតដែលបណ្ដាលឲ្យវប្បធម៌អារ្យធម៌អង្គរស្រុតចុះយ៉ាងដំណំនោះ គឺកត្ដាសឹកសង្គ្រាមដែលធ្វើឲ្យប្រទេសខ្មែរខ្ទេចខ្ទាំសឹងតែងើបមុខមិនរួច ។ សង្គ្រាមមិនមែនត្រឹមតែបានបំផ្លិចបំផ្លាញខេត្ដឬទីក្រុងសំខាន់ៗក្នុងទឹកដីខ្មែរតែប៉ុណ្ណឹងទេ សូម្បីខេត្ដនានារបស់ខ្មែរក្នុងប្រទេសថៃបច្ចុប្បន្ន ដូចជាសុខោទ័យផ្ទាល់ក៏ត្រូវដុតកម្ទេចផងដែរ ដោយសង្គ្រាមវាតទីទឹកដីក្នុងអតីតកាល ។ ការបាក់បែកស្រុកចុះខ្ទេចខ្ទាំនៃទីក្រុងបុរាណខ្មែរ ព្រមទាំងទេវស្ថានវត្ដអារាមដែលក្នុងនោះបានតម្កល់ទេវរូប ព្រមទាំងព្រះរូបរបស់ព្រះបាទជ័យវរ្ម័នទី៧ផង គឺជាបាតុភូតសង្គមជាក់ស្ដែង ដែលផ្អែកលើព្រឹត្តិការណ៍ប្រវត្ដិសាស្ដ្រ និងការវិនិច្ឆ័យលើវត្ថុបុរាណ ។ ឧទាហរណ៍ករណីភាគច្រើនត្រូវបានយើងរកឃើញតាមរយៈស្លាកស្នាមស្ថាបត្យកម្មដែលបញ្ជាក់ឲ្យដឹងច្បាស់ថា ភាពបាក់បែកនូវរូបចម្លាក់ទាំងនោះនិងបុរាណស្ថានទាំងនោះ មិនមែនបណ្ដាលមកពីកត្ដាធម្មជាតិនោះទេ ។
លោកត្រាណេ បានបន្តថា ភាពឃោរឃៅនៃសង្គ្រាមនាសម័យបុរាណ មុនការកសាងនៃទីក្រុងសុខោទ័យឡើងវិញដ៏មហារុងរឿងថ្កុំថ្កើងមិនចាញ់ទីក្រុងផ្សេងៗរបស់ខ្មែរប៉ុន្មាននោះទេ ទោះបីជាសាងសង់ដោយឥដ្ឋនិងថ្មបាយក្រៀមក៏ដោយ ក៏ឆ្លុះបញ្ចាំងឲ្យដឹងថា ក្នុងពេលដែលមានសង្គ្រាមម្ដងៗ រដ្ឋអំណាចកណ្ដាលចុះទន់ខ្សោយ ជាក់ស្ដែងព្រះរូបនៃព្រះបាទជ័យវរ្ម័នទី៧ ព្រមទាំងព្រះបដិមាជាច្រើននៃទីក្រុងសុខោទ័យ ដែលជាសិរីមង្គលត្រូវគេកម្ទេចចោល ។ ម្យ៉ាងវិញទៀត សភាពនៃព្រះរូបនេះ ដែលបាក់ខ្ទេចខ្ទាំជាច្រើនកំណាត់ ក៏ជាសញ្ញានៃការប៉ះទង្គិចរវាងកងទ័ពខ្មែរនិងកងទ័ពថៃ ដែលដឹកនាំដោយហ្វាមឿង មេនៃសហគមន៍ថៃនៅសុខោទ័យ នៅលើទឹកដីដ៏បវររបស់ខ្មែរនាសម័យមហាគនរផងដែរ ។
លោកបានបញ្ជាក់ឲ្យដឹងថា ចំពោះការបង្កើតរដ្ឋថៃមុនដំបូងបង្អស់នៅលើទឹកដីខ្មែរ ពោលគឺនៅខេត្ដសុខោទ័យនិងសជ្ជនាល័យ ដែលជាខេត្ដភ្លោះ ។ លោកហ្សកសឺដេស បានឲ្យដឹងដោយសង្ខេបថា មានបុគ្គលម្នាក់ឈ្មោះហ្វាមឿងដែលត្រូវជាកូនរបស់មេពួកសៀមនៅក្រោមការត្រួតត្រាគ្រប់គ្រងរបស់ខ្មែរ ។ ជនជាតិនេះបានទទួលគោរមងារថា ឥន្ទ្របតិន្ទ្រាទិត្យា ពីព្រះមហាក្សត្រខ្មែរ ព្រមទាំងបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ក្សត្រីខ្មែរម្នាក់ ។ ឆ្លងកាត់ព្រឹត្ដិការណ៍នេះ គេពុំដឹងមូលហេតុច្បាស់ ដោយមានការជួយចូលរួមកម្លាំងពីមេទ័ពថៃម្នាក់ទៀតឈ្មោះ បាងថាវ ហ្វាមឿងបានប្រឆាំងនឹងអភិបាលខេត្ដសុខោទ័យ បានទទួលជ័យជំនះលើខ្មែរ ហើយក៏បានតែងតាំងបាងក្លាងថាវហ្វាមឿង ជាអភិបាលខេត្ដជំនួសទៅវិញ ព្រមទាំងប្រកាសជាស្ដេច ដោយរក្សានូវឋានន្តរស័ក្ដិដើមរបស់ខ្លួនគឺ ឥន្ទ្របតិន្ទ្រាទិត្យា ។ ការធ្វើយ៉ាងដូច្នេះ វាហាក់ដូចជាត្រូវច្បាប់ (ទោះជាល្បិចកលក្ដី) ព្រោះទង្វើនេះបានធ្វើឡើងក្នុងនាមស្ថានអធិការបតីរបស់ខ្មែរ ។ ដោយពិតការដែលត្រូវស្ថិតនៅក្រោមឱវាទ ត្រូវកាត់ផ្ដាច់ ហើយព្រះរាជាណាចក្រថៃឯករាជ្យដំបូងនៅក្នុងតំបន់អាងនៃទន្លេមេណាមដែលចិនឲ្យឈ្មោះ សៀន (គឺសៀម) ត្រូវបានបង្កើតឡើង ។
លោកបានបន្ថែម ដោយសង្កត់ធ្ងន់ថា ការបាត់បង់ទឹកដីខេត្ដសុខោទ័យផ្ទាល់ ពុំមែនជាមហន្តរាយសម្រាប់ប្រទេសកម្ពុជានោះទេ ។ ប៉ុន្ដែ ព្រះរាជាណាចក្រក្មេងខ្ចីនេះ ដែលទើបតែត្រូវបានបង្កើតឡើងមិនយូរប៉ុន្មានទេ និងចាប់ផ្ដើមអនុវត្ដនូវនយោបាយវាតទីនិយមលើចៅហ្វាយចាស់របស់ខ្លួន ដោយនាំមកនូវផលផ្លែផ្កានៅចុងសតវត្សទី១៣ នៃគ្រិស្ដសករាជ ក្នុងរជ្ជកាលរបស់កូនស្ថាបនិកព្រះរាជាណាចក្រថៃដំបូងនេះ ។ ដើម្បីបង្ហាញនូវជ័យជំនះរបស់ព្រះអង្គលើខ្មែររវាងឆ្នាំ១២៨០ និង ១២៩៥ នៃគ្រិស្ដសករាជ ព្រះបាទរាមកំហែង បានត្រាស់ឲ្យគេចារនៅលើផ្ទាំងថ្មធំមួយស្ថិតនៅក្នុងឧទ្យាននៃព្រះបរមរាជវាំងរបស់ព្រះអង្គ នូវវិសាលភាពដ៏ធំធេងនៃព្រះរាជាណាចក្រថៃដំបូងដែលទើបតែត្រូវបានបង្កើតឡើងនៅលើទឹកដីចាស់របស់ចក្រភពខ្មែរ ។ ដូចនេះ តាមរយៈឯកសារនេះយើងដឹងថា ទឹកដីដែលព្រះអង្គបានពីការលុកលុយដណ្ដើមពីខ្មែរនោះ មានគ្រប់ទិសទាំងបួន ខាងកើតអំណាចរបស់ព្រះអង្គបានលាតសន្ធឹងរហូតដល់ទីក្រុងវៀងចន្ទន៍ ដែលព្រះអង្គទើបតែដណ្ដើមបាន ។ ចុងក្រោយ ព្រះបាទជ័យវរ្ម័នទី៧ ចូលទីវង្គតពោលគឺនៅពេលដែលឥទ្ធិពលខ្មែរត្រូវចុះទន់ខ្សោយ ខាងត្បូងទល់នឹងនគរចេនឡា ខាងលិចទល់នឹងហង្សាវតី (បេគូ) រីឯទិសខាងជើងវិញ ទល់នឹងតំបន់ដែលនឹងក្លាយជាទីក្រុងហ្លួងព្រះបាងបច្ចុប្បន្ន ។
ប្រភពៈ សាលអាន ថ្ងៃទី០៥/១២/២០០៧ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ