Ultimate magazine theme for WordPress.

ព្រះពុទ្ធ​អង្គ​បន្ដោង​ខ្សែ​ក​នា​សម័យ​បុរាណ





បន្តោង​ខ្សែ​ក​ព្រះ​នៅ​អង្គរបុរី

ទាក់ទិន​ទៅ​នឹង​ដំណើរ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស បណ្ឌិត​ជំនាញ​ខាង​ប្រវត្ដិសាស្ដ្រ​កម្ពុជា​បាន​លើក​ឡើង​ថា ចាប់តាំងពី​សម័យ​នគរភ្នំ​កាលពី​សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍​ទី​៦ ឬ​ទី​៧​ បន្ទាប់​ពី​បាន​ក្លាយ​ទៅជា​ពុទ្ធបរិស័ទ​មក ​ខ្មែរ​យើង​ចេះ​ប្រើ​បន្ដោង​ខ្សែ​ក​ជា​រូប​ព្រះពុទ្ធ​បដិមា​តូចៗ​សម្រាប់​ការពារ​ខ្លួន ។​

ខ្មែរ​សម័យ​នោះ​គិត​ថា​ព្រះពុទ្ធ​អង្គជា​អរិយបុគ្គល​អស្ចារ្យ​ អាច​នាំ​មក​នូវ​សិរី​ជ័យ​មង្គល​ ទើប​គេ​ឆ្លាក់​រូប​ព្រះ​តូចៗ​ដើម្បី​យក​មក​ពាក់​នៅ​ជាប់​នឹង​ក ដោយ​ធ្វើ​ឲ្យ​ទឹកចិត្ដ​ជ្រះថ្លា​យ៉ាង​ជាក់​ប្រាកដ ។​

បណ្ឌិត​ មីសែល ត្រាណេ ជំនាញ​ខាង​ប្រវត្ដិសាស្ដ្រ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ពិត​ទៅ​នាគ្រា​ដំបូង​នៃ​ប្រវត្ដិសាស្ដ្រ​របស់​ខ្មែរ​យើង​នោះ​ ជនជាតិ​ខ្មែរ​តំណាង​ព្រះពុទ្ធ​អង្គ​ឬ​ក៏​ពពួក​ទេព្ដា​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​តាម​គន្លង ឬ​លំនាំ​នៃ​ពួក​ឥណ្ឌា​ដែល​បាន​មក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ (ខ្មែរ) ។​ គេ​មាន​ជំនឿ​ថា ធម្មជាតិ​មនុស្ស​តែងតែ​មាន​ព្រះ​អាទិទេព​ឬ​វត្ថុ​ស័ក្តិសិទ្ធិ​ជួយ​គាំពារ​ឬ​ពឹងពាក់​ជា​និច្ចកាល ​ហើយ​គេ​តែងតែ​ឆ្លាក់​រូប​នៃ​អរិយបុគ្គល​ទាំងនោះ​ដោយ​ប្រើ​ថ្ម​ឈើ​ឬ​ជួនកាល​គេ​ក៏​ប្រើ​ពុម្ព​ចាក់​ឬ​ឆ្លាក់​ត្បូង​មាន​តម្លៃ ជា​ពិសេស​ក្នុង​ករណី​ដែល​គេ​ប្រាថ្នា​ចង់​បាន​រូប​ធ្វើ​អំពី​មាស ប្រាក់​ឬ​សំរឹទ្ធិ​ជាដើម ។ល ។​

លោក​បកស្រាយ​ពី​ទម្រង់​ព្រះ​ពុទ្ធរូប​ថា ពេល​គេ​មើល​ភ្លាម​រូប​ព្រះពុទ្ធ​អង្គ​នេះ​ហាក់បីដូចជា​មាន​ស្ថិត​ក្នុង​លក្ខណៈ​សម័យ​ទំនើប​ តែ​តាម​ពិត​ទៅ​ទ្រង់ទ្រាយ​របស់​ព្រះ​ភ្នែន​ទាំង​ពីរ​ខាងស្ដាំ​គង​លើ​ឆ្វេង គឺជា​សិល្បៈ​នា​សម័យ​បុរេ​អង្គរ​នៃ​នគរភ្នំ​ឬ​គេ​ហៅ​ថា​ហ្វូណន​សុទ្ធសាធ ។ លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា ជាក់ស្ដែង​ដូច​ការ​រក​ឃើញ​ចម្លាក់​តូចៗ​ធ្វើ​អំពី​ថ្មខ្មៅ​តំណាង​ឲ្យ​ព្រះពុទ្ធ​អង្គ​ដោយ​មាន​តម្ពក់​សម្រាប់​ថ្ពក់​ឬ​រង្វង់​មូល​ពីលើ​សម្រាប់​សូក​ខ្សែ​ក​ដែល​អាច​ធ្វើ​អំពី​អំបោះ​ឬ​លោហៈ​ផ្សេងៗ ។​

លោក​បណ្ឌិត​បាន​រំលឹក​ពី​សង្គម​ខ្មែរ​នា​សម័យ​បុរាណ​ថា នៅ​ក្នុង​សង្គម​បុរាណ​ខ្មែរ លោហធាតុ​ទាំងនោះ​ក៏​ដូចជា​ថ្ម សុទ្ធសឹងតែ​បង្កប់​ទៅ​ដោយ​អត្ថន័យ​ស៊ីជម្រៅ​ទាំងអស់ គឺ​ភាព​ស័ក្ដិសិទ្ធិ ។ ដោយ​ចាប់តាំងពី​ពេល​នោះ​មក ជនជាតិ​ខ្មែរ​យើង​បាន​និយម​ប្រតិបត្ដិ​ប្រពៃណី​នេះ​រហូត​មក​ដល់​បច្ចុប្បន្ន​ ដោយ​មាន​ស្មារតី​ស្មោះត្រង់​នឹង​ព្រះពុទ្ធ​សាសនា​ជាទី​បំផុត ក្នុង​ការ​រក​ឃើញ​សេចក្ដីសុខ និង​សុភមង្គល ។​ នេះ​ជា​ទិន្នន័យ​ថ្មី​មួយ​ខាង​វប្បធម៌​ដែល​គេ​ត្រូវ​កត់ត្រា​ទុក​ក្នុង​វិស័យ​ជំនឿ​សាសនា​របស់​ជនជាតិ​ខ្មែរ​យើង ៕

ប្រភពៈ  សាលអាន ថ្ងៃ​ទី​៣០/០៤/២០០៨ (ដកស្រង់​ពី​កាសែត​រស្មីកម្ពុជា)

Source: ប្រវត្ដិសាស្រ្ដ





Comments
Loading...