Ultimate magazine theme for WordPress.

សត្វ​ក្រពើ​តំណាង​ឲ្យ​កម្លាំង​អាថ៌​កំបាំង​ដែល​មាននៅ​ក្នុង​ធម្មជាតិ





រូប​កាក់​ត្រា​សញ្ញា​សត្វ​ក្រពើ​នៅ​អង្គរបុរី ស.វ​ទី​១

យោង​តាម​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​របស់​បុរាណវិទូ​ខាង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ដ៏​ល្បីល្បាញ ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ​និយាយ​ថា ខ្មែរ​បុរាណ​ពេញចិត្ដ​នឹង​ចម្លាក់​គំនូរ​កាក់​រូប​សត្វ​ក្រពើ​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ពួក​គាត់​គោរព​សត្វ​ក្រពើ​ពីព្រោះ​វា​ជា​សត្វ​អច្ឆរិយៈ​ មាន​មហិទ្ធិឫទ្ធិ​យ៉ាង​ខ្លាំងក្លា​អស្ចារ្យ​ផង​ដែរ ។ ក្នុង​ករណី​នេះ​ហើយ​ដែល​គេ​ចាត់​ទុក​ថា ក្រពើ​តំណាង​ឲ្យ​កម្លាំង​អាថ៌​កំបាំង​ដែល​មាននៅ​ក្នុង​ធម្មជាតិ​យ៉ាង​ប្រាកដ ។​

លោក​បណ្ឌិត​មីសែល ត្រាណេ​ ជំនាញការ​ខាង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ ក្រពើ​មាន​គុណសម្បត្ដិ​ប្រកបដោយ​កម្លាំង​បារមី​ ដែល​ឆ្លុះ​បញ្ចាំង​តាម​រង្វង់​មូល​កាក់​ គឺជា​ការ​ប្រមូលផ្ដុំ​នៃ​ឥទ្ធិពល​ធម្មជាតិ ។ សត្វ​នេះ វា​អាច​ការពារ​មនុស្ស​បាន​ដូច​បំណង ។ ចាប់ពី​សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍​ទី​៦ ​នៃ​គ្រិស្ដសករាជ គឺ​សម័យកាល​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​នគរភ្នំ ហើយ​ផ្នែក​ខាង​មនោគមន៍វិជ្ជា ក៏​ដូច​ខាង​ផ្លូវ​បច្ចេកទេស​និង​វប្បធម៌ ។​ ដោយហេតុ​នេះ​ហើយ​បានជា​នៅ​ក្នុង​អន្តរកាល​នោះ​ គេ​ឃើញ​មាន​នវានុវត្ដន៍​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ។​

លោក​បណ្ឌិត​បាន​រំលឹក​អំពី​ប្រវត្ដិ​អតីតកាល​រាប់​ពាន់​ឆ្នាំ​មុន​ថា​ នៅ​ក្នុង​រដ្ឋ​ខ្មែរ​ខាងលើ​នេះ​ ដោយឡែក​នៅ​ទីក្រុង​អង្គរបុរី​ និង​អូរទង​ (គេ​ហៅ​ថា​អ៊ូថង) នៅ​ខេត្ដ​សុផាន់បុរី​ (សុវណ្ណបុរី) នៃ​ប្រទេស​ថៃ​សព្វថ្ងៃ​ គឺ​មាន​ការ​និយម​នូវ​កាក់​នេះ​ មុនគេ​ធ្វើ​អំពី​មាស ប្រាក់ សំណ ដែល​ជា​រូបិយ​វត្ថុ​សម្រាប់​ជួញដូរ ។​

ការ​និយម​រូបិយ​វត្ថុ​នេះ ក៏​ជា​សញ្ញា​នៃ​ការ​លូតលាស់​នូវ​វិស័យ​កញ្ចក់​មួយ​សម្រាប់​ឆ្លុះ​បញ្ចាំង​នូវ​វឌ្ឍនភាព​ខាង​បច្ចេកទេស​របស់​ខ្មែរ​ដែល​កើត​ចេញពី​ប្រភព​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។​

ទាក់ទង​ករណី​ខាងលើ មាន​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា ខ្មែរ​មិន​ចេះ​ប្រើប្រាស់​កាក់​នា​សម័យ​ដើម​នោះ​ទេ ។ ប៉ុន្ដែ​ដោយ​ផ្អែក​លើ​ចម្លាក់​កាក់​មួយ​ចំនួន​បាន​បន្សល់​ទុក​ អ្នកប្រាជ្ញ​ខ្មែរ​គិត​ថា នៅ​សម័យ​មុន គំនូរ​លើ​កាក់​រមែងតែងតែ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ជំនឿ​សាសនា​ផង​ដែរ ពោល​គឺ​ពុំ​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ។​

បើសិនជា​យើង​ពិនិត្យ​ទៅ​លើ​កាក់​មួយ​ចំនួន ហើយ​វិភាគ​រូប​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​អត្ថន័យ​របស់​វា​ គេ​នឹង​សម្គាល់​ឃើញ​ថា ដូនតា​ខ្មែរ​នា​សម័យ​នោះ​បាន​យក​សត្វ​ក្រពើ​ជា​សញ្ញា​និមិត្ដ​មួយ​ក្នុង​ចំណោម​សញ្ញា​និមិត្ដ​ដ៏​ពិសិដ្ឋ​ជា​ច្រើន ។ ក្រៅពី​សត្វ​ក្រពើ​មាន​សត្វ​ត្រកួត ក៏​មាន​អត្ថន័យ​ដូច​គ្នា​នេះ​ដែរ ។​

មាន​ចម្ងល់​ជា​ច្រើន​លើក​ជា​សំណួរ​ថា ហេតុ​អី្វ​ក៏​មាន​ការ​ពេញចិត្ដ​នឹង​ការ​ឆ្លាក់​រូប​សត្វ​ក្រពើ​នៅ​លើ​កាក់​មាស​តូចៗ ព្រោះ​វា​ជា​សត្វ​កាច​សាហាវ​ក្រៃលែង ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច ? ហើយ​ហេតុ​អ្វី​បានជា​នៅ​ផ្នែក​ខាងលើ​នៃ​ចម្លាក់​សត្វ​ក្រពើ​ និង​នៅ​ខាងក្រោយ​កាក់​ គេ​ក៏​ឃើញ​មាន​ដុំ​ពពុះ​ឬ​ពងទឹក​ទៅ​វិញ ?

ទាក់ទង​នឹង​សំណួរ​ខាងលើ លោក​បណ្ឌិត​មីសែល​លើក​ឡើង​ថា ការ​ដែល​គេ​ឆ្លាក់​រូប​ក្រពើ​និង​ពពុះទឹក​ដែល​តំណាង​ឲ្យ​ទឹក​នោះ​ ពិតជា​ពាក់ព័ន្ធ​ទៅ​នឹង​ជំនឿ​ប្រជាប្រិយ​របស់​ជនជាតិ​ខ្មែរ​ដើម ហើយ​វត្ដមាន​របស់​សត្វ​នេះ​អាច​ធ្វើ​ឲ្យ​គេ​សម្រេច​នូវ​អ្វីៗ​ទាំងអស់ ។ រូបចម្លាក់​កាក់​របស់​យើង​កើត​ចេញពី​មូលដ្ឋាន​សេដ្ឋកិច្ច​ក៏​មែនពិត តែ​ក្រៅពី​សកម្មភាព​ពាណិជ្ជកម្ម មាន​មូលដ្ឋាន​មួយ​ទៀត​ គឺ​ជំនឿ​សាសនា​បែប​ជីវចល​និយម ។​

តាម​គោលការណ៍​សំខាន់​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​បណ្ឌិត​បាន​បញ្ជាក់​អំពី​កាក់​បុរាណ​ខាងលើ​នេះ​ទៀត​ថា វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​គំនិត​និង​ប្រាជ្ញា​របស់​មនុស្ស​ខ្មែរ​ជំនាន់​មុន​នា​ដើម​សតវត្សរ៍​ទី​១ ក្នុង​ការ​រចនា​កែ​ច្នៃ​នូវ​អ្វីៗ​ដែល​កើត​មាន​ពី​មុន​ឲ្យ​ក្លាយទៅជា​របស់​ខ្មែរ​ដ៏​មាន​តម្លៃ​ឥត​គណនា ។ ការ​ផ្សំ​វត្ថុធាតុដើម និង​បច្ចេក​ទេស​មក​ពី​ខាងក្រៅ​ គឺជា​និមិត្ដរូប​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​និង​បញ្ញា​ញាណ ។ នៅ​ក្នុង​សង្គម​ខ្មែរ​បុរាណ​វិស័យ​ជំនឿ​សាសនា​គឺជា​ដង្ហើម​នៃ​ជីវិត ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី​១៩/១២/២០០៧ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ





Comments
Loading...