វរទមុទ្រា ឬ វរមុទ្រា គឺជាត្រាដែលតំណាងឲ្យសប្បុរសធម៌ឬទានរបស់ព្រះអង្គប្រទាន ។ តាមពិតទៅ ពាក្យ «វរ» នៅទីនេះមានន័យថា ជម្រើស ឬវត្ថុដែលគេជ្រើសរើស ។ រីឯឥរិយាបថមួយទៀតនៃព្រះពុទ្ធអង្គដែលគេតំណាងលើព្រះពុម្ពគឺព្រះពុទ្ធអង្គកំពុងសម្ដែងព្រះធម៌ចក្រ ។ តើហេតុដូចម្ដេចទៅដែលគេហៅថាព្រះអង្គសម្ដែងធម៌ចក្រ ?
យោងទៅតាមការសិក្សាស្រាវជ្រាវរបស់បណ្ឌិតមីសែល ត្រាណេ ជំនាញខាងប្រវត្ដិសាស្ដ្រកម្ពុជា បានបង្ហាញថា នៅលើព្រះបដិមាពុម្ពបុរេអង្គរ គេឃើញព្រះអង្គទ្រង់ឈរដៃស្ដាំសំយុងចុះក្រោមដោយប្រអប់ដៃលា ។ រីឯម្រាមដៃវិញមានសភាពលាតមិនមែនឱបរឹតទេ ។
លោកបណ្ឌិតបានឲ្យដឹងទៀតថា ជាទូទៅឥរិយាបថនៃព្រះពុទ្ធអង្គខាងលើ តំណាងឲ្យឥទ្ធិបាទធម៌ដ៏មហាប្រសើររបស់ព្រះពុទ្ធអង្គ ព្រោះថាកាលបើព្រះអង្គមានធម៌ជាទាន ព្រះអង្គអាចប្រោសសត្វលោកទាំងពួងយ៉ាងច្រើនឥតគណនាដែរ ។ ន័យម្យ៉ាងទៀត គឺធម៌ជាទានរបស់ទ្រង់នោះ អាចកើតឡើងដល់បុគ្គល នៅពេលណាគេគោរពប្រតិបត្ដិតាមព្រះឱវាទរបស់ព្រះបរមគ្រូនៃយើង ។ ដូច្នេះហើយបានជាឥរិយាបថខាងលើនេះសំដៅឲ្យទានដែលព្រះពុទ្ធអង្គប្រទានដល់មនុស្សទាំងពួងដោយក្ដីសន្ដោសឬមេត្ដាធម៌ឥតព្រំដែន ។
ទាក់ទងសំណួរខាងដើម លោកបណ្ឌិតមីសែល ត្រាណេ បានលើកឡើងថា ព្រះពុទ្ធអង្គជាក្សត្រក្លិង្គមួយព្រះអង្គ ហើយជាព្រះរាជបុត្ររបស់ព្រះសុទ្ធោទន ដែលស្ថិតក្នុងរាជវង្សនាមគោតម ដោយមានត្រកូលសាក្យ ។ ព្រះពុទ្ធបានប្រសូតនៅទីក្រុងកបិលពស្ដុ នៅឧទ្យានលុម្ពិនី ។ នៅពេលទ្រង់ចម្រើនវ័យកាលណាមក ព្រះអង្គមិនស្របមតិជាមួយនឹងពួកព្រាហ្មណ៍ដែលនិយមប្រព្រឹត្ដតបៈហួសហេតុគ្មានតុល្យភាព ពោលគឺជួនកាលក្ដៅពេក ជួនកាលត្រជាក់ពេក ក្នុងការស្វែងរកព្រះនិព្វានឬមោក្សឲ្យបានលឿនរហ័ស ។ លោកបានបន្តទៀតថា ព្រះអង្គក៏ស្ដេចយាងចាកចេញពីព្រះដំណាក់ ហើយចូលព្រៃដើម្បីស្វែងរកផ្លូវមធ្យមមួយទៀតខុសពីតបៈកម្មដែលអាចនាំឲ្យទ្រង់ចាកផុតពីទុក្ខភ័យយាយីបាន ។
លោកបណ្ឌិតបានរំលឹកអំពីទានបារមីរបស់ទ្រង់ថា ផ្លូវកណ្ដាលឬមធ្យមគឺជាផ្លូវមួយដែលមិនត្រេកត្រអាលនឹងកាមគុណពេកទេ ហើយក៏មិនធ្វើបាបកាយពេកដែរ ហើយម្យ៉ាងវិញទៀតការប្រតិបត្ដិមាគ៌ានេះបាននាំមកនូវការយល់ភ្លឺច្បាស់ឬការត្រាស់ដឹង ។
ក្រោយពីទទួលបាននូវការត្រាស់ដឹងរួចមក ព្រះពុទ្ធអង្គក៏សម្រេចព្រះទ័យសម្ដែងព្រះធម៌ ពោលគឺពន្យល់ធម៌ទៅមនុស្សផងទាំងឡាយទៅតាមសំណូមពររបស់សាវ័កខ្លះ ។ អ្វីមួយដែលគេឲ្យឈ្មោះថា «ការសម្ដែងធម៌ចក្រដំបូងបង្អស់ក្នុងឧទ្យានមួយនៅជិតពារាណសី» ។
សេចក្ដីដូចដែលបានពោលខាងលើនេះ លោកបណ្ឌិតបានលើកឡើងទៀតថា វិចិត្រករខ្មែរបុរាណនាសម័យបុរេអង្គរដែលជាពុទ្ធបរិស័ទដ៏ជ្រះថ្លា បានឆ្លាក់ព្រឹត្ដិការណ៍ដ៏សំខាន់នេះយ៉ាងប្រាកដ ដើម្បីទុកជាគ្រឿងគោរពទីសក្ការៈបូជាដោយព្រះពុម្ពប្រតិបត្ដិតាមគន្លងនៃពុទ្ធប្បវត្ដិ ។
នៅក្នុងន័យខាងលើនេះដែរ លោកមីសែល បានឲ្យដឹងទៀតថា នៅលើចម្លាក់ព្រះពុម្ពដែលតំណាងធម៌ចក្រ គេឃើញព្រះពុទ្ធអង្គស្ថិតក្នុងឥរិយាបថប្រៀនប្រដៅមនុស្សលោកដើម្បីរំដោះទុក្ខរបស់សត្វលោកនៃយើង ។ នៅទីនេះព្រះអង្គគង់ប្រថាប់លើបល្ល័ង្កតាមរបៀបអឺរ៉ុប ដោយសំយុងជើងចុះក្រោម ដៃព្រះអង្គកំពុងធ្វើចលនាបង្វិលកងចក្រនៃធម៌ឲ្យធ្វើដំណើរ ។ ម្យ៉ាងវិញទៀត ការសម្ដែងធម៌ចក្រនេះក៏ត្រូវគេប្រដូចទៅនឹងការសម្ដែងព្រះធម៌លើកដំបូងបង្អស់ដែរ នៅទីក្រុងស៌ានាថជិតពារាណសីក្បែរស្ថានីយបតនៈនៅឧទ្យានប្រើស ។
តាមឥរិយាបថជានិមិត្ដរូបនៃធម៌ចក្រនេះ លោកបណ្ឌិតបានកត់សម្គាល់ថា ដៃទាំងពីររបស់ព្រះពុទ្ធអង្គស្ថិតនៅមុខដើមទ្រូង ចុងម្រាមដៃឆ្វេងប៉ះទល់ទៅនឹងប្រអប់ដៃស្ដាំ ។ គួរបញ្ជាក់ផងដែរថា ជួនកាលវិចិត្រសិល្បករបុរាណយើងកសាងតំណាងព្រះអង្គអង្គុយក្នុងឥរិយាបថវជ្រាសនៈ ដោយមានជើងទាំងពីរគងលើគ្នា ។
ជាចុងក្រោយ បុរាណវិទូយើងសរុបសេចក្ដីថា អ្នកដែលបានស្ដាប់ការទេសនាព្រះធម៌ទាំងនោះពិតជាមានការភ្ញាក់រលឹក ហើយប្រកបដោយទឹកចិត្ដជ្រះថ្លា ហើយក៏អាចក្លាយខ្លួនជាសិស្សនៃព្រះបរមគ្រូនៃយើង ហើយក៏អាចក្លាយខ្លួនទៅជាអ្នកបួសជាព្រះសង្ឃផងដែរ ៕
ប្រភពៈ សាលអាន ថ្ងៃទី២៣/០១/២០០៨ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ