ទួលប្រាសាទសែនសុខ នៅក្បែរវិទ្យាល័យសែនសុខស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី
ទួលប្រាសាទសែនសុខ ស្ថិតក្បែរមាត់ផ្លូវលំមួយនៅពីខាងឆេ្វងដៃនៃវិទ្យាល័យសែនសុខក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ ដែលមានចម្ងាយត្រឹមតែ៥ឬ៦គីឡូម៉ែត្រពីផ្លូវជាតិប៉ុណ្ណោះ ។
ការដែលភូមិនេះមានស្ថានីយប្រវត្ដិសាស្ដ្រមួយចំនួននៅសេសសល់ ដោយឡែកប្រាសាទឥដ្ឋសែនសុខ ជាស្ថាបត្យកម្មនាសម័យបុរេអង្គរនោះ គឺមានសារសំខាន់សម្រាប់ការសិក្សាស្វែងយល់អំពីប្រវត្ដិដ៏យូរលង់របស់ទីក្រុងភ្នំពេញ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្ដង ។ នេះជាសេចក្ដីសន្និដ្ឋានជាដំណាក់កាលដំបូងពីអ្នកឯកទេសប្រវត្ដិសាស្ដ្រកម្ពុជាល្បីល្បាញ ក្រោយពីពិនិត្យស្លាកស្នាមស្ថាបត្យកម្មប្រាសាទខាងលើរួចមក ។
គួររំលឹកថា ទីក្រុងភ្នំពេញគឺជាកន្លែងមានស្ថានីយបុរេប្រវត្ដិសាស្ដ្រដ៏យូរលង់មួយមុនគ្រិស្ដសករាជគេហៅថា «ស្ថានីយបុរេភូមិម័ល» ស្ថិតក្នុងសង្កាត់-ខណ្ឌដង្កោ ក្រុងភ្នំពេញ ។
នៅពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរកឃើញស្ថានីយបុរេប្រវត្ដិសាស្ដ្រនៅភូមិព្រហារ ឃុំជ្រៃ ស្រុកព្រៃវែង ខេត្តព្រៃវែង និងស្ថានីយបន្ទាយគូនៅមេមត់ ខេត្ដកំពង់ចាម ដែលសព្វថ្ងៃនេះ រដ្ឋក៏មិនទាន់បានដាក់បញ្ចូលក្នុងកម្មវិធីឯកសារឲ្យកូនខ្មែរសិក្សារៀនសូត្រឡើយទេ ។ ដោយនៅមេមត់ជាកន្លែងខ្ពង់រាបមានអារ្យធម៌វ័យចំណាស់ទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈបង្កើតមជ្ឈមណ្ឌលមួយឈ្មោះថា «បុរាណវិទ្យាមេមត់» ។
តាមការបញ្ជាក់របស់បណ្ឌិតមីសែល ត្រាណេ បានឲ្យដឹងថា នៅក្នុងអំឡុងសតវត្សរ៍ទី១៥ ដែលជាសម័យអន់ថយរបស់កម្ពុជា ទង្វើឈ្លានពានរបស់ជនជាតិសៀមនៅសម័យនោះ ព្រះមហាក្សត្រខ្មែរ គឺព្រះបាទពញាយ៉ាត ព្រះអង្គត្រូវបង្ខំព្រះទ័យចាកចេញពីទីក្រុងមហានគរនៅខេត្ដសៀមរាប ដើម្បីយាងមកកាន់តំបន់ស្រីសន្ធរ (ស្រីសឈរ) ។ ជាអកុសលដោយសារតំបន់នេះជាតំបន់ទឹកលិច ព្រះបរមរាជវាំងព្រមទាំងក្រុមបរិវារក៏ត្រូវបានជំនួសទៅកាន់តំបន់ថ្មីមួយទៀតគឺតំបន់លង្វែក និង ឧត្ដុង្គ ម្ដងទៀត ។
ក្រោយមកទៀត ព្រះរាជធានីលង្វែកដ៏រុងរឿងនេះក៏នៅតែទទួលនូវគ្រោះថ្នាក់ធ្ងន់ធ្ងរពីសំណាក់ទ័ពសៀមម្ដងហើយម្ដងទៀតមិនស្រាកស្រាន្ត តំបន់ចតុមុខឬភ្នំពេញក៏ត្រូវបានជ្រើសតាំងជារាជធានីថ្មី ។ ទុរ្ភិក្ស និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមក៏ឈប់រាលដាលមកដល់រាជធានីភ្នំពេញដែលក្លាយទៅជាយុគមាសនៃប្រវត្ដិសាស្ដ្រកម្ពុជាថ្មីមួយ ។
ទាក់ទងប្រការនេះហើយបណ្ឌិតមីសែល ត្រាណេ ជំនាញឯកទេសប្រវត្ដិសាស្ដ្រកម្ពុជាបានឲ្យដឹងទៀតថា កងទ័ពសៀមពុំអាចមកលុកលុយដុតបំផ្លាញរាជធានីខ្មែរបានតទៅទៀតឡើយដែលស្ថិតនៅយ៉ាងឆ្ងាយពីអាយុធ្យា ព្រោះសម័យនោះព្រះរាជាណាចក្រកម្ពុជាត្រូវបានស្ដេចសៀមរាប់ថាជាប្រទេសសត្រូវមួយក្នុងបណ្ដាសត្រូវដ៏ធំបំផុតរបស់ព្រះរាជាណាចក្រសៀម ។
ដោយមូលហេតុនេះហើយបានជាអ្នកស្រាវជ្រាវខាងប្រវត្ដិសាស្ដ្រមួយចំនួនមានការយល់ច្រឡំថា ទីក្រុងភ្នំពេញគឺជាតំបន់ថ្មីសុទ្ធសាធ គ្មានស្លាកស្នាមវប្បធម៌បុរាណ ហើយពួកគេមិនបានយកចិត្ដទុកដាក់ចំពោះខាងប្រវត្ដិសាស្ដ្ររបស់ទីក្រុងនេះមុនរជ្ជកាលរបស់ស្ដេចពញាយ៉ាតឡើយ ។ យ៉ាងណាមិញ ការខ្វះខាតក្នុងការណែនាំដល់និស្សិតឲ្យធ្វើការស្រាវជ្រាវគួបផ្សំនឹងការមើលស្រាលចំពោះតម្លៃនៃវប្បធម៌បុរាណ ក៏បានផ្ដល់ចំណែកដល់ស្ថានភាពអវិជ្ជមាននៃការស្វែងយល់អំពីអតីតភាពរបស់រាជធានីភ្នំពេញក្នុងកម្រិតណាមួយយ៉ាងប្រាកដដែរ ។
លោកបណ្ឌិតបានកត់សម្គាល់ឃើញថា ប្រាសាទសែនសុខ ដែលសាងសង់អំពីឥដ្ឋដុតមានទំហំប្រមាណជា ៥ម៉ែត្រគុណ៤ម៉ែត្រ ដែលជាស្ដង់ដារនៃប្រាសាទទូទៅក្នុងសម័យបុរេអង្គរ ។ ដោយសារអាកាសធាតុ និងការខ្ជីខ្ជាក្នុងការអភិរក្សនោះ បុរាណស្ថានខាងលើនេះត្រូវបានខូចខាតខ្ទេចខ្ទាំនៅសល់តែខឿនប្រាសាទប៉ុណ្ណោះ ។ សព្វថ្ងៃនេះ ប្រាសាទបុរាណមួយនេះ បានក្លាយទៅជាទីទួលអាសនៈអ្នកតាទៅហើយ ។ ម្យ៉ាងវិញទៀត បើគ្មានការធ្វើរបងការពារបរិវេណខឿនសំណង់បុរាណនេះទេ មិនយូរមិនឆាប់វានឹងខូចខាតបាត់បង់ពីការចងចាំរបស់មនុស្សកូនខ្មែរជំនាន់ក្រោយពុំខានឡើយ ។
ការពឹងផ្អែកខាងការសិក្សាប្រៀបធៀបបំណែកកុលាលភាជន៍ ដែលបានមកពីទីក្រុងអង្គរបុរីនិងទួលប្រាសាទសែនសុខ លោកបញ្ជាក់ថា បានពង្រីកការចេះដឹងយ៉ាងប្រត្យក្ស ហើយប្រការនេះធ្វើឲ្យយើងដឹងនូវចំណាស់របស់ប្រាសាទបុរាណរបស់យើង ដែលស្ថិតចុងសម័យនគរភ្នំដើមសម័យចេនឡា ។ តាមទម្លាប់ខ្មែរបុរាណ ការប្រើពណ៌ក្រហម ដើម្បីផាត់ជារង្វង់លើកំសៀវ «កន្ទិ» ជាសញ្ញាសម្គាល់នូវចំណាស់របស់ប្រាសាទឬការកាន់កាប់តំបន់ដោយសហគមន៍មនុស្ស ។ កុលាលភាជន៍គឺជាកត្ដាកំណត់ប្រវត្ដិសាស្ដ្រ ។
លោកបណ្ឌិតបានឲ្យដឹងទៀតថា តំបន់នានាដែលស្ថិតនៅជុំវិញទីក្រុងភ្នំពេញក៏ដូចជាទីក្រុងនានាផងដែរបានស្ថិតក្រោមឥទ្ធិពលនៃវប្បធម៌អង្គរបុរី ហើយបានប្រែក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌បែបព្រហ្មនិយម ដ៏រុងរឿងទៅហើយ ។ កាលពីចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ ពោលគឺបានចម្លងវប្បធម៌ពីរាជធានីអង្គរបុរី ។ យើងមិនអាចនិយាយបញ្ច្រាសបានទេ ដូច្នេះទ្រង់ទ្រាយនិងបែបបទសាងសង់នៃប្រាសាទសែនសុខក៏មិនមានលក្ខណៈខុសគ្នាប៉ុន្មាននឹងប្រាសាទដទៃៗឯទៀតក្នុងចក្រភពបុរេអង្គរដែរ ។ យ៉ាងណាមិញឧបករណ៍ប្រើប្រាស់ក្នុងប្រាសាទក៏ដូចជានៅតាមគេហដ្ឋានក៏ស្ថិតក្នុងបរិបទវប្បធម៌ដូចគ្នានេះដែរ ។
និយាយជារួម លទ្ធផលនៃការអង្កេតស្ដីពីប្រាសាទសែនសុខ និងការសិក្សាសំណល់កុលាលភាជន៍ បណ្ឌិតមីសែល ត្រាណេ បង្ហាញនូវការយល់ឃើញថា មុនការកសាងទីក្រុងភ្នំពេញនៅក្នុងសតវត្សរ៍ទី១៥ តំបន់នេះពុំមែនជាតំបន់ស្អាតទេ ហើយក៏មិនមែនថាគ្មានមនុស្សរស់នៅនោះដែរ ។
តាមពិតការជ្រើសរើសតំបន់នេះក៏មិនមែនជាការចៃដន្យដែរ ពីព្រោះដូចដែលគេដឹងឬជឿមក ការសាងសង់ទីក្រុងខ្មែរណាមួយសុទ្ធសឹងតែត្រូវអនុវត្ដតាមទំនៀមទម្លាប់បុរាណទាំងអស់ ដែលយកលោហធាតុវិទ្យាជាមូលដ្ឋាន ។ បើនិយាយម្យ៉ាងវិញទៀត គឺភូមិភាគនេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងអង្គរបុរីនៅខេត្ដតាកែវប៉ុន្មានទេមុនការស្រុតចុះនៃវប្បធម៌យ៉ាងត្រចះត្រចង់មួយរួចទៅហើយ ។
សរុបសេចក្ដីមក បណ្ឌិតប្រវត្ដិសាស្ដ្រកម្ពុជាបានឲ្យដឹងថា ទោះជាប្រាង្គប្រាសាទ និងក្បាច់រចនានៅសេសសល់តែបន្ដិចបន្ដួចក្ដី ក៏ប៉ុន្តែវាជាកំណប់ដ៏មហាសាលកាត់ថ្លៃពុំបានឡើយ ពីព្រោះវាជាភស្ដុតាងវប្បធម៌បង្ហាញនូវចំណាស់នៃប្រវត្ដិរួមរបស់ជនជាតិខ្មែរគ្រប់រូប គប្បីយើងមិនត្រូវធ្វើឲ្យបាត់បង់តទៅទៀតបានទេ ។ លោកក៏បានអំពាវនាវដល់អាជ្ញាធរដែនដី ក្រសួងជំនាញពាក់ព័ន្ធ ជាពិសេសសាលាក្រុងភ្នំពេញជួយអភិរក្សស្លាកស្នាមវប្បធម៌បុរាណដ៏កម្សត់ទាំងមូលនេះឲ្យបានទាន់ពេលវេលាផង ដោយហេតុថាវានឹងនាំមកនូវមោទនភាពជាតិខ្មែរនិងសេចក្ដីសុខចម្រុងចម្រើនដល់មនុស្សទូទៅគ្រប់ៗគ្នា ៕
ប្រភពៈ សាលអានថ្ងៃទី៣០/០៥/២០០៨ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Source: ប្រវត្ដិសាស្រ្ដ