សសរគោលថ្មនៃទា្វរចូលក្រុងអង្គរបុរី សព្វថ្ងៃនៅសារមន្ទីរហ្គីមេប៉ារីស ស.វទី៤-៥ គ.ស
ដោយសារមានឧបនិស្ស័យ វប្បធម៌សំស្ក្រឹត និងការលើកស្ទួយសិល្បៈខ្មែរឲ្យលេចត្រដែតដូចនៅប្រទេសឥណ្ឌានោះ ទើបព្រះមហាក្សត្រខ្មែរដែលបានសោយរាជ្យនៅវ្យធបុរៈឬអង្គរបុរី ទ្រង់បានសង់ទីក្រុងអង្គរបុរីឡើងចាប់តាំងពីដើមសតវត្សរ៍ទី១ ដែលមានលក្ខណៈវ័យចំណាស់នៃគ្រិស្ដសករាជ ។
យោងតាមការសិក្សាស្រាវជ្រាវ បណ្ឌិតមីសែល ត្រាណេ ជំនាញឯកទេសប្រវត្ដិសាស្ត្រកម្ពុជាថា ក្នុងការរៀបចំរាជបុរីនេះ អ្នកដឹកនាំខ្មែរបានយកលំនាំតាមបុរីនៅប្រទេសឥណ្ឌា ដោយយកលោកធាតុវិទ្យាសាស្ដ្រធ្វើជាមូលដ្ឋាន ។
បណ្ឌិតត្រាណេបានធ្វើការបកស្រាយអំពីគំហើញនៃសំណង់បុរាណខ្មែរថា រាល់ការស្ថាបនាទីក្រុងណាមួយសម័យអតីតកាល ទោះធំក្ដីតូចក្ដី ត្រូវអនុលោមទៅតាមក្រឹត្យក្រមយ៉ាងជាក់លាក់ ដោយឥតលម្អៀងអ្វីមួយឡើយ ។
បុរាណវិទូខ្មែរយើងបានធ្វើអត្ថាធិប្បាយអំពីការកសាងប្រាសាទអង្គរបុរីថា គោលការណ៍ទី១ ដែលធ្វើឲ្យព្រះរាជធានីនេះ (អង្គរបុរី) មានលក្ខណៈស័ក្ដិសិទ្ធិ គឺទីក្រុងអង្គរបុរីហ៊ុមព័ទ្ធទៅដោយគូទឹក ដែលតំណាងឲ្យមហាសាគរ (ទឹក) តាមប្រព័ន្ធសាសនាឥណ្ឌា ហើយដូចនៅក្នុងភូមិភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ ប្រាសាទដ៏ពិសិដ្ឋនេះ សម្រាប់ព្រះរាជវង្សានុវង្សត្រូវស្ថិតឆ្ងាយពីព្រះបរមរាជវាំង ពោលគឺនៅក្រៅកំពែងនៃទីក្រុង ហើយស្ថិតនៅលើកំពូលភ្នំដាអង្គរបុរី ។
ចំណែកគោលការណ៍ទី២ លោកបានលើកឡើងទៀតថា ការបង្ហាញឲ្យឃើញឥទ្ធិពលរបស់ព្រហ្មញ្ញសាសនាជាពិសេសនិមិត្ដរូបនៃស្ថាបត្យកម្មប្រាង្គប្រាសាទ ដែលត្រូវបង្កើនលក្ខណៈដ៏ពិសិដ្ឋរបស់ព្រះរាជធានី ជាពិសេសចម្លាក់តុបតែងដែលត្រូវគេដាំនៅខ្លោងទ្វារខាងត្បូងនៃបង្គោលទ្វារដ៏ធំមហិមាទីក្រុងអង្គរបុរី ដែលមានកម្ពស់៣ម៉ែត្រ ដោយមានទម្ងន់៧៣០គីឡូក្រាម ។
ដូចនៅប្រទេសឥណ្ឌា ជាពិសេសនៅក្នុងទីក្រុងរាមបូរវៈ ដែលមានខ្លោងទ្វារកម្ពស់ជាង២ម៉ែត្រ ហើយសាងសង់ដោយរាជវង្សមោរ្យៈ (សតវត្សរ៍ទី៣មុនគ្រិស្ដសករាជ) ។ ខ្លោងទ្វារនៃទីក្រុងខ្មែរអង្គរបុរីក៏មានលម្អដោយចម្លាក់រូបព្រះគោននិ្ទនដែរ ។
សរុបសេចក្ដីមក សសរគោលនិងចម្លាក់ព្រះគោខាងលើនេះ គឺជានិមិត្ដរូបនៃការផ្លាស់ប្ដូរទម្រង់សាសនានៅក្នុងអតីតទីក្រុងអង្គរបុរីពីជីវចលនិយមដល់ពហុទេវនិយម តាមលំនាំប្រទេសឥណ្ឌា ។ ជាអវសាន្តសសរគោលគឺជាភាគមួយនៃការរៀបចំដែនដីឬនគរូបនីយកម្មនិងសំណង់ ។
ចំពោះគោលការណ៍ចុងក្រោយ លោកមីសែល ត្រាណេលើកឡើងទៀតថា និមិត្ដរូបមោទនភាពរបស់ចម្លាក់នៃសត្វគោដែលនៅទីនោះពិតជាតំណាងឲ្យព្រះសិវៈឬព្រះឥសូរ ដែលជាសញ្ញានិមិត្ដរបស់ទីក្រុងបុរេអង្គររបស់ខ្មែរយើង ។ ដែលជាទូទៅវត្ដមានបង្កឲ្យមានសិរីសួស្ដីនិងបញ្ចៀសនូវរាល់ឧបទ្រពចង្រៃកុំឲ្យប៉ះពាល់លើទីក្រុងនិងមនុស្សទាំងពួង ។
លោកបណ្ឌិតបានកត់សម្គាល់ទៀតថា ជាទូទៅការស្ថាបនាបង្គោលខ្លោងទ្វារទីក្រុងត្រូវបានធ្វើឡើងក្នុងពេលជាមួយគ្នានឹងការកសាងទីក្រុងអង្គរបុរីដែលជារាជបុរីដ៏ធំជាងគេក្នុងបណ្ដាបុរីនានានៃចក្រភពភ្នំ ។ ចំពោះចម្លាក់រូបគោនន្ទិនដែលយោងទៅលើចក្ខុវិស័យរបស់មនុស្សខ្មែរបុរាណមាននៅទីក្រុងអង្គរបុរី មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារទីក្រុង ។ បើនិយាយម្យ៉ាងវិញទៀត នាសម័យបុរាណវិញគេជឿថា រូបព្រះគោនេះពិតជាពូកែយ៉ាងពិតប្រាកដមែន ។
គួរបញ្ជាក់ផងដែរថា ជាការសោកស្ដាយជាទីបំផុតដែលសព្វថ្ងៃនេះសសរគោលនៃទ្វារចូលដែលជានិមិត្ដរូបនៃទីក្រុងអង្គរបុរីត្រូវបានអាណានិគមនិយមបារាំងដឹកយកទៅតម្កល់ទុកនៅក្នុងសារមន្ទីរហ្គឺមេនៃទីក្រុងប៉ារីសប្រទេសបារាំង ។
ទោះបីជាយ៉ាងនេះក្ដី បណ្ឌិតត្រាណេគិតថា ទ្វារនេះវាបានឆ្លុះបញ្ចាំងនូវកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ និងឧត្ដមភាពខ្លាំងក្លានៃទីក្រុងអង្គរបុរី ក្នុងអតីតកាលដែលមានឈ្មោះបោះសំឡេងយ៉ាងខ្ទរខ្ទាររហូតដល់ចុងមេឃឯណោះ ។ យ៉ាងហោចណាស់ ក៏ក្នុងអំឡុងសតវត្សរ៍ទី៣ ដល់ទី៦ យុគមាសនៃប្រវត្ដិសាស្ដ្រព្រះរាជាណាចក្រកម្ពុជានាសម័យបុរេអង្គរគេហៅថាសម័យនគរភ្នំ ៕
ប្រភពៈ សាលអាន ថ្ងៃទី០២/០៥/២០០៨ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ