ក្នុងវិស័យសិល្បៈបែបពុទ្ធនិយម គ្រឿងលម្អនៅលើព្រះពុទ្ធបដិមាខ្មែរដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ គឺខ្សែសង្វារខ្វែងគ្នាឬសង្វារព័ទ្ធឆៀង និងស្រងកមានបន្ដោងរូបរាងជាត្រីកោណ ។ បណ្ឌិតប្រវត្តិសាស្ដ្រកម្ពុជាបានបកស្រាយថា ខ្សែសង្វារខ្វែងគ្នានេះ បានលេចចេញជារូបរាងយូរយារណាស់មកហើយ ជាពិសេសនៅសម័យវប្បធម៌នគរភ្នំ ។ នេះជាគ្រឿងលម្អកាយរបស់ស្ដ្រីភេទ និងមេទ័ពខ្មែរ ។ ខ្សែសង្វារនេះ ត្រូវបានប្រើបន្តរហូតដល់សម័យបច្ចុប្បន្ន ដោយបានឆ្លងកាត់សម័យអង្គរដ៏រុងរឿង ។
បណ្ឌិតមីសែល ត្រាណេ ជំនាញខាងប្រវត្ដិសាស្ដ្របានបន្តទៀតថា មេទ័ពព្នងនៅខេត្ដក្រចេះ ស្ទឹងត្រែង និងនៅតាមដងព្រៃភ្នំនៃប្រទេសលាវ និងវៀតណាមខាងត្បូង ក៏បាននិយមខ្សែសង្វារព័ទ្ធឆៀងនេះផងដែរ ។ លោកបណ្ឌិតមីសែល ត្រាណេ បានឲ្យដឹងទៀតថា ពុទ្ធបដិមាខ្មែរដែលលម្អទៅដោយគ្រឿងលម្អខាងលើនេះពិតជាត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរ ពីព្រោះវាជាប្រពៃណីប្រជាប្រិយបំផុតមួយដែលបានប្រសូតមកជាយូរលង់ណាស់មកហើយនៅក្នុងសតវត្សទី១៤ និងទី១៥ ។ ជនជាតិថៃ (លាយល្បាយជាតិសាសន៍ចិននិងខ្មែរ) ក៏បានយកលំនាំនៃការសាងសង់ពុទ្ធបដិមាកម្មតាមសិល្បៈខ្មែរយ៉ាងពិតប្រាកដ ។
ជុំវិញប្រភពនៃប្រភេទលម្អព្រះកាយព្រះពុទ្ធបដិមាខ្មែរ លោកបណ្ឌិតបានបង្ហាញអំពីស្រងកដែលមានមតិខ្លះលើកឡើងថា ប្រហែលជាគ្រឿងលម្អនេះពិតប្រាកដជារបស់សិល្បៈថៃ ពីព្រោះពុទ្ធបដិមាខ្មែរពុំធ្លាប់មានការតុបតែងលម្អដោយស្រងកមានបន្ដោងសោះឡើយ ។ សិល្បៈខ្មែរនាសតវត្សរ៍ទី១៧ ទី១៨ បានទទួលឥទ្ធិពលពីសិល្បៈខ្មែរបុរាណ ។
លោកបណ្ឌិតបានបញ្ជាក់ពីមូលហេតុខាងលើនេះថា នៅក្នុងសម័យក្រោយអង្គរសិល្បករខ្មែរស្ថិតនៅក្រោមឥទ្ធិពលនៃសិល្បៈថៃ ។
ដើម្បីបង្ហាញទស្សនៈខាងលើនេះ ខុសឬត្រូវនោះ លោកបណ្ឌិតបានលើកឡើងថា ស្រងកមានបន្ដោងរាងត្រីកោណមានប្រភពចេញពីសិល្បៈខ្មែរនាសម័យអង្គរយ៉ាងជាក់ច្បាស់ឥតប្រកែកបានឡើយ ហើយប្រហែលជាត្រូវបានបង្កើតឡើងនាសម័យបុរេអង្គរដោយការផ្លាស់ប្ដូររបត់ទម្រង់ឬរូបរាងពីសង្វារខ្វែងគ្នាទៅជាស្រងកមានបន្ដោងរាងត្រីកោណទៅវិញ ។
លោកមីសែល ត្រាណេ បានរំលឹកឡើងថា យើងអាចកំណត់ចំណាំរបស់គ្រឿងលម្អខ្មែរនេះតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ។
នេះជាការរកឃើញមួយរបស់អ្នកប្រាជ្ញខ្មែរយើងស្ដីពីការវិវឌ្ឍន៍អំពីគ្រឿងលម្អពុទ្ធបដិមាខ្មែរគួរឲ្យចាប់អារម្មណ៍ជាអនេក ហើយវាក៏ជាមោទនភាពមួយដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងប្រវត្ដិសាស្ដ្រខ្មែរ ៕
ប្រភពៈ សាលអាន ថ្ងៃទី១១/០២/២០០៨ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ