Ultimate magazine theme for WordPress.

សំណង់​រចនាប័ទ្ម​ចិន​នៅ​លើ​ភ្នំ​សន្ទុក​និង​បល្ល័ង្ក​ទាក់ទិន​រឿង​បក្សីចាំក្រុង





រូបគំនូរ​កាត់​ក្បាល​ដូរ​គ្នានិង​វិហារ​ចិន

ទាក់ទិន​រឿង​វិហារ​ចិន​នៅ​លើ​ខ្នងភ្នំ​សន្ទុក តាម​ការ​សាកសួរ​បាន​ឲ្យ​ដឹង​ថា វិហារ​ចិន​នេះ​ប្រហែលជា​សមាគម​ចិន​នៅ​ខេត្ដកំពង់ធំ កាលពី​សម័យ​សង្គមរាស្ដ្រនិយម (ប្រហែល​ឆ្នាំ​១៩៦០) ​កសាង​ឡើង​ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​យើង​បើក​ទូលាយ​ខាង​ជំនឿ​សាសនា ​ពុំ​ទាន់​មាន​ក្រសួង​ណា​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​ច្បាស់​លាស់ ។​

វិហារ​ចិន​នេះ​ទំនង​កើត​ឡើង​ជំនាន់​វិហារ​ចិន​នៅ​លើ​ភ្នំ​ក្នុង​ក្រុង​ភ្នំពេញ​ដែរ ។​ ចំណែក​រូបគំនូរ​លើ​ផ្ទាំង​ថ្ម​កាត់​ក​ដូរ​ក្បាល​គ្នា គឺ​កើត​ឡើង​ទន្ទឹម​នឹង​ការ​កកើត​វិហារ​ចិន​តាម​រយៈ​សៀក​និង​ហ៊ី​ចិន​ដែល​ហូរ​ចូល​មក​ជាមួយ​ដែរ​ ហេតុនេះ​ហើយ​បាន​ជា​គេ​គូរ​រូប​នេះ​ឡើង​ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​សាសនា​ចិន ។ រឿង​នេះ​មិន​ខុស​អំពី​នៅ​ភ្នំពេញ ដែល​សមាគម​ចិន ពេល​ធ្វើបុណ្យ​ហែ​អ្នកតា​ម្ដងៗ គេ​តែងតែ​សំដែង​មហិទ្ធិឫទ្ធិ​កាត់​អណ្ដាត ត​អណ្ដាត​វិញ​នោះ​ទេ ។​

ចំពោះ​បល្ល័ង្ក​ព្រះ​ពុទ្ធរូប​ក្នុង​ព្រះ​វិហារ​ធ្វើ​ពី​ផ្ទាំង​ថ្ម​ក្នុង​រជ្ជកាល​បក្សីចាំក្រុង​គ្រិស្ត​សករាជ​១០២៨ ដោយ​រឿង​នេះ​ពុំ​មាន​ឯកសារ​ណាមួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ដូច​ប្រាសាទ​បុរាណ ដែល​មាន​សិលា​ចារិក​នោះ​ទេ​ គឺ​វា​ជា​រឿង​ដែល​គេ​និយាយ​តៗ​គ្នា​បែប​ជា​រឿងព្រេង ។​

រឿង​នោះ​កើតឡើង​ប្រហែល​សតវត្ស​ទី​១០ ជំនាន់​ស្ដេច​រេជេន្ទ្រវរ្ម័ន គឺតា​គុហេ​បាន​នាំ​ស្ដេច​បក្សីចាំក្រុង​រត់គេច​ខ្លួន​ទៅ​ខេត្ដ​កំពង់ចាម​ ហើយ​បាន​ចូល​សម្រាក​​នៅ​លើ​ភ្នំ​សន្ទុក​៩​យប់ ។ ពេល​នោះ​មាន​សត្វ​មូស​ខាំ​ខ្លាំង​ពេក ទើប​តា​គុហេ​បន់ស្រន់​ដល់​អ្នកតា​ម្ចាស់​ទឹកដី​លើ​ភ្នំ​សន្ទុកថា បើ​ស្ដេច​បក្សីចាំក្រុង​ពិតជា​អ្នកមាន​បុណ្យ​មែន​សូម​សម្រាក​លើ​ផ្ទាំង​ថ្ម​លើ​ខ្នងភ្នំ​សន្ទុក​កុំ​ឲ្យ​មូស​ខាំ ។ ការ​បន់ស្រន់​បាន​ដូច​សេចក្ដី​ប្រាថ្នា ។​

លុះ​ព្រឹក​ឡើង​ តា​គុហេ​នាំ​បក្សីចាំក្រុង​ធ្វើ​ដំណើរ​ទៅ​ខេត្ដកំពង់ចាម​ជា​បន្ត​ទៀត ។ ក្រោយមក​ មនុស្ស​ចាស់ៗ​ជំនាន់​នោះ​បាន​យក​ផ្ទាំង​ថ្ម​ដែល​ស្ដេច​បក្សីចាំក្រុង​សម្រាក​​ឆ្លាក់​ធ្វើ​បល្ល័ង្ក​ព្រះ​រក្សា​ទុក​រហូត​បច្ចុប្បន្ន ។ រឿង​នេះ​ទាក់ទង​ទៅ​នឹង​ប្រវត្ដិ​ស្រុក​រកាកោង​កើត​ឡើង​ជំនាន់​បក្សីចាំក្រុង​ផង​ដែរ ។ ការ​ពិត​ទៅ​បញ្ហា​ប្រវត្ដិ​នានា​បាន​ក្លាយជា​រឿងព្រេង ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី​១៥/០២/២០០៨ (ដកស្រង់​ពី​កាសែត​កោះសន្ដិភាព)

Source: ប្រវត្ដិសាស្រ្ដ





Comments
Loading...